អ.ស.ប.-កូវីដ១៩

អ.ស.ប.អំពាវនាវឲ្យចូលរួមជាមួយយន្តការណ៍ "Covax" ដើម្បីទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ស្មើភាព

អ.ស.ប.អំពាវនាវឲ្យចូលរួមជាមួយយន្តការណ៍ "Covax" ដើម្បីទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ស្មើភាព
អ.ស.ប.អំពាវនាវឲ្យចូលរួមជាមួយយន្តការណ៍ "Covax" ដើម្បីទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ ស្មើភាព REUTERS - Dado Ruvic

អង្គការសហប្រជាជាតិ​បាន​ប្រារព្ធ​ខួប ៧៥ឆ្នាំ​នា​ថ្ងៃ​ចន្ទ ទី២១ កញ្ញា ហើយ​នៅ​ថ្ងៃ​អង្គារ ទី២២ កញ្ញា​ជា​ថ្ងៃ​បើក​មហាសន្និបាត​លើកទី៧៥។ វិបត្តិ​កូវីដ១៩ បាន​តម្រូវ​ឲ្យ​រៀបចំ​មហាសន្និបាត​តាម​វីដេអូ​ដោយ​មាន​ការ​ចាក់​ផ្សាយ​ជា​បន្តបន្ទាប់​នូវ​សុន្ទរកថា​របស់​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​ទាំង ១៩៣ប្រទេស។ ចាប់​ផ្តើម​មុន​គេ​ក្នុង​ថ្ងៃ​អង្គារ ទី២២ កញ្ញា គឺ​សុន្ទកថា​របស់​ប្រធានាធិបតី​អាមេរិក រុស្ស៊ី ចិន បារាំង និង​អ៊ីរ៉ង់។ ដោយឡែក​នា​ឱកាស​មហាសន្និបាត​ចំ​ខួប​ទី៧៥ ពេល​នេះ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​ចូលរួម​នៅ​ក្នុង​យន្តការណ៍ "Covax" ដើម្បី​អាច​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ស្មើភាព​គ្នា។

ផ្សាយពាណិជ្ជកម្ម

មាន​បំណងប្រាថ្នា​ចំនួន​ពីរ​ជា​អាទិភាព​ដែល​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ៊្គូទែរ​ចង់​បាន ទី១ គឺ​បទឈប់បាញ់​នៅ​គ្រប់​តំបន់​ជម្លោះ​ទាំង​អស់​ក្នុង​លោក និង​ទី២ គឺ​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ សម្រាប់​ពិភពលោក​ទាំង​មូល​ដោយ​មិន​បែង​ចែក​រវាង​ប្រទេស​អ្នក​មាន និង​ប្រទេស​អ្នក​ក្រ ឬ​មួយ​ក៏​រវាង​អ្នក​មាន និង​អ្នក​ក្រ​ទេ។ នៅ​ក្នុង​ន័យ​នេះ លោក​អង់តូនីញ៉ូ ហ៊្គូទែរ​ចង់​ឃើញ​ប្រទេស​សមាជិក​ទាំង ១៩៣ប្រទេស​សន្យា​ចូលរួម​នៅ​ក្នុង​យន្តការណ៍ "Covax" ដែល​ជា​យន្តការណ៍​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ផ្តួចផ្តើម​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក។

ដំណឹង​ល្អ​ដំបូង​ប្រកាស​ដោយ​អង្គការ​សុខភាព​ពិភពលោក​នា​ថ្ងៃ​ចន្ទ ទី២១ កញ្ញា​ឲ្យ​ដឹង​ថា មាន​ប្រទេស​អ្នក​មាន​ចំនួន ៦៤ប្រទេស​បាន​ចូលរួម​នៅ​ក្នុង​យន្តការណ៍ "Covax"។ ចំណែក​ជាង ៩០ប្រទេស​ទៀត​ដែល​មាន​ចំណូល​ទាប និង​មធ្យម​នឹង​ត្រូវ​ចូលរួម​នៅ​ក្នុង​យន្តការណ៍​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​អង្គការ​សុខភាព​ពិភពលោក​នា​ពេល​ខាង​មុខ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​ដែល​អវត្តមាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​បញ្ជី​យន្តការណ៍ "Covax" គឺ​សហរដ្ឋអាមេរិក និង​ចិន។ គេ​អាច​យល់​ពី​អវត្តមាន​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​យន្តការណ៍ "Covax" ព្រោះ​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​សមាជិកភាព​របស់​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ។

តែ​គឺ​អវត្តមាន​ចិន​នៅ​ក្នុង​យន្តការណ៍ "Covax" ពេល​នេះ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង។ ភ្ញាក់ផ្អើល​ខ្លាំង​ក៏​ដោយសារ​តែ​ករណី​កូវីដ១៩ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ចិន​កាល​ពី​ដំណាច់​ខែ​ធ្នូ ឆ្នាំ ២០១៩។ យ៉ាង​ណា​ក៏​ដោយ ចិន​នៅ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ចំពោះ​យន្តការណ៍ "Covax" របស់​អង្គការ​សុខភាពពិភពលោក​ពេល​នេះ​ទេ ចូលរួម​ក៏​មិន​ថា មិន​ចូលរួម​ក៏​មិន​និយាយ​ដែរ។ ចំណែក​សម្ព័ន្ធ​វ៉ាក់សាំង​ឈ្មោះ Gavi ដែល​ជា​ដៃគូ​របស់​អង្គការ​សុខភាពពិភពលោក​សម្រាប់​យន្តការណ៍ "Covax" បាន​បញ្ជាក់​ថា ខ្លួន​កំពុង​បន្ត​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI