អានតួអត្ថបទ

លោកដូណាល់ ត្រាំ​បដិសេធ​មិន​សន្យា​ផ្ទេរអំណាច​ដោយសន្តិវិធី នៅក្រោយ​ការបោះឆ្នោត

លោកដូណាល់ ត្រាំ នៅក្នុង​សន្និសីទ​កាសែត​នៅ​សេតវវិមាននៅថ្ងៃពុធទី ២៣​កញ្ញា ២០២០
លោកដូណាល់ ត្រាំ នៅក្នុង​សន្និសីទ​កាសែត​នៅ​សេតវវិមាននៅថ្ងៃពុធទី ២៣​កញ្ញា ២០២០ REUTERS - TOM BRENNER
ដោយ៖ ឈាង បុប្ផា
១៨ នាទី

លោកប្រធានាធិបតី​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​បដិសេធ មិន​សន្យា​ ផ្ទេរអំណាច​ដោយ​សន្តិវិធី នៅក្រោយ​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី ៣​វិច្ឆិកាខាងមុខ។ ជំហរ​របស់​លោកដូណាល់ ត្រាំ បាន​បណ្តាល​ឲ្យមាន​ប្រតិកម្ម​រិះគន់ មិនថា ពីខាង គូប្រជែង មកពីគណបក្ស​ប្រជាធិបតេយ្យ និងនៅក្នុង​ជួរគណបក្ស​សាធារណរដ្ឋ​របស់​លោក​ផ្ទាល់។

ផ្សាយពាណិជ្ជកម្ម

នៅ​៦សប្តាហ៍មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​បង្កើត​ភាពស្រពិចស្រពិល​ជុំវិញ ការផ្ទេរអំណាច​នៅក្រោយ​ការបោះឆ្នោត។ នៅ​ក្នុង​សន្និសីទ​កាសែត នៅ​សេតវិមាន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោកដូណាល់ ត្រាំ បាន​បដិសេធ​មិន​សន្យា​ផ្ទេរអំណាច​ដោយ​សន្តិវិធី ក្នុងករណី​លោក​ចាញ់ឆ្នោត នៅ​ថ្ងៃ​ទី​៣​វិច្ឆិកា​ខាងមុខ។

ឆ្លើយទៅនឹង​សំណួរ​របស់​អ្នកកាសែតម្នាក់​ដែលសួរ​ថា តើ​លោក​ហ៊ាន​សន្យា​ផ្ទេរអំណាច ដោយ​គ្មានអំពើហិង្សា​ដែរឬទេ នៅពេល​លោក​បរាជ័យ ចាញ់គូប្រជែង​របស់​លោក គឺ​លោកចូ បៃដិន។ លោកដូណាល់ ត្រាំ​បាន​ឆ្លើយ​វិញថា “គេ​ត្រូវរង់ចាំ​មើល​អ្វីដែល​នឹងកើតឡើង​សិន”។

ប្រធានាធិបតី ផុតអាណត្តិ លោកដូណាល់ ត្រាំ ដែល​កំពុង បាត់បង់​សំឡេង​គាំទ្រ និង​នាំមុខ​ដោយ គូប្រជែង លោកចូ​បៃដិន នៅក្នុង​ការស្ទង់មតិ​ថ្មីៗនេះ ​ធ្លាប់​មាន​មន្ទិលសង្ស័យ ពី​ភាពស្របច្បាប់​នៃ ការបោះឆ្នោត នៅថ្ងៃ​ទី ៣ វិច្ឆិកា ដែល​ភាគច្រើន​នឹង​ធ្វើឡើង តាមរយៈ ​សំបុត្រ ដោយសារ​តែ​កាលៈទេសៈ ជំងឺរាតត្បាត​កូវីដ។ លោកដូណាល់ ត្រាំ ធ្លាប់​លើកឡើង ម្តងហើយ ម្តងទៀតថា ការបោះឆ្នោត តាម​សំបុត្រ នឹង​ធ្វើ​ឲ្យ​មាន​ការបន្លំ សន្លឹកឆ្នោត។ ការលើកឡើង​របស់​លោកដូណាល់ ត្រាំ គ្មាន​មូលដ្ឋាន និង​ផ្ទុយពី​ការពិត ព្រោះថា ប្រជាជន​អាមេរិកាំង​រាប់លាន​នាក់ ជាពិសេស កងទ័ព​អាមេរិក ដែល​កំពុង​បំពេញបេសកកម្ម​នៅ​បរទេស អាច​បោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី តាមរយៈ សំបុត្រ រាប់ឆ្នាំ មកហើយ ដោយ​សុវត្ថិភាព និង​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នោះទេ។

នៅថ្ងៃ​ពុធ​ម្សិលមិញ លោកដូណាល់ ត្រាំ បាន​ថ្លែង អំពាវនាវ​ឲ្យ​គេ​លុបចោល​ការបោះឆ្នោត​តាមសំបុត្រ។ “លុបចោល​កុំ​ឲ្យមាន​សំបុត្របោះឆ្នោត នោះ​នឹង​មាន​ហើយ​សន្តិវិធី។ នឹង​គ្មានទេ ការផ្ទេរ ប៉ុន្តែ​ជា​ការបន្ត​ទៅមុខ” នេះជា​ប្រសាសន៍​របស់​ប្រធានាធិបតី​ផុតអាណត្តិ។

ប្រតិកម្ម​នឹង​ការលើកឡើង​របស់​លោកដូណាល់ ត្រាំ លោកចូ បៃដិន គូប្រជែង​មកពីគណបក្ស​ប្រជាធិបតេយ្យ​និយាយ យ៉ាងខ្លី ​ចាត់ទុក សំដី របស់​លោកដូណាល់ ត្រាំ ថា គ្មាន​ហេតុផល។ លោក Mitt Rumney សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សាធារណរដ្ឋ របស់​លោកដូណាល់ ត្រាំ ផ្ទាល់ ក៏​មិនពេញចិត្ត​នឹង​ការលើកឡើង​របស់​លោកដូណាល់ ត្រាំដែរ។ នៅក្នុង​សារTwitter លោក Rumney ដែល​ជា​អ្នកចេញមុខ​រិះគន់​លោកត្រាំ បាន​សរសេរ​ចំអក​ថា “ការផ្ទេរអំណាច​ដោយ​សន្តិវិធី ជា​មូលដ្ឋាន​គ្រឹះ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។ បើមិនអីចឹងទេ នោះ គឺជា​ប្រទេស​បេឡារុស”។

ដោយ​បដិសេធ​មិន​សន្យា​ផ្ទេរអំណាច​ដោយ​សន្តិវិធី លោកដូណាល់ ត្រាំ ថ្លែង​ចង់​ឲ្យ​តុលាការ​កំពូល​​អាមេរិក​ជា​អ្នកអារកាត់ សេចក្តី នៅក្រោយ​ថ្ងៃបោះឆ្នោត ប្រធានាធិបតី។ លោកដូណាល់ ត្រាំ សន្យា​បង្ហាញ នៅថ្ងៃ​សៅរ៍​ខាងមុខ ឈ្មោះ​បេក្ខជន​សម្រាប់​តំណែង​ចៅក្រមតុលាការ​កំពូល ដែល​នៅ​ទំនេរ​ចោល នៅក្រោយ​មរណភាព​របស់​លោកស្រី​ចៅក្រម ដែលមាននិន្នាការ​ចំរើននិយម Ruth Bader Ginsburg កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន។ លោកដូណាល់ ត្រាំ ចង់ឲ្យ​ការរើសបញ្ចូល​ចៅក្រម​អភិរក្ស​និយម ម្នាក់ទៀត នៅ​តុលាការ​កំពូល​អាមេរិក ឲ្យ​បាន​នៅមុន​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៣​វិច្ឆិកាខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ