អានតួអត្ថបទ
អ.ស.ប.

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ជៀសសង្រ្គាមត្រជាក់ជាថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ជៀសសង្រ្គាមត្រជាក់ជាថ្មី
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឲ្យបញ្ជៀសសង្រ្គាមត្រជាក់ជាថ្មី AP - Eskinder Debebe
១៦ នាទី

មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចាំ​ឆ្នាំ​លើកទី៧៥ បាន​បើក​ធ្វើ​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​អង្គារ ទី២២ កញ្ញា​ជាមួយ​នឹង​សុន្ទរកថា​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ៊្គូទែរ។ នៅ​ក្នុង​សុន្ទរកថា លោក​អង់តូនីញ៉ូ​បាន​ផ្តោត​សំខាន់​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដែល​កំពុង​ញាំញី​ពិភពលោក​សព្វថ្ងៃ។ ប្រមុខ​អង្គការពិភពលោក​យល់​ថា ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​នៃ​កូវីដ១៩ ពិភពលោក​ត្រូវ​ការ​ឲ្យ​មាន​បទឈប់បាញ់​សកល​មួយ​ដើម្បី​បិទបញ្ចប់​ជម្លោះ​ក្តៅ​គគុក​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់ និង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​កុំ​ឲ្យ​ពិភពលោក​ធ្លាក់​ទៅ​ក្នុង​សង្រ្គាមត្រជាក់​ជា​ថ្មី។

ផ្សាយពាណិជ្ជកម្ម

មាន​ប្រសាសន៍​ត្រង់ៗ​ដោយ​មិន​លាក់លៀម លោក​អង់តូនីញ៉ូ ហ៊្គូទែរ​បាន​បរិហារ​លើ​អធិករ​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី១ និង​ទី២ ក្នុង​លោក។ លោក​អង់តូនីញ៉ូ​យល់​ថា ល្បែង​ដែល​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​កំពុង​លេង​ពេល​នេះ​ជា​ល្បែង​មួយ​ដ៏​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​នាំ​ឲ្យ​ផ្ទុះ​សង្រ្គាមត្រជាក់​ជា​ថ្មី។ " ពិភពលោក​យើង​នឹង​មិន​បណ្តោយ​ឲ្យ​អនាគត​មួយ​ដែល​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នាំ​គ្នា​បំបែកបំបាក់​ដោយ​ម្នាក់ៗ​បាន​បង្កើត​ច្បាប់​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ដាច់​ដោយឡែក​របស់​ខ្លួន ច្បាប់​អ៊ីនធ័រនែត និង​សមត្ថភាព​បញ្ញាសិប្បនិមិត្ម​រៀងៗ​ខ្លួន " នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក​អង់តូនីញ៉ូ ហ៊្គូទែរ។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូប​នេះ​ដដែល​បាន​រម្លឹក​ជា​ថ្មី​ថា លោក​ធ្លាប់​បាន​ស្នើ​តាំង​ពី​ខែ​មីនា​ឲ្យ​បិទបញ្ចប់​អធិករ​ដើម្បី​សម្រួល​ដល់​ការងារ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩។ លោក​អង់តូនីញ៉ូ​បាន​ថ្លែង​ថា ពេលវេលា​បាន​ឈាន​មក​ដល់​ហើយ​ដែល​ទាំង​អស់​គ្នា​ត្រូវ​រួម​សាមគ្គី​គ្នា​ដើម្បី​ផ្តល់​សន្ទុះ​ថ្មី​សម្រាប់​សន្តិភាព និង​ការ​ផ្សះផ្សា។ នៅ​ក្នុង​ន័យ​នេះ លោក​អង់តូនីញ៉ូ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បទឈប់បាញ់​សកល​មួយ​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០ ក្រោម​ការ​ដឹកនាំ​របស់​ក្រុមប្រឹក្សាសន្តិសុខ។ តាម​លោក​អង់តូនីញ៉ូ មាន​ប្រទេស​មួយ​ចំនួន​បាន​គាំទ្រ​គំនិត​មួយ​នេះ​របស់​លោក​តាំង​ពី​ខែ​មីនា។

យ៉ាង​ណា​ក៏​ដោយ​នៅ​លើ​សមរភូមិ​ជាក់ស្តែង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​ពី​ភាព​ចម្រើន​ទៅ​មុខ​តិចតួច ព្រោះ​មាន​ចលនា​ប្រដាប់អាវុធ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កាមេរូន កូឡុំប៊ី ហ្វីលីពីន ឬ​នៅ​កន្លែង​ផ្សេង​ទៀត​មិន​បាន​គោរព​ត្រឹមត្រូវ​នូវ​បទឈប់​បាញ់​ដែល​ខ្លួន​បាន​ប្រកាស​ទេ។ ចំណែក​ភាព​ចម្រើន​ទៅ​មុខ​ត្រូវ​បាន​លោក​អង់តូនីញ៉ូ​កត់សម្គាល់​ឃើញ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ជាមួយ​នឹង​រដ្ឋអំណាច​ថ្មី នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ជាមួយ​នឹង​ការ​ផ្តើម​កិច្ចចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​តាលីបង់ និង​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បទឈប់​បាញ់​មាន​តាំង​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នៅ​ក្នុង​តំបន់​អ៊ីដឡិប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ