អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតប្រធានាធិបតីអាមេរិក៖លោកដូណាល់ ត្រាំ និងលោកចូ បៃដិនជជែកដេញដោលលើកទី១ រយៈពេល ៩០នាទី Non Stop

សំឡេង ០៧:១៨
បោះឆ្នោតប្រធានាធិបតីអាមេរិក៖លោកដូណាល់ ត្រាំ និងលោកចូ បៃដិនជជែកដេញដោលលើកទី១ រយៈពេល ៩០នាទី Non Stop
បោះឆ្នោតប្រធានាធិបតីអាមេរិក៖លោកដូណាល់ ត្រាំ និងលោកចូ បៃដិនជជែកដេញដោលលើកទី១ រយៈពេល ៩០នាទី Non Stop AP
៣៧ នាទី

នៅ​សហរដ្ឋអាមេរិក វេទិកា​ជជែកដេញដោល​តាម​កញ្ចក់​ទូរទស្សន៍​លើកទី១ រវាង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្សសាធារណរដ្ឋ​លោក​ដូណាល់ ត្រាំ និង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្សប្រជាធិបតេយ្យ​លោក​ចូ បៃដិន​ចាប់​ផ្តើម​ក្នុង​ថ្ងៃ​អង្គារ ទី២៩ កញ្ញា​នៅ​ក្នុង​រដ្ឋ​អូហៃយ៉ូ។ វេទិកា​ជជែក​ដេញដោល​នេះ​រៀបចំ​ដោយ​ទូរទស្សន៍ Fox News នៅ​ក្នុង​សាល​ធំ​មួយ​ក្នុង​រដ្ឋ​អូហៃយ៉ូ។ ចំណែក​អ្នកកាសែត​ដែល​ដឹកនាំ​វេទិកា​នេះ គឺ​លោក​គ្រីស វ៉ាឡេស​ដែល​ជា​អ្នកកាសែត​ដ៏​ល្បី​នៅ​អាមេរិក និង​ដែល​ទទួល​បាន​ការ​គោរព​ពី​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​នាក់។ ការ​រៀបចំ​វេទិកា​ដេញដោល​ប្រធានាធិបតី​នេះ​ធ្វើ​ឡើង នៅ ៣៥ថ្ងៃ​មុន​ការ​រៀបចំ​បោះឆ្នោត​នៅ​ថ្ងៃទី៣ វិច្ឆិកា។ តែ​អ្វី​ជា​ការ​កត់សម្គាល់ វេទិកា​លើក​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ញាំញី​ដោយ​ជំងឺ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

វេទិកា​ជជែកដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​តាម​កញ្ចក់​ទូរទស្សន៍​នៅ​មុន​ការ​បោះឆ្នោត​បាន​រៀបចំ​តាំង​ពី ៦០ឆ្នាំ​ដែល​វេទិកា​លើកទី១ ជា​ការ​ជជែកដេញដោល​រវាង​លោក John F.Kennedy និង​លោក Richard Nixon។ ម្យ៉ាង​ទៀត វេទិកា​ជជែកដេញដោល​នេះ​ត្រូវ​រៀបចំ​ចំនួន ៤ដង គឺ ៣ដង​រវាង​បេក្ខជន​ប្រធានាធិបតី និង ១ដង​រវាង​បេក្ខជន​អនុប្រធានាធិបតី។ វេទិកា​ជជែកដេញដោល​រវាង​លោក​ត្រាំ​អាយុ ៧៤ឆ្នាំ និង​លោក​បៃដិន​អាយុ ៧៧ឆ្នាំ​លើកទី១ រៀបចំ​ក្នុង​ថ្ងៃ​អង្គារ ទី២៩ កញ្ញា និង​បន្ត​ដោយ​វេទិកា​ជជែកដេញដោល​រវាង​បេក្ខជន​អនុប្រធានាធិបតី​នៅ​ថ្ងៃទី៧ តុលា។ បន្ទាប់​មក លោក​ត្រាំ និង​លោក​បៃដិន​គ្រោង​ជជែក​ដេញដោល​គ្នា​លើកទី២ នៅ​ថ្ងៃទី១៥ តុលា និង​លើកទី៣ នៅ​ថ្ងៃទី២២ តុលា។

វេទិកា​ជជែកដេញដោល​រវាង​លោក​ត្រាំ និង​លោក​បៃដិន​លើកទី១ រៀបចំ​ដោយ​ទូរទស្សន៍ Fox Newsនៅ​ក្នុង​សាលធំ​មួយ​ស្ថិត​ក្នុង​រដ្ឋ​អូហៃយ៉ូ និង​មាន​រយៈពេល ៩០នាទី Non Stop ដោយ​គ្មាន​ការ​ឈប់​សម្រាក​ដើម្បី​ចាក់​ផ្សាយ​ពាណិជ្ជកម្ម និង​ដឹកនាំ​ដោយ​អ្នក​កាសែត​លោក​គ្រីស វ៉ាឡេស។ តាម​ធម្មតា មាន​មនុស្ស​ប្រមាណ​ជា ៩០០នាក់​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​ក្នុង​សាល​រៀបចំ​វេទិកា។ តែ​កូវីដ១៩ បាន​កម្រិត​អ្នក​ចូល​ទស្សនា​ផ្ទាល់​តែ​ពី ៨០ ទៅ ៩០នាក់ នេះ​ជា​ការ​បញ្ជាក់​របស់​លោក Frank Fahrenkopf សហប្រធាន​គណៈកម្មការ​រៀបចំ​វេទិកា​ជជែកដេញដោល​ប្រធានាធិបតី។ ទន្ទឹម​គ្នា​នេះ អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​ត្រូវ​បង្ហាញ​លទ្ធផល​តេស្តិ៍​កូវីដ១៩ អវិជ្ជមាន និង​ត្រូវ​ពាក់ម៉ាស។

ដោយឡែក ការ​ជម្រាបសួរ​ដោយ​ចាប់ដៃ ឬ​ជល់​កែងដៃ​គ្នា​ក៏​ត្រូវ​ហាម​ឃាត់ ទោះ​ជា​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ចូ បៃដិន។ អ្នក​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​មាន​តិច តែ​ចំនួន​ពលរដ្ឋ​អាមេរិក​ទស្សនា​តាម​ទូរទស្សន៍​អាច​មាន​ដល់​ទៅ​ជាង ១០០លាននាក់។ ទាក់ទង​នឹង​សន្តិសុខ ទីកន្លែង​រៀបចំ​វេទិកា​មាន​ដាក់​ពង្រាយ​ដោយ​កម្លាំង​ឆ្មាំជាតិ​យ៉ាង​ច្រើន​សម្បើម ព្រោះ​នៅ​ក្បែរ​ទីកន្លែង​រៀបចំ​វេទិកា​ក៏​អាច​មាន​បាតុកម្ម​ពី​ក្រុម​សកម្មជន​គាំទ្រ​លោក​ត្រាំ និង​លោក​បែដិន។

វេទិកា​ជជែកដេញដោល​ផ្តោត​លើ​ប្រធានបទ​ធំៗ​ចំនួន ៦

មាន​សំណុំរឿង​ធំៗ​ចំនួន ៦ ដែល​អ្នក​ដឹកនាំ​វេទិកា​លោក​គ្រីស វ៉ាឡេស​បាន​ជ្រើសរើស​សម្រាប់​ការ​ជជែក​ដេញដោល​តទល់​លើកទី១ រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ចូ បៃដិន ហើយ​សំណុំរឿង​នីមួយៗ​ត្រូវ​ប្រើ​ពេល​ជជែក​ដេញដោល​គ្នា​តែ ១៥នាទី។ អ្នក​ដឹកនាំ​វេទិកា​អាច​ឲ្យ​លោក​ត្រាំ និង​លោក​បៃដិន​និយាយ​មុន​ម្តង​ម្នាក់​ដោយ​មាន​ការ​ជជែក​ដេញដោល​គ្នា​សម្រាប់​សំណុំរឿង​នីមួយៗ។ ប្រធានបទ​ធំៗ​ចំនួន ៦ ដែល​បាន​ជ្រើសរើស​មាន​ដូច​ជា​រឿង​តុលាការកំពូល​ដោយ​ផ្តោត​លើ​ការ​តែងតាំង​លោកស្រី​អេមី ខូនី បារ៉េត​ឲ្យ​ធ្វើ​ជា​ចៅក្រម​តុលាការកំពូល​ពី​លោក​ត្រាំ និង​ដែល​លោក​ចូ បៃដិន​ចង់​ឲ្យ​ការ​តែងតាំង​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី៣ វិច្ឆិកា។

បន្ទាប់​មក​មាន​ស្ថានភាព​ជំងឺ​កូវីដ១៩ និង​ការ​គ្រប់គ្រង​ជំងឺ​មួយ​នេះ​ដែល​អាមេរិក​កំពុង​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​លោក វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​បង្ក​ឡើង​ដោយ​កូវីដ១៩ ឬ​មួយ​ក៏​ភាព​តានតឹង​ក្នុង​រឿង​ប្រកាន់​ពូជសាសន៍ តាំង​ពី​ក្រោយ​ការ​ស្លាប់​ជនជាតិ​អាមេរិក​ស្បែកខ្មៅ​លោក George Floyd។ បន្ទាប់​មក​ទៀត​ក៏​នៅ​មាន​រឿងរ៉ាវ​ទម្លាយ​ដោយ​កាសែត New York Times ដែល​បញ្ជាក់​ថា មហាសេដ្ឋី​ត្រាំ​បាន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​តែ ៧៥០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៦ ដែល​ជា​ឆ្នាំ​លោក​ជាប់​ឆ្នោត​ប្រធានាធិបតី និង​ឆ្នាំ ២០១៧។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​លោក​បៃដិន​ឌឺដង​ដាក់​លោក​ត្រាំ​ថា ក្នុង​នាម​ជា​មហាសេដ្ឋី និង​ជា​ប្រធានាធិបតី លោក​ត្រាំ​បែរ​ជា​បាន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​តិច​ជា​អ្នកពន្លត់​អគ្គីភ័យ ឬ​គ្រូបង្រៀន​ទៅ​ទៀត។

វេទិកា​ជជែកដេញដោលជា​កត្តាជួយ​ឲ្យ​អ្នក​បោះឆ្នោតធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ជម្រើសបេក្ខជន?

វេទិកា​ជជែកដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​នៅ​មុន​ការ​បោះឆ្នោត​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​បេក្ខជន​ម្នាក់ៗ។ សំខាន់​ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​ដែល​នៅ​បន្ត​អល់អែក​មិន​ដឹង​បោះឆ្នោត​ឲ្យ​លោក​ត្រាំ ឬ​លោក​បៃដិន​អាច​សម្រេចចិត្ត​ភ្លាម បន្ទាប់​ពី​បាន​ស្តាប់​ការ​ជជែកដេញដោល​គ្នា​រវាង​បេក្ខជន​ទាំង​ពីរ។ ម្យ៉ាង​ទៀត វេទិកា​របៀប​នេះ​ក៏​អាច​ជួយ​ស្រោចស្រង់​ប្រជាប្រិយភាព​របស់​បេក្ខជន​ណា​ដែល​កំពុង​ចាញ់​ប្រៀប​បេក្ខជន​គូប្រជែង​របស់​ខ្លួន​ដែរ។ វេទិកា​រវាង​លោក​ត្រាំ និង​លោក​បៃដិន​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​ត្រាំ​ហាក់​កំពុង​ទទួល​សម្ពាធ​ខ្លាំង​ជាង​លោក​បៃដិន ព្រោះ​លោក​បៃដិន​កំពុង​មាន​ប្រៀប​ជាង​លោក​ត្រាំ។ លទ្ធផល​ស្ទង់មតិ​ធ្វើ​ពី​ថ្ងៃទី២៤ ដល់​ថ្ងៃ​ទី២៧ កញ្ញា​ដោយ​សួរ​ទៅ​លើ​មនុស្ស​ចំនួន ៨០៩នាក់​ឲ្យ​ដឹង​ថា អ្នក​ចង់​បោះឆ្នោត​ឲ្យ​លោក​បៃដិន​មាន ៥០% ហើយ​អ្នក​ចង់​បោះឆ្នោត​ឲ្យ​លោក​ត្រាំ​មាន​ត្រឹម ៤៥% ប៉ុណ្ណោះ។

ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ក៏​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ពិបាក​ខ្លាំង​ដោយសារ​តែ​រយៈពេល​ចុង​ក្រោយ​នេះ លោក​មិន​ញញើត​នឹង​វាយប្រហារ​លោក​បៃដិន​ដោយ​ហៅ​លោក​បៃដិន​ជា « Sleepy Joe »ថា​លោក​បៃដិន​ជា​មនុស្សជរា​គ្មាន​សមត្ថភាព​ដឹកនាំ ឬ​មួយ​ក៏​បបួល​លោក​បៃដិន​ឲ្យ​ទៅ​ធ្វើ​តេស្តិ៍​រក​ថ្នាំ​ជំនួយ​កម្លាំង​ដោយ​លោកត្រាំ​យល់​ថា លោក​បៃដិន​ប្រហែល​ជា​បាន​ប្រើ​ថ្នាំ​ជំនួយ​កម្លាំង មុន​នឹង​ឡើង​តទល់​ជាមួយ​លោក។ តាម​លោក Frank Fahrenkopf ដែល​ជា​សហប្រធាន​គណៈកម្មការ​រៀបចំ​វេទិកា​ជជែកដេញដោល​ប្រធានាធិបតី មាន​ពលរដ្ឋ​អាមេរិក​ពី ៧០% ទៅ ៧៥% បាន​ចាត់​ទុក​វេទិកា​ជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​ជា​កត្តា​សំខាន់​នៅ​ក្នុង​ជម្រើស​បេក្ខជន​ដែល​ពួក​គេ​បោះឆ្នោត​ឲ្យ។

តែ​លោក Frank Fahrenkopf បាន​បន្ថែម​ថា វេទិកា​នេះ​មិនមែន​ជា​កត្តា​តែ​មួយ និង​សំខាន់​ជាង​គេ​ទេ ពោល​គ្រាន់​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ផ្សេង​ទៀត​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា វេទិកា​ជជែកដេញដោល​នេះ​កម្រ​ធ្វើ​ឲ្យ​អ្នក​សម្រេចចិត្ត​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​មួយ​ហើយ​ប្តូរ​ចិត្ត​វិញ​ណាស់។ មួយ​វិញ​ទៀត បេក្ខជន​ដែល​មាន​ប្រៀប​នៅ​ក្នុង​វេទិកា​ជជែកដេញដោល​នេះ​ក៏​មិន​ប្រាកដ​នឹង​អ្នក​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ