ទណ្ឌកម្ម​អាវុធ​អ៊ីរ៉ង់

អាមេរិក បរាជ័យ នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ទាមទារ​ឲ្យ​បន្ត​ទណ្ឌកម្ម​សព្វាវុធ​លើ​អ៊ីរ៉ង់

ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ញូវយ៉ក នាខែ​មីនា ឆ្នាំ ២០២០
ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ញូវយ៉ក នាខែ​មីនា ឆ្នាំ ២០២០ REUTERS - Carlo Allegri

នៅក្នុង​ការបោះឆ្នោត នៅ​ថ្ងៃ​សុក្រទី ១៤ សីហា ឆ្នាំ ២០២០ ក្រុមប្រឹក្សា​សន្តិសុខ​បាន​បោះឆ្នោត​ប្រឆាំង​សេចក្តីសម្រេច​ស្នើឡើង​ដោយ​អាមេរិក ដែល​ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ ពន្យារ​ការដាក់​ទណ្ឌកម្ម​សព្វាវុធ​លើ​អ៊ីរ៉ង់ ដែល​ត្រូវ​ចប់ អស់សុពលភាព នៅ​ខែ​តុលាខាងមុខ។ នៅក្រោយ បរាជ័យ​របស់ខ្លួន នៅ​ក្រុមប្រឹក្សា​សន្តិសុខ អាមេរិក​បាន​សន្យា​ចាត់វិធានការ​អនុវត្ត​ជា​ឯកតោភាគី ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

អាមេរិក កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​បរាជ័យ នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅក្នុង​ការទាមទារ​ឲ្យ​បន្ត​ទណ្ឌកម្ម​អាវុធ លើ​អ៊ីរ៉ង់។ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង ១៥ របស់​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត មានតែ​ប្រទេស​ពីរ ប៉ុណ្ណោះ ដែល​បោះឆ្នោត គាំទ្រ សេចក្តីសម្រេច ដែល​អាមេរិក ស្នើឡើង នោះ គឺ​សាធារណរដ្ឋ​ដូមីនីក និង​អាមេរិក​ខ្លួនឯង។

នៅក្រោយ ប្រមុខការបរទេស​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍ រិះគន់ ស្ថាប័ន​អន្តរជាតិ​មួយនេះ បរាជ័យ មិនអាច​បំពេញ​បេសកកម្ម​របស់ខ្លួន ដូចជា​ការរក្សា​សន្តិភាព និង​សន្តិសុខ អន្តរជាតិ។ អ៊ីរ៉ង់ វិញ បាន​អបអសាទរ ការសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​ថា អាមេរិក​កំពុង​ធ្លាក់ខ្លួន​ឯកោរ ជាងពេលណាៗ​ទាំងអស់។

បារាំង អង់គ្លេស អាល្លឺម៉ង់ សម្ព័ន្ធមិត្ត​របស់​អាមេរិក បានដាក់ខ្លួន ឈរ​ក្នុង​ក្រុមប្រទេស​សមាជិក ក្រុមប្រឹក្សា​សន្តិសុខ ចំនួន​១១ ដែល​បាន​បោះឆ្នោត អនុប្បវាទ។ អាច​ថា ពួកគេមិន​គាំទ្រ​សេចក្តីសម្រេច​ស្នើឡើង​ដោយ​អាមេរិក  ប៉ុន្តែ ហើយ​ក៏មិនប្រឆាំង ដែរ។ ជាមួយ ​សំឡេង​អនុប្បវាទ​ដល់​ទៅ​១១ សំឡេង និង​សំឡេង​ប្រឆាំង ពីរ គឺរុស្ស៊ី និង​ចិន សេចក្តីសម្រេច​របស់​អាមេរិក ដែល​ចង់ ឲ្យ​គេ​បន្ត​ពន្យារ​ទណ្ឌកម្ម​អាវុធ របស់​អ៊ីរ៉ង់ ត្រូវ​បរាជ័យ​ធ្លាក់ទឹក ដោយសារតែ​មិនអាច​ប្រមូល​សំឡេង​គាំទ្រ ឲ្យ​បាន​យ៉ាងតិច ៩សំឡេង នៅក្រុមប្រឹក្សា​សន្តិសុខ។

អឺរ៉ុប​គាំទ្រ​ឲ្យ​មានការដាក់ទណ្ឌកម្ម​អាវុធ​អ៊ីរ៉ង់ ប៉ុន្តែ ខ្លាច​សេចក្តីព្រាង​របស់អាមេរិក​អាច​សម្លាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥

បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជាដើមដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក បញ្ចេញ​សំឡេង​អនុប្បវាទ ព្រោះតែ​យល់ថា សេចក្តីសម្រេច​ស្នើឡើង​ដោយ​អាមេរិក នឹង អាច​ទៅ​បំផ្លាញ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​គេព្យាយាម ការពារ ដើម្បី​កុំ​ឲ្យ​អ៊ីរ៉ង់ អាចមាន​លេស​ផលិត​អាវុធនុយក្លេអ៊ែរ។

ទៅតាម​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ ២០១៥ ទណ្ឌកម្ម របស់​អង្គការសហប្រជាជាតិ លើ​អាវុធ​អ៊ីរ៉ង់ ត្រូវ​ចប់​សុពលភាព នៅខែ​តុលា ចុងឆ្នាំនេះ។ ដូច្នេះ ប្រទេស​នៅអឺរ៉ុប​ខ្លាចថា អ៊ីរ៉ង់ នឹង​អាច​ត្រលប់​ទៅ​ផលិតអាវុធ នុយក្លេអ៊ែរ លែង​គោរព​អនុវត្ត​កិច្ចព្រមព្រៀង តទៅទៀត បើសិន អង្គការ​សហប្រជាជាតិ នៅ​តែបន្ត​ដាក់​ទណ្ឌកម្មលើ​អ៊ីរ៉ង់។ សម្រាប់​អឺរ៉ុប ទណ្ឌកម្ម​អាវុធ អ៊ីរ៉ង់ គឺ​ជារឿង​ចាំបាច់ ដែល​ត្រូវ​ធ្វើ សម្រាប់​សន្តិភាព​ក្នុង​តំបន់ ប៉ុន្តែ គេ​មិន​ចាំបាច់ ធ្វើ ក្រោម​រូបភាព ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ តទៅទៀត​នោះដែរ។ ជាក់ស្តែង សហភាព​អឺរ៉ុប ផ្ទាល់​ក៏នៅ​បន្ត​អនុវត្ត​បម្រាម​លក់​អាវុធ ឲ្យ​អ៊ីរ៉ង់ ដែល​ធ្វើ​ឲ្យ​អ៊ីរ៉ង់ មិនអាច​បំពាក់អាវុធ តាមចិត្ត​នោះដែរ។ ដូច្នេះ សម្រាប់​អឺរ៉ុប សេចក្តីព្រាង របស់​អាមេរិក ដែល​ចង់ឲ្យ​ពន្យារ ការដាក់​ទណ្ឌកម្មអាវុធ ​លើ​អ៊ីរ៉ង់ មិនមែន​ជារឿង​ដែល​ផ្តល់​ផលប្រយោជន៍​ច្រើនណាស់ណាទេ។ ផ្ទុយទៅវិញ គឺ​មាន​តែ​បង្ក​កំហឹង ឲ្យ​អ៊ីរ៉ង់ ដើរចេញ​ពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែល​គេ​បាន​ចំណាយ​ពេល​រាប់ឆ្នាំ ទម្រាំ​បង្កើតបាន​នៅ​ឆ្នាំ ២០១៥។

អាមេរិក​បាន​អះអាង​ហើយ​ថា នឹង​មិនបញ្ចប់​ត្រឹម​នេះ​ទេ

នៅមុន​ការបោះឆ្នោត នៅ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត នៅ​ថ្ងៃ​សុក្រ គេ​ធ្លាប់​បាន​ប៉ាន់ស្មាន​ទុក​រួចហើយថា សេចក្តីសម្រេចស្នើ​ឡើង​ដោយ​អាមេរិក នឹង​មិនអាច​ឆ្លងផុត នៅក្នុង​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នោះទេ។ នៅក្នុង​សេចក្តីព្រាង របស់​ខ្លួន អាមេរិក​បាន​ទាមទារ​ឲ្យ​គេ​ពន្យារ ទណ្ឌកម្ម​សព្វាអាវុធ​អ៊ីរ៉ង់ ឲ្យយូរតទៅទៀត ដោយ​គ្មាន​ថ្ងៃ​កំណត់។

អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម ហាម​មិន​ឲ្យ​ដឹក លក់​អាវុធ ទៅ​អ៊ីរ៉ង់ តាំង​ពី​ឆ្នាំ ២០០៧ ប៉ុន្តែ ទណ្ឌកម្ម​អាវុធ​ អ៊ីរ៉ង់  របស់​អង្គការ​សហប្រជាជាតិ នឹង​ត្រូវ​អស់​សុពលភាព នៅ​ថ្ងៃ​ទី ១៨​តុលា​ខាងមុខ ទៅតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ ២០១៥ ដែល​នៅក្នុង​នោះ​អ៊ីរ៉ង់​បាន​សន្យា មិន​ធ្វើ​កម្មវិធីនុយក្លេអ៊ែរ សម្រាប់​មហិច្ឆតា​យោធា ជាថ្នូរ​នឹង​ការលុបចោល​ទណ្ឌកម្ម​របស់​អន្តរជាតិ ទៅលើ​អ៊ីរ៉ង់។

អាមេរិក​ដែល​ដក​ខ្លួន ជា​ឯកតោ​ភាគី ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ និង​បាន​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី នៅ​ឆ្នាំ ២០១៨ បាន​ដឹង​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​រួចមកហើយ​ថា សេចក្តី​សម្រេច​របស់ខ្លួន នឹង​មិន​អាច​ទទួល​បាន​ការគាំទ្រ​ភាគច្រើនទេ។ សូម្បី​ប្រទេស​នៅអឺរ៉ុប និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​របស់​អាមេរិក ម្នាក់ៗ គ្មាន​ចង់​ឲ្យ​គេ​ពន្យារ ទណ្ឌកម្ម អាវុធ​អ៊ីរ៉ង់ ដែល​នឹង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ក្តៅក្រហាយ ហែក​បំផ្លាញ បំផ្លាញ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ។

អាមេរិក​ដឹង​រឿងនេះ ច្បាស់ និង​បាន​គំរាម​ហើយ​ថា បើសិន​ខ្លួន​បរាជ័យ មិនអាច​ឲ្យ​គេ​ពន្យារ​ទណ្ឌកម្ម​អាវុធ​អ៊ីរ៉ង់ នោះ ខ្លួន នឹង​ប្រើ​វិធីសាស្រ្ត​ឈ្មោះថា Snapback ដែល​មាន​ចងនៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥។ អ្នកតំណាងអាមេរិក​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី Kelly Craft បានអះអាងថា នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ អាមេរិក​នឹង​គោរព​ការសន្យា​របស់ខ្លួន ដើម្បី​ពន្យារ ទណ្ឌកម្ម​អាវុធ​អ៊ីរ៉ង់។ ងាមេរិក​នឹង​អាច​បញ្ជូន ពាក្យ​សុំ​ឲ្យ​អនុវត្ត​Snapback នៅ​សប្តាហ៍ក្រោយ។ នេះបើតាម​ មន្រ្តី​អាមេរិក ដែលដកស្រង់​ប្រភព​ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP។

អាមេរិក ដែល​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ នៅឆ្នាំ ២០១៨ អះអាងថា ខ្លួន​នៅតែ​អាច​ប្រើ​សិទ្ធិ​ជាអ្នកចូលរួម ក្នុង​កិច្ចព្រមព្រៀង ដើម្បី​ទាមទារ ប្រើ Snapback ដែល​ចែងថា គេអាច​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ឡើងវិញ ទាំងស្រុង បើសិន​គេ​យល់ឃើញ​ថា អ៊ីរ៉ង់ រំលោភ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ។

ប៉ុន្តែ នៅត្រង់​ចំណុចនេះ ភាគី​អាល្លឺម៉ង់​បាន​លើកឡើងពី​ភាព​ស្របច្បាប់​របស់​អាមេរិក នៅក្រោយ អាមេរិក​ដកខ្លួន​ចេញ ពី​កិច្ចព្រមព្រៀងរួចហើយ កាលពី​ឆ្នាំ ២០១៨ ពោល​គឺ​អាមេរិក​មិនអាច​មក​ទាមទារ ឲ្យ​គេ​ប្រើ​ចំណុច​Snapback នោះទេ។

តើ​អាមេរិក​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ?

បំណង​របស់​អាមេរិក​លើកនេះ មិនមែន​ត្រឹមតែ​ចង់​គេបន្ត​ពន្យារ ទណ្ឌកម្មអាវុធ​អ៊ីរ៉ង់តែប៉ុណ្ណោះទេ ប៉ុន្តែ គោលដៅ​ធំបំផុត​របស់អាមេរិក គឺចង់ ចាប់ពន្លិច កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឲ្យ​លិចលង់​ស្លាប់ មិនងាយ​នឹង​សង្រ្គោះបានមកវិញ មិនថា នៅ​ក្នុង​កាលៈទេសៈ ដែល​អាមេរិក​ត្រូវ​ផ្លាស់ប្តូរ​ប្រធានាធិបតី ថ្មី ដែល​នឹង​អាច​ចង់ត្រលប់មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង។

អាមេរិក​របស់លោក​ដូណាល់ ត្រាំ ដឹងថា បើសិន អាមេរិក​អនុវត្ត​ជាឯកតោភាគី ឬ​ជំរុញ ឲ្យ​គេ​អនុវត្ត ទណ្ឌកម្ម​អន្តរជាតិ ស្តីពី​ការហាមប្រាម លក់អាវុធ ឲ្យ​អ៊ីរ៉ង់តទៅទៀត នោះ អ៊ីរ៉ង់ ច្បាស់​ជា​មិន​សប្បាយចិត្ត ហើយ​និង​អាច​ត្រលប់​ទៅ​ឈប់​គោរព​តាមការសន្យា ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​តទៅទៀត។

គឺ​នៅពេល​នោះហើយ ដែល អាមេរិក​អាចមាន​លេស​ចោទប្រកាន់ អ៊ីរ៉ង់​ពីបទ​រំលោភ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទាំងស្រុង។ អាមេរិក​នឹង​អាច​ទាមទារ​ឲ្យ​មាន​ការចរចា​សាជាថ្មី​ឡើងវិញ ជាមួយ​អ៊ីរ៉ង់ បើសិន​អ៊ីរ៉ង់​ចង់​រួចផុត​ពីទណ្ឌកម្ម ឬ​មួយក៏អាមេរិក អាច​រករឿង​ទាមទារ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​សាជាថ្មី ក្នុង​លេស​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា មាន​មហិច្ឆតា ផលិត​អាវុធ​នុយក្លេអ៊ែរ។ នៅចុងបញ្ចប់ នៅពេល​អាមេរិក ធ្វើព្យុះធ្វើ​ភ្លៀង​តែម្នាក់ ដើម្បី​ដាក់សម្ពាធ ឲ្យ​ខ្លាំង​មែនទែន លើ​អ៊ីរ៉ង់ នៅ​អង្គការ​សហប្រជាជាតិ  អ្វីដែល​គេ​បារម្ភខ្លាំង​គឺថា នយោបាយ របស់​អាមេរិក​នឹង​ទៅ​ធ្វើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ រញ៉េរញ៉ៃ និង​បាត់បង់ អំណាច កិត្យានុភាព​របស់ខ្លួន​តទៅទៀត តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI