អានតួអត្ថបទ

អាមេរិក​សម្រេច​ជា​ឯកតោភាគី​ឲ្យ​គេ​បន្ត​អនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ ទៅលើ​អ៊ីរ៉ង់

ប្រមុខការបរទេស​អាមេរិក លោក​Mike Pompeo នៅ​អង្គការ​សហប្រជាជាតិ ជាទី​លោក​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ពន្យារ​ការដាក់​ទណ្ឌកម្ម​សព្វាវុធ​អ៊ីរ៉ង់ បន្តទៅទៀត (រូបថត​ថ្ងៃទី​២០​សីហា ២០២០)
ប្រមុខការបរទេស​អាមេរិក លោក​Mike Pompeo នៅ​អង្គការ​សហប្រជាជាតិ ជាទី​លោក​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ពន្យារ​ការដាក់​ទណ្ឌកម្ម​សព្វាវុធ​អ៊ីរ៉ង់ បន្តទៅទៀត (រូបថត​ថ្ងៃទី​២០​សីហា ២០២០) REUTERS - MIKE SEGAR
ដោយ៖ ឈាង បុប្ផា
១៩ នាទី

អាមេរិក​ក្រោម​ការដឹកនាំ​របស់​លោកដូណាល់ កាន់តែ​ដើរឃ្លាតឆ្ងាយ​ពី​សហគមន៍​អន្តរជាតិ។ កាលពី​ថ្ងៃ សុក្រ អាមេរិក​បាន​ប្រកាស​ជា​ឯកតោភាគី ការអនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ ទៅលើ​អ៊ីរ៉ង់ ជាពិសេស ការហាម លក់ និង​ដឹកអាវុធ​ទៅ អ៊ីរ៉ង់។ ទោះ​មាន​សំឡេង​ប្រឆាំង ទាំងស្រុង​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ទណ្ឌកម្ម​អន្តរជាតិ​ដែល​អាមេរិក​ប្រកាស​ជា​ឯកតោភាគី បាន​ចាប់ចូល​ជាធរមាន កាលពីយប់​អាធា្រត្រ​ថ្ងៃ​សៅរ៍​តទៅ។

ផ្សាយពាណិជ្ជកម្ម

នៅ​៦សប្តាហ៍មុន​ការបោះឆ្នោត​ប្រធានាធិបតី អាមេរិក រដ្ឋបាល​លោកដូណាល់ ត្រាំ ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់ នោះបើទោះបី​ជាអាមេរិក​មាន​ម្នាក់ឯង និង​ត្រូវ​ប្រឈម​នឹង​សំឡេង​ប្រឆាំង​ទាំងស្រុង នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (មិនថា ចិន រុស្ស៊ី ឬ​ប្រទេស​មហាអំណាច​នៅ​អឺរ៉ុប ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក)។

នៅ​ថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ប្រកាសថា ទណ្ឌកម្ម​អន្តរជាតិ​ទៅលើ​អ៊ីរ៉ង់ ដែល​គេ​បានដកចេញ កាលពី​ឆ្នាំ ២០១៥ ទៅតាមកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ នឹង​ត្រូវ​ចូល​ជាធរមាន​ឡើងវិញ ចាប់ពី​យប់​ថ្ងៃ​សៅរ៍​តទៅ។ ដោយ​ព្យាយាម​ស្តារ​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់ អាមេរិក មាន​គោលដៅ​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ពន្យារ​ការដាក់ទណ្ឌកម្ម​សព្វាវុធ​អ៊ីរ៉ង់ ដែល​ត្រូវ​អស់​សុពលភាព នៅ​ខែ​តុលា​ខាងមុខ។

អាមេរិក​ចង់​ឲ្យ​បម្រាមអន្តរជាតិ​លើ​ការលក់ និង​ដឹកអាវុធ​ទៅ​ឲ្យ​អ៊ីរ៉ង់​មានជារៀងរហូត។ ដូច្នេះ ដើម្បី​អាច​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ទៅលើ​អ៊ីរ៉ង់​សាជាថ្មី ​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​បានប្រកាស​ដកខ្លួន​ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ឆ្នាំ ២០១៨ បាន​លើក​ហេតុផល​ថា ក្នុងនាម​អាមេរិក​ជា​អ្នកចូលរួម​ក្នុង​កិច្ចព្រមព្រៀង អាមេរិក​អាច​ប្រើ​យន្តការ ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ក្នុងករណី​អ៊ីរ៉ង់ រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។

កុំថាឡើយ ចិន និង​រុស្ស៊ី ដែល​ជា​គូប្រជែង​របស់​អាមេរិក សូម្បី បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់អាមេរិក ក៏​ដើរផ្ទុយ​ពី​អាមេរិកដែរ។ នៅថ្ងៃ​សុក្រ អាល្លឺម៉ង់ អង់គ្លេស និង​បារាំង ដែល​ជា​ហត្ថលេខី នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ដាក់​លិខិត​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ជាក់ថា រាល់​ការសម្រេចចិត្ត ឬ​សកម្មភាព​ដើម្បី ដាក់​ទណ្ឌកម្ម​សាជាថ្មី​លើ​អ៊ីរ៉ង់ នឹង​មិនត្រឹមត្រូវ​តាមច្បាប់​នោះទេ។ សម្រាប់​ប្រទេស​ទាំង​៣ នីតិវិធី​របស់​អាមេរិក​ដើម្បី​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ នឹងគ្មាន​បានផល​នោះទេ។

តើ​វា​អាច​ទៅរួចទេ ដែល​អាមេរិក ប្រកាស​ជា​ឯកតោភាគី ទាមទារ​អន្តរជាតិ ​អនុវត្ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់នោះ? “អាមេរិក​នឹង​រារាំង​មិន​ឲ្យ​អ៊ីរ៉ង់ ទិញ រថពាសដែក​ពីចិន និង​ទិញ ខែល​មីស៊ីល​ពី​រុស្ស៊ី” នេះ​ជា​ប្រសាសន៍​របស់​​រដ្ឋមន្រ្តីការបរទេស​លោក Mike Pompeo ដែល​បាន​បញ្ជាក់​ហើយ​ថា អាមេរិក​នឹង​ធ្វើ​គ្រប់មធ្យោបាយ ដើម្បី​ទាមទារ​ឲ្យ​គេ​គោរព និង​អនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ​ទៅលើ​អ៊ីរ៉ង់។ គេ​វាយតម្លៃថា លោកដូណាល់ ត្រាំ នឹង​អាច​ប្រកាស​ដាក់​ទណ្ឌកម្ម​រាល់ ប្រទេស ឬ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​រំលោភ មិនអនុវត្ត​ការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ទៅលើ​អ៊ីរ៉ង់ ដែល​អាមេរិក​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត ជា​ឯកតោភាគី។ វិធានការនេះ ​នឹង​ធ្វើ​ឲ្យ​អាមេរិក ឈរតាំង​ខ្លួន​តែម្នាក់ឯង ប្រឆាំង​ពិភពលោក ប្រឆាំង នឹង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី គ្រាន់តែ​ចង់ ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ