អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ទណ្ឌកម្ម​អន្តរជាតិ ទៅ​លើ​អ៊ីរ៉ង់ ដែល​អាមេរិក​ប្រកាស​ចូល​ជាធរមាន តែម្នាក់ឯង​នឹង​អាចកើតឡើង ដែរឬទេ?

ប្រមុខការ​បរទេស​អាមេរិក នៅទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ញូវយ៉ក នៅ​ខែ សីហា នៅពេល​សុំ​ទាមទារ​ឲ្យ​គេ​ពន្យា​រ​ការដាក់ទណ្ឌកម្ម​សព្វាវុធ​អ៊ីរ៉ង់ ដែលត្រូវ​ចប់​អស់​សុពលភាព នៅ​ខែ​តុលា ឆ្នាំ ២០២០
ប្រមុខការ​បរទេស​អាមេរិក នៅទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ញូវយ៉ក នៅ​ខែ សីហា នៅពេល​សុំ​ទាមទារ​ឲ្យ​គេ​ពន្យា​រ​ការដាក់ទណ្ឌកម្ម​សព្វាវុធ​អ៊ីរ៉ង់ ដែលត្រូវ​ចប់​អស់​សុពលភាព នៅ​ខែ​តុលា ឆ្នាំ ២០២០ REUTERS - MIKE SEGAR
ដោយ៖ ឈាង បុប្ផា
៣៣ នាទី

ប្រតិកម្ម​រិះគន់ ប្រឆាំង​អាមេរិក​បាន​ធ្លាក់​ចុះ​បន្តបន្ទាប់ ពី​អាមេរិក​របស់​លោកដូណាល់ ត្រាំ  បាន​ជំនះ ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ទៅ​លើ​អ៊ីរ៉ង់ ចាប់ពី​យប់​ថ្ងៃ​សៅរ៍ម្សិលមិញ។ នៅថ្ងៃ​អាទិត្យនេះ រុស្ស៊ី​ដែល​ជាសម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ បាន​បរិហា​ចាត់ទុក ការប្រកាស​ជា​ឯកតោភាគី​របស់​អាមេរិក​ថា គ្មាន​មូលដ្ឋានច្បាប់ ដែលគេ​ត្រូវ​អនុវត្ត​ធ្វើតាម។ អ៊ីរ៉ង់​ដែល​ប្រឈមផ្ទាល់​នឹង​ការដាក់សម្ពាធ​របស់​អាមេរិក បាន​អំពាវនាវ​ឲ្យ​ពិភពលោក​រួមគ្នា ដើម្បី ប្រឆាំង នឹង​សកម្មភាព​គ្មានការទទួល​ខុសត្រូវ​របស់​អាមេរិក។

ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី បារាំង អង់គ្លេស សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញមុខ​បដិសេធ មិន​ទទួលស្គាល់ ការដាក់ទណ្ឌកម្ម​អន្តរជាតិ លើ​អ៊ីរ៉ង់ ដែល​អាមេរិក​បាន​ប្រកាស​ចូល​ជាធរមាន កាលពី​ថ្ងៃ​សៅរ៍​ទី​២០​កញ្ញា។ ដើម្បី​អាចពន្យារ​ទណ្ឌកម្ម​សព្វាវុធ​អ៊ីរ៉ង់ ដែល​ត្រូវ​ចប់សុពលភាព​នៅ​ខែតុលា អាមេរិក​បាន​ប្រកាស​ប្រើ​យន្តការ Snapback នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ កាលពី​ថ្ងៃទី ២០​សីហា។ ទៅតាម​កិច្ចព្រមព្រៀង នៅ​៣០​ថ្ងៃ​ក្រោយ ប្រើ​យន្តការ Snapback គេអាច​ត្រលប់​ទៅ​អនុវត្ត​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ សាជាថ្មី។ ថ្ងៃទីសៅរ៍ ទី ២០​កញ្ញា ជា​គម្រប់​៣០ថ្ងៃ​ក្រោយ​ដែល​អាមេរិក​បាន​ប្រើ​យន្តការ ដ៏ចម្រូងចម្រាស Snapback។

សម្រាប់​ភាគី​រុស្ស៊ី ការប្រកាស​ជា​ឯកតោភាគី​របស់​អាមេរិក ដើម្បី​អនុវត្ត​ការដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ។ ចំណែក បារាំង​ អង់គ្លេស និង​អាល្លឺម៉ង់​អះអាងថា ការប្រកាស​របស់​អាមេរិក នឹង​គ្មាន​បាន​ផល​នោះទេ។

មាន​ចំណុច​សំខាន់​ធំពីរ ដែល​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ របស់​អង្គការ​សហប្រជាជាតិ ប្រឆាំង​នឹង​ការប្រកាស​ជា​អត្តនោម័តិ​របស់​អាមេរិក។

ទី១ គេ​យល់​ថា ការប្រកាស​ដាក់​ទណ្ឌកម្ម​អន្តរជាតិ សាជាថ្មី ណាមួយ​ទៅលើ​អ៊ីរ៉ង់ ជា​តួនាទី​ការសម្រេចចិត្ត​រួម ដែល​ចេញមកពីការបោះឆ្នោត របស់​ប្រទេស​សមាជិក អង្គការ​សហប្រជាជាតិ ប៉ុន្តែ មិនមែន​អាមេរិក​តែម្នាក់​ឯងនោះទេ។ អាមេរិក​អាច​ប្រកាស​ដាក់​ទណ្ឌកម្មផ្ទាល់ខ្លួន​លើ​អ៊ីរ៉ង់ ប៉ុន្តែ អាមេរិក​មិនអាច​អាងយ៉ាង ប្រកាស​ជាឯកតោភាគី​ឲ្យ​គេ​អនុវត្ត​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ ទៅលើ​អ៊ីរ៉ង់​​ទៅតាម​ការចង់បាន​របស់ខ្លួន​តែម្នាក់​នោះទេ។ សម្រាប់​ក្រសួងការបរទេស​រុស្ស៊ី សកម្មភាព​របស់​អាមេរិក មានចេតនា​ បញ្ចុះបន្ថោក មិន​ឲ្យ​តម្លៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

ទី២ គេ​វាយតម្លៃ​ថា អាមេរិក​គ្មាន​សិទ្ធិ​ស្របច្បាប់ ដើម្បី ប្រកាស​ការដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ទៅលើ​អ៊ីរ៉ង់ទៅទៀត។ ត្រូវ​ដឹងថា ដើម្បី ស្តារ​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ ទៅលើ​អ៊ីរ៉ង់ អាមេរិកបាន​​អះអាង ក្នុង​នាម​ខ្លួន​ជា​អ្នកបាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បីមាន​សិទ្ធិ ប្រើ​យន្តការ Snapback  ក្នុង​ការដាក់ត្រលប់​ទៅដាក់​ទណ្ឌកម្ម​អន្តរជាតិ លើ​អ៊ីរ៉ង់ ក្នុង​ករណី​ដែល​អ៊ីរ៉ង់​រំលោភ​កិច្ចព្រមព្រៀង។

ប៉ុន្តែ សម្រាប់​ប្រទេស​ហត្ថលេខី នៃ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាមេរិក​គ្មាន​សិទ្ធិស្របច្បាប់ ប្រើ​Snapback ដែលមាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នោះទេ ព្រោះថា លោកដូណាល់ ត្រាំ បាន​ដក​អាមេរិកចេញពី​កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ តាំង​ពី​ឆ្នាំ ២០១៨​មកម្ល៉េះ។

មួយវិញទៀត គេ​មិន​អាច​ត្រលប់​ទៅដាក់​ទណ្ឌកម្មអន្តរជាតិ​លើ​អ៊ីរ៉ង់ បាន​ទេ ព្រោះ គេ​គ្មាន​ភស្តុតាង​ណា​ដែល​បង្ហាញ​ថា អ៊ីរ៉ង់​រំលោភ​កិច្ចព្រមព្រៀង។ នៅក្នុង​លិខិត​ផ្ញើ​ទៅ​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដែល​ជា​ហត្ថលេខី នៃ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​អះអាងថា គេ​មិនត្រឹម​តែ​ប្រឆាំង​នឹង​ការដាក់ទណ្ឌកម្ម​អន្តរជាតិ ដែល​អាមេរិក​បាន​ប្រកាស​តែ​ប៉ុណ្ណោះ ប៉ុន្តែ គេ​ប្តេជ្ញា ដើម្បី ថែរក្សា កិច្ចព្រមព្រៀង ដែល​ជួយ​ទប់ទល់​កុំ​ឲ្យ​អ៊ីរ៉ង់​អាច​មាន​សមត្ថភាព បំពាក់​អាវុធ​នុយក្លេអ៊ែរ។ ក្នុង​ក្រសែភ្នែក​របស់​មហាអំណាច​អឺរ៉ុប ការប្រកាស​ជា​ឯកតោភាគី របស់​អាមេរិក ដើម្បី ឲ្យគេ​វិលត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​សាជាថ្មី លើ​អ៊ីរ៉ង់ នឹងមិនអាច​កើតចេញ​ទៅបានទេ នេះ​បើសិន​គេ​និយាយ​តាមផ្លូវច្បាប់។ ដោយសារ​តែ​គ្មាន​ប្រទេស​ណាមួយ យល់ស្រប ចង់​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់ ការប្រកាស​របស់​អាមេរិក តែ​ម្នាក់ឯង​យ៉ាងដូច្នេះ ប្រៀបបាន​នឹង​ការកេះកៃ​កាំភ្លើង ប៉ុន្តែ គ្មាន​គ្រាប់ បាញ់​ចេញ​នោះ​ទេ។

​អ៊ីរ៉ង់​ប្រកាស​ពី​ជ័យជំនះ នៅពេល​ឃើញ អាមេរិក​ធ្លាក់​ខ្លួន​ឯកោ

នៅពេល​អាមេរិក របស់​លោកដូណាល់ ត្រាំ នៅឈរ​តែម្នាក់ឯង ប្រឆាំង​ទល់​នឹង​គេ​គ្រប់គ្នា​យ៉ាងដូច្នេះ ផលប្រយោជន៍​នឹង​បាន​ទៅ​ខាង​អ៊ីរ៉ង់។ រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​ហេតុ​តែ​ចង់​ពន្យារ​ការដាក់ទណ្ឌកម្ម​សព្វាវុធ​អ៊ីរ៉ង់ ដែលត្រូវ​អស់សុពលភាព​នៅ​ខែ​តុលា ខាងមុខ បាន​ប្រើ​គ្រប់មធ្យោបាយ មិនថា ត្រូវ​ប្រកាស​ដាក់ទណ្ឌកម្ម​អន្តរជាតិ តែម្នាក់ឯង ឬ​ត្រូវ​ប្រឈម​នឹង​ការប្រឆាំង​រិះគន់​ពី​សមាជិក​ដទៃទៀត រួមទាំង​សម្ព័ន្ធមិត្ត​របស់ខ្លួន នៅ​អង្គការ​សហប្រជាជាតិ។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ ការប្រកាស​របស់​អាមេរិក ដើម្បី ដាក់ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់ គឺ​ជា​ការប្រកាស កុហកបោកប្រាស់ ព្រោះវា​មិនអាច​កើតចេញរូបរាង​នោះទេ។

នៅពេល​អាមេរិក​ឈរនៅ​តែម្នាក់ឯង​ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់ ប្រមុខការបរទេស​អ៊ីរ៉ង់ បាន​ឆ្លៀត​ឱកាសនេះ អំពាវនាវ​ឲ្យ​ពិភពលោក​រួមគ្នា ដើម្បី ទប់ទល់​នឹង​នយោបាយ ប្រើកម្លាំងបាយ ដើរ​ធ្វើបាបគេឯង ​របស់​អាមេរិកដឹកនាំ​ដោយ​លោកដូណាល់ ត្រាំ។

អាមេរិក​នឹង​ប្រើ​គ្រប់មធ្យោបាយ​ដើម្បី ចាប់​ឲ្យ​គេ​អនុវត្ត​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់ ដែល​អាមេរិក​គិតថា បាន​ចូល​ជា​ធរមាន តាំង​ពីថ្ងៃសៅរ៍​ទី​២០​កញ្ញា

នៅក្នុង​សេចក្តីថ្លែងការណ៍ ប្រកាស​ចូល​ជាធរមាន ទណ្ឌកម្ម​អន្តរជាតិទៅលើ​អ៊ីរ៉ង់ សាជាថ្មី កាលពី​ថ្ងៃ​សៅរ៍ ប្រមុខការបរទេស​អាមេរិក​បាន​ព្រមាន​រួចហើយថា ប្រសិន​បើ​ប្រទេស​សមាជិក​របស់​អង្គការ​សហប្រជាជាតិ មិន​ព្រម​អនុវត្ត​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​អ៊ីរ៉ង់ នោះអាមេរិក​មានយន្តការ ផ្ទាល់​ខ្លួន​សម្រាប់​ពិន័យ ប្រទេស ឬ​ក្រុមហ៊ុន​ដែល​រំលោភ មិន​គោរព​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់។ សម្រាប់​អាមេរិក ទណ្ឌកម្ម​អន្តរជាតិ​លើ​អ៊ីរ៉ង់​មានតាំង​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​សព្វាវុធ ដែល​អាមេរិក​ចង់​ឲ្យ​មាន​សុពលភាព ជារៀងរហូត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់​អាច​មាន​សិទ្ធិ​ទិញ​មីស៊ីល និង​ឧបករណ៍​សម្រាប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​គ្រោះថ្នាក់​សម្រាប់ពិភពលោក។

រដ្ឋមន្រ្តី​ការបរទេស លោក​Mike Pompeo បាន​សន្យា ប្រកាស ​វិធានការ​របស់​អាមេរិក​សម្រាប់​ប្រឆាំង​អ្នកដែល​មិន​គោរព​ទណ្ឌកម្ម​អន្តរជាតិ លើ​អ៊ីរ៉ង់ នៅ​សប្តាហ៍ក្រោយ។

គេ​វាយតម្លៃថា លោកដូណាល់ ត្រាំ ដែល​អាច​ចូលរួម​ក្នុងមហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅថ្ងៃ​អង្គារ​សប្តាហ៍ក្រោយនេះ នឹង​ប្រកាស​ឲ្យ​ដឹង​ពី​វិធានការ​ដែល​អាមេរិក​ដាក់ទៅ​លើ​អ្នកដែល​រំលោភ​ទណ្ឌកម្ម​អន្តរជាតិ ដែល​អាមេរិក​​គិត​តែម្នាក់ឯង​ថា បាន​ចូល​ធរមាន និង​ដែល​គេ​ត្រូវ​គោរព ឲ្យ​ខាងតែបាន។

រដ្ឋាភិបាល​អាមេរិក​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ពី​ទណ្ឌកម្ម​ដែល​អាមេរិក អាច​ដាក់​ទៅលើ​ប្រទេស ឬ​ក្រុមហ៊ុន​ដែល​មិនគោរព ការដាក់ទណ្ឌកម្ម​សាជាថ្មី​លើ​អ៊ីរ៉ង់ ប៉ុន្តែ នៅពេល​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ កន្លងមក អាមេរិក​ធ្លាប់​បាន​ពិន័យ​មិន​ឲ្យ​ ប្រទេស ឬ​ក្រុមហ៊ុន​ណា​ដែល​ធ្វើ​ជំនួញ ជាមួយ​អ៊ីរ៉ង់ អាច​ចូល​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅទឹកដី​អាមេរិក ឬ​ក៏ត្រូវ​ប្រឈម​នឹង​ការបង្កកទ្រព្យសម្បត្តិ ដែល​មាន​នៅក្នុង​ធនាគារ​អាមេរិក​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ