អានតួអត្ថបទ
អវកាស-SpaceX-ណាសា

SpaceX ដឹកអវកាសយានិកពីស្ថានីយ៍អវកាសត្រឡប់មកផែនដីដោយជោគជ័យ

អវកាសយានិក​អាមេរិក​ ក្នុង​យាន Dragon របស់​ក្រុមហ៊ុន SpaceX ក្នុង​ដំណើរ​វិល​ត្រឡប់​ពី​ស្ថានីយ៍អវកាសអន្តរជាតិ​មក​ផែនដីវិញ នៅថ្ងៃទី២ សីហា ២០២០
អវកាសយានិក​អាមេរិក​ ក្នុង​យាន Dragon របស់​ក្រុមហ៊ុន SpaceX ក្នុង​ដំណើរ​វិល​ត្រឡប់​ពី​ស្ថានីយ៍អវកាសអន្តរជាតិ​មក​ផែនដីវិញ នៅថ្ងៃទី២ សីហា ២០២០ via REUTERS - NASA
ដោយ៖ សេង ឌីណា
១៥ នាទី

យានអវកាស​របស់​ក្រុមហ៊ុន SpaceX បាន​ដឹក​អវកាសយានិក​ពីររូប​របស់​ទីភ្នាក់ងារ​ណាសា ចេញ​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ ត្រឡប់​មក​ដល់​ផែនដី​វិញ​ដោយ​សុវត្ថិភាព កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ។ នេះជាការបិទបញ្ចប់​បេសកកម្ម​សាកល្បង​​ដឹកអវកាសយានិក​ទៅមក រវាង​ផែនដី និង​ស្ថានីយ៍អវកាសអន្តរជាតិ ដែល​ត្រូវ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ឯកជនសុទ្ធសាធ ហើយ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត សម្រាប់​សហរដ្ឋ​អាមេរិក ក្នុងការ​ចាប់ផ្តើម​ឡើងវិញ​នូវ​បេសកកម្ម​បញ្ជូន​អវកាសយានិក​ទៅ​កាន់អវកាស​ដោយ​ខ្លួនឯង ចេញ​ពី​ទឹកដី​ខ្លួនឯង ដែល​អាមេរិក​ខកខាន​មិនបាន​ធ្វើ​អស់រយៈពេល​ប្រមាណ​ជា​មួយទសវត្សរ៍​កន្លងទៅនេះ។

ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​ដឹកអវកាសយានិក​ពី​ស្ថានីយ៍អវកាស​អន្តរជាតិ​​ត្រឡប់​មក​ផែនដីវិញ កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៃ​បេសកកម្ម Demo-2 ដែល​ក្រុមហ៊ុន SpaceX ត្រូវធ្វើ​ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន ឆ្លើយតប​​ទៅតាម​កិច្ចសន្យា​ជាមួយ​ទីភ្នាក់ងារ​​ណាសា។

បេសកកម្ម Demo-2 នេះ បាន​ចាប់ផ្តើម​ កាល​ពីថ្ងៃ​ទី៣០​ឧសភា​កន្លងទៅ ដោយនៅពេលនោះ យាន Dragron ផ្ទុក​អវកាសយានិក​ពីររូប​របស់​ទីភ្នាក់ងារ​ណាសា ត្រូវ​បាន​ក្រុមហ៊ុន​ SpaceX បាញ់​បង្ហោះ ទៅ​ភ្ជាប់ខ្លួន​​ប្រកបដោយ​ជោគជ័យ​​ជាមួយ​នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ ​​ដែលកំពុង​ធ្វើ​ដំណើរ​ក្នុងល្បឿន​រហូតដល់​ទៅ​ប្រមាណ​ជាង ២ម៉ឺន៧ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ក្នុង​គន្លង​តារាវិថី​ ចម្ងាយ​ជាង ៤០០គីឡូម៉ែត្រ​ពី​ផែនដី។

ក្រោយ​ពី​បាន​ស្នាក់នៅ​ក្នុង​ស្ថានីយ៍អវកាស​អន្តរជាតិ​អស់រយៈពេល​ពីរខែ គឺ​តាមរយៈ​យាន Dragon ដដែល ដែល​អវកាសយានិក​ទាំងពីរបាន​ធ្វើ​ដំណើរ​ត្រឡប់​មក​​​ផែនដីវិញ ដោយ​យាន​នេះ​បាន​ផ្តាច់ខ្លួន​ពី​ស្ថានីយ៍អវកាស កាល​ពី​យប់ថ្ងៃ​សៅរ៍ មុននឹង​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ស្រទាប់បរិយាកាស​ផែនដី បន្ទាប់មក បើកឆ័ត្រយោង ហើយ​ទម្លាក់ខ្លួន​លើ​ផ្ទៃទឹកសមុទ្រ ក្នុង​ឈូងសមុទ្រ​ម៉ិចស៊ិក កាល​ពីយប់ថ្ងៃ​អាទិត្យ។

ដំណើរវិលត្រឡប់​ដោយសុវត្ថិភាព​របស់​អាវកាសយានិក​ទាំងពីររូប​​​នេះ វាគឺ​​ជា​ការ​បិទបញ្ចប់​ដោយជោគជ័យ​នូវ​​បេសកកម្ម Demo-2 ហើយ​ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន SpaceX អាច​ចាប់ផ្តើម​បេសកកម្ម​ដឹកជញ្ជួន​អវកាសយានិក​ទៅមក រវាង​ផែនដី និង​ស្ថានីយ៍អវកាសអន្តរជាតិ​​ជា​លក្ខណៈទៀងទាត់ ដោយ​បេសកកម្ម​ផ្លូវការ​​លើកទី១ (Crew-1) ត្រូវគេ​គ្រោង​ធ្វើ​ នៅខែកញ្ញា​ឆាប់ៗខាងមុខ ហើយ​បេសកកម្ម​ផ្លូវការ​លើកទី២ (Crew-2) គ្រោងធ្វើ នៅខែ​កុម្ភៈឆ្នាំ២០២១។

បេសកកម្ម​នីមួយៗ​នឹង​ត្រូវ​មាន​ផ្ទុក​អវកាសយានិក​ចំនួន ៤រូប ដោយ​ក្នុងនោះ ​​​​ក្រៅពី​អវកាសយានិក​អាមេរិក ក៏​មាន​​​អវកាសយានិក​ពី​ប្រទេស​ផ្សេង​ធ្វើ​ដំណើរ​ជាមួយ​ផងដែរ ដោយ​បេសកកម្ម​លើកទី១ មាន​អវកាសយានិក​ជប៉ុន ១រូប ហើយ​បេសកកម្ម​លើកទី២ មាន​អវកាសយានិក​ជប៉ុន ១រូបផ្សេងទៀត និង​អវកាសយានិក​បារាំង ១រូប

SpaceX បញ្ជូនអវកាសយានិក​ទៅ​ទីអវកាស​ជាលើកទីមួយ
via REUTERS - NASA NASA

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ