លោកត្រាំ និងភរិយា ឆ្លងជំងឺកូវីដ១៩
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងភរិយា ឆ្លងជំងឺកូវីដ១៩ ដោយលទ្ធផលនៃការធ្វើតេស្តន៍បង្ហាញថាវិជ្ជមាន។ នេះបើតាមការប្រកាសរបស់លោកដូណាល់ ត្រាំ តាមរយៈបណ្ដាញសង្គមធ្វីតធឺរបស់លោក នៅថ្ងៃទី០២តុលានេះ។ លោកត្រាំបញ្ជាក់បន្ថែមថា លោកនឹងចាប់ផ្ដើមដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកចាប់ពីពេលនេះតទៅ។
ចុះផ្សាយនៅថ្ងៃ៖
បើទោះបីជាមានលទ្ធផលវិជ្ជមានកូវីដ១៩ក៏ដោយ ក៏លោកត្រាំនិងភរិយានៅមានសុខភាពល្អ។ នេះជាអ្វីដែលក្រុមគ្រូពេទ្យប្រចាំសេតវិមានបញ្ជាក់ឲ្យដឹងភ្លាមៗ ដោយបានបន្ថែមទៀតថា ការធ្វើចត្តាឡីស័កសម្រាប់ប្រមុខដឹកនាំសហរដ្ឋអាមេរិករូបនេះ នឹងត្រូវធ្វើឡើងនៅក្នុងសេតវិមាន ដែលជាទីស្នាក់នៅនិងធ្វើការរបស់លោកប្រធានាធិបតីត្រាំតែម្ដង។
ប្រភពពីសេតវិមានអាមេរិកវិញ សង្កត់ធ្ងន់ថា ភារកិច្ចរបស់លោកត្រាំក្នុងដំណែងជាប្រធានាធិបតីនៅតែបន្តដដែលគ្មានការប្រែប្រួលទេ។ យ៉ាងណាក៏ដោយ សេតវិមានបានលុបចោលគម្រោងទៅកាន់រដ្ឋហ្វ្លរីដារបស់លោកត្រាំ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅល្ងាចថ្ងៃសុក្រនេះ។
គួរបញ្ជាក់ជូនដែរថា ការប្រកាសរបស់លោកត្រាំពីការឆ្លងជំងឺកូវីដ១៩នេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីទីប្រឹក្សាជំនិតរបស់លោកម្នាក់បានធ្វើតេស្តន៍ឃើញវិជ្ជមានកូវីដ១៩។ ទីប្រឹក្សាជំនិតរបស់លោកត្រាំ គឺអ្នកនាង Hope Hicks បានរួមដំណើរជាមួយលោកត្រាំជាប់ជាប្រចាំ។ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ អ្នកនាង Hope Hicks ធ្វើដំណើរជាមួយលោកប្រធានាធិបតីតាមជើងហោះហើរ Air Force One ទៅកាន់រដ្ឋអូហាយ៉ូ ដើម្បីចូលរួមការជជែកដេញដោលលើកទី១ រវាងលោកត្រាំ និងលោក បៃដិន។ មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃពុធ នាងនិងលោកប្រធានាធិបតីបានរួមដំណើរទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋមីនីសូតាថែមទៀត។
លោក ដូណាល់ ត្រាំ បានរៀបរាប់ថា ទីប្រឹក្សារបស់លោក គឺអ្នកនាង Hope Hicks បានពាក់ម៉ាសក៏ពិតមែន ប៉ុន្តែលោកនិងភរិយាបានចំណាយពេលនៅជាមួយអ្នកនាង Hope ច្រើនមែនទែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ