អានតួអត្ថបទ
សហរដ្ឋ​អាមេរិក-កូវីដ

​អាមេរិក​ប្រាប់​ឲ្យ​អាជ្ញាធរ​ដែនដី​ត្រៀមខ្លួន​ចែក​វ៉ាក់សាំង​ប្រឆាំង​កូវីដ ឱ្យបានមុន​ថ្ងៃ​បោះឆ្នោត​

អ្នកស្រាវជ្រាវ​រកថ្នាំវ៉ាក់សាំង​ប្រឆាំងកូវីដ១៩ នៅ​សហរដ្ឋអាមេរិក​
អ្នកស្រាវជ្រាវ​រកថ្នាំវ៉ាក់សាំង​ប្រឆាំងកូវីដ១៩ នៅ​សហរដ្ឋអាមេរិក​ UPMC/REUTERS
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​រងគ្រោះ​កូវីដ​១៩ខ្លាំង​ជាងគេ​នៅ លើ​ពិភពលោក ហាក់​កំពុងបង្កើន​ល្បឿនកាន់​តែ​​ខ្លាំង ប្រដេញ​តាម​ថ្នាំ​វ៉ាក់សាំង​ប្រឆាំងកូវីដ១៩។ អាជ្ញាធរ​សុខាភិបាល​បាន​ប្រាប់ឱ្យ​អាជ្ញាធរមូលដ្ឋាន​ ក្នុង​រដ្ឋទាំង​៥០ និង​អាជ្ញាធរ​ក្រុង​ធំៗ​ ត្រៀម​លក្ខណៈ​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​​ប្រឆាំង​នឹង​កូរ៉ូណាវីរុស​ ឱ្យ​បាន​ស្រេច​បាច់​នៅ​ថ្ងៃទី ១វិច្ឆិកា ២០២០ ពោល​គឺ​ពីរ​ថ្ងៃមុន​ការ​បោះឆ្នោត​ប្រធានាធិបតី។ នេះ​បើ​តាម​ឯកសារ​ដែល​សារព័ត៌មានអាមេរិក​ជា​ច្រើន​ទទួល​បាន។

ផ្សាយពាណិជ្ជកម្ម

“មជ្ឈមណ្ឌលជាតិ​ការពារ​និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ ស្នើសុំ​ជាបន្ទាន់ ឱ្យ​គ្រប់​អាជ្ញាធរ​គ្រប់​រដ្ឋ ប្រឹង​ធ្វើយ៉ាងណារៀប​ចំ​​មណ្ឌល​ចែកចាយ​​អនាគត​ថ្នាំ​វ៉ាក់សាំង​ ឱ្យ​​ដំណើរការ​បាន​យ៉ាង​ពេញ​លេញ​ បាន​នៅ​ថ្ងៃទី ១​ វិច្ឆិកា២០២០”។​ នេះ​បើ​តាមលិខិត​​របស់​នាយក​មជ្ឈមណ្ឌល Robert Redfield ដែល​ផ្ញើ​ទៅ​កាន់​រដ្ឋ​នីមួយៗ​របស់​សហរដ្ឋ​អាមេរិក កាលពី​សប្តាហ៍មុន​​ និង​ដែល​កាសែត​ Wall Street Journalស្រង់​បាន។ ប្រធាន​មជ្ឈមណ្ឌលបាន​ថែម​ទាំង​បញ្ជាក់​ប្រាប់​អំពី​ការ​លើ​កបម្រាម​រដ្ឋបាលនិង​ការ​ផ្តល់សិទ្ធិ​និង​អាជ្ញាបណ្ណដល់​​​ថ្នាំ​បង្ការប្រឆាំង​នឹងកូវីដ​១៩​ទៀត​ផង។

បើ​តាម​  New York Timesឯកសារដែល​​ផ្ញើ​ទៅ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ដែន​ដី​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក ព្រមទាំង​មន្ត្រី​ទទួល​បន្ទុក​សុខភាព​នៅ ក្នុង​ក្រុង​ធំៗ​ទាំង​៥ គឺ New York, Chicago, Philadelphie, Houston  San Antonio មានសេចក្តី​​​ណែនាំ​ ជា​​បី​សេណារីយោ ដែល​អាច​ប្រែប្រួល​ទៅ​តាម​ការ​វិវឌ្ឍន៍នៃ​ការ​ស្រាវជ្រាវថ្នាំ​​ វ៉ាក់សាំង​ “A” និង​វ៉ាក់សាំង “B”។ ​រដ្ឋ​និង​អាជ្ញាធរមូលដ្ឋាន​ត្រូវ​​ប្រើ​​​សេណារីយោណាមួយ​ សម្រាប់​អភិវឌ្ឍ​ផែនការ​ចែកចាយ​ថ្នាំបង្ការ​ ព្រោះ​ស្តុកមានកំរិត។ ប្រជាពលរដ្ឋ​អាច​ទទួលថ្នាំបង្ការ​ទៅ​តាម​លំដាប់​នៃអាទិភាព​ មុន​គេ​គឺ​បុគ្គលិក​សុខាភិបាល។ នេះ​បើ​តាម​ឯកសារណែនាំ​ដដែល។

វ៉ាក់សាំង​ដែលរដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​លើក​មក​និយាយ​នេះ ​ទំនង​ជាថ្នាំ​របស់​មន្ទីរពិសោធន៍​ Pfizer និង Moderna ​ដែល​គេ​ត្រូវ​ការ​ចាក់​ពីរ​ដូស ​ក្នុង​ចន្លោះ​ពេល​បីបួន​សប្តាហ៍​ពី​គ្នា។ សហរដ្ឋ​ដែល​ជា​ប្រទេស​រងគ្រោះ​កូវីដ​១៩​ខ្លាំង​ជាង ដោយ​រាប់​មានស្លាប់​ដល់​ទៅ​ជាង ១៨៥០០០នាក់ បាន​បញ្ជា​ទិញ​ថ្នាំបង្ការ ត្រៀម​មុន ​ពី​ក្រុមហ៊ុននេះដល់​ទៅ​រាប់​លាន​ដូស។

នៅ​ថ្ងៃបិទ​បញ្ចប់​សមាជបក្ស​សាធារណរដ្ឋ​ លោកដូណាល់ ត្រាំ បាន​ត្រលប់​មក​និយាយ​ច្រើនអំពី​សកម្មភាព​របស់​លោក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹងកូវីដ​ ដោយ​អួត​ថា ទី​បញ្ចប់​នៃ​ជំងឺ​រាតត្បាតកូវីដ១៩​ ជិត​មកដល់​ហើយ ហើយ​ប្រកាស​ថា​អាមេរិក​នឹងមានថ្នាំវ៉ាក់សាំង​នៅ​មុន​ដំណាច់​ឆ្នាំ ឬឆាប់​ជាងនេះ​ផង។ ស្រាប់​តែនៅ​ថ្ងៃអាទិត្យ​ នៅ​ក្នុង​កាសែត Financial Timesភ្នាក់ងារ​ត្រួត​ពិនិត្យ​ផលិតផលចំណី​អាហារ​និង​ថ្នាំ​ពេទ្យ​ លោក Stephen Hahn បាន​ប្រកាស​អំពី​លទ្ធភាព​អនុញ្ញតឱ្យ​ប្រើប្រាស់​ថ្នាំ​បង្ការ​ប្រឆាំងកូវីដ​១៩ តាម​បែបបទ​បន្ទាន់​ ពោលគឺ​មុន​ការបិទ​បញ្ចប់​ដំណាក់កាល​សាកល្បង​គ្លីនិក​ដែល​ជា​បញ្ជាក់​អំពី​ប្រសិទ្ធភាព​និង​សុវត្ថិភាព​នៃ​ថ្នាំ។ ប៉ុន្តែ​លោក​បាន​អះអាងថា​ភ្នាក់ងារ​ផ្តល់​សេចក្តី​សម្រេច​ដោយ​ឈរ​លើមូលដ្ឋាន​គ្រឹះ​​វិទ្យាសាស្ត្រ​ វេជ្ជសាស្ត្រ​ និងទិន្នន័យ​ មិនមែន​ជា​សេចក្តី​សម្រេច​បែបនយោបាយ​ទេ និង​មិនបាន​រង​សម្ពាធ​ពី​លោក​ដូណាល់ ត្រាំ ទើបព្រមអនុញ្ញាតឱ្យ​ប្រើ​វ៉ាក់សាំង​ ឱ្យ​បានមុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី ថ្ងៃទី ៣​វិច្ឆកា២០២០​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ