អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បេក្ខនារី​អនុប្រធានាធិបតី​វាយប្រហារ​លោកដូណាល់ ត្រាំថា ជា​អ្នក​ធ្វើ​ឲ្យអាមេរិក​ធ្លាក់ខ្លួន​រខេករខាក

សំឡេង ០៧:០៤
សមាជិកព្រឹទ្ធសភា និង​ជា​បេក្ខនារី​អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និយាយ​នៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត​លើកដំបូង ជាមួយ​លោក​ចូ បៃដិន នៅថ្ងៃ​ពុធទី១២ សីហា ២០២០ នៅ​ រដ្ឋDelaware រដ្ឋ​របស់​លោកចូ បៃដិន
សមាជិកព្រឹទ្ធសភា និង​ជា​បេក្ខនារី​អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និយាយ​នៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត​លើកដំបូង ជាមួយ​លោក​ចូ បៃដិន នៅថ្ងៃ​ពុធទី១២ សីហា ២០២០ នៅ​ រដ្ឋDelaware រដ្ឋ​របស់​លោកចូ បៃដិន © REUTERS/Carlos Barria
ដោយ៖ ឈាង បុប្ផា
៣៧ នាទី

នៅក្នុង​យុទ្ធនាការ​ឃោសនា​រួមគ្នា ជាលើក​ទី១ ជាមួយ លោកស្រី ខាមេឡា ហារីស ដែល​លោក​ចូ បៃដិន ទើប​ជ្រើសរើស​ជា​បេក្ខនារី សម្រាប់​តំណែង​អនុប្រធានាធិបតី លោក​ចូ បៃដិន បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ពុធ​ទី ១២​សីហា បាន​សន្យា​កសាង អាមេរិកឡើងវិញ បើសិន​ពួកគេ ឈ្នះឆ្នោត លើ​លោកដូណាល់ ត្រាំ នៅ​ខែ​វិច្ឆិកាខាងមុខ។ លោកចូ បៃដិន​សង្ឃឹម​យកឈ្នះ​លោកដូណាល់ ត្រាំ តាមរយៈ បេក្ខនារី​អនុប្រធានាធិបតី លោកស្រី ខាមេឡា ហារីស ដែល​មាន​ភាព​ស្វាហាប់ និងអ្នករិះគន់​លោកដូណាល់ ត្រាំ ដ៏ចេញមុខ នៅក្នុង​ខណៈពេល​ដែល សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាមេរិក​កាន់តែ​ធ្លាក់ចុះ​ដុនដាប ដោយសារ​វិបត្តិកូវីដ។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ពុធ​ម្សិលមិញ លោកចូ បៃដិន បេក្ខជន​ប្រធានាធិបតី ដែល​ជា​គូប្រជែង​របស់​លោកដូណាល់ ត្រាំ បាន​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រួមគ្នា ជា​ផ្លូវការ ជាមួយ លោកស្រី ខាមេឡា ហារីស ដែល​លោក​ចូ បៃដិន ទើប​ជ្រើសរើស ជា​បេក្ខនារី​អនុប្រធានាធិបតី​អាមេរិក។

មាន​បេក្ខនារី អនុប្រធានាធិបតី ស្វាហាប់ និង ជា​ស្រ្តី​ស្បែកខ្មៅ ដើមកំណើត​អាស៊ី ដូចជា លោកស្រី ខាមេឡា ហារីស លោក​ចូ បៃដិន បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ត្រូវ​បាន​គេ​វាយតម្លៃថា សម្រេច​ចិត្ត​ត្រឹមត្រូវ ដើម្បី​អាច​ទៅ​ប្រកួតប្រជែង យកឈ្នះ លោកដូណាល់ ត្រាំ។ កូដប្រជាប្រិយភាព​របស់​លោកចូ បៃដិន បាន​ឡើង​ខ្ពស់ នាំមុខ​លោកដូណាល់ ត្រាំ ដល់​ទៅ ៧ពិន្ទុ នៅ​ក្នុង​ការស្ទង់មតិ​ថ្នាក់ជាតិ និង​នៅ​តាម​បណ្តារដ្ឋ​ដែល​ដើរតួសំខាន់ ក្នុង​ការផ្តល់ជ័យជំនះ ដល់​បេក្ខភាពប្រធានាធិបតី ដូចជា​នៅ​រដ្ឋ Florida និង​Ohio ជាដើម។

សូមបញ្ជាក់ថា ចាប់តាំង​ពី​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍​នៅអាមេរិក នៅក្រោយ បុរសស្បែកខ្មៅ George Floyd ស្លាប់​ក្នុងពេល​ឃាត់ខ្លួន​របស់​ប៉ូលិស​ស្បែកខ្មៅ លោក ចូន បៃដិន បានរងសម្ពាធ ឲ្យ​ជ្រើសរើស​បេក្ខជន​សំបុរ​ខ្មៅ​ សម្រាប់ធ្វើជា​បេក្ខជន អនុប្រធានាធិបតី​របស់​លោក។ លោកស្រី ខាមេឡា ហារីស ស្បែកខ្មៅ កូនកាត់ឥណ្ឌា សមាជិក​ព្រឹទ្ធសភា ជា​បេក្ខនារី សក្តិសម​បំផុត សម្រាប់​តំណែង​មួយ​នេះ។

ក្រៅ​តែ​ពីមាន​ប្រវត្តិរូប ដើមកំណើត និង​ពណ៌សំបុរ​ស្បែក​ខ្មៅ ដែល​អាច​ទាក់ទាញ​សំឡេង​ឆ្នោត ក្នុង​ចំណោម​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ លោកស្រី ខាមេឡា ហារីស ត្រូវ​គេ​ស្គាល់​ថា ជា​មនុស្សស្រី​ដែល​ពូកែ​ខាង​ទំនាក់ទំនង មាន​វោហា​ប៉ិនប្រសប់ និង​ជាអ្នក រិះគន់ លោកដូណាល់ ត្រាំ ដ៏ចេញមុខ។

នៅក្នុង​សុន្ទរកថា ថ្លែង​ក្នុង​ឱកាស​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​រួមគ្នា ជាមួយ​លោកចូ បៃដិន កាលពី​ថ្ងៃ​ពុធម្សិលមិញ លោកស្រី ខាមេឡា ហារីស បាន​វាយប្រហារខ្លាំងៗ លោកដូណាល់ ត្រាំ ថា មិន​សក្តិសម​នឹង​មុខងារ ជា​ប្រធានាធិបតី និង​ថា លោកដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​អាមេរិក ធ្លាក់ខ្លួន រខេចរខាក។ សម្រាប់​លោកស្រី ហារីស ប្រឈម​នឹង​ជំងឺរាតត្បាត​ដូចជា​កូវីដ ការរើសអើង​ប្រកាន់​ពូជសាសន៍ ហើយ​និង​ភាពអយុត្តិធម៌ ជាទូទៅ ប្រជាជន​អាមេរិក​កំពុង​ត្រូវការ​មេដឹកនាំ ប៉ុន្តែ ចៃដន្យ​អាក្រក់ ប្រធានាធិបតី​អាមេរិកសព្វថ្ងៃ គិត​តែ​ពី​ផលប្រយោជន៍​ខ្លួនឯង ជាជាង ផលប្រយោជន៍​របស់​ប្រជាជន ដែល​បាន​បោះឆ្នោត​ឲ្យ​លោក។ បេក្ខនារី អនុប្រធានាធិបតី នៅ​បាន​រិះគន់ លោកដូណាល់ ត្រាំ ថា គ្រប់គ្រង​មិន​បាន​ល្អ វិបត្តិកូវីដ ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ នៅ​អាមេរិក។

ដោយសារ​តែ​វិបត្តិកូវីដ ប្រជាជន​រាប់លាន​នឹង​ត្រូវ​បណ្តេញចេញពីផ្ទះសម្បែង

វិបត្តិ​គ្មាន​ផ្ទះ​សម្បែង នៅ​អាមេរិក ដែល​ប្រៀបបាន​នឹង​រលកយក្ស​ស៊ូណាមី នឹង​កើតមាន នៅ​ប៉ុន្មាន​ខែ​ខាងមុខ បើសិន មេដឹកនាំ​នយោបាយ នៅតែ​និយាយ​ចរចា​មិនត្រូវគ្នា ស្តីពី​កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​អាមេរិក។ រហូតមកដល់​ថ្ងៃនេះ លោកប្រធានាធិបតី និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​គ្រប់គ្រង​សភាអ្នកតំណាងរាស្រ្ត នៅតែ​និយាយ ចរចា មិនត្រូវគ្នា ពី​បរិមាណ​កញ្ចប់ថវិកា ទី​២ ដែល​គេ​ត្រូវ​ប្រើ​សម្រាប់ ជំរុញ សេដ្ឋកិច្ច​អាមេរិក ឡើងវិញ។ គណបក្ស​ប្រជាធិបតេយ្យ ទាមទារ​ឲ្យ​មាន​កញ្ចប់ថវិកា ២០០០ ពាន់​លាន​ដុល្លារ សម្រាប់​ជំរុញ សេដ្ឋកិច្ច​ឡើងវិញ ប៉ុន្តែ គណបក្ស​សាធារណរដ្ឋ​របស់​លោកដូណាល់ ត្រាំ វិញគិតថា វា​ច្រើនពេក ដោយទាមទារ​ឲ្យ​មាន​ត្រឹមតែ ១០០០ ពាន់​លាន​ដុល្លារ​បាន​ហើយ។

ដោយសារ​តែ​វិបត្តិកូវីដ សេដ្ឋកិច្ច​របស់​អាមេរិក​ត្រូវ​ជាប់គាំង ដើរថយក្រោយ។ ប្រជាជន​អាមេរិកាំង​រាប់លាននាក់ ដែល​បាត់បង់​ការងារ​ធ្វើ បាន​ទទួល​ជំនួយ ពី​រដ្ឋ ប្រមាណ ៦០០​ដុល្លារក្នុង​មួយសប្តាហ៍ សម្រាប់​ទប់ទល់​ជីវភាព និង​បង់ថ្លៃឈ្នួលផ្ទះ។ ប៉ុន្តែ ជំនួយ​៦០០​ដុល្លារ​បាន​ចប់ទៅ នៅ​ចុងខែ​កក្កដា ចំណែក បម្រាម បណ្តេញ​ចេញ​ពី​ផ្ទះ ក៏ត្រូវ គេ​ដកទៅវិញ បណ្តើៗ នៅ​តាម​រដ្ឋមួយចំនួន ដោយសារ​មាន​ការតវ៉ា​ពីម្ចាស់ផ្ទះ។

គ្មាន​ការងារ គ្មាន​ប្រាក់ចំណូល ប្រជាជន​អាមេរិកាំង ដែល​ធ្លាក់​ក្រីក្រ ក្នុង​សម័យ​កូវីដ គ្មាន​លុយ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ ពីរ បីខែ​មក​ហើយ។ តាម​ការិយាល័យ​ជំរឿន​អាមេរិកាំង ប្រជាជន​អាមេរិកាំង ៣០ភាគរយ និយាយ​ថា ពួកគេ​គ្មាន​សមត្ថភាព បង់ថ្លៃឈ្នួលផ្ទះ នៅ​ខែ​ក្រោយ​នេះទេ។ តាមវិទ្យាស្ថាន​អាមេរិកាំង​ឈ្មោះ Aspen ដោយសារ​តែ​គ្មាន​លុយ បង់ថ្លៃឈ្នួលផ្ទះ ប្រជាជន​អាមេរិកាំង ដល់​ទៅ ៤០​លាននាក់ នឹង​អាច​ប្រឈម​នឹង​ការបណ្តេញ​ចេញ ពីផ្ទះ​សម្បែង នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

លោកដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​លើក្រិត្យ​ប្រធានាធិបតី សម្រាប់​ផ្តល់ជំនួយសង្គម​ជួយ​ទប់​កុំ​ឲ្យ​ប្រជាជន ត្រូវ​បណ្តេញ​ចេញពីផ្ទះ

ដោយសារ​តែ និយាយ​មិនត្រូវគ្នា ពីកញ្ចប់ថវិកា​សម្រាប់ជំរុញ​សេដ្ឋកិច្ច នៅក្នុង​វិបត្តិកូវីដ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បាន​ចុះក្រិត្យ​ប្រធានាធិបតី ដល់ទៅ​៤ សម្រាប់​សំដៅ​ជួយ ប្រជាជន​អាមេរិក ដែល​បាត់បង់​ការងារ​ធ្វើ និងការពារ​ពីការបណ្តេញ​ចេញ​ពី​ផ្ទះ​ជាដើម។

អាច​ថា ក្រិត្យ​ប្រធានាធិបតី​របស់​លោកដូណាល់ ត្រាំបាន​ផ្តល់ប្រាក់ជំនួយ សង្គម ជួយប្រជាជន​មែនហើយ ប៉ុន្តែ វា​មាន​ប្រសិទ្ធិភាព សម្រាប់​ទប់ទល់​បញ្ហា​របស់​ប្រជាជន តែ​មួយគ្រាៗ តែប៉ុណ្ណោះ គឺ​មិនអាច​ដោះស្រាយ បញ្ហា​សេដ្ឋកិច្ច ផ្តល់ការងារ ដែល​ជា​ឆ្នាំងបាយ ​របស់​ប្រជាជន​អាមេរិកាំង បាន​រហូតនោះទេ។ ប្រាក់ជំនួយ​ឧបត្ថម្ភ​ប្រចាំ​សប្តាហ៍ទៀតសោត ដែលលោក​ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា នៅ​សប្តាហ៍មុននេះ បាន​ថយ ចុះ ពី ៦០០​មកនៅត្រឹម ៤០០​ដុល្លារ។

ជារួម គេចាំបាច់​ត្រូវការ​មាន​កញ្ចប់ថវិកា រាប់ពាន់​លានដុល្លារ សម្រាប់​ជំរុញសេដ្ឋកិច្ច បង្កើតការងារ​ឡើង​វិញ សម្រាប់​ប្រជាជនអាមេរិកាំង។ ប៉ុន្តែ នៅក្នុង​កាលៈទេសៈ ដែល​គណបក្ស​នយោបាយ​កំពុង​ប្រជែងគ្នា សម្រាប់​ការបោះឆ្នោត ប្រធានាធិបតី​នាខែ​វិច្ឆិកា​ខាងមុខ មើលទៅ ប្រជាជន​អាមេរិក​អាច​នឹង​ទទួល​បាន​ជំនួយ តក់ៗ ដែល​គេ​បន្តក់ កុំ​ឲ្យ​តែ​ស្ងួតក​តែ​ប៉ុណ្ណោះ។ កន្លែង​ណាក៏ដូចកន្លែងណាដែរ ដរាបណា មេដឹកនាំ​នយោបាយ​នៅ​និយាយ​មិនត្រូវ ចុះសម្រុងគ្នា និង​គិតតែ​ពីផលប្រយោជន៍​ផ្ទាល់ខ្លួនៗ រៀងខ្លួន នោះ គឺ​ប្រជាជន ល្អិតល្អោច ដែល​ត្រូវ​រងគ្រោះ ដាច់ខ្យល់​ស្លាប់​មុនគេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ