អានតួអត្ថបទ
តុលាការកំពូលអាមេរិក

តុលាការ​កំពូល​អាមេរិក​បាត់បង់​ចៅក្រមស្រ្តី ចម្រើននិយម ដែល​ការពារសិទ្ធិ​ស្រី្ត

លោកស្រី Ruth Bader Ginsburg​បម្រើការ​ជា​ ចៅក្រម​​របស់​តុលាការ​កំពូល​រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព នៅថ្ងៃ​សុក្រ​ទី​១៨​កញ្ញា ២០២០
លោកស្រី Ruth Bader Ginsburg​បម្រើការ​ជា​ ចៅក្រម​​របស់​តុលាការ​កំពូល​រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព នៅថ្ងៃ​សុក្រ​ទី​១៨​កញ្ញា ២០២០ REUTERS - Jonathan Ernst
ដោយ៖ ឈាង បុប្ផា
១៩ នាទី

លោកស្រី Ruth Bader Ginsburg ចៅក្រម​តុលាការ​កំពូលអាមេរិក ដែល​មានកេត្តនាម​ល្បីល្បាញ​ខាងការពារ​សិទ្ធិស្រ្តី ទទួល​មរណភាព កាលពី​ថ្ងៃ​សុក្រម្សិលមិញ នៅក្នុង​ជន្មាយុ ៨៧ឆ្នាំ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​តុលាការ​កំពូល​អាមេរិក។ តើការបាត់បង់​លោកស្រី ចៅក្រម Ruth Bader Ginsburg​នឹង​ធ្វើឲ្យ​ប៉ះពាល់​អ្វីខ្លះ ដល់​តុលាការ​កំពូល​អាមេរិក? 

ផ្សាយពាណិជ្ជកម្ម

នៅ​មុខ​តុលាការ​កំពូល​អាមេរិក កាលពី​យប់ថ្ងៃសុក្រ មនុស្ស​រាប់រយនាក់ ជាពិសេស​យុវជន​បាន​ទៅ​ដាក់ផ្កា ដុតទៀន​គោរពវិញ្ញាណក្ខន្ធ លោកស្រី Ginsburg ដែល​ពួកគេ​ចាត់ទុក ជា​វីរនារី ដ៏ក្លាហាន ដែល​ហ៊ាន​ចេញមុខ ការពារ​បុព្វហេតុ​របស់​ស្រ្តី ជនអន្តោប្រវេសន៍ និង​មនុស្ស​ស្រឡាញ់ ភេទដូចគ្នា។

នៅតុលាការ​កំពូល ដែល​ជាស្ថាប័ន​កំពូល​នៅអាមេរិក លោកស្រី Ruth Bader Ginsburg​ស្ថិតក្នុង​ក្រុម ចៅក្រម​ចម្រើន និង​សេរីនិយម ៤រូប ក្នុង​ចំណោម​ចៅក្រមសរុប ៩រូប។ បញ្ហា​សុខភាព និង​វ័យចំណាស់​របស់​លោកស្រី Ginsburg ត្រូវ​បាន​គេ​តាមដាន​តាំង​ពីមុន មរណភាព​របស់​លោកស្រី។ គណបក្ស​ប្រជាធិបតេយ្យ និង​ក្រុម​ការពារ​សិទ្ធិមនុស្ស បារម្ភ​ថា លោកប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ចង់យកចិត្ត ម្ចាស់ឆ្នោត មកពីក្រុមស្តាំ​និយម នៅ​អាមេរិក នឹង​ជ្រើសរើស​ចៅក្រម​ណា ដែល​អភិរក្ស​និយម សម្រាប់​កៅអី​ទំនេរ នៅ​តុលាការ​កំពូល នៅក្រោយ មរណភាព របស់​លោកស្រី Ginsburg។

កាលពី​ខែ សីហា​កន្លងទៅ នៅក្រោយ​ដំណឹង​ចូល​ព្យាបាល​នៅមន្ទីរពេទ្យ​ដល់​ទៅ​២​ដង​របស់​លោកស្រី  Ginsburg លោកដូណាល់ ត្រាំ បាន​អះអាងហើយ​ថា លោក​នឹង​ជ្រើសរើស​យក​ចៅក្រមណា ដែល គាំទ្រ​ការកាន់កាប់អាវុធ ហើយ​និង​ប្រឆាំង​ការរំលូតកូន សម្រាប់​កៅអីទំនេរ​នៅ​តុលាការ​កំពូល។

មាន​ចៅក្រម​អភិរក្ស​និយម​មួយបន្ថែមទៀត នឹង​ធ្វើ​ឲ្យ​ជញ្ជីង​របស់​តុលាការ​កំពូល​អាមេរិក ​ទោរទន់​ទៅរក​ខាង​ក្រុមចៅក្រម​ដែល​មាន​និន្នាការ​អភិរក្សនិយម (ដល់​ទៅ​៦នាក់) ពោល ​នឹងឲ្យ​ធ្វើ​សំឡេង​របស់​ក្រុមចៅក្រម​អភិរក្សនិយម មានចំនួន​ច្រើន លើសលុប​លើ​ចំនួន​ចៅក្រម​ដែលមាន​និន្នាការ​ចម្រើន​និយម។ តុលាការ​កំពូល​ ជាស្ថាប័ន​កំពូល​របស់​អាមេរិក ដែល​ដើរតួនាទីសំខាន់ ក្នុង​ការសម្រេច​ជោគវាសនា​របស់​សំណុំរឿង​សង្គម​ដែល​មានតាំង​ពី​ទោសប្រហារជីវិត ការកាន់អាវុធ ឬ សិទ្ធិរំលូតកូនជាដើម។

នៅក្នុង​ក្រអៅបេះដូង​របស់​យុវជន​អាមេរិក លោកស្រី Ruth Bader Ginsburg ជា​វីរនារី ជា​អ្នកតំណាង​នៃ​ការតស៊ូមតិ​ ដើម្បី​ស្មារតី​ចម្រើននិយម ក្នុង​សង្គមអាមេរិក។ លោកស្រី​បាន​តស៊ូ ទាមទារ មិនចេះនឿយហត់ ដើម្បី សិទ្ធិ​ស្រ្តីអាមេរិកាំង សិទ្ធិ​ស្មើគ្នា របស់​ប្រជាជន​ភាគតិច និង​ជនអន្តោប្រវេសន៍ នៅចំពោះមុខ​ច្បាប់។

កើត​ក្នុងគ្រួសារជ្វីហ្វ នៅ​ឆ្នាំ ១៩៣៣ និង​បាន​ទទួល​ការសិក្សា​ផ្នែក​ច្បាប់​​នៅ​សកលវិទ្យាល័យ ដ៏ល្បីឈ្មោះ Harvard នៅឆ្នាំ ១៩៥៦ លោកស្រី Ginsburg ផ្ទាល់​ ធ្លាប់​រងការរើសអើង ក្នុង​សង្គម​ការងារ (ធ្លាប់ត្រូវ​ក្រុមហ៊ុន​មេធាវី​បដិសេធ ដោយសារ​តែ​លោកស្រី ជា​មនុស្ស​ស្រី និង​មាន​កូន​ក្នុងបន្ទុក)។ ដោយសារ​តែ​រឿងនេះ លោកស្រី បាន​ក្លាយ​ជា​សកម្មជន​ទាមទារ​ការគោរព​សិទ្ធិស្រ្តី មុន​នឹង​ត្រូវ​តែងតាំង​ជា​ចៅក្រម​នៅ​តុលាការ​កំពូល នៅ​ឆ្នាំ ១៩៩៣ ក្នុង​អាណត្តិ​លោកប្រធានាធិបតី​ប៊ីល គ្លីនតុន។

នៅមុន​ទទួល​មរណភាព លោកស្រី Ginsburg ធ្លាប់​បាន​និយាយ​សុំ​ឲ្យ​គេរង់ចាំ​តែងតាំង ​អនាគត​ចៅក្រម ថ្មី បន្តពីលោកស្រី នៅ​ក្រោយ ការបោះឆ្នោត ប្រធានាធិបតី។ ប៉ុន្តែ លោកដូណាល់ ត្រាំ ដែលលោកស្រី Ginsburg ធ្លាប់​និយាយ​រិះគន់​ថា ជាអ្នកបោកប្រាស់ បាន​សន្យា​ហើយ​ថា នឹង​ពន្លឿន ដំណើរការ​រើស​ចៅក្រម​អភិរក្សនិយម មក​ជំនួស​លោកស្រី Ginsburg ឲ្យ​បាន​ឆាប់បំផុត ពោល​គឺ​អាច​នៅមុន​ការបោះឆ្នោត ដែលត្រូវប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​៣​វិច្ឆិកា​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ