អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូវីដ១៩

​ត្រូវគេចោទ​ពី​គ្រប់​ទិស​​រឿង​កូវីដ១៩ លោក​ដូណាល់ ត្រាំ​និយាយ​​ការពារ​ខ្លួន​​ថា មិនចង់​ឲ្យ​​ផ្អើល​ឆោឡោ

លោកដូណាល់ ត្រាំ កំពុងរងការចោទប្រកាន់​ ថាបានកុហកប្រជាជនអាេមរិក រឿងគ្រោះថ្នាក់នៃជំងឺកូវីដ១៩
លោកដូណាល់ ត្រាំ កំពុងរងការចោទប្រកាន់​ ថាបានកុហកប្រជាជនអាេមរិក រឿងគ្រោះថ្នាក់នៃជំងឺកូវីដ១៩ REUTERS/Leah Millis
ដោយ៖ ម៉ម ពិសី
១៧ នាទី

លោកដូណាល់ ត្រាំ កំពុងតែត្រូវរងនូវការចោទប្រកាន់ខ្លាំងៗ ទាក់ទិននឹងការគ្រប់គ្រងការឆ្លងរាលដាល ជំងឺកូវីដ១៩។ ការផ្ទុះការចោទប្រកាន់នេះ គឺបន្ទាប់ពីមាន​ការចេញផ្សាយ នូវសម្រង់កិច្ចសន្ទនា​មួយ រវាងលោកដូណាល់ ត្រាំ និងអ្នកកាសែតអាេមរិកដ៏ល្បី ឈ្មោះ Bob Woodward។ នៅក្នុង​កិច្ច​សន្ទនោះ កាលពី​ដើមខែ​កុម្ភៈ លោកដូណាល់ ត្រាំ អះអាងថាលោក​ដឹង ថាជម្ងឺកូវីដ១៩ មានគ្រោះថ្នាក់ខ្លាំងណាស់។ ប្រឈមនឹងការចោទប្រកាន់ ថាលោកគ្មានសមត្ថភាព និង​ បានធ្វើឲ្យ​ជីវិតប្រជាជនអាមេរិកមានគ្រោះថ្នាក់ខ្លាំង លោកដូណាល់ ត្រាំ បាននិយាយការពារខ្លួន នៅថ្ងៃពុធថា មកពីលោក​មិនចង់​ឲ្យ​មនុស្ស​ផ្អើលឆោឡោ។

ផ្សាយពាណិជ្ជកម្ម

សល់តែ៨សប្តាហ៍ទៀតទេ ដល់ថ្ងៃបោះឆ្នោតហើយ តែលោកដូណាល់ ត្រាំ​ហាក់កំពុងតែរងសំពាធ រិះគន់ ពីគ្រប់មជ្ឈដ្ឋាន ទាក់ទិននឹងបញ្ហាគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩។

នៅក្នុុងការសន្ទនាតាមទូរស័ព្ទ ជាមួយ​លោក Bob Woodward អ្នកកាសែតអាេមរិកដ៏ល្បីឈ្មោះ កាលថ្ងៃទី ១៩មីនា លោកដូណាល់ ត្រាំ បាន​បញ្ជាក់ថា លោក​តែងតែចង់កាត់បន្ថយហានិភ័យ​ ឲ្យ​នៅតិចបំផុត ទាក់ទិននឹងបញ្ហាកូវីដ១៩។ ក៏ប៉ុន្តែនៅក្នុងកិច្ចសន្ទនាមួយទៀត កាលពី​ថ្ងៃ​ទី ៧កុម្ភៈ ជាមួយ​នឹងអ្នកកាសែតដដែលនេះ លោក​ដូណាល់ ត្រាំ បានអះអាងថា លោកដឹង ថាជំងឺកូវីដ​១៩​នេះ មានគ្រោះថ្នាក់ខ្លាំងណាស់។

តាមរយៈសម្តីទាំងនេះ មតិសាធារណៈអាមេរិក បានដឹងថា ការពិតលោកដូណាល់ត្រាំ ដឹងពីគ្រោះថ្នាក់នៃជំងឺនេះ តែលោក​បានចេញចំណាត់ការផ្ទុយទៅវិញ តាមរយៈការនិយាយថា ជំងឺកូវីដ១៩​នេះ មិនមានគ្រោះថ្នាក់ទេ ហើយ​វានឹងសាបរលាបទៅវិញដោយឯកឯង។ សូម្បីតែបញ្ហាពាក់ម៉ាស ក៏លោកដូណាល់ ត្រាំ បានធ្វើហាក់ដូចជាលេងសើច ដោយនិយាយថាគ្មានប្រយោជន៍ តែក្រោយមកនៅ​ថ្ងៃទី​១១ កក្កដា លោកបាន​ពាក់ម៉ាស ជាសាធារណៈ និងបាននិយាយថា ការពាក់ម៉ាស គឺប្រៀបបីដូចជាទង្វើស្នេហាជាតិ។

ក្រោយការចេញផ្សាយ​សំរង់​សេចក្តីសន្ទនានេះ មតិរិះគន់បានផ្ទុះឡើង ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺពីសំណាក់ បក្សប្រជាធិបតេយ្យតែម្តង ដែលកំពុងយកបញ្ហានេះ​ ដើម្បីប្រមូលសន្លឹកឆ្នោត។ លោក ចូ បៃដិន បាននិយាយថា លោកដូណាល់ ត្រាំបានដឹង តែលោកដូណាល់ ត្រាំ បានកុហក​ប្រជាជនអាមេរិក។ ទង្វើនេះវាសឹងតែអាចចាត់ទុកបានថាជាឧក្រិដ្ឋ និងក្បត់ជាតិ។ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី វិញ បាននិយាយថា ទាំងអស់នេះ វាបង្ហាញយ៉ាងច្បាស់ ថា ដូណាល់ ត្រាំ ជាមនុស្សខ្សោយ គ្មានសមត្ថភាព​គ្រប់គ្រងវិបត្តិ។

នៅថ្ងៃទី៩កញ្ញា ប្រឈមនឹងការចោទប្រកាន់ទាំងអស់នេះ លោកដូណាល់ ត្រាំ បានចេញមុខនិយាយការពារខ្លួន ថាលោក បាននិយាយបែបមើលស្រាល​ជំងឺកូវីដ១៩ គឺមកពីលោក​មិនចង់ឲ្យ​ប្រជាជនភ័យ ឆោឡោ ចលាចលក្នុងសង្គម។

សូមបញ្ជាក់ថា ជំងឺកូវីដ១៩ បាន​សម្លាប់​ប្រជាជនអាមេរិក​ អស់​ចំនួន​ប្រមាណ​១៩០០០០នាក់។ តាំងតែពីផ្ទុះការឆ្លងរាលដាល​នៃជំងឺនេះមក លោកដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា បាន​មើកស្រាលបញ្ហា ដោយខ្វល់តែខ្លាចខាតបង់សេដ្ឋកិច្ច និងជាពិសេសនោះ គឺលោកដូណាល់ ត្រាំ ហាក់បានមាក់ងាយ​ ការសន្និដ្ឋានរបស់​អ្នកជំនាញវិទ្យាសាស្ត្រ។ ភាពមិនច្បាស់ប្រាកដក្នុងចំណាត់ការ និងការ​និយាយមើលស្រាល​បញ្ហានេះ វាបានចូលរួមធ្វើឲ្យ​កូវីដ១៩ បានឆ្លងរាលដាលទប់មិនឈ្នះ និងបណ្តាលឲ្យ​ស្លាប់មនុស្សច្រើនបំផុត នៅសហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ