អានតួអត្ថបទ
កូវីដ១៩-បណ្តាញសង្គម-ព័ត៌មានក្លែងក្លាយ

ហ្វេសប៊ុកនិងធ្វីតធ័រចាត់វិធានការលើលោកត្រាំជុំវិញការចុះផ្សាយ "ព័ត៌មានបំភ្លៃ" ទាក់ទងកូវីដ១៩

ធ្វីតធ័រព្យួរគណនីក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោត​របស់​លោក​ដូណាល់ ត្រាំ ចំណែក​ហ្វេសប៊ុកវិញ លុប​វីដេអូ​ចេញ​ពីទំព័រ​ផ្លូវការ​របស់​លោក​ដូណាល់ ត្រាំ ដោយ​លើកឡើង​ថា វិដេអូនោះ​មាន​​ព័ត៌មាន​មិនពិត​ទាក់ទង​នឹង​កូវីដ១៩
ធ្វីតធ័រព្យួរគណនីក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោត​របស់​លោក​ដូណាល់ ត្រាំ ចំណែក​ហ្វេសប៊ុកវិញ លុប​វីដេអូ​ចេញ​ពីទំព័រ​ផ្លូវការ​របស់​លោក​ដូណាល់ ត្រាំ ដោយ​លើកឡើង​ថា វិដេអូនោះ​មាន​​ព័ត៌មាន​មិនពិត​ទាក់ទង​នឹង​កូវីដ១៩ OLIVIER DOULIERY / AFP
ដោយ៖ សេង ឌីណា
១៤ នាទី

ហ្វេសប៊ុក និង​ធ្វីតធ័រ កាល​ពីថ្ងៃ​ពុធ បាន​ចាត់វិធានការ​លើ​គណនី​របស់​លោក​ដូណាល់ ត្រាំ និង​ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោត​របស់​លោក ជុំវិញ​ការ​ចេញផ្សាយ​វីដេអូ​ ដែល​បណ្តាញ​សង្គម​ទាំងពីរ​ចាត់ទុកថា​ជា​ការ​បំភ្លៃព័ត៌មាន ទាក់ទង​នឹង​កូ​វីដ១៩។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក្រុម​ការងារយុទ្ធនាការបោះឆ្នោត​របស់​លោក​ដូណាល់ ត្រាំ​វិញ បាន​ចាត់ទុក​ទង្វើ​របស់​បណ្តាញ​សង្គម​ទាំងពីរ​ថា​ជា​ទង្វើ​លម្អៀង​ប្រឆាំង​លើ​លោក​ដូណាល់​ត្រាំ។

ផ្សាយពាណិជ្ជកម្ម

វីដេអូ​ដែល​ជាបញ្ហា គឺ​បទសម្ភាសន៍ រវាង​លោក​ដូណាល់ ត្រាំ និង​ទូរទស្សន៍ Fox News ដែល​នៅ​ក្នុងនោះ លោក​ដូណាល់ ត្រាំ​ ដែល​ជំរុញ​ឲ្យ​ចាប់ផ្តើម​បើក​សាលារៀនឡើងវិញ បានលើកឡើង​ថា “កូនក្មេង​មាន​ប្រព័ន្ធការពារខ្លួន​ស្ទើរតែពេញលេញ​” ទប់ទល់​នឹង​កូវីដ១៩។

ទាំងហ្វេសប៊ុក និង​ទាំងធ្វីតធ័រ សុទ្ធតែ​បាន​កំណត់​ថា នៅ​ក្នុង​វីដេអូនេះ គឺ​មាន​ព័ត៌មាន​មិនពិត​ទាក់ទង​នឹង​កូវីដ១៩ ដែលផ្ទុយ​នឹង​លក្ខខណ្ឌ​ប្រើប្រាស់​នៃ​បណ្តាញ​សង្គម​។ ហើយ​ហ្វេសប៊ុក​បាន​លុបវីដេអូនេះ​ចេញ​ពី​ទំព័រផ្លូវការ​របស់​លោក​ដូណាល់ ត្រាំ ចំណែក​ឯ​ធ្វីតធ័រ​វិញ​បានប្រកាស​​​ព្យួរ​គណនី​ @TeamTrump ជាបណ្តោះអាសន្ន រហូតទាល់តែ​គណនីនេះ​ដក​វីដេអូ​ខាងលើ​ចេញ​វិញ ទើប​អាច​ចាប់ផ្តើម​ដំណើរការ​ធម្មតាវិញ​បាន។

ឆ្លើយ​តប​នឹង​វិធានការ​របស់​ហ្វេសប៊ុក និង​ធ្វីតធ័រ មន្រ្តី​អ្នកនាំពាក្យ​ក្រុមការងារ​យុទ្ធនាការ​របស់​លោក​ដូណាល់ ត្រាំ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយលើកឡើង​ថា ចំណាត់ការ​របស់​បណ្តាញ​សង្គម​ទាំងពីរ​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ អំពី​ភាព​លម្អៀង​របស់​ពួកគេ ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ ហើយ​ថា អ្វី​ដែល​លោក​ដូណាល់ ត្រាំ​លើកឡើង​នៅ​ក្នុងវីដេអូ​នោះ គឺ​គ្រាន់តែ​និយាយ​ទៅតាម​ការពិតជាក់ស្តែង​តែ​ប៉ុណ្ណោះ។

លោក​ដូណាល់ ត្រាំ ខ្លួនឯង​ក៏​បាន​ចេញមុខ​ការពារ​ខ្លួន​ផងដែរ ដោយ​បាន​ថ្លែង នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន កាល​ពីថ្ងៃ​ពុធ​ថា អ្វីដែល​លោក​លើកឡើង នៅ​ក្នុង​បទសម្ភាសន៍​នោះ គឺ​ចង់​និយាយ​ថា កូនក្មេង​មាន​ប្រព័ន្ធការពារខ្លួន​ពីការ​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ដោយ​កូវីដ១៩។

គួរបញ្ជាក់ថា កាលពីពេល​កន្លងមក មន្រ្តី​សុខាភិបាល​អាមេរិក ក៏ដូចជា​អ្នកជំនាញ​ផ្នែក​សុខាភិបាល​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត តែងតែ​បាន​ជំរុញ​ឲ្យ​មនុស្ស​គ្រប់វ័យ​ត្រូវ​ប្រុងប្រយ័ត្ន ការពារខ្លួន​ពី​ការ​ឆ្លង​កូវីដ១៩ ព្រមទាំង​បាន​ព្រមាន​ថា មិនមាន​មនុស្ស​ក្នុងក្រុមណាមួយ ឬ​វ័យណាមួយ ដែល​មាន​ប្រព័ន្ធការពារខ្លួន​ពី​ការ​ឆ្លង​កូវីដ១៩​នោះទេ។

ជាការពិតថា ការសិក្សា​ជាច្រើន​បង្ហាញ​ថា កូនក្មេង​ដែល​ធ្លាក់​ខ្លួនឈឺធ្ងន់ ឬ​ត្រូវ​បាត់បង់​ជីវិត​ដោយ​កូវីដ១៩ គឺ​មាន​ក្នុង​អត្រា​មួយ​ទាប​បំផុត ក៏ប៉ុន្តែ នេះ​មិនមែន​មានន័យ​ថា កូនក្មេង​មិន​ឆ្លង​កូវីដ១៩​​នោះទេ។ កូនក្មេង​ក៏​ប្រឈម​នឹង​ការ​ឆ្លង​កូវីដ​១៩​​ដែរ គ្រាន់តែ​ភាគច្រើន​ពួកគេ​មិន​មាន​រោគសញ្ញា ឬ​មិន​ធ្លាក់​ខ្លួន​ឈឺធ្ងន់ ហើយ​ក្មេង​ដែល​ឆ្លង​កូវីដ១៩ បើទោះបីជា​គ្មាន​រោគសញ្ញា ឬ​មិន​ឈឺធ្ងន់ក៏ដោយ ក៏​នៅតែ​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដទៃ​បានដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ