អានតួអត្ថបទ

ប្រជាជនអាមេរិកជាងកន្លះលានត្រូវជម្លៀសចេញពីផ្ទះ ដោយសារភ្លើងឆេះព្រៃ ដ៏ធំមហិមា

ផ្ទះនៅ​ទីក្រុង​មួយ​ក្នុង​រដ្ឋអូរីហ្កិន​ត្រូវ​ឆេះបំផ្លាញ​ដោយសារ​ភ្លើងឆេះព្រៃ នៅខែ​កញ្ញា ២០២០
ផ្ទះនៅ​ទីក្រុង​មួយ​ក្នុង​រដ្ឋអូរីហ្កិន​ត្រូវ​ឆេះបំផ្លាញ​ដោយសារ​ភ្លើងឆេះព្រៃ នៅខែ​កញ្ញា ២០២០ REUTERS - ADREES LATIF
ដោយ៖ ឈាង បុប្ផា
១៤ នាទី

ទឹកដី​ភាគខាងលិច​អាមេរិក ពីត្បូង ទៅ​ជើង កំពុង​លេបត្របាក់​ដោយ​ភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ ដែល​មិនធ្លាប់​មាន​ពីមុនមក។ នៅ​ថ្ងៃ ព្រហស្បតិ៍ ភ្លើងឆេះព្រៃ​ដែល​រាលដាល​ចូល​ដល់​រដ្ឋ​អូរីហ្កិន Oregon ក្បែរ​ទៅរក​ព្រំដែន​កាណាដា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ជម្លៀស​ប្រជាជន​ជាង​កន្លះលាន​នាក់​ចេញពីផ្ទះសម្បែង។ តាម​អាជ្ញាធរ អាមេរិក ភ្លើងឆេះព្រៃ នៅក្នុង​រដ្ឋទាំងបី នៅភាគខាងលិច​អាមេរិក បានសម្លាប់​មនុស្ស​១០នាក់ គិត​មកត្រឹម​ថ្ងៃ ព្រហស្បតិ៍ម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

កាលីហ្វ័ញ៉ា អូរីហ្វិន និង​វ៉ាស៊ីនតោន រដ្ឋទាំងបី​ដែលស្ថិតនៅតាម​បណ្តោយឆ្នេរសមុទ្រ ប៉ាស៊ីហ្វិក ប៉ែក​ខាងលិច​អាមេរិក​កំពុង​រងគ្រោះ ឆេះបំផ្លាញ ដោយសារ​ភ្លើង​ឆេះព្រៃ ដែល​បណ្តាល​មក​ពី​អាកាសធាតុ​ក្តៅស្ងួតហួតហែង ជាប្រចាំ បូកផ្សំ​នឹង​កម្លាំងខ្យល់បក់ ខ្លាំង។

នៅ​រដ្ឋ​អូរីហ្កិន មនុស្ស​ប្រមាណ កន្លះលាន​នាក់​ត្រូវ​បាន​គេ​ជម្លៀសចេញ​បន្ទាន់​ពីផ្ទះសម្បែង នៅពេល ក្រុមពន្លត់អគ្គិភ័យ​ព្យាយាម​បាញ់ទឹក ពន្លត់ភ្លើង ឆេះព្រៃ ដែល​បាន​លាតសន្ធឹង​លើ​ផ្ទៃដី ជាង ៣សែនហិចតា (៣៦៥​០០០) ដែល​ជាទំហំដ៏ធំ​បំបែក​ឯកទ្ទគ្គកម្ម សម្រាប់​រដ្ឋអូរីហ្កិន។ សម្រាប់ អភិបាលរដ្ឋ​អូរិហ្កិន នេះជាលើកទី១ ភ្លើងឆេះព្រៃ​ឆេះរាលដាល ក្នុង​ល្បឿនដ៏លឿន ដែល​គេ​មិនអាច​ទប់ទល់​បង្រ្កាប។ ក្នុង​រយៈពេល​តែ​៣ថ្ងៃ វា​បាន​បំផ្លាញ ផ្ទៃដី​ចំការ ដល់​ទៅ​២ដង នៃ​ទំហំ​ផ្ទៃដី ដែល​ត្រូវ​ឆេះ​ខូចខាត ក្នុង​រយៈពេល ១ឆ្នាំ។ ភ្លើងឆេះព្រៃ ដ៏កាចសាហាវ បាន​បំផ្លាញ​ខ្ទេចខ្ទីរ យ៉ាងហោច ទីក្រុង​ចំនួន ៥ នៅ​រដ្ឋអូរីហ្កិន។

នៅ​ភាគខាងជើង រដ្ឋ​កាលីហ្វ័ញ៉ា ភ្លើងឆេះព្រៃ ដែល​ចាប់ផ្តើម​ផ្ទុះឡើង​តាំង​ពី​ពាក់កណ្តាល​ខែ​សីហា បាន​ពង្រីក​វិសាលភាព​លើ​ផ្ទៃដី ជិត ២សែន​ហិចតា ដែលជាទំហំធំធេង មិនធ្លាប់​មានពីមុន​មក​ក្នុង​ប្រវត្តិសាស្រ្ត​របស់​កាលីហ្វ័ញ៉ា។ តាម​ក្រុមពន្លត់អគ្គិភ័យ ទោះគេ​បាន​ពង្រាយ ភ្នាក់ងារ​ពន្លត់ភ្លើង ១ពាន់នាក់ ភ្លើងឆេះព្រៃ​ដ៏សន្ធោសន្ធៅ​បាន​បំផ្លាញ សំណង់អគារ​ប្រមាណ ៣៦០​អគារ។ រដ្ឋវ៉ាស៊ីនតោន​ដែល​ស្ថិតនៅ​ជាប់ព្រំដែន​ជាមួយ​ប្រទេស​កាណាដា ក៏កំពុងរងគ្រោះខ្លាំងណាស់ដែរ​ដោយសារ​តែ គ្រោះមហន្តរាយ​ភ្លើងឆេះព្រៃ​ ដែល​បាន​លេបត្របាក់​អស់ផ្ទៃដីព្រៃ ២សែន​ហិចតា។ អភិបាលរដ្ឋ វ៉ាស៊ីនតោន លោក​Jay Inslee បាន​លើកឡើង​ពី​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​ដើមហេតុ​បង្ក​ឲ្យ​មាន​ភ្លើងឆេះព្រៃ លើកនេះ។ សម្រាប់​អភិបាលរដ្ឋ ព្រឹត្តិការណ៍ភ្លើងឆេះព្រៃ និង​ផលប៉ះពាល់​របស់​វាទៅលើ​ប្រជាជន​នឹងជួយ​រំលឹកក្រុមការងារ​របស់លោក​ឲ្យ​ធ្វើ​កម្មវិធី​នយោបាយ ទាំងឡាយណា សម្រាប់​ប្រយុទ្ធប្រឆាំង នឹង​​ការប្រែប្រួល​អាកាសធាតុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ