អានតួអត្ថបទ
សហរដ្ឋអាមេរិក-អូស្ត្រាលី

អាមេរិក​និង​អូស្ត្រាលីប្តេជ្ញាពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ដើម្បី​ទប់ទល់​ជាមួយ​ចិន

សន្និសីទ​កាសែតរួម ក្រោយ​ជំនួប​កំពូល​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​និង​ការពារ​ជាតិ​អាមេរិក​-អូស្ត្រាលី
សន្និសីទ​កាសែតរួម ក្រោយ​ជំនួប​កំពូល​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​និង​ការពារ​ជាតិ​អាមេរិក​-អូស្ត្រាលី REUTERS - POOL
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

​ជំនួបប្រចាំ​ឆ្នាំ​​ទ្វេភាគី ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស និង​ការពារ​ជាតិ ​លើក​ទី ៣០​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ជួប​មុខ​គ្នាដោយ​ផ្ទាល់​​ ទោះ​បីវិបត្តិ​កូវីដ​ក៏​ដោយ​។ សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី បានបង្ហាញ​សាមគ្គី​ភាព និងសម្ព័ន្ធភាពរវាង​គ្នា​ដែល​មិន​អាច​បំបែក​បាន។ ប្រទេស​ទាំងពីរ​បាន​​​ប្តេជ្ញា​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា ដើម្បីរួម​គ្នា​​ប្រឈម​ទប់ទល់​នឹង​ចិន។

ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​អរគុណចំពោះ​សមភាគី អូស្ត្រាលី​ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រជុំ​ បើ​ទោះ​បី​ពេល​ត្រលប់​ទៅ​វិញ​ត្រូវ​ជាប់​បង្ឃាំង​១៤​ថ្ងៃ​ ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​អះអាង​ថា អាមេរិក​ការពារ​និង​គាំទ្រ​សម្ព័ន្ធមិត្ត​អូស្រ្តាលី​យ៉ាង​មុត​មាំ​បំផុត ដែលជ្រើសរើស​ប្រកាន់​ជំហរ​ដាច់​ខាត​ដាក់​ចិន។ ​ព្រោះសម្រាប់​អាមេរិក សកម្មភាព​របស់​បក្ស​កុម្មុយនិស្ត​ចិន​ នៅ​ក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ​ជាគ្រោះ​ថ្នាក់​សម្រាប់​​ពិភពលោក​យ៉ាង​ខ្លាំងជា​ទូទៅ​ផង និងជា​ការ​គំរាមកំហែង​ជា​ពិសេស​​ចំពោះ​​អូស្ត្រាលី​ផង។

ជា​លទ្ធផល មហាអំណាច​ប៉ាស៊ីហ្វិក​ទាំង​ពីរ អាមេរិក​អូស្ត្រាលី​ បាន​ប្តេជ្ញា​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​ ដើម្បី​ការពារ​ទស្សនៈ​វិស័យ​រួម ពោល​គឺ​ការពារ ការបើក​ចំហ និង​សេរីភាព​របស់​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ទល់​នឹង​មហិច្ឆតា​វាត​ទី​របស់​​ចិន​ ដែល​ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាមេរិក​និង​អូស្ត្រាលី​ នៅក្រោយ​ជំនួប​ប្រជុំ​នា​ល្ងាច​ថ្ងៃអង្គារទី ២៨ កក្កដា​២០២០ ម្សិលមិញ។

សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិនលិច​ទាំង​ពីរ បាន​សន្យា​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​វិស័យ​ឧស្សាហកម្ម​អាវុធ​ មានអាទិ៍​អាវុធលឿន​ជាង​សំឡេង Hypersoniques​។​ ដើម្បី​ផ្តល់​សារ​ព្រមាន​ដ៏​ច្បាស់​លាស់​ទៅ​ចិន និង​ដើម្បី​អាច​ការពារ​សិទ្ធ​ហោះហើរ​ បើកបរ និង​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី ស្រប​តាម​ច្បាប់​អន្តរជាតិ អាមេរិក​នឹង​រៀប​ចំ​សមយុទ្ធផ្សេង​ៗ​ជាមួយ​អូស្ត្រាលី​ ព្រមទាំង​ជប៉ុន នៅ​ក្នុង​សមុទ្ទ​ហ្វីលីពីន​​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រីការពារ​ជាតិអាមេរិក Mark Esper ដែល​មិន​បញ្ជាក់ដោយ​ចំៗ​​ទេ​ថា​​តើ​អាមេរិក​នឹង​អាច​បញ្ជូន​ទ័ព​ឬ​អាវុធ​មីស៊ីល​រយៈ​មធ្យម​ទៅ​អូស្ត្រាលី​ កាន់តែ​ច្រើន​ជាង​មុន​ដែរ​ឬយ៉ាងណានោះ។ ប៉ុន្តែ​អាមេរិក​និង​អូស្ត្រាលី​នឹង​ពង្រាយ​កម្លាំង​និងប្រើយុទ្ធសាស្ត្រ​រួម​គ្នា​ទៅថ្ងៃ​ខាង​មុខ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​ដដែល​ប្រទេស​ទាំង​ពីរ​នឹងមាន​ក្រុមការងារ​រួម​ទទួល​បន្ទុក​ផ្តល់​អនុសាសន៍​ស្តី អំពី​ការ​បង្កើន​កម្លាំង​យោធា​ជា​យថាហេតុ​ណាមួយ។

សូម​បញ្ជាក់​ថា​កាលពី​ដើម​ខែ​កក្កដា​ អូស្ត្រាលី​​បានប្រកាស​​ប្តូរ​យុទ្ធសាស្ត្រ​យោធា ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​និ​ងវាយប្រហារ​ចម្ងាយ​ឆ្ងាយ។ អូស្ត្រាលីបាន​បង្ហាញ​ជំហរ​ប្រឆាំង​ចិន​កាន់​តែ​ខ្លាំង​និង​ច្បាស់ឡើងៗ​​ តាំង​ពី​ផ្ទុះ​វិបត្តិ​កូវីដ​១៩​មក និង​កាន់​តែ​ខ្លាំង​​ទៀត​ដូច​អាមេរិក ចំពោះ​វិបត្តិ​នៅ ហុងកុង ក្រោម​ក្រសែ​ភ្នែក​ក្តៅ​ក្រហាយ​របស់​ចិន​។ កាន់​តែ​មិន​ពេញ​ចិត្តនឹង​សេចក្តី​ប្រកាស​​​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​យោធា​អូស្ត្រាលី​-អាមេរិក​​ ចិន​បាន​ព្រមាន​ថា ​ធ្វើ​យ៉ាងណា​កុំ​ឱ្យតែ​ដៅ​ ឬ​​ប៉ះពាល់​ ​ដល់​ប្រយោជន៍​អ្នក​ទី​បី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ