សហរដ្ឋអាមេរិក បាតុករបារព្វខួប៥៧ឆ្នាំនៃការដង្ហែក្បួនប្រឆាំងនឹងការប្រកាន់ពូជសាសន៍
ចុះផ្សាយនៅថ្ងៃ៖
បាតុករប្រឆាំងនឹងការរើងអើងពូជសាសន៍ស្បែកខ្មៅនៅអាមេរិក បានមកជួបជុំគ្នាដង្ហែក្បួនជាថ្មី នៅទីក្រុងវ៉ាស៊ីនតោន នារសៀលថ្ងៃសុក្រទី ២៨ សីហា ២០២០។ ជាបាតុកម្មឧទ្ទិសដល់ខួបនៃការដង្ហែក្បួនព្យុហយាត្រាដ៏ធំមួយ កាលពីឆ្នាំ១៩៦៣ ដែលពេលនោះឥស្សរជនដ៏ល្បីឈ្មោះលោក Martin Luther King បានថ្លែងសុន្ទរកថា ជាមួយនឹងឃ្លាដ៏ល្បីល្បាញថា "I have a dream ខ្ញុំមានក្តីសុបិនមួយ"ផង និងដើម្បីទាមទារឱ្យប៉ូលិសអាមេរិកបញ្ឈប់ការប្រើអំពើហិង្សាលើពលរដ្ឋស្បែកខ្មៅផង។
ថ្ងៃទី២៨សីហា ២០២០ ជាគម្រប់ខួប៥៧ឆ្នាំគត់ (២៨ សីហា ១៩៦៣) នៃការដង្ហែក្បួនព្យុហយាត្រាកណ្តាលរដ្ឋធានីដើម្បីទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋអាមេរិកស្បែកខ្មៅ។ ប៉ុន្តែទោះបីជាកម្តៅអាកាសធាតុបានឡើងខ្ពស់ខ្លាំងដល់៤០អង្សាក្តី ក៏ពលរដ្ឋអាមេរិក រាប់សិបម៉ឺននាក់ បានមកប្រមូលផ្តុំគ្នា នៅមុខទីលាន Lincoln Memorial ទីដែលកាលពីជាងកន្លះសតវត្សរ៍មុន លោក Martin Luther King បានថ្លែងសុន្ទរកថាជាប្រវត្តិសាស្ត្រ ដក់ជាប់ក្នុងការចងចាំរហូតមកទល់សព្វថ្ងៃនូវឃ្លាមួយថា “ខ្ញុំមានក្តីសុបិនមួយ”។
ចលនាបាតុកម្មថ្ងៃសុក្រទី ២៨សីហា២០២០ ប្រព្រឹត្តទៅក្រោមប្រធានបទ “លើកជង្គង់ចេញពីកយើង” ដែលចង់សំដៅលើកាយវិការរបស់ប៉ូលិសស្បែកសសង្កត់កពលរដ្ឋស្បែកខ្មៅ George Floyd កាលពីថ្ងៃទី ២៥ឧសភា២០២០ រហូតដល់ស្លាប់ និងធ្វើឱ្យចលនាប្រឆាំងនឹងការរើសអើងពូជសាសន៍ផ្ទុះឡើងខ្លាំងមិនធ្លាប់មាននៅអាមេរិក។
កូនប្រុសបង្កើតរបស់លោក Martin Luther King ក៏បានបង្ហាញវត្តមានក្នុងក្បួនដែរ និងបានអះអាងបញ្ជាក់ជាថ្មីថាការទាមទារសិទ្ធិសេរីភាពរបស់ពលរដ្ឋស្បែកខ្មៅ ថាជាបុព្វហេតុសំខាន់ដូចកាលពីឆ្នាំ១៩៦៣។ ជាមួយនឹងការរៀបរាប់ឈ្មោះជនស្បែកខ្មៅរងគ្រោះក្រោមស្នាដៃហិង្សារបស់ប៉ូលិស លោកបានប្រកាសថែមទៀតថា “ដល់ពេលដែលត្រូវមានការប្តូរផ្លាស់ដោយពិតៗ ដោយស៊ីជម្រៅ និងជានិរន្តរ៍ហើយ” ហើយត្រូវតែចូលរួមបោះឆ្នោតឱ្យបានច្រើននៅថ្ងៃទី៣ វិច្ឆិកា។
សូមបញ្ជាក់ថាបាតុកម្មនេះប្រព្រឹត្តទៅតែមួយថ្ងៃក្រោយការបិទបញ្ចប់សមាជបក្សសាធារណរដ្ឋ ដែលលោក ដូណាល់ ត្រាំ បានប្រកាសទទួលឈរឈ្មោះជាបេក្ខជនប្រធានាធិបតី អាណត្តិទីពីរជាផ្លូវការ។ ប៉ុន្តែក្នុងអំឡុងពេលនោះ លោក ដូណាល់ ត្រាំ បានបរិហារទង្វើហិង្សាពេលមានបាតុកម្ម តែគ្មានមួយម៉ាត់ទាក់ទងនឹងការទាមទាររបស់ពលរដ្ឋស្បែកខ្មៅ។ នេះបើតាមការរិះគន់របស់មេដឹកនាំចលនាបាតុកម្មម្នាក់។ ឯលោកស្រី កាម៉ាឡា ហារី Kamala Harris ដែលជាបេក្ខនារីអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ ស្បែកខ្មៅអាមេរិកដំបូងគេ បានបង្ហោះសារវីដេអូគាំទ្របាតុករថា “យើងមានឱកាសរំឮកប្រវត្តិសាស្ត្រនៅទីនេះនិងពេលនេះ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ