អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីរ៉ង់

លោកត្រាំថា អាមេរិកនឹងសងសឹកវិញលើស១០០០ដង បើអ៊ីរ៉ង់​ហ៊ាន​សម្លាប់មន្ត្រី​ទូត​​អាមេរិក​

លោកដូណាល់ ត្រាំ នៅក្នុងពេល​ឃោសនាបោះឆ្នោត នៅ​ the Arizona Grand Resort and Spa  ក្រុង​ Phoenix រដ្ឋអារីហ្សូណា ថ្ងៃទី​១៤ កញ្ញា ២០២០
លោកដូណាល់ ត្រាំ នៅក្នុងពេល​ឃោសនាបោះឆ្នោត នៅ​ the Arizona Grand Resort and Spa ក្រុង​ Phoenix រដ្ឋអារីហ្សូណា ថ្ងៃទី​១៤ កញ្ញា ២០២០ REUTERS - JONATHAN ERNST
ដោយ៖ ម៉ម ពិសី
១៤ នាទី

កាលពីថ្ងៃចន្ទ ទី​១៤កញ្ញា គេហទំព័រ​ព័ត៌មានមួយ បានចុះផ្សាយ ដោយស្រង់​ប្រភព ​ពីមន្ត្រីអាេមរិក ថា​អ៊ីរ៉ង់កំពុងរៀបគំរោង សម្លាប់​លោកស្រីអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេស​អាហ្វ្រិក​ខាងត្បូង ដើម្បីជាការសងសឹក ចំពោះការដែល​អាមេរិក បានសម្លាប់មេបញ្ជាការកងទ័ពអ៊ីរ៉ង់​ ឈ្មោះ កាសេម សូឡីម៉ានី។ នៅតាមទំព័រ Twitter លោកដូណាល់ ត្រាំ បានគំរាមតបទៅវិញថា បើអ៊ីរ៉ង់ហ៊ានធ្វើមែន​ អាមេរិកនឹងសងសិកវិញ ឲ្យធ្ងន់​លើស១០០០ដង។

ផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រព័ត៌មាន Politico ដែលបានផ្អែកលើប្រភព​ច្បាស់ការ ពីមន្ត្រីជាន់ខ្ពស់អាមេរិក២នាក់ បានឲ្យដឹងថា  ភ្នាក់ងារចារកិច្ចអាមេរិក បានដឹងនិងកំពុងតាមដាន អំពីផែនការ របស់​រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការសម្លាប់ លោកស្រី Lana Marks ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង ដែល​ជាមនុស្សស្និទ នឹងលោកប្រធានាធិបតីដូណាល់ ត្រាំ។

គេហទំព័រនេះ បន្ថែមថា ភ្នាក់ងារ​ចារកិច្ចអាមេរិក បានតាមដានផែនការនេះ ប្រមាណ​៤ខែមកហើយ ហើយបើតាមការសន្និដ្ឋាន​ គឺប្រហែល​ជា​អ៊ីរ៉ង់ចង់សងសឹក ចំពោះការដែល​អាមេរិក បានទំលាក់គ្រាប់​មីស៊ីល សម្លាប់លោកមេបញ្ជាការអ៊ីរ៉ង់ កាសេម សូឡីម៉ានី កាលពីថ្ងៃទី​៣ខែមករា ឆ្នាំ២០២០ នៅ​ក្រុងបាកដាដ។

ក្រោយការចេញផ្សាយដំណឹងនេះ លោកដូណាល់ ត្រាំ បានបញ្ចេញកំហឹងតាមទំព័រ Twitter នៅយប់ថ្ងៃចន្ទទី១៤កញ្ញា ដោយលោកបានសរសេរថា បើសិនជាអ៊ីរ៉ង់ ហ៊ានតែធ្វើអំពើណាមួយ មកលើសហរដ្ឋ អាមេរិក នោះអាមេរិក នឹងសងសឹកវិញ ខ្លាំងលើស១០០០ដង។

នៅតាមកញ្ចក់ទូរទស្សន៍ Fox News ​លោក ម៉ៃ ប៉ុមប៉េអូ ប្រមុខការទូតអាមេរិក បាន​លើកឡើងថា ដំណឹងនេះ គឺរដ្ឋាភិបាលអាមេរិក​ កំពុងតាមដានដោយចិត្តទុកដាក់ មិនអាចលេងសើចបានទេ។ លោកបន្ថែមថា គ្រប់គ្នាដឹងច្បាស់ណាស់ ថាអ៊ីរ៉ង់ គឺជាប្រទេសដែលតែងតែនៅពីក្រោយក្រុមភេរវកម្ម​ជាច្រើន ហើយធ្លាប់បានធ្វើឃាតមនុស្ស ច្រើនដងមកហើយ មិនថានៅអឺរ៉ុប ឬនៅកន្លែងណាទេ។

ដោយឡែក ក្រសួងការបរទេសអ៊ីរ៉ង់ បានឆ្លើយតបនៅព្រឹកថ្ងៃទី​១៥កញ្ញាថា ដំណឹងនេះ គឺជាដំណឹងប្រឌិត ដោយគ្មានមូលដ្ឋានទាល់តែសោះ​។ អ្នកនាំពាក្យ​ក្រសួងការបរទសអ៊ីរ៉ង់ បានលើកឡើងថា វាគឺជាយុទ្ធសាស្ត្រ ដ៏ថោកទាប និង​គួរឲ្យខ្ពើមរអើម របស់​សហរដ្ឋអាមេរិក ដែលមានកម្មវត្ថុតែមួយគត់ គឺបង្កើតឲ្យ​មានបរិយាកាសខ្មៅអួរអ័ព្វ បង្កាច់បង្ខូចកិត្តិយសរបស់អ៊ីរ៉ង់។ អ្នកនាំពាក្យ​អ៊ីរ៉ង់ដដែល​បន្តថា ជាច្រើនឆ្នាំមកនេះ អ៊ីរ៉ង់បានប្រឹងប្រែងគោរពបទដ្ឋាន ច្បាប់អន្តរជាតិ តែផ្ទុយទៅវិញ គឺលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទេ ដែល​មិនគោរពបទដ្ឋានអន្តរជាតិ តាមរយៈការដើរចេញពីកិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិជាច្រើន ក្នុងនោះ​ មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ អ៊ីរ៉ង់ជា​ឧទាហរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ