អានតួអត្ថបទ
បរិស្ថាន

ការសិក្សា៖ក្រុមប្រទេសជឿនលឿនចាត់ទុកការបម្រែបម្រួលអាកាសធាតុជាការគំរាមកំហែងទី១

លោក Michael Dimock ប្រធានមជ្ឈមណ្ឌល​ស្រាវជ្រាវ Pew Research Center
លោក Michael Dimock ប្រធានមជ្ឈមណ្ឌល​ស្រាវជ្រាវ Pew Research Center AFP - Robin Marchant
១៥ នាទី

នៅ​ថ្ងៃ​ពុធ ទី៩ កញ្ញា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯករាជ្យ​ឈ្មោះ Pew Research Center ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​របាយការណ៍​នៃ​ការ​ស៊ើបអង្កេត​មួយ​ស្តីពី​ក្តីកង្វល់​របស់​ពលរដ្ឋ​រស់​នៅ​ក្នុង ១៤ប្រទេស​ជឿនលឿន។ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ក្នុង​ឆ្នាំ ២០២០ នេះ​បាន​បង្ហាញ​ថា បម្រែបម្រួល​អាកាសធាតុ និង​ហានិភ័យ​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​គំរាមកំហែង​ដ៏​ធំ។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ការ​ស៊ើបអង្កេត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ប្រធានរឿង​ដែល​ប្រទេស​ជឿនលឿន​ខ្លះ​បាន​ចាត់​ទុក​ជា​ការ​គំរាមកំហែង​ចម្បង គឺ​បម្រែបម្រួល​អាកាសធាតុ និង​ភេរវនិយម​ដែល​បង្ក​ឡើង​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម ឬ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម។

ផ្សាយពាណិជ្ជកម្ម

ការ​ស៊ើបអង្កេត​ក្នុង​ឆ្នាំ ២០២០ នេះ​ត្រូវ​បាន​មជ្ឈមណ្ឌល Pew Research Center ធ្វើ​ពី​ថ្ងៃទី១០ ខែ​មិថុនា​ដល់​ថ្ងៃទី៣ ខែ​សីហា និង​បាន​សួរ​លើ​ពលរដ្ឋ​ចំនួន ១៤ ២៧៦នាក់​ដែល​រស់​នៅ​ក្នុង ១៤ប្រទេស គឺ​សហរដ្ឋអាមេរិក កាណាដា ដាណឺម៉ាក ហូឡង់ ជប៉ុន បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែត អេស្ប៉ាញ អង់គ្លេស អូស្រ្តាលី និង​កូរ៉េខាងត្បូង។ ក៏​ដូច​ជា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ដែរ បម្រែបម្រួល​អាកាសធាតុ​នៅ​ជា​សំណុំរឿង​ដែល​ពលរដ្ឋ​ភាគច្រើន ពោល ៧០% បាន​ចាត់​ទុក​ជា​ការ​គំរាមកំហែង​ដ៏​ធំ​សម្រាប់​ប្រទេស​របស់​គេ។ រីឯ​សំណុំរឿង​គំរាមកំហែង​ទី២ គឺ​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង ពោល​មិនមែន​ភេរវនិយម​ទេ។

សូម្បី​តែ​ប្រទេស​អឺរ៉ុប​ខ្លះ ពិសេស​បារាំង អ៊ីតាលី និង​អេស្ប៉ាញ​ដែល​កំពុង​បន្ត​រងគ្រោះ​ខ្លាំង​ដោយ​កំណើន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក៏​នៅ​មាន​ពលរដ្ឋ​ដល់​ទៅ ៨៣% កំពុង​បន្ត​បារម្ភ​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ ចំណែក​នៅ​សហរដ្ឋអាមេរិក​វិញ មាន​ពលរដ្ឋ ៧៨% បាន​ចាត់​ទុក​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង​ជា​ការ​គំរាមកំហែង​ទី១ និង​បម្រែបម្រួល​អាកាសធាតុ​ជា​ការ​គំរាមកំហែង​ទី២ សម្រាប់​ប្រទេស​របស់​គេ។ ក្រៅ​ពី​រឿង​បម្រែបម្រួល​អាកាសធាតុ និង​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង នៅ​មាន​រឿង​ស្ថានភាព​សេដ្ឋកិច្ចសកល និង​ការ​វាយប្រហារ​តាម​អ៊ីនធឺនែត។ ជាក់ស្តែង ពលរដ្ឋ​ដាណឺម៉ាក និង​អូស្រ្តាលី​បាន​ចាត់​ទុក​ការ​វាយប្រហារ​តាម​អ៊ីនធឺនែត​ជា​ការ​គំរាមកំហែង​ទី១ សម្រាប់​ប្រទេស​គេ។

ដោយឡែក សំណួរ​ទាក់ទង​នឹង​ការ​គំរាមកំហែង​ដោយ​ស្ថានភាព​សេដ្ឋកិច្ច​សកល​ត្រូវ​បាន មជ្ឈមណ្ឌល Pew Research Center លើក​សួរ​ម្តង​ទៀត​ក្នុង​ឆ្នាំ ២០២០ បន្ទាប់​ពី​បាន​សួរ​ម្តង​កាល​ពី​ឆ្នាំ ២០១៨។ តែ​ចម្លើយ​ក្តីបារម្ភ​ក្នុង​ឆ្នាំ ២០២០ បាន​កើន​ឡើង​យ៉ាង​តិច ១០% បើ​ធៀប​នឹង​ចម្លើយ​ក្នុង​ឆ្នាំ ២០១៨។ ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​អង់គ្លេស ពលរដ្ឋ​ចំនួន ៦៥% បាន​បញ្ជាក់​ថា ស្ថានភាព​សេដ្ឋកិច្ច​សកល​ជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​គេ​ទល់​នឹង ៤១% កាល​ពី​ឆ្នាំ ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ