អានតួអត្ថបទ
អ.ស.ប.

អង្គការសហប្រជាជាតិបើកមហាសន្និបាតលើកទី៧៥ នៅក្នុងបរិបទនៃជំងឺកូវីដ១៩

អង្គការសហប្រជាជាតិបើកមហាសន្និបាតលើកទី៧៥ នៅក្នុងបរិបទនៃជំងឺកូវីដ១៩
អង្គការសហប្រជាជាតិបើកមហាសន្និបាតលើកទី៧៥ នៅក្នុងបរិបទនៃជំងឺកូវីដ១៩ AP - Mary Altaffer
១២ នាទី

នៅ​ថ្ងៃ​ចន្ទ ទី២១ កញ្ញា អង្គការសហប្រជាជាតិ​បើក​មហាសន្និបាត​លើកទី៧៥ នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។ តាម​ធម្មតា ជំនួបការទូតពិភពលោក​មួយ​នេះ​ត្រូវ​ចូលរួម​ថ្លែង​សុន្ទរកថា​ផ្ទាល់​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ឬ​អ្នក​តំណាង​ឲ្យ​សមាជិក​ទាំង ១៩៦ប្រទេស។ តែ​ជំងឺ​កូវីដ១៩ បាន​កម្រិត​ការ​ធ្វើ​ដំណើរ​របស់​ថ្នាក់ដឹកនាំ ហើយ​ជំនួប​ក៏​ត្រូវ​រៀបចំ​ធ្វើ​ឡើង​តាម​វីដេអូ។ មាន​សុន្ទរកថា​ភាគ​ច្រើន​ត្រូវ​បាន​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ថត​ទុក​ដើម្បី​ចាក់​ផ្សាយ​នៅ​ក្រោយ​សុន្ទរកថា​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ្គូទែរ​នា​ថ្ងៃ​អង្គារ ទី២២ កញ្ញា។ អ្វី​ជា​ការ​កត់សម្គាល់ មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ចំ​ខួប​គម្រប់ ៧៥ឆ្នាំ​ធ្វើ​ឡើង ខណៈ​ដែល​ពិភពលោក​ហាក់​កំពុង​មាន​ភាព​អានាធិបតេយ្យ​ខ្លាំង។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​អង្គការសហប្រជាជាតិ លោក Olof Skoog គូសបញ្ជាក់​ពី​សារៈសំខាន់​​របស់​អ.ស.ប. និង​​យន្តការ​ពហុភាគី​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

« កូវីដ១៩ បាន​បង្ហាញ​ចេញ​នូវ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នីមួយៗ និង​រវាង​ប្រទេស និង​ប្រទេស។ ខ្ញុំ​គិត​ថា បណ្តា​ប្រមុខរដ្ឋ​ជា​ច្រើន​ពិត​ជា​យល់​ថា​វា​ជា​រឿង​ចាំ​បាច់​ដែល​គេ​ត្រូវ​ការ​អង្គការសហប្រជាជាតិ​ជាង​ពេល​ណាៗ​ទាំង​អស់។ តែ​ជា​អង្គការពិភពលោក​មួយ​ដែល​ខ្លាំង និង​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពិភពលោក ទោះ​ជា​បញ្ហា​កូវីដ១៩ បញ្ហា​បម្រែបម្រួល​អាកាសធាតុ ឬ​មួយ​ក៏​បញ្ហា​ផ្សេង​ទៀត។

មួយ​ផ្នែក​នៃ​បញ្ហា​បាន​កើត​ចេញ​ពី​ប្រទេស​មហាអំណាច​មួយ​ចំនួន​នៅ​ក្នុង​ជម្រើស​របស់​ពួក​គេ។ ច្បាប់អន្តរជាតិ​មិន​ត្រូវ​បាន​គោរព​ត្រឹមត្រូវ ហើយ​ពួក​គេ​បាន​អនុវត្តន៍​ជាប់លាប់​តែ​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ណា​ដែល​បាន​ហុច​ប្រយោជន៍​ឲ្យ​ពួក​គេ។ ខ្ញុំ​គិត​ថា ធ្វើ​របៀប​នេះ​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​វាគ្រាន់​តែ​ជា​វិធី​ជ្រើសរើស​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប៉ុណ្ណោះ។

យើង​ជឿជាក់​លើ​តម្រូវការ​ឲ្យ​មាន​សណ្តាប់ធ្នាប់​អន្តរជាតិ​មួយ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ។ គេ​ត្រូវ​គោរព​តាម​កិច្ចព្រមព្រៀង​ទាំង​អស់​ដែល​យើង​បាន​ចុះ​ហត្ថលេខា​នា​ឆ្នាំ​កន្លង​មក »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ