អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សេតវិមានរៀប​ផែនការ​ជំរុញ​ឱ្យ​​ក្រុមហ៊ុន​អាមេរិកចាក​ចេញ​ពី​អាស៊ី

សំឡេង ០៥:២៩
សេតវិមាន​កំពុង​សិក្សា​ផែនការ​ជំរុញ​ក្រុមហ៊ុន​អាមេរិក​ឱ្យ​ចាកចេញ​ពី​អាស៊ី​
សេតវិមាន​កំពុង​សិក្សា​ផែនការ​ជំរុញ​ក្រុមហ៊ុន​អាមេរិក​ឱ្យ​ចាកចេញ​ពី​អាស៊ី​ REUTERS/Yuri Gripas
ដោយ៖ អៀង សុខម៉ិញ

វិមាន​ប្រធានាធិបតី​អាមេរិក កំពុង​សិក្សា​លើ​ផែន​ការ​ថ្មី ដែល​មាន​កម្មវត្ថុ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ទាំង​ឡាយ​ដក​រោងចក្រ​របស់​ពួក​គេ​ចេញ​ពី​អាស៊ី ហើយ​វិលត្រលប់​​មក​តាំង​ទី​នៅ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ឬ​ក៏ងាក​​ទៅ​តំបន់​អាមេរិក​ឡាទីនវិញ។ ជា​ថ្នូរមកវិញ ​ក្រុមហ៊ុន​នឹង​បានទទួល​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ទី​ប្រឹក្សា​ជាន់​ខ្ពស់​សេតវិមាន។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​លោក Mauricio Claver-Carone ដែល​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​សេតវិមាន​ និង​ជា​ទីប្រឹក្សា​ដ៏​ចំបង​របស់​លោក​ដូណាល់ត្រាំ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាមេរិក​ឡាទីន វិមាន​ប្រធានាធិបតី​កំពុង​សិក្សា​លើ​ផែនការ​ថ្មី​ ដែល​មាន​ឈ្មោះ​ថា “ផែនការ​វិលត្រលប់”។

ហេតុផលសំខាន់​មួយ​​​ដែល​រុញច្រាន​ឱ្យ​សេតវិមាន​លេច​គំនិត​នេះ​​ឡើង​ គឺ​វិបត្តិ​កូវីដ១៩។ វិបត្តិ​កូរ៉ូណាវីរុស​បាន​បង្ហាញឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ អាមេរិក​គួរ​តែ​មានប្រព័ន្ធ​​ផ្គត់​ផ្គង់​​សម្ភារៈ​បរិក្ខារ​នៅ កៀកអាមេរិក ជា​ជាង​នៅ​អាស៊ី​។​ ជា​ឧទាហរណ៍​ដ៏​ជាក់ស្តែងមួយ ក្នុង​ពេល​ផ្ទុះ​វិបត្តិ​សុខភាព​ខ្លាំង​មែន​ទែន ​​សហរដ្ឋ​អាមេរិក​ ដែល​ល្បី​ថា​មាន​ថ្នាំល្អៗ​បែរ​ជា​ត្រូវ​រំពឹង ​រង់ចាំ ​ចិន​និង​ឥណ្ឌាទៅ​វិញ​ ព្រោះ​តែ​ក្រុមហ៊ុន​អាមេរិក​មាន​​​រោងចក្រ​នៅ​ឆ្ងាយ​ពី​ខ្លួន។

ម្យ៉ាង​ទៀត​​ ​​គំនិត​ផ្តួចផ្តើមនេះ​ នឹង​អាចជំរុញ​ឱ្យ​មាន​កា​រវិនិយោគ​នៅ​លើ​ទ្វីប​អាមេរិក ក្នុង​ទំហំ​​​ប្រមាណ​ពី ៣០​ទៅ​៥០ពាន់​លាន​ដុល្លារ​។

ជួញ​ជិត​ប្រសើរជាង​ជួញ​ឆ្ងាយ

ផែនការ​នេះ ជា​ការ​ជំរុញ​ឱ្យ​​​ក្រុមហ៊ុន​អាមេរិកដក​រោង​ចក្រ​​របស់​ពួកគេ​នៅ​អាស៊ី​ឱ្យ​បាន​ត្រលប់​ចូល​ស្រុក​វិញ ក្នុង​ទឹក​ដី​អាមេរិក​ ឬ​យ៉ាង​ហោច​ណាស់ក៏​មក​តាំង​ទី​នៅក្នុង​តំបន់​ អាមេរិកឡាទីន ឬ​តំបន់​កោះការ៉ាអ៊ីប។ នៅ​ពេល​​រើ​មក​បង្កើត​រោងចក្រ​នៅ​ទ្វីប​អាមេរិក និ​ងអាមេរិកឡាទីន ក្រុមហ៊ុន​អាច​មិន​អាច​រំពឹង​លើការ​ប្រើ​​កម្លាំង​ពលកម្ម​បាន​ថោក​​ដូច​នៅ​តំបន់​អាស៊ី​ទេ ប៉ុន្តែតាម​រយៈ​​ផែនការ​ថ្មី ​ក្រុមហ៊ុន​នឹង​បានទទួល​ការ​ធានា និង​ការ​ការពារ​ការងារ​ តាម​គំរូ​នៃ​​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​​រវាងសហរដ្ឋ​អាមេរិក កាណាដា​និង​ម៉ិចស៊ិក។ នេះ​បើ​បាន​កា​រពន្យល់​លម្អិត​របស់​លោក​ ក្លេវឺការ៉ូន។

​ហេដ្ឋារចនា​សម្ព័ន្ធ ថាមពល​ និង​ដឹកជញ្ជូន ​អាច​ជា​វិស័យ​ដំបូងគេ​ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​ថ្មី​នេះ។ ពេល​នេះ វ៉ាស៊ីនតោន បាន​ចាប់​ផ្តើម​ទាក់ទង​ជាស្រេច​ទៅ​ហើយ​ជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់​អាមេរិកឡាទីន និង​ការ៉ាអ៊ីប ដើម្បី​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក។

​វិបត្តិកូវីដ១៩ បាន​ចូល​រួម​ចំណែក​បញ្ចុះ​បញ្ចូល​ក្រុមហ៊ុន​អាមេរិកជា​ច្រើន​ ឱ្យ​សម្រេច​ដើរ​តាម​ផែនការ​របស់​រដ្ឋាភិបាល​​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​តំណាង​សេតវិមាន ប៉ុន្តែ​លោក ​មិន​បញ្ចេញ​​​​អត្តសញ្ញាណ​ក្រុមហ៊ុន​ទាំង​អស់​នោះទេ នាពេលនេះ។

តម្លាភាព

ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​ក្រុមហ៊ុន​អាមេរិក​ណា​ដែល​សុខ​ចិត្តចាកចេញ​ពី​អាស៊ី​ ​ត្រលប់​មក​ចូលស្រុក​វិញ នឹង​ទទួល​បាននូវ​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ជា​ថ្នូរ។ តើ​ជា​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះ ? ត្រង់​ចំណុច​នេះ លោក ក្លេវឺ​ការ៉ូន ដែល​ធ្លាប់​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ប្រទេស​វេណេស៊ុយអេឡា និង​គុយបា ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ អំពី​ទំហំ​នៃ​អត្ថ​ប្រយោជន៍​ហិរញ្ញវត្ថុ​ដែល​ក្រុមហ៊ុន​នីមួយៗ​អាច​ទទួល​បាន​នៅ​ពេល​ចាកចេញ​ពី​អាស៊ី។ តែ រដ្ឋាបាល​អាមេរិក​បាន​ប្រើប្រាស់​រួច​ហើយ​នូវ​ទឹកប្រាក់​​កម្ចី​ចំនួន​៧៦៥​លាន​ដុល្លារទៅ​ឱ្យ​ក្រុមហ៊ុន​ Eastman Kodak ទៅ​ហើយ ដើម្បី​ជា​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ផលិត​គ្រឿង​ផ្សំ​ឱសថសាស្ត្រ​ នៅ​លើ​ទឹក​ដី​អាមេរិក​។ គ្រឿង​ផ្សំ​ដែល​អាមេរិក​ធ្លាប់​ជួប​ការ​ខ្វះ​ខាត​ ​ពេល​កំពុង​ផ្ទុះកូវីដ​១៩​ខ្លាំង។

ថ្វី​បើ​គ្មាន​ការ​បញ្ជាក់​អំពី​ទំហំ​នៃកម្ចី​ហិរញ្ញវត្ថុ​មែន ប៉ុន្តែ​សេតវិមាន​បាន​សន្យា​ថា កម្ចី​អាមេរិក​នឹង​មាន​តម្លាភាពខ្លាំង​ ជាងកម្ចី​ចិនដែល​ផ្តល់​ទៅ​ឱ្យ​ក្រុម​ប្រទេស​នៅ​អាមេរិកឡាទីន រហូត​ពេល​ខ្លះ​រើ​ខ្លួន​លែង​រួច។

ក្នុង​ន័យ​នេះ សហរដ្ឋ​អាមេរិក ​នឹង​សហការ​ជាមួយ​ចិនទៀត ដើម្បី​ធានា​បាន​ថា​កម្ចី​ចិន​ទៅ​តំបន់​អាមេរិកឡាទីន មាន​តម្លភាព​ជាង​មុន​។ ប៉ុន្តែ​ស្ថានទូត​ចិន​នៅវ៉ាស៊ីនតោន ពុំ​មាន​បញ្ចេញ​ប្រតិកម្មអ្វី​ទេ ក្នុង​ពេល​ភ្លាមៗ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ