អានតួអត្ថបទ
អាមេរិក

អាមេរិក៖លោកដូណាល់ ត្រាំបានរងការចោទប្រកាន់ពីបទប្រមាថទាហានអាមេរិកដែលស្លាប់ក្នុងសង្រ្គាមលោក

ទីកន្លែង​បញ្ចុះសពទាហាន​អាមេរិក​ដែលស្លាប់​ក្នុង​សម័យសង្រ្គាមលោក
ទីកន្លែង​បញ្ចុះសពទាហាន​អាមេរិក​ដែលស្លាប់​ក្នុង​សម័យសង្រ្គាមលោក AFP Photo/Geoffroy Van der Hasselt
១៥ នាទី

នៅ​សហរដ្ឋអាមេរិក និង​បើ​យោង​តាម​ទស្សនាវដ្តី The Atlantic ប្រធានាធិបតី​អាមេរិក​ប្រហែល​ជា​បាន​ប្រមាជ​លើ​ទាហាន​អាមេរិក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​សម័យ​សង្រ្គាមលោកលើក​ទី១ ថា​សុទ្ធសឹង​ជា​ពួក​ចោលម្សៀត និង​ល្ងីល្ងើ។ ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំងក្លា​នៅ​សហរដ្ឋអាមេរិក ក្នុង​នៅ​ក៏​មាន​ប្រតិកម្ម​ពី​លោក​ចូ បៃដិន​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែរ។ តែ​លោក​ដូណាល់ ត្រាំ​បាន​ចេញ​មុខ​បដិសេធ​ភ្លាមៗ​ថា លោក​មិន​បាន​និយាយ​ដូច​អ្វី​ដែល​ទស្សនាវដ្តី The Atlantic បាន​ចុះ​ផ្សាយ​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​គម្រប់ ១០០ឆ្នាំ​នៃ​ការ​បិទបញ្ចប់​សង្រ្គាមលោក​លើកទី១ រៀប​ចំ​ក្នុង​ប្រទេស​បារាំង​កាល​ពី​ឆ្នាំ ២០១៨ ដែល​លោក​ដូណាល់ ត្រាំ​ប្រហែល​ជា​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា "ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ទៅ​កន្លែងបញ្ចុះសព​នេះ? ព្រោះ​វា​ជា​កន្លែង​ដែល​បាន​ដាក់​ពេញ​ដោយ​ពួក​ចោល​ម្សៀត"។ គួរ​រម្លឹក​ថា​នៅ​ពេល​នោះ ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​បង្ក​ឲ្យ​មាន​រឿងអាស្រូវ បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ទៅ​កន្លែងបញ្ចុះសពទាហាន​មួយ​ស្ថិត​ក្បែរ​ទីក្រុង​ប៉ារីស​ដោយ​យក​លេស​ថា បញ្ហា​អាកាសធាតុ​មិន​អាច​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​បញ្ចុះសព​នោះ​បាន​ទេ។

ភ្លាមៗ​នា​ពេល​នោះ​ដែរ លោក​ដូណាល់ ត្រាំ​ក៏​បាន​ចាត់​ទុក​ក្រុម​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្រ្គាមបង្ហូរ​ឈាម​ថា​សុទ្ធសឹង​ជា​ពួក​ល្ងីល្ងើ នេះ​បើ​ផ្អែក​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី The Atlantic។ តាម​ The Atlantic ដដែល ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ពេល​ដែល​លោក​ដូណាល់ ត្រាំ​កំពុង​ស្ថិត​ក្នុង​យន្តហោះ Air Force One។ តែ​ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​លោក​ត្រាំ​ច្រានចោល​ភ្លាមៗ​នៅ​ពេល​ដែល​លោក​បាន​ចុះ​ពី​យន្តហោះ។ « អស់លោក​គិត​ថា ខ្ញុំ​អាច​និយាយ​សម្តី​អវិជ្ជមាន​របៀប​នេះ​ទៅ​លើ​ទាហាន និង​វីរបុរស​របស់​យើង​ដែល​បាន​ស្លាប់ ខណៈ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ធ្វើ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​ថវិកាយោធា។ វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់ ជា​ទស្សនាវដ្តី​គួរ​ឲ្យ​ខ្លាច ពួក​គេ​បាន​ប្រឌិតរឿង​នេះ​ឡើង។ សុទ្ធ​តែ​រឿង​ប្រឌិត​ទាំង​អស់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ដូណាល់ ត្រាំ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ចម្លើយ​បដិសេធ​ចំពោះ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី The Atlantic ប្រហែល​នៅ​មិន​គ្រប់គ្រាន់​ដើម្បី​រំងាប់​រឿង​អាស្រូវ​មួយ​នេះ​បាន​នៅ​ឡើយ​ទេ។ អ្នក​ដែល​មិន​អាច​មើល​រំលង​រឿង​នេះ​បាន គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​ចូ បៃដិន​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្សប្រជាធិបតេយ្យ។ « បើ​ខ្ញុំ​មាន​កិត្តិយស​ក្លាយ​ជា​ប្រធានាធិបតី​របស់​លោក អ្នក ខ្ញុំ​នឹង​ការពារ​វីរបុរស​អាមេរិក​របស់​យើង ហើយ​ខ្ញុំ​នឹង​គោរព​ពួក​គេ​ជានិច្ច » នេះ​ជា​សំណេរ​របស់​លោក​ចូ បៃដិន​នៅ​លើ​ទំព័រ​បណ្តាញសង្គម Twitter របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ