អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម រដ្ឋ​អាជ្ញានៃ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ

លោកស្រី ហ្វាទូ បេនស៊ូដា Fatou Bensouda រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិរូបថត​ថ្ងៃទី ២៨​មករា ២០១៦
លោកស្រី ហ្វាទូ បេនស៊ូដា Fatou Bensouda រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិរូបថត​ថ្ងៃទី ២៨​មករា ២០១៦ ©ICC-CPI
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ពីរ​ខែ​គត់​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​​ចូល​មកដល់ រដ្ឋបាល​លោក​ដូណាល់ ត្រាំ បានប្រែក្លាយ​ពាក្យ​គំរាមកំហែង ទៅ​ជា​សកម្មភាព​ពិតជាក់ស្តែង។ នៅ​ថ្ងៃពុធ​ម្សិលមិញ សហរដ្ឋអាមេរិក​​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​​​លោកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​។ សម្រាប់អាមេរិក  ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ពុករលួយ​ ចង់បើក​អង្កេត​លើ​សកម្មភាពរបស់​យោធាអាមេរិកនៅអាហ្វហ្កានីស្ថាន។ តុលាការព្រហ្មទណ្ឌអន្តរជាតិ​បានបញ្ចេញប្រតិកម្មវិញ ប្រហារសេចក្តីសម្រេច​មិនធ្លាប់​មាន​របស់​អាមេរិក​ថា មិន​អាច​ទទួល​យក​បានទេ។

ផ្សាយពាណិជ្ជកម្ម

គឺលោក​ Mike Pompeo ប្រមុខ​ការទូត​អាមេរិក​តែ​ម្តង ជា​អ្នក​ប្រកាស​ដោយ​ផ្ទាល់ អំពី​ សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​​ប្រឆាំងនឹង​រដ្ឋ​អាជ្ញា​នៃតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។ បើ​តាមលោកប្រមុខ​ការ​ទូត អាមេរិកចាំបាច់​ត្រូវ​តែ​ធ្វើ​នូវ​អ្វី​​ខ្លួន​ធ្លាប់​បាន​ប្រាប់​​ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ។

“សហរដ្ឋ​អាមេរិក​មិនដែល​បានផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ក្រុង​រ៉ូម ​បង្កើត​​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ទេ។ ហើយ​​អាមេរិក​មិន​អនុញ្ញាត​ឱ្យមាន​ការ​ប៉ុនប៉ង​ខុស​ច្បាស់​ដាក់​អាមេរិក​ឱ្យ​ស្ថិត​នៅក្រោម​ស្ថាប័ន​នេះ​បាន​ឡើយ​”។ ហេតុដូច្នេះ​ហើយ​បាន​ជា ​សហរដ្ឋ​អាមេរិក​​​សម្រេច​​ចាត់​បញ្ចូល​ឈ្មោះ​លោកស្រី ហ្វាទូ បេនស៊ូដា រដ្ឋអាជ្ញា​របស់​តុលាការ​នេះ ព្រមទាំង​សហការី​ម្នាក់របស់​លោកស្រី ទៅ​ក្នុង​បញ្ជី​ខ្មៅ​ជាប់​ទណ្ឌកម្ម​។ នេះ​ជា​ប្រសាសន៍​របស់លោក  ប៉ុមប៉េអូ​ ដោយលម្អិត​ទៀត​ថា អាមេរិក​​បាន​ដាក់​ឱ្យ​ដំណើការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ហើយ។ វិធានការ​ទាំងឡាយ​នេះ មាន​អនុវត្ត​លើ​​គ្រប់​បុគ្គល​ណា​ដែល​​សហការការងារជាមួយ​​លោកស្រី​រដ្ឋ​អាជ្ញា។

សូម​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក បាន​គំរាម​ និង​ថ្កោល​ទោស​ ​តុលាការព្រហ្មទណ្ឌអន្តរជាតិ ​តាំង​ពី​ខែ​មិថុនា នៅ​ពេល​លោកស្រី​រដ្ឋ​អាជ្ញា​ ហ្វាទូ បេនស៊ូដា ប្រកាសចង់​បើក​អង្កេត​​ប្រឆាំង​នឹងយោធា​អាមេរិក​ ពីបទសង្ស័យ​មាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្មសង្គ្រាម​ និង​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ​ នៅ​អាហ្វហ្កានីស្ថាន។ សហរដ្ឋ​អាមេរិក​ក៏​បាន​បរិហារ​ទៀត​ដែរ​ និង​ជា​ញយ​ដង​មកហើយ​ចំពោះ​សកម្មភាព​​របស់​តុលាការ​ព្រហ្មទណ្ឌ​ប្រឆាំង​នឹងអ៊ីស្រាអែល។

នៅ​ពេល​នេះ​ ជាមួយ​នឹង​ការ​ថ្កោលទោស​តុលាការ​ព្រហ្មទណ្ឌ​​ជា​ថ្មី និង​ដាក់​ទណ្ឌកម្ម​សហការីរបស់ស្ថាប័ន លោក ដូណាល់ ត្រាំ​ កំពុង​តែបំពេញបំណង​​របស់​ក្រុម​អ្នកអភិរក្សនិយម​អាមេរិក ដែល​តែង​តែស្រែក​ទាមទារ​អធិបតេយ្យភាព​អាមេរិក ​និង​បរិហារ​ការ​ការ​ជ្រៀតជ្រែកអាមេរិក​ពី​សំណាក់​ស្ថាប័ន​អន្តរជាតិ​នានា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ