អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ឆ្លងជំងឺកូវីដ៖ តើនឹងប៉ះពាល់​យ៉ាងណា​ដល់​អាមេរិក និង​ការបោះឆ្នោត​ប្រធានាធិបតី?

សំឡេង ០៨:០៨
អ្នកនាង​Hope Hicks ទីប្រឹក្សា​ជំនិត​របស់​លោកដូណាល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូវីដ នៅមួយថ្ងៃ​មុន​លោកដូណាល់ ត្រាំ និង​ភរិយា​ធ្វើតេស្ត​ទៅ វិជ្ជមានកូវីដ។ អ្នកនាង​Hope Hicks តែងអមដំណើរ​លោកដូណាល់ ត្រាំ នៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត រហូតមក
អ្នកនាង​Hope Hicks ទីប្រឹក្សា​ជំនិត​របស់​លោកដូណាល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូវីដ នៅមួយថ្ងៃ​មុន​លោកដូណាល់ ត្រាំ និង​ភរិយា​ធ្វើតេស្ត​ទៅ វិជ្ជមានកូវីដ។ អ្នកនាង​Hope Hicks តែងអមដំណើរ​លោកដូណាល់ ត្រាំ នៅក្នុង​យុទ្ធនាការឃោសនាបោះឆ្នោត រហូតមក AFP/File
ដោយ៖ ឈាង បុប្ផា
៤៧ នាទី

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅព្រឹកថ្ងៃ​សុក្រទី​២ តុលា ​បាន​សរសេរ​ក្នុង​សារទ្វីតធ័រ ថា លោក​និង​ភរិយា បាន​ឆ្លង​ជំងឺកូវីដ នៅ​ក្រោយ​លទ្ធផល​តេស្ត​វិជ្ជមាន កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។ ភ្លាមៗ គ្រូពេទ្យ​ប្រចាំ​របស់​ប្រធានាធិបតី បាន​ចេញ​សេចក្តីថ្លែងការណ៍ ដែល​បញ្ជាក់ថា លោកដូណាល់ ត្រាំ និង​ភរិយា គឺ​លោកស្រី មេឡានៀ ត្រាំ មាន​សុខភាព​ល្អ និង​កំពុង​ធ្វើ​ចត្តាឡីស័ក​ នៅ​សេតវិមាន។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារទ្វីតធ័រ នៅព្រឹកថ្ងៃ​សុក្រ លោកដូណាល់ ត្រាំ​បាន​ប្រកាសថា តេស្តកូវីដ​របស់​លោក និង​ភរិយា​របស់លោក វិជ្ជមាន និង​កំពុងស្ថិតនៅ​ដាច់ដោយឡែក ឆ្ងាយពីគេ​ឯង នៅ​សេតវិមាន។ លោកដូណាល់ ត្រាំ ឆ្លងជំងឺ​កូវីដ នៅ​ចំពេល​លោក​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ក្នុង​កាលៈទេសៈ​ដែល​ជំងឺ​កូវីដ សម្លាប់​មនុស្ស​ប្រមាណ​២សែននាក់ និង​ឆ្លងទៅមនុស្ស ជាង ៧លាននាក់ នៅ​អាមេរិក។

ចាប់តាំង​ពីផ្ទុះជំងឺ​រាតត្បាត កូវីដ សេតវិមាន​បាន​បង្កើន​ការប្រុងប្រយ័ត្ន និង​ធ្វើតេស្តកូវីដ​ជារៀងរាល់ថ្ងៃ ទៅលើ​អ្នកដែល​ចេញចូល ធ្វើការ​ជាប់ស្និទ្ធ​ជាមួយ ប្រធានាធិបតី។ លោកដូណាល់ ត្រាំ និង​អនុប្រធានាធិបតី លោក​Mike Pence ក៏ត្រូវធ្វើតេស្ត​ជាប្រចាំដែរ។

គេ​មិនដឹងថា តើ​លោកដូណាល់ ត្រាំ និង​ភរិយា​របស់​លោក ឆ្លងជំងឺកូវីដ ពីអ្នកណា និង​តាំង​ពីពេលណា​នោះទេ។ លោកដូណាល់ ត្រាំ បានធ្វើតេស្ត​រកជំងឺកូវីដ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​ដែល ទីប្រឹក្សា​ជំនិត​របស់​លោកម្នាក់ គឺ​អ្នកនាង Hope Hicks បាន​ចាប់ចេញ​រោគសញ្ញា និង​ធ្វើតេស្ត​ទៅ​ឃើញ វិជ្ជមាន​កូវីដ។

លោកដូណាល់ ត្រាំផ្ទាល់​មិន​បាន​បញ្ជាក់ថា លោក​បាន​ឆ្លងជំងឺកូវីដ ពី​ទីប្រឹក្សា​ជំនិត​របស់​លោក គឺ​អ្នកនាង Hope Hicksនោះទេ។ ប៉ុន្តែ នៅមុន​ពេល​ចេញ​លទ្ធផល​វិជ្ជមានកូវីដ លោក​ត្រាំ បញ្ជាក់ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Fox News កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ ថា ទោះ​ជាទីប្រឹក្សា​ជំនិត​របស់​លោក គឺ​អ្នកនាង Hope Hicks ពាក់ម៉ាស​មែន ប៉ុន្តែ លោក និង​ភរិយា​របស់​លោក​បាន​ចំណាយពេល​ច្រើន​មែនទែន ជាមួយ អ្នកនាង​Hope។

សូមបញ្ជាក់ថា អ្នកនាង Hope Hicks ដែលធ្លាប់​អតីត​ប្រធាន​ទំនាក់ទំនង​របស់​សេតវិមាន បាន​រួមដំណើរ​ជាប់ជាប្រចាំ​ជាមួយ​លោកដូណាល់ ត្រាំ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ នៅ​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ អ្នក​នាង Hope Hicks ធ្វើ​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី​តាម​ជើង​ហោះហើរ Air Force One ទៅ​កាន់​រដ្ឋ​អូហៃយ៉ូ ដើម្បី​ចូល​រួម​ការ​ជជែក​ដេញ​ដោល​លើក​ទី​១ រវាង​លោកដូណាល់ ​ត្រាំ និង​លោក ចូ បៃដិន​។ នៅ​ថ្ងៃ​ពុធ នាង​និង​លោក​ប្រធានាធិបតី​បាន​រួម​ដំណើរ​ទៅធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​​រដ្ឋ​មីនីសូតា​ថែមទៀត។ ទើប​តែ​នៅថ្ងៃ​ព្រហស្បតិ៍​ដែល​នាង​ចាប់មាន​អាការៈ មិនស្រួលខ្លួន និង​ធ្វើតេស្ត​ទៅ​ឃើញ​វិជ្ជមាន​កូវីដ។

លោកដូណាល់ ត្រាំ បាន​ពន្លយ​ឲ្យ​ដឹង​ថា ទីប្រឹក្សា​ជំនិត​របស់​លោក​អាច ឆ្លងកូវីដ នៅអំឡុង​ពេល​ ឱប​ស្វាគម​ពួក​ទាហាន ​នៅពេល​ចុះ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត។

មាន​អាយុ​៧៥ឆ្នាំ លោកដូណាល់ ត្រាំ ត្រូវ​ចាត់ចូល​ក្នុង​ក្រុមមនុស្ស​ដែល​ងាយ​ប្រឈម រងគ្រោះ​ដោយសារ​ជំងឺកូវីដ។

អាយុ និង​កាយសម្បទារ សុខភាព ដើរតួ​សំខាន់​ នៅក្នុង​កាលៈទេសៈ ជំងឺ​រាតត្បាត​កូវីដ។ រហូតមកដល់​ថ្ងៃនេះ អាមេរិកមាន​មនុស្ស ស្លាប់​ដោយសារ​កូវីដ ប្រមាណ ២សែននាក់ និង​មានអ្នកឆ្លង ជាង ៧លាននាក់។ អ្នកជំងឺ ៨នាក់ ក្នុង​ចំណោម​១០​នាក់​ដែល​ស្លាប់​ដោយសារ​កូវីដ នៅអាមេរិក មានអាយុ​ចាប់ពី​៦៥ឆ្នាំ​ឡើងទៅ។

កូវីដ១៩ កាចសាហាវ វាយប្រហារ​ខ្លាំង​តែ​ទៅលើ​អ្នកដែល​មានអាយុច្រើន ហើយ​និង​អ្នកដែលមាន​ជំងឺជាប់ខ្លួន ដូចជា​ទឹកនោមផ្អែម អ្នកលើសទំងន់​ជាដើម។ នៅក្នុង​ករណី​លោកដូណាល់ ត្រាំ លោកមានអាយុ ៧៤ឆ្នាំ និង​ត្រូវ​គេចាត់ទុក​ជាមនុស្ស​លើសទំងន់ ព្រមទាំង​មាន​បញ្ហា​កាឡេស្តេរ៉ូល​កើនឡើង​ផង។ ដូច្នេះ លោក​អាច​ប្រឈមខ្លាំង​នឹង​ការវាយប្រហារ​របស់​ជំងឺ​កូវីដ។ សួរថា តើ​លោកអាច​ធ្លាក់ខ្លួន​ឈឺធ្ងន់​ដែរឬទេ? រឿងនេះ គេ​នៅមិនច្បាស់​នោះទេ។ គេ​ត្រូវរង់ចាំ មើលការវិវឌ្ឍ នៅប៉ុន្មាន​ថ្ងៃ​ទៅមុខទៀត។

លោកដូណាល់ ត្រាំ ដែល​ជាមេដឹកនាំ​របស់​ប្រទេស​មហាអំណាច​ពិភពលោក​អាច​មាន​គ្រូពេទ្យ ប្រព័ន្ធ​ព្យាបាល សំបូរបែប ដែល​មនុស្ស​ធម្មតា​មិនបានទទួល ប៉ុន្តែ ជំងឺ​កូវីដនេះ​កាចសាហាវ​សម្លាប់មនុស្ស​មិនរើស​ឋានៈ អ្នកមាន អ្នកក្រ​នោះ​ទេ។ អតីត​បេក្ខជន​ប្រធានាធិបតី ដែល​ស្និទ្ធ​លោក​លោកដូណាល់ ត្រាំ បាន​ស្លាប់​ម្នាក់ហើយ ដោយសារ​តែ ជំងឺកូវីដ។

នៅមុន​លោកដូណាល់ ត្រាំ មាន​មេដឹកនាំ​របស់​ប្រទេស​២​បាន​ធ្លាក់ខ្លួន​ឆ្លង និង​ឈឺចូល​មន្ទីពេទ្យ​ដោយសារ​កូវីដ នោះ គឺ​ប្រធានាធិបតី​ប្រេស៊ីល លោក​បុលសូណារ៉ូ ហើយ​និង​នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​បូរីស ចនសុន។ នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​មាន​បញ្ហា​លើស​ទម្ងន់​ធ្លាប់​បាន​និយាយ​សារភាព ថា លោក​វិះតែ​នឹង​ស្លាប់ ខ្លួន ដោយសារ​ជំងឺ​កូវីដ។

ក្រុមគ្រូពេទ្យរបស់​សេតវិមាន វិញ ធ្លាប់​បាន​អះអាងហើយ ការពិនិត្យ​សុខភាព​របស់​លោកដូណាល់ ត្រាំ កាលពី​១ឆ្នាំមុន បាន​បង្ហាញ​ថា លោកដូណាល់ ត្រាំ សុខភាព​ល្អរឹងមាំ។ ហើយ​ខុសពី​អ្នកផ្សេង​ដែលងាយ​នឹង​ធ្លាក់ខ្លួន​ឈឺស្លាប់ ដោយសារ​កូវីដ ប្រធានាធិបតី​អាមេរិក មាន​សេវា​ព្យាបាលដ៏​ល្អបំផុត ដោយ​គេ​មិនត្រូវ​ព្រួយ​បារម្ភនោះ​ទេ។

នៅពេល​កំពុង​ធ្វើ​ចត្តាឡីស័ក លោកដូណាល់ ត្រាំ អាច​បន្ត​ធ្វើការ នៅសេតវិមាន។ លោក​បាន​លុបចោល​បេសកកម្ម និង​ដំណើរឃោសនា​បោះឆ្នោត ជាច្រើន លើកលែង​តែ​ការប្រជុំ​តាម​វីដេអូ ដែល ផ្តោតសំខាន់​លើ​ការផ្តល់ជំនួយ​ដល់​មនុស្ស​ចាស់ នៅក្នុង​សម័យ​កូវីដ។

នៅក្នុង​ករណី ប្រធានាធិបតី ធ្លាក់ខ្លួនឈឺ​មិនអាច​ដឹកនាំ​ប្រទេស ​ច្បាប់​អាមេរិក 25 Amendment បាន​ចែងថា ការគ្រប់គ្រងប្រទេស​ត្រូវ​ធ្លាក់​ទៅលើ​អនុប្រធានាធិបតី គឺ​លោក​Mike Pence ប៉ុន្តែ បើសិន លោក​Mike Pence ធ្លាក់​ខ្លួន​ឈឺ ដែរនោះ នោះគឺ​ប្រមុខដឹកនាំ​សភាអ្នកតំណាងរាស្ត្រ លោកស្រី​Nancy Pelosi ដែល​មានសិទ្ធិ​ដឹកនាំ​អាមេរិក នៅពេល​ប្រធានាធិបតី​និង​អនុប្រធានាធិបតីខកខាន​មិនអាច​បំពេញ​កាតព្វកិច្ច​របស់ខ្លួន។

លោកដូណាល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន កូវីដ នៅ​ចំ​ពេល​កំពុង​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

នៅសល់តែ ១ខែ​ទៀត ប៉ុណ្ណោះ នឹង​មាន​ការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី។ បើសិន​លោកដូណាល់ ត្រាំ ធ្លាក់ខ្លួន ឈឺ ដោយសារ​កូវីដ នោះ ចំណោទបន្ទាប់ គឺថា តើ​លោក​នឹង​អាចចូលរួម​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ទៀត ដែរឬទេ។ នេះជា​លើកទី១ ដែល​កើតមាន រឿងបែបនេះ ក្នុង​ប្រវត្តិ​បោះឆ្នោតប្រធានាធិបតី​អាមេរិក។

ដំណឹង​ថា លោក​ដូណាល់ ត្រាំ ឆ្លងកូវីដ គឺ​បាន​ប៉ះពាល់​ខ្លាំង ដល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោកដូណាល់ ត្រាំ ហើយ​និង​នយោបាយ​របស់​លោក នៅក្នុង​រឿង​គ្រប់គ្រង​កូវីដ។ លោកដូណាល់ ត្រាំដែល​កំពុង​បាត់បង់​សំឡេងគាំទ្រ ច្រើនរួចហើយ ប្រៀបធៀប​នឹង​គូប្រជែង គឺ លោកចូ បៃដិន នឹងត្រូវ​ខាតបង់​ប្រយោជន៍ បាត់បង់​សំឡេង​គាំទ្រ ច្រើន តទៅទៀត ដោយសារ​តែ​លោក​មិន​អាច​ចុះទៅឃោសនា​បាន​តាម​កាលកំណត់។

សូមបញ្ជាក់ថា នៅក្រោយ លោកដូណាល់ ត្រាំ​ធ្វើតេស្ត មាន​ជំងឺកូវីដ ក្រុម​ឃោសនា​របស់​លោក​បាន​លុបចោល ពិធីជប់លៀង​រៃអង្គាសលុយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​និង​លុបចោល​យុទ្ធនាការ​ឃោសនា នៅ​រដ្ឋ​Florida ដែល​ត្រូវ​ធ្វើ ​នៅ​ថ្ងៃ​សុក្រនេះ។ ដោយសារ​តែ​ឆ្លង​កូវីដ លោកត្រូវ​ធ្វើ​ចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ខាតពេល ខកខាន មិន​អាច​ចុះ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជាពិសេស​នៅក្នុង​រដ្ឋ​សំខាន់​បី ដូចជា អារីហ្សូណា វីស្កូស៊ីន និង​ជាពិសេស រដ្ឋ​Florida ​ដែល​ជាអ្នកសម្រេច​ជោគវាសនា​សំឡេងឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី។ ដោយសារ​តែ​ចតា្តឡីស័ក ដល់ទៅ ១៤​ថ្ងៃ លោកដូណាល់ ត្រាំ នឹង​អាច​ខកខាន មិនអាច​ចូលរួម​ក្នុង​ការពិភាក្សា​ដេញដោល​របស់​បេក្ខជនប្រធានាធិបតី ដែលត្រូវ​រៀបចំ​ធ្វើ​នៅថ្ងៃទី​១៥​តុលា។

ឆ្លងជំងឺកូវីដ លើកនេះ នឹង​ធ្វើឲ្យ​លោក​ដូណាល់ ត្រាំ បាក់មុខ ហើយ​នឹង​ខូច​ផែនការ​នយោបាយ និង​ការអះអាង​​ទាំងអម្ប៉ាលម៉ាន​របស់​លោក ដែល​ថា ជំងឺកូវីដ​កំពុង​តែ​ជិត​សាបរលាប​ទៅវិញ នៅអាមេរិក។

លោក​ដូណាល់ ត្រាំ អរិភាព មិន​សូវ​ពាក់ម៉ាស មិន​ឲ្យ​តម្លៃ ទៅលើ​ការក្សា​គម្លាត សង្គម ដោយ​លើកទឹកចិត្ត​ឲ្យ​មនុស្ស​ចូលរួមក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោក។ អ្នកចូលរួម​គាំទ្រ​លោកភាគច្រើន គ្មាន​ពាក់ម៉ាស នៅកន្លែងជួបជុំ​ឃោសនា​របស់​លោកនោះទេ។ លោក​ដូណាល់ ត្រាំ នៅបាន​រិះគន់​អ្នកដែល​ពាក់ម៉ាស ដូចជា​លោកចូ បៃដិន ជាដើម នៅក្នុង​វេទិកា​ដេញដោល កាលពី​សប្តាហ៍មុន។ លោក​នៅបាន រិះគន់ប្រឆាំង អភិបាលរដ្ឋ​ដែល​នៅបន្ត​បិទ​សាលារៀន បិទ​ភោជនីយដ្ឋាន ដោយសារ​តែកូវីដ។

នៅពេល​លោកដូណាល់ ត្រាំ ឆ្លងកូវីដ ខ្លួនឯង ហើយ​និង​អាច​ប្រឈម ធ្លាក់ខ្លួន​ឈឺ ដោយសារ​តែ​អាយុ យ៉ាងដូច្នេះ សំដីបញ្ចុះបញ្ចូល​របស់លោកដូណាល់ ត្រាំ ទៅ​កាន់អ្នកគាំទ្រ​ដែល​ថា ជំងឺ​កូវីដ កំពុង​រលាយបាត់ទៅវិញ បាន​ក្លាយ​ជា​សំដី ដែល​សាប គ្មានន័យ គ្មាន​អ្នកស្តាប់ជឿ តទៅទៀត។

នាយករដ្ឋមន្រ្តី​អង់គ្លេស​ធ្លាប់​ធូររលុង មិនទាន់​បិទអង់គ្លេស និង​បាន​បណ្តោយ​ឲ្យ​ជំងឺកូវីដ ឆ្លងច្រើន​នៅក្នុង​ប្រទេស។ ប៉ុន្តែ នៅក្រោយ ធ្លាក់ខ្លួន ឈឺធ្ងន់ នៅមន្ទីរពេទ្យ វិះតែ​នឹង​ស្លាប់ខ្លួន លោក​បាន​ផ្លាស់ប្តូរ​ជំហរ​ទាំងស្រុង ដោយ​បាន​ត្រលប់​មក​ឲ្យ​តម្លៃ​លើ​សុខភាព ជាជាង សេដ្ឋកិច្ច តាមរយៈ ការ​ចាត់វិធានការ​តឹងរ៉ឹងបំផុត ដើម្បី​កាត់បន្ថយ​ការចម្លងជំងឺកូវីដ នៅអង់គ្លេស។ តើ​លោកដូណាល់ ត្រាំ ដែល​មិនព្រមជឿ​ការអះអាង​របស់​អ្នកវិទ្យាសាស្រ្ត មើលប្រមាថ​ជំងឺកូវីដ នឹង​អាច​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​មកវិញ ដូច​នាយករដ្ឋមន្រ្តី​អង់គ្លេស ដែរឬទេ? រឿងនេះ គេនៅចាំមើលតទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ