អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិក និងចិនបានប្រើវេទិកាមហាសន្និបាត អ.ស.ប. ដើម្បីវាយប្រហារគ្នា

សំឡេង ០៦:៤៥
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ AP
៣៦ នាទី

ថ្ងៃ​ពុធ ទី២៣ កញ្ញា​ជា​ថ្ងៃ​ទី២ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី៧៥ រៀបចំ​រយៈពេល ១សប្តាហ៍​ក្នុង​ទីក្រុង​ញូយ៉ក។ អ្វី​ជា​ការ​កត់សម្គាល់ និង​ដោយសារ​បញ្ហា​កូវីដ១៩ គ្មាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ណា​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ផ្ទាល់​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី សុន្ទរកថា​របស់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​ទាំង ១៩៣ប្រទេស​ត្រូវ​ចាក់​ផ្សាយ​ជា​បន្តបន្ទាប់​នៅ​ក្នុង​មហាសន្និបាត។ ជាក់ស្តែង​នៅ​ថ្ងៃ​អង្គារ ទី២២ កញ្ញា និង​បន្ទាប់​ពី​ការ​ឡើង​ថ្លែង​ផ្ទាល់​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ៊្គូទែរ គេ​បាន​ចាក់​ផ្សាយ​សុន្ទរកថា​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ សមភាគី​ចិន​លោក​ស៊ី ជីនពីង សមភាគី​រុស្ស៊ី​លោក​វ៉្លាឌីមៀរ ពូទីន និង​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី។ តែ​គឺ​សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ និង​ស៊ី ជីនពីង​ទេ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​ខ្លាំង និង​ខ្ចរខ្ចាយ​នៅ​ផ្ទៃក្នុង និង​នៅ​ក្រៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ។

ផ្សាយពាណិជ្ជកម្ម

មាន​សំណុំរឿង​ច្រើន​ណាស់​ដែល​សហរដ្ឋអាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ និង​ប្រទេស​ចិន​និយាយ​មិន​ចុះសម្រុង​គ្នា និង​មាន​ការ​យល់​ឃើញ​ខុស​គ្នា ទោះ​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ឬ​ពហុភាគី ទោះ​នៅ​ក្នុង​រឿង​រឿង​សេដ្ឋកិច្ច ឬ​រឿង​ភូមិសាស្រ្តនយោបាយ។ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​តែង​វាយប្រហារ​គ្នា​ដោយ​ពាក្យសម្តី និង​ចាត់​វិធានការ​ទណ្ឌកម្ម​ដាក់​គ្នា​ទៅ​វិញ ទៅ​មក ពិសេស​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម។ បន្ទាប់​មក សង្រ្គាម​ពាក្យសម្តី​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​បាន​ឡើង​កាន់​តែ​ខ្លាំង​ជុំវិញ​ជំងឺ​កូវីដ១៩ ដែល​ផ្ទុះ​ចេញ​ពី​ទីក្រុង​វូហាន ប្រទេស​ចិន។ លោក​ត្រាំ​ធ្លាប់​បាន​និយាយ​ពេញ​មាត់​ថា កូវីដ១៩ ជា​វីរុសចិន​ដែល​បង្កើត​ឡើង​ដោយ​ចិន។ ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សុន្ទរកថា​នា​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក​ត្រាំ​បាន​វាយប្រហារ​ចិន​នៅ​សឹង​គ្រប់​ផ្នែក​ទាំង​អស់ រួម​មាន​រឿង​ខ្យល់ពុល​ក្នុង​បរិយាកាស ការ​បោសសំអាត​ជនជាតិ​ភាគតិច ការ​ដោះដូរ​ពាណិជ្ជកម្ម ឬ​មួយ​ក៏​រឿង​កូវីដ១៩។

ខ្លឹមសារ​ចំនួន ១ភាគ៣ នៃ​សុន្ទរកថា​របស់​លោក​ត្រាំ​គឺ​សំដៅ​ខោកក្បាល​ចិន​តែ​ម្តង។ ជា​ថ្មី​ម្តង​ទៀត លោក​ត្រាំ​បាន​ហៅ​កូវីដ១៩ ជា​វីរុស​ចិន និង​បាន​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ចិន​ចំពោះ​រឿង​ផ្ទុះ​ជំងឺ​កូវីដ១៩។ តាម​លោក​ត្រាំ រដ្ឋាភិបាល​ចិន និង​អង្គការសុខភាពពិភពលោក​បាន​ថ្លែង​មិន​ពិត​ដែល​ថា គ្មាន​ការ​ឆ្លង​កូវីដ១៩ ពី​មនុស្ស​ទៅ​មនុស្ស​ទេ។ បន្ទាប់​មក លោក​ត្រាំ​បាន​រិះគន់​​ចំពោះ​អ្នក​ដែល​វាយប្រហារ​អាមេរិក​ក្នុង​សំណុំរឿង​អាកាសធាតុ​ដោយ​បាន​បិទភ្នែក​មើល​មិន​ឃើញ​ពី​ការ​បំពុល​បរិយាកាស​របស់​ចិន។ នៅ​ក្រោយ​ការ​ចាក់​ផ្សាយ​សុន្ទរកថា​របស់​លោក​ត្រាំ​បាន​ប៉ុន្មាន​នាទី គឺ​ជា​ការ​ចាក់​ផ្សាយ​សុន្ទរកថា​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។ លោក​ស៊ី​បាន​ឆ្លើយ​បក​នឹង​លោក​ត្រាំ​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​អាមេរិក​ថា ចិន​គ្មាន​បំណង​ចូល​ក្នុង​សង្រ្គាមត្រជាក់ និង​អំពាវនាវ​កុំ​ឲ្យ​យក​រឿង​យុទ្ធនាការ​ប្រឆាំង​នឹង​កូវីដ១៩ ធ្វើ​ជា​រឿង​នយោបាយ។

អាមេរិក​សាយភាយ​វីរុសនយោបាយ​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ

លោក​ស៊ី ជីនពីង​ហាក់​មិន​សូវ​ឆេវឆាវ និង​ហាក់​មិន​បាន​វាយ​បក​ចាស់ដៃ​ត្រង់ៗ​លើ​លោក​ត្រាំ​ទេ។ តែ​ចិន​ក៏​ហាក់​មិន​បាន​ឈរ​ឳបដៃ​ដើម្បី​ស្តាប់​ការ​វាយប្រហារ​របស់​លោក​ដូណាល់ ត្រាំ​ដើម្បី​ជា​ការ​កំសាន្ត​ដែរ។ ក្រោយ​សុន្ទកថា​របស់​លោក​ស៊ី ជីនពីង​ភ្លាម ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​លោក​ហ្សាង ជុន​ជា​អ្នក​ចេញ​មុខ​ជម្រះ​បញ្ជី​ភ្លាមភ្លែត​ជាមួយ​លោក​ដូណាល់ ត្រាំ​ដោយ​បាន​ចាត់​ទុក​ការ​ចោទ​ចិន​របស់​លោក​ត្រាំ​ថា​ជា​ការ​ចោទ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។ លោក​ហ្សាង ជុន​បាន​ថ្លែង​ថា ខណៈ​ដែល​ពិភពលោក​កំពុង​ខ្នះខ្នែង​ប្រឆាំង​នឹង​កូវីដ១៩ អាមេរិក​បែរ​ជា​កំពុង​សាយភាយ​វីរុសនយោបាយ​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ទៅ​វិញ។ តាម​លោក​ហ្សាង ជុន បើ​មាន​អ្នក​ណា​ម្នាក់​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿង​កូវីដ១៩ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​អាមេរិក​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ទុក​បណ្តោយ​ឲ្យ​មាន​ពលរដ្ឋ​អាមេរិក​ស្លាប់ ២០០ ០០០នាក់​គិត​ត្រឹម​ថ្ងៃ​អង្គារ ទី២២ កញ្ញា។

ចេញ​ពី​កូវីដ១៩  ចិន​ក៏​បាន​វាយ​បក​លើ​លោក​ដូណាល់ ត្រាំ​ក្នុង​រឿងអាកាសធាតុ។  ការ​វាយបក​ក្នុង​រឿង​អាកាសធាតុ​នេះ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក​វ៉ាង វេនប៊ីន​ដែល​ថា អាមេរិក​ជា​ឆ្អឹងទទឹង ក នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។ តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​រូប​នេះ​ដដែល ការ​ដែល​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​សំដៅ​កាត់​បន្ថយ​ការ​ចាក់​ចោល​កាបោន អាមេរិក​ខ្វះ​កាតព្វកិច្ច​របស់​ខ្លួន និង​បដិសេធ​មិន​ចាត់​វិធានការ​អប្បបរមា​ដើម្បី​ការពារ​ភពផែនដី​ទេ។

ពិភពលោក​ធ្លាក់​ក្នុង​សង្រ្គាមត្រជាក់​ជា​ថ្មី?

គេ​អាច​និយាយ​បាន​ថា ការ​ដែល​អាមេរិក និង​ចិន​បាន​យក​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​វាយប្រហារ​គ្នា​ពេល​នេះ​ជា​រូបភាព​សង្រ្គាមត្រជាក់​ថ្មី នោះ​បើ​ទោះ​បី​ជា​នៅ​មិន​ទាន់​ជា​សង្រ្គាម​នៅ​លើ​សមរភូមិ​ដោយ​មាន​ការ​ប្រើ​អាវុធ​ដាក់​គ្នា​ក៏​ដោយ។ តើ​រូបភាព​សង្រ្គាមត្រជាក់​ដោយ​ផ្លោង​សម្តី​ដាក់​គ្នា​រវាង​អាមេរិក និង​ចិន​ពេល​នេះ​អាច​នឹង​ក្លាយ​ជា​សង្រ្គាមត្រជាក់​នៅ​លើ​សមរភូមិ​ដោយ​ផ្លោង​គ្រាប់ពិត​នៅ​ថ្ងៃ​ណា​មួយ​ដែរ ឬ​ទេ?។ នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​ច្បាស់​ចំពោះ​សំណួរ​នេះ​ទេ។ តែ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​អង់តូនីញ៉ូ ហ៊្គូទែរ​បាន​សម្តែង​ក្តីបារម្ភ និង​បាន​អំពាវនាវ​ឲ្យ​ទាំង​អស់​គ្នា​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​កុំ​ពិភពលោក​ធ្លាក់​ទៅ​ក្នុង​សង្រ្គាមត្រជាក់​ជា​ថ្មី។

ក្តី​បារម្ភ និង​ការ​អំពាវនាវ​របស់​លោក​អង់តូនីញ៉ូ ហ៊្គូទែរ​យ៉ាង​ដូច​នេះ​មិនមែន​ធ្វើ​ឡើង​ដោយ​ចៃដន្យ​ទេ ព្រោះ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ពិភពលោក​សព្វថ្ងៃ​ហាក់​កំពុង​ធ្លាក់​ក្នុង​ភាព​រញ៉េរញ៉ៃ និង​គ្មាន​សណ្តាប់ធ្នាប់​ដោយ​ការ​ប្រជែង​កម្លាំង​គ្នា​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី១ និង​ទី២ ពោល​អាមេរិក និង​ចិន។ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ចាក់​ផ្សាយ​នៅ​ក្នុង​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ​អង្គារ ទី២២ កញ្ញា​ថា ពិភពលោក​សព្វថ្ងៃ​មិន​អាច​មាន​តែ​តួអង្គ​អធិករ​រវាង​អាមេរិក និង​ចិន​ទេ។ ជា​ថ្មី​ម្តង​ទៀត លោក​ម៉ាក្រុង​បាន​ឲ្យ​តម្លៃ​លើ​យន្តការពហុភាគីនិយម ហើយ​យន្តការ​ដដែល​នេះ​ក៏​ជា​ការ​ចង់​បាន​របស់​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ដែរ។ អ្វី​ដែល​ប្រទេស​ភាគច្រើន​មាន​ការ​សោកស្តាយ​ពេល​នេះ គឺ​កាយវិការ​អាត្មានិយម និង​អន្តោម័តនិយម​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ