អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​អាមេរិក ៖ ​ពិធី​​​​តែង​តាំង​​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ ជា​ការ​ផ្តល់​សន្ទុះ​ថ្មី​ដល់​លោក​ ដូណាល់ ត្រាំ ?

ពិធី​ប្រជុំ​តែង​តាំង​បេក្ខជនប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នៅ​Charlotte រដ្ឋ​ការ៉ូលីន​ខាង​ជើង
ពិធី​ប្រជុំ​តែង​តាំង​បេក្ខជនប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នៅ​Charlotte រដ្ឋ​ការ៉ូលីន​ខាង​ជើង REUTERS/Leah Millis
ដោយ៖ អៀង សុខម៉ិញ
២៥ នាទី

ចាញ់​ប្រៀប​លោក​ ចូ បៃដិន នៅ​ក្នុង​ការ​ស្ទង់​មតិ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ រំពឹង​លើ​សមាជ​បក្ស​នៅ​សប្តាហ៍​​នេះ ក្នុង​ការ​ផ្តល់​សន្ទុះ​ និង​ប្រមូល​ផ្តុំ​កម្លាំង​ក្នុង​ជួរ​បក្ស​ និង​ក្រៅ​បក្ស​ ក្រែង​អាច​យក​ឈ្នះ​គូប្រជែង​បាន​វិញ នៅ​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ថ្ងៃទី ៣​ វិច្ឆិកា ២០២០។ សមាជ​បក្សសាធារណរដ្ឋ​​ត្រូវ​ចាប់​បើក​នៅ ថ្ងៃ​ចន្ទទី ២៤ សីហា និង​បិទ​បញ្ចប់​​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ សីហា នៅ​រដ្ឋ​ការ៉ូលីន​ខាង​ជើង។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រជុំ​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​អាមេរិក របស់​បក្ស​ធំៗ​ទាំង​ពីរ​ ប្រព្រឹត្តទៅ​បួន​ថ្ងៃ ដូច​គ្នា​។ កាលពី​សប្តាហ៍​មុន​ លោក ចូ បៃដិន​ បាន​ក្លាយ​ជា​​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ ហើយ​នៅ​សប្តាហ៍​នេះ គឺ​ដល់​វេន​តែង​តាំង​លោក ដូណាល់ ត្រាំ​ នៃ​បក្ស​សាធារណរដ្ឋ​ម្តង។

ដោយ​ហេតុ​កូវីដ​១៩ គណបក្ស​ប្រជាធិបតេយ្យ​រៀប​ចំ​កម្មវិធី តាម​វីដេអូខុនហ្វេខិន ១០០% ។ បេក្ខជន​ ចូ បៃដិន ព្រមទាំង​​ឥស្សរជនបក្ស​ទាំង​អស់  មិន​បាន​ធ្វើ​បំលាស់​ទីមក​បង្ហាញ វត្តមាន​នៅ​កន្លែងប្រជុំ​ទេ។ សម្រាប់​បក្ស​សាធារណរដ្ឋ ដែល​ចាប់​បើក​សមាជ​ នៅ​ថ្ងៃ​ចន្ទទី​២៤​សីហា​នេះ នៅ​រដ្ឋ​ការ៉ូលីនខាង​ជើង និងនៅ​រដ្ឋផ្លរីដា​វិញ​ កម្មវិធីមួយភាគ​ធំ ក៏​ប្រព្រឹត្ត​ទៅ​តាម​អនឡាញ​ដែរ។

ប៉ុន្តែ​ផ្ទុយ​ពីគូប្រជែង ដែលដើរ​​ចេញ​ពី​ផ្ទះ​យ៉ាង​តិច​តួច​បំផុត​នោះ លោកប្រធានាធិបតី​ផុត​អាណត្តិ​ នឹង​ធ្វើ​ដំណើរ​ទៅ​​ចូល​រួម​សមាជថ្ងៃទី​មួយ​​ដោយ​ផ្ទាល់ នៅ​ក្រុង​Charlotte រដ្ឋ​ការ៉ូលីន​ខាង​ជើង ដែល​មាន​​តំណាង​ប្រតិភូ​បក្ស​សាធារណរដ្ឋ​ជាង​៣០០​នាក់​ ​កំពុង​រង់​ចាំ​។ ហើយ​ខុស​ពី​ទម្លាប់​របស់​សមាជ ដែល​បេក្ខជន​ប្រធានាធិបតី​ត្រូវ​ថ្លែង​ តែ​ម្តង និង​នៅ​ថ្ងៃបិទ​បញ្ចប់​សមាជប្រកាស​​​​ព្រមទទួល​​​​ធ្វើ​ជា​តំណាង​បក្ស​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី បេក្ខជន​ប្រធានាធិបតី​ ដូណាល់ ត្រាំ នឹង​បង្ហាញ​វត្តមាន​ និង​ថ្លែង​រាល់​ថ្ងៃ​នៅ​អង្គ​សមាជ។

ខុស​ពី​កម្មវិធី​របស់​បក្ស​ប្រជាធិបតេយ្យ​ដែរ គ្មាន​អតីត​ប្រធានាធិបតី​អាមេរិក​ជា​អ្នក​សាធារណរដ្ឋ​ណាម្នាក់ នឹង​មក​ថ្លែងសុន្ទរកថា​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​ ក្នុង​អង្គ​ប្រជុំ​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​បក្ស​ទេ។​ ដើម្បី​បង្ហាញ​រូបភាព​​ល្អ​ សមាជ​បាន​ផ្តល់​ឱកាស​ឱ្យ​​ឥស្សរជន​ស្បែក​ខ្មៅ​ជា​ច្រើន​ឡើង​ឆាក​ថ្លែង​សុន្ទរកថា ​មាន​ជា​អាទិ៍​លោក ទីម ស្កុត ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ ស្បែក​ខ្មៅ​តែ​ម្នាក់​គត់ របស់​បក្ស​សាធារណរដ្ឋ​។

កូន​ៗមកជុំ​គ្នា​ការពារ​ឪពុក

ប្រពៃណី​មួយ​ដែល​បក្ស​សាធារណរដ្ឋ​នៅ​​បន្ត​ប្រកាន់​យក គឺ​​លោកជំទាវMelania ​Trump ជា​ភរិយា​នឹង​ឡើង​ថ្លែង​ការពារ​ស្វាមី​ នៅ​ថ្ងៃ​អង្គារ​ពី​ឧទ្យាន​សេតវិមាន។ កូន​ធំៗទាំង​បួន​របស់​លោក​ត្រាំ ក៏​មាន​ឈ្មោះ​ ត្រូវ​ឡើង​ថ្លែង​ក្នុង​កម្មវិធីជា​បន្ត​បន្ទាប់គ្នា។ កូនប្រុស​ច្បង​ និង​កូនប្រសារ​ច្បង​ ដែល​ជា​អតីត​រដ្ឋអាជ្ញា​រដ្ឋ​កាលីហ្វ័នីញ៉ា ត្រូវ​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​តែ​ម្តង។ កូន​ប្រុស​និង​​ស្រី ​បន្ទាប់​នៅ​ថ្ងៃអង្គារ​ ។ កូនប្រសារស្រី​ទីពីរ ដែល​ជាស្ថិត​នៅ​ក្នុង​​ក្រុម​ឃោសនា​របស់​​ឪពុកក្មេក​ត្រាំ នឹង​ឡើង​ថ្លែង​នៅ​ថ្ងៃ​ពុធ។ កូនស្រី​ធំ​ អ៊ីវ៉ាន់កា​ដែល​ជា​ទីប្រឹក្សា​ពិសេស​របស់សេតវិមាន​ ព្រមទាំង​ស្វាមី  នឹង​បញ្ចេញ​ការ​គាំទ្រ​ឪពុក​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ការពារ​តុល្យការ​ដឹកនាំ​ប្រទេស

នៅក្នុង​សមាជ​បក្ស​ប្រជាធិបតេយ្យ គេ​នាំ​គ្នា​វាយប្រហារ​បន្ទោស​រដ្ឋបាល​ដូណាល់ ត្រាំ ឯ​នៅ​ក្នុង​សមាជ​បក្ស​សាធារណរដ្ឋ​ គឺ​ជា​ឱកាស​ការពារ​តុល្យការ​ផង និង​ក៏​ជា​ពេលវេលា​ដែល​គ្រប់​គ្នា​រង់ចាំ​ចង់​ដឹង​អំពី​កម្មវិធីនយោបាយ​សម្រាប់​បួន​ឆ្នាំ​ខាង​មុខ។ ប៉ុន្តែ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ តាម​ទូរទស្សន៍​ Fox News លោកត្រាំ​បាន​អះអាង​ថា​នឹងមិន​ពង្រឹង​នូវ​អ្វី​ដែលលោក​បាន​ធ្វើ​កន្លង​មក ហើយ​សន្យា​ពានាំ​នយោបាយ​ថ្មី។ ថ្មី​យ៉ាងណា​ និង​ជា​អ្វី​ លោក​មិនបាន​លម្អិត​ទេ។ កម្មវិធីនយោបាយ​របស់​លោក​នៅ​ស្រពិច​ស្រពិល​និង​គ្មាន​ការ​បង្ហើប​បង្ហាញ​ឡើយ​ នាពេល​នេះ។ លោកត្រាំ​មាន​កម្មវត្ថុការពារ​តុល្យការ​ការងារ​កន្លងមក​ច្រើន​ជាង​ ដោយ​ចង់​​វាយបកបក្សប្រឆាំង​​វិញ តាម​រយៈ​ការ​បង្ហាញ​អំពី​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​រយៈ​ពេល​ជិត​បួន​ឆ្នាំ​កន្លងមក​នេះ។

​ទីប្រឹក្សាដ៏​ជំនិត ​លាលែង​ចេញ​ពី​តំណែង

បាន​ទទួល​ការ​គាំទ្រ​តិច​ជា​លោក​ចូបៃដិន ក្នុង​ការ​ស្ទង់​មតិ លោក​ត្រាំ​ រំពឹង​លើ​សមាជ​នេះ ក្នុងការ​បង្កើន​ប្រជាប្រិយភាព និង​ប្រមូល​ផ្តុំ​កម្លាំង​ឡើង​វិញ។ ប៉ុន្តែមិន​ដឹង​ថា​តើ​លោក​អាចរក្សា​ចិត្ត​ មាន​សំដី និង​​បង្រួម​បង្រួម​បក្ស​បាន​យ៉ាងណា​ទេ។ ហើយ​ ​មួយ​ថ្ងៃ​មុន​បើក​សមាជ ​ព័ត៌មាន​អាស្រូវបាន​​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ទៀត ៖ នៅ​ថ្ងៃ​សៅរ៍ បង​ស្រីបង្កើត​របស់​លោក​ត្រាំ ចាត់​ទុក​ប្អូន​ប្រុស​ជាមនុស្ស​កុហក គ្មានមេត្តាធម៌ គ្មាន​គោលការណ៍​ នៅ​ថ្ងៃអាទិត្យ​​ទីប្រឹក្សា​ផ្នែក​ទំនាក់ទំនង និង​នយោបាយស្ទង់​មតិ​​ ដែល​បាន​​ជ្រោមជ្រែង​ក្នុង​យុទ្ធនាការ​​​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ បាន​ប្រកាស​លាលែង​ចេញ​តំណែង។ លោកស្រី ខែលីយ៉ាន ខូវ៉េ ដែល​គេ​ចាត់​ទុក​ថា​មនុស្ស​ដ៏​ជំនិត​​បំផុត​ម្នាក់ ធ្លាប់​ការពារ​លោក​ដូណាល់ ត្រាំ​ យ៉ាង​មុះមុត និង​គ្រប់​កាលៈទេសៈ ស្រាប់​តែ​ប្រកាស​ចាក​ចេញ​ពី​តំណែង នៅ​ដំណាច់​ខែ​នេះ​ ក្រោម​ហេតុផល​គ្រួសារ ត្រូវ​មើល​ថែកូនបួន​នាក់។ លោកស្រីប្រកាស​​លាលែង​ចេញ​​តំណែង​ក្រោយ​ពីកូនស្រី​អាយុ​១៥​ឆ្នាំ បង្ហោះសារ​ទ្វីតថាតួនាទី​ម្តាយ​កំពុង​បំផ្លាញ​ជីវិត​ខ្លួន​។ សូម​បញ្ជាក់​ថា លោកស្រី​ មាន​​ស្វាមី​ ​ជា​អ្នក​សាធារណរដ្ឋ​ដែរ ប៉ុន្តែ​មាន​ទស្សនៈ​ផ្ទុយ​គ្នា លោក​​ ចច​ខូវ៉េ ជាសហស្ថាបនិក​ចលនា​​ប្រឆាំង​នឹង​លោក​ដូណាល់ ត្រាំ ក្នុង​បក្ស និង​ដែល​ចង់​ឃើញ​លោក​ត្រាំបរាជ័យ។

យើង​មិន​ដឹង​រឿង​រ៉ាវ​ក្នុង​គ្រួសារ​ខូវ៉េ​នេះច្បាស់​ទេ ប៉ុន្តែ​ការលាលែង​ពី​ការងារ​ដើម្បី​គ្រួសារ​ដែល​ប្រេះឆា​ដោយ​ជំហរនយោបាយ​ផ្ទុយគ្នា​ ក្នុង​ពេល​នេះ​ពិត​ជា​មិនមែន​ជា​បច្ច័យ​​ល្អ​សម្រាប់​លោក​ដូណាល់ ត្រាំ​ ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ