អានតួអត្ថបទ
សហរដ្ឋអាមេរិក

ក្រសួង​ការពារជាតិ​អាេមរិក ប្រកាន់​ជំហរ​ជ្រើសយក Microsoft​ ក្នុង​​កិច្ចសន្យា​បច្ចេកវិទ្យា​​ព័ត៌មានវិទ្យា​

Amazon និង Microsoft ដែលប្រជែងគ្នា ដណ្តើម​កិច្ចសន្យា​តម្លៃ​១០ពាន់លានដុល្លារ ជាមួយ​ក្រសួងការពារជាតិអាមេរិក។
Amazon និង Microsoft ដែលប្រជែងគ្នា ដណ្តើម​កិច្ចសន្យា​តម្លៃ​១០ពាន់លានដុល្លារ ជាមួយ​ក្រសួងការពារជាតិអាមេរិក។ AFP/File
ដោយ៖ ម៉ម ពិសី
១៦ នាទី

ក្រសួងការពារជាតិ​អាមេរិក បានបញ្ជាក់នៅថ្ងៃសុក្រ ទី​៤កញ្ញា​ថា ខ្លួននៅតែប្រកាន់ជំហរ ជ្រើសរើស​យកក្រុមហ៊ុន Microsoft ក្នុង​ការ​សហការ ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​​ព័ត៌មានវិទ្យា របស់កងទ័ពអាមេរិក ដោយបោះបង់ចោលក្រុមហ៊ុន Amazon។ ការបញ្ជាក់នេះ គឺបានធ្វើឡើង បើទោះបីជា​ ក្រសួងការពារជាតិអាមេរិក ត្រូវបាន​ក្រុមហ៊ុន Amazon រិះគន់ ថាបានធ្វើតាមការបញ្ជា របស់ លោកដូណាល់ ត្រាំ ដែលស្អប់អគ្គនាយករបស់ Amazon។

ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិអាេមរិក បានចេញលិខិតប្រកាសមួយ នៅថ្ងៃសុក្រ ទី​៤កញ្ញា ដោយបានបញ្ជាក់​ថា ការពិនិត្យ​ល្អិតល្អន់ឡើងវិញ បានធ្វើរួចរាល់ហើយ ហើយ​ក្រសួងនៅតែបន្តប្រកាន់ជំហរ ថាក្រុមហ៊ុន Microsoft គឺជាជម្រើសដ៏ល្អ និងមាន​តម្លៃថោកជាងគេ នៅក្នុងការធ្វើទំនើបកម្ម​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា របស់កងទ័ពអាមេរិក។

គួររំលឹកថា នៅអំឡុងពេល​នីតិវិធី​ដេញថ្លៃនៅចុងឆ្នាំ២០១៩ គឺក្រុមហ៊ុន Amazon ឯណោះទេ ដែលជាអ្នកមានសង្ឃឹមច្រើន ក្នុងការ​សហការ​ធ្វើទំនើបកម្ម​បច្ចេកវិទ្យាព័ត៌មានវិទ្យា ជាមន្ទីរប៉ង់តាហ្គោន ព្រោះ​ Amazon ជាអ្នកនាំមុខគេក្នុងវិស័យបច្ចេកវិទ្យា « Cloud » ។ ក៏ប៉ុន្តែក្រោយមក មន្ទីរប៉ង់តាហ្គោន បាន​សម្រេចជ្រើសរើសយកក្រុមហ៊ុន Microsoft វិញ។ Amazon បានរិះគន់ ការសម្រេចនេះ ដោយបានដាក់ពាក្យប្តឹង ទៅតុលាការ ដោយចោទថា មន្ទីរប៉ង់តាហ្គោន មិនបានសម្រេចដោយផ្អែកលើលក្ខខណ្ឌនៃការប្រគល់ឲ្យ​ របស់បេក្ខភាពនីមួយៗទេ តែគឺធ្វើតាមការបញ្ជារបស់​លោក​ដូណាល់​ត្រាំ។ Amazon អះអាងថា លោកដូណាល់ ត្រាំ មានគំនិតស្អប់លោក Jeff Bezos ដែលជាអគ្គនាយក​របស់​Amazon។

នៅខែកុម្ភៈ ចៅក្រមបានសម្រេចព្យួរកិច្ចសន្យា​តម្លៃ​ ១០ពាន់លានដុល្លារនេះ ទៅតាមការប្តឹងរបស់​ Amazon។ ក្រោយមក រដ្ឋាភិបាល​អាមេរិក បាន​ស្នើសុំឲ្យ​ក្រសួងការពារជាតិ ត្រូវពិនិត្យមើលឡើងវិញ ឲ្យ​បានល្អិតល្អន់ ទៅលើការប្រគល់ឲ្យ​របស់ បេក្ខភាពទាំង២ Amazon និង Microsoft ដោយទុកពេលឲ្យ​១២០ថ្ងៃ។ តែទីបំផុត នៅពេលនេះ ក្រសួងការ​ពារជាតិ បានសម្រេចប្រកាន់ជំហរដដែល គឺ​ជ្រើសរើសយក​ក្រុមហ៊ុន Microsoft។

ក្រោយការសម្រចនេះ ក្រុមហ៊ុន Amazon បានចេញលិខិតប្រកាសមួយ ដោយ​បាន​លើកឡើងថា   ការសម្រេច​ របស់មន្ទីរប៉ង់តាហ្គោន គឺវាជោគជាំដោយ​រឿងពុករលួយ គ្មានតម្លាភាព និងមានលក្ខណៈនយោបាយ ទៅតាមការ​ចង់បាន​របស់​លោកដូណាល់ ត្រាំ។ មន្ទីរប៉ង់តាហ្គោនអះអាងថា Microsoft ជាជម្រើសល្អ ព្រោះថោកជាង តែតាមការពិត Amazon បានស្នើតម្លៃថោកជាង​ រាប់សិបលា​នដុល្លារឯណោះ។

Amazon បន្តថា នរណាក៏ដឹងដែរ ថាលោក ដូណាល់ ត្រាំ ស្អប់លោក Jeff Bezos ដែលជាអគ្គនាយក​របស់​Amazon ហើយមានចេតនាធ្វើគ្រប់យ៉ាង ដើម្បីរារាំង និងបំផ្លាញ Amazon ព្រោះ Amazon ជាម្ចាស់ភាគហ៊ុនធំ របស់កាសែត The Washington Post ដែលលោកដូណាល់ ត្រាំ ស្អប់បំផុត។ Amazonបានរំលឹកថា លោក James Mattis អតីតរដ្ឋមន្ត្រីការពារជាតិអាេមរិក ក៏ធ្លាប់បាននិយាយដែរ ថាលោក ដូណាល់ ត្រាំ ធ្លាប់​បានបញ្ជាទៅលោក ថាត្រូវតែ​រកវិធីកាត់មុខ កុំឲ្យ​Amazon រកស៊ីបាន​ឲ្យសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ