អានតួអត្ថបទ
ទណ្ឌកម្មអាវុធអ៊ីរ៉ង់

ក្រោយបរាជ័យនៅក្រុមប្រឹក្សា សន្តិសុខ លោកដូណាល់ ត្រាំ ត្រៀម​ប្រើ​យន្តការ Snapback

លោកដូណាល់ ត្រាំ​នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ទី​១៤​សីហា ២០២០
លោកដូណាល់ ត្រាំ​នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ទី​១៤​សីហា ២០២០ REUTERS - TOM BRENNER
ដោយ៖ ឈាង បុប្ផា
១៦ នាទី

នៅមួយថ្ងៃ​ក្រោយ បរាជ័យ យ៉ាងអាម៉ាសមុខ​របស់​អាមេរិក នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រធានាធិបតី លោកដូណាល់ ត្រាំ បាន​សន្យា​ចាត់វិធានការ​ដ៏ចម្រូងចម្រាស​មួយ ដើម្បី អាច​ពន្យារ​ការដាក់ទណ្ឌកម្ម​អាវុធ​អ៊ីរ៉ង់។ លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​សៅរ៍ ម្សិលមិញ បាន​និយាយ​ប្រាប់​អ្នកកាសែតថា លោក​ត្រៀមខ្លួន​រួចហើយ ដើម្បី​ប្រើ​យន្តការ Snapback ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដើម្បី​អាច​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​សាជាថ្មី លើ​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ មិនយល់ព្រម​លែងងាយ ឲ្យ អ៊ីរ៉ង់​អាច ​រួចផុត​ពី​ទណ្ឌកម្ម​អាវុធ របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ចប់​សុពលភាព នៅ​ថ្ងៃទី​១៨​តុលា​ខាងមុខ​នោះទេ។ នៅ​មួយថ្ងៃ​ក្រោយដែល សេចក្តីសម្រេច ស្នើឡើង អាមេរិក ដើម្បី​ពន្យារ​ទណ្ឌកម្ម អាវុធ​អ៊ីរ៉ង់ ត្រូវ ក្រុម​ប្រឹក្សា​សន្តិសុខ​បោះឆ្នោត ប្រឆាំង ប្រធានាធិបតី​អាមេរិក​និយាយ​ថា លោក​នឹង​ប្រើ​យន្តការ Snapback​ដើម្បី​បន្ត​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ស្តី​ពី ការហាម​ដឹក លក់​អាវុធ ទៅ​ឲ្យអ៊ីរ៉ង់។

“យើង​បាន​ដឹងរួចហើយ​ពី​ផ្លូវចេញ នៃ​ការបោះឆ្នោត​នៅក្រុមប្រឹក្សា ប៉ុន្តែ យើង​នឹង​ប្រើ​យន្តការ Snapback។ អ្នកនឹង​ឃើញ​នៅ​សប្តាហ៍ក្រោយនេះ” នេះជា​ប្រសាសន៍​របស់​ម្ចាស់សេតវិមាន ដែល​បាន​បញ្ជាក់ដែរថា លោក​នឹងមិនទៅ​ចូលរួម ក្នុង​វីដេអូសន្និសីទ ដែល​ប្រធានាធិបតី​រុស្ស៊ី បាន​ផ្តួចផ្តើម​ឡើង ដើម្បី​ដោះស្រាយ​ភាពតានតឹង ជុំវិញ ទណ្ឌកម្ម​អាវុធ​អ៊ីរ៉ង់។ បើតាម​លោកដូណាល់ ត្រាំ គេ​ត្រូវរង់ចាំ មើល នៅក្រោយ​ពេល​បោះឆ្នោត ប្រធានាធិបតី នៅ​ខែ​វិច្ឆិកា​ខាងមុខ។

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ប្រមុខ​រដ្ឋ​រុស្ស៊ី​ដែល​ជាសម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​បានស្នើ​ជំនួបកំពូល តាម​វីដេអូសន្និសីទ ដែលនៅក្នុង​នោះ មេដឹកនាំ​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សា​សន្តិសុខ ទាំង​៥ រួម ជាមួយ​មេដឹកនាំ​អាល្លឺម៉ង់ ចូលរួម​ពិភាក្សា​ជាមួយ​ភាគី​អ៊ីរ៉ង់ ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង។

ទោះ បាន​ដកខ្លួន​ចេញ ពី​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ នៅ​ឆ្នាំ ២០១៨ ប៉ុន្តែ អាមេរិក​បាន​លើក​អំណះអំណាង ថា លក្ខន្តិកៈ​ជាអ្នកចូលរួម របស់​អាមេរិក នៅក្នុង​កិច្ចព្រមព្រៀង នៅតែ​អាច​ឲ្យ​អាមេរិក ​មាន​សិទ្ធិ​ចូល​ទៅ​ប្រើ​យន្តការ Snapback ដើម្បី​ទាមទារ​ឲ្យ​មាន​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ក្នុង​ករណី​អ៊ីរ៉ង់​រំលោភកិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ ប៉ុន្តែសម្រាប់ អ្នកវិភាគ​មួយចំនួន ការប៉ុនប៉ង​របស់​អាមេរិក ដើម្បី ចូល​ទៅ​ប្រើ​យន្តការ Snapback ដើម្បី​អាច​អនុវត្ត​ជាឯកតោភាគី ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ នឹង​សម្លាប់​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ រួម​ទាំង បង្ក​ភាពរញ៉េរញ៉ៃ និង​វិបត្តិការទូត ដ៏ធ្ងន់ធ្ងរ​មួយ នៅ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ។

អ្នកតំណាង​បារាំង​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ទទួល​ស្គាល់ថា ការបិទបញ្ចប់​ទណ្ឌកម្ម​អាវុធ​អ៊ីរ៉ង់ នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ដ៏ធ្ងន់ធ្ងរ សម្រាប់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ