អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​យោធា ដើម្បី​ទទួល​ការព្យាបាល​ជម្ងឺ​កូវីដ​​១៩

សំឡេង ០៦:៥២
លោកដូណាល់ត្រាំ ដើរឡើងលើឧត្ថម្ភាគចក្រ ដើម្បីធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យទាហាន Walter Reed នៅជាយ​​ក្រុងវ៉ាស៊ីនតោន ថ្ងៃសុក្រ ទី២ តុលា ២០២០។
លោកដូណាល់ត្រាំ ដើរឡើងលើឧត្ថម្ភាគចក្រ ដើម្បីធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យទាហាន Walter Reed នៅជាយ​​ក្រុងវ៉ាស៊ីនតោន ថ្ងៃសុក្រ ទី២ តុលា ២០២០។ REUTERS - LEAH MILLIS
ដោយ៖ ម៉ម ពិសី
៣៥ នាទី

លោកប្រធានាធិបតីសហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ ព្រមទាំងភរិយា បាន​ឆ្លងជម្ងឺកូវីដ១៩។ ដំណឹងនេះ បាន​ធ្វើឲ្យ​ផ្អើលអស់ទាំងពិភពលោកទាំងមូល។ មេដឹកនាំប្រទេសជាច្រើន បានផ្ញើសារជូនពរ សូមឲ្យលោកដូណាល់ ត្រាំ និងភរិយាឆាប់ជាសះស្បើយ។ កាលពីយប់ថ្ងៃសុក្រ លោក​ដូណាល់ ត្រាំ ត្រូវបានគេបញ្ជូន​តាមឧត្ថម្ភាគចក្រ ទៅកាន់មន្ទីរពេទ្យទាហានមួយ នៅក្បែររដ្ឋធានីវ៉ាស៊ីនតោន ដើម្បីទទួលការព្យាបាល។ តើនឹងមានអ្វីកើតឡើង ក្នុងករណី​ដែល​លោក ដូណាល់ ត្រាំ ត្រូវឈឺធ្ងន់ មិនអាចបំពេញមុខតំណែងបាន? ជាងនេះទៀត គឺនៅបាំងតែមួយខែទៀតប៉ុណ្ណោះ គឺដល់ថ្ងៃបោះឆ្នោតហើយ។

ផ្សាយពាណិជ្ជកម្ម

Going well, I think! Thank you to all. LOVE!!!

យោងតាមការផ្សាយ​របស់​បណ្តាញ​ព័ត៌មានអាមេរិក គេឃើញលោកដូណាល់ ត្រាំ បាន​ដើរទៅឡើង​ឧត្ថម្ភាគចក្រ ដោយខ្លួនឯង ដើម្បី​ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Walter Reed ស្ថិតនៅជាយទីក្រុងវ៉ាស៊ីនតោន។ ពេលឡើងឧត្ថម្ភាគចក្រ លោកដូណាល់ ត្រាំ មិនបាននិយាយអ្វីទេ តែប៉ុន្មានម៉ោង ក្រោយទៅដល់មន្ទីរពេទ្យ លោក​បានបង្ហោះសារជាវីដេអូមួយ លើបណ្តាញTwitter ដោយលោកបាន​ថ្លែងអរគុណ ចំពោះសារជូនពរ ភ្លូកទឹកភ្លូកដី ពីសំណាក់ថ្នាក់ដឹកនាំប្រទេស និងស្ថាប័នអន្តរជាតិទាំងអស់​។ ក្នុងសារនោះ លោកបានអះអាងថា លោកសុខសប្បាយទេ គ្រាន់តែថាការមកពេទ្យនេះ គឺដើម្បីធានាថាអ្វីៗ នឹងមិនទៅជាធ្ងន់ធ្ងរ។ ដល់វេលាយប់ជ្រៅបន្តិច លោក​បាន​សរសេរសារមួយ​ទៀត លើTwitter ថា លោកជឿថាលោកមិនអីទេ និងអរគុណអ្នកទាំងអស់គ្នា (Going well, I think! Thank you to all. LOVE!!!)

បើផ្អែកតាម​សម្តីរបស់​​លោកស្រី Kayleigh McEnany អ្នកនាំពាក្យរបស់​លោកដូណាល់ ត្រាំ បានអះអាងថា លោកដូណាល់ ត្រាំ នឹងត្រូវសម្រាកនៅមន្ទីរពេទ្យ រយៈពេល​២ ៣ថ្ងៃ ដើម្បីឲ្យ​គ្រូពេទ្យតាមដានសុខភាពតែប៉ុណ្ណោះ ដោយវា​ជាការចាំបាច់ដែលត្រូវតែប្រុងប្រយ័ត្ន។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា លោកដូណាល់ ត្រាំ មានស្ថានភាពសុខភាព​ធម្មតា ដោយមិនត្រូវការជំនួយ​ម៉ាស៊ីនអុកស៊ីសែនទេ។ លោកស្រីបន្ថែមថា លោកដូណាល់ ត្រាំ នឹងបន្តធ្វើការ​ ដឹកនាំប្រទេស ពីមន្ទីរពេទ្យដោយផ្ទាល់តែម្តង ព្រោះនៅទៅនោះ​ មានបន្ទប់ពិសេសមួយ សម្រាប់ឲ្យ​ប្រធានាធិបតីធ្វើការ។

ដោយឡែក មុននឹងចេញទៅពេទ្យ នៅរសៀលថ្ងៃសុក្រ លោកវេជ្ជបណ្ឌិត Sean Conley ដែលជាគ្រូពេទ្យប្រចាំ​របស់​លោកដូណាល់ ត្រាំ បានលើកឡើងក្នុងន័យមួយព្រួយបារម្ភថា លោកដូណាល់ ត្រាំ ថ្វីបើនៅមាន​ស្មារតី​រឹងមាំក្តី តែលោកដូណាល់ ត្រាំ បានចុះខ្សោយកម្លាំងកាយ​។

លោកដូណាល់ ត្រាំ ទទួលថ្នាំ Remdesivir និង​សារធាតុអង់ទីក័រថ្មីមួយប្រភេទ

បើយោងតាម​ការអះអាង របស់​អ្នកនាំពាក្យ​របស់​លោកដូណាល់ ត្រាំ គឺពេលទៅដល់មន្ទីរពេទ្យ ក្រុមអ្នកជំនាញ​បានឲ្យ​លោកដូណាល់ ត្រាំ ទទួលថ្នាំប្រឆាំងមេរោគ ឈ្មោះ Remdesivir។ ប្រភពមួយទៀត ពីលោក​វេជ្ជបណ្ឌិត Sean Conley គ្រូពេទ្យ​ប្រចាំរបស់លោកដូណាល់ ត្រាំ បានអះអាងថា ក្រុមគ្រូពេទ្យ បានចាក់បញ្ចូល​ សារធាតុ​អង្គបដិធាតុ​ ឬអងទីក័រថ្មី​មួយប្រភេទ ចូលទៅក្នុងខ្លួនលោកដូណាល់ ត្រាំ។ សារធាតុអង់ទីក័រនោះ ជាសារធាតុដែលត្រូវបានស្រាវជ្រាវ​ ដោយមន្ទីរពិសោធន៍ឈ្មោះ Regeneron តែមិនទាន់ត្រូវបាន​អនុញ្ញាតិ ឲ្យ​ប្រើជាផ្លូវការ ដោយអាជ្ញាធរសុខាភិបាលនៅឡើយទេ។

ក្រោយ​លេចឮដំណឹងនេះ អ្នកជំនាញមួយចំនួន​ទៀត បានសម្តែងការព្រួយបារម្ភ ព្រោះថា ការចាក់បញ្ចូល​សារធាតុអង់ទីក័រថ្មីស្រឡាង ដែលស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ មិនទាន់បានធ្វើការសាកល្បងទ្រង់ទ្រាយធំបែបនេះ គឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់។ លោកស្រី Carla Perissinotto អ្នកជំនាញវេជ្ជសាស្ត្រម្នាក់ នៅ​សកលវិទ្យា​ល័យកាលីហ្វ័រញ៉ា បាន​លើកឡើងថា ជាធម្មតា គេមិនអាចលេងសើច​ ជាមួយ​នឹងផលអវិជ្ជមានបង្កឡើងដោយ ការចាក់បញ្ចូលអង់ទីក័រថ្មីរបៀបនេះ ជាពិសេសនោះ គឺមួយ​នឹងអ្នកជម្ងឺ ដែលមានវ័យ៧០ឆ្នាំជាង ដូចជាលោកដូណាល់ ត្រាំ។

ចុះបើលោកដូណាល់ ត្រាំ ឈឺធ្ងន់ ត្រូវបោះបង់ចោលការបោះឆ្នោត?

ស្ថានភាពសុខភាព របស់លោកដូណាល់ ត្រាំ កំពុងត្រូវគេតាមដានខ្លាំងណាស់ ព្រោះថា​ នៅបាំងតែមួយខែទៀតប៉ុណ្ណោះ ដែល​ត្រូវដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី។ តើនឹងមានអ្វីកើតឡើងទៅ ពិសី ប្រសិនបើស្ថានភាព​ជំងឺរបស់លោកដូណាល់ ត្រាំ ឈានទៅកាន់តែធ្ងន់ធ្ងរ ហើយលោកមិនអាចឈរឈ្មោះបោះឆ្នោតបាននោះ។ វាជាករណីមួយ ដែលមិនធ្លាប់កើតឡើងទាល់តែសោះ សម្រាប់​ប្រវត្តិសាស្ត្រអាមេរិក។ កាលៈទេសៈពេលនេះ គឺថាស្ថិតក្នុងភាពស្រពេចស្រពិលខ្លាំងណាស់ ហើយសហរដ្ឋអាមេរិក អាចនឹងប្រឈមនឹងវិបត្តិនយោបាយ​។

ក្នុងករណី ដែលស្ថានភាពសុខភាព​របស់​លោកដូណាល់ ត្រាំ ឈានទៅដល់ធ្ងន់ធ្ងរ ហើយមិនអាច​ឈរឈ្មោះបោះឆ្នោតបាន​ គឺគណបក្សសាធារណៈរដ្ឋ ត្រូវតែរៀបចំ ស្នើបេក្ខភាពឈរឈ្មោះម្នាក់ទៀត។ លោក Vincent Souriau ប្រវត្តិវិទូ ជំនាញសហរដ្ឋអាមេរិក បាន​ពន្យល់ថា តាមធម្មតា គណកម្មការពិសេសមួយ របស់គណបក្សសាធារណៈរដ្ឋ ដែលមាន​សមាជិក១៦៨នាក់ ៣នាក់តំណាងរដ្ឋនីមួយ​ៗរបស់សហរដ្ឋអាមេរិក​ ជាអ្នកស្នើ ​បេក្ខជនឈរឈ្មោះថ្មីម្នាក់ទៀត។ នីតិវិធីនេះ ​មិនមែនធ្វើមួយថ្ងៃបាននោះទេ គឺត្រូវចំណាយពេល​។ មួយវិញទៀត នីតិវិធីបោះឆ្នោត បានចាប់ផ្តើមជាបណ្តើរហើៗយ នៅតាមរដ្ឋខ្លះ ដោយមានការបោះឆ្នោតតាមសំបុត្រផង និងបោះឆ្នោតដោយផ្ទាល់តែម្តង​។ ដូច្នេះ សួរថា​តើ​​សន្លឹកឆ្នោតថ្មី ជាមួយនឹង​ឈ្មោះបេក្ខជនថ្មី អាចធ្វើទាន់ទេ មុនថ្ងៃទី៣ វិច្ឆិកា ដែរ ឬទេ?

ចុះបើក្នុងករណី លោកដូណាល់ ត្រាំ ជាប់ឆ្នោត តែមិនអាចបំពេញការងារបាន?

ក្នុងករណីដែលលោកដូណាល់ ត្រាំ ជាប់ឆ្នោត តែមិនអាចមានជំងឺធ្ងន់ មិនអាចបំពេញការងារបានន គឺវាស្ថិតនៅលើការសម្រេច​ របស់ក្រុមអ្នកបោះឆ្នោតតំណាង ដែលបានទទួលសម្លេងឆ្នោតដោយផ្ទាល់ ពីប្រជាជន ដែលត្រូវបោះឆ្នោតរើសមនុស្សម្នាក់ទៀត។ តាមធម្មតា ក្រុមអ្នកបោះឆ្នោតតំណាង គឺជាអ្នកសម្រេចតែងតាំងប្រធានាធិបតី ដោយយោងទៅលើលទ្ធផល​សន្លឹកឆ្នោត របស់​បេក្ខជនឈរឈ្មោះនោះ។ ក៏ប៉ុន្តែគ្មានច្បាប់ណាមួយ កំណត់ជាក់ច្បាស់ ចាប់បង្ខំថាអ្នកបោះឆ្នោតតំណាង ត្រូវតែបោះឆ្នោតតែងតាំងបេក្ខជនម្នាក់ ជាប្រធានាធិបតី បើទោះបី​ជាបេក្ខជននោះ មានជំងឺធ្វើការមិនបាន ឬក៏បានទទួលមរណៈភាពនោះទេ។

ដូច្នេះវាមានន័យថា ក្រុមអ្នកបោះឆ្នោតតំណាង អាចនឹង​បោះឆ្នោត​រើសមនុស្សម្នាក់ទៀត ឲ្យធ្វើជាប្រធានាធិបតី។ តែយ៉ាងណា សភាខុសហ្រ្កេស និងជាអ្នកឃ្លាំមើល ផ្តល់ភ្លើងខៀវបន្ថែម ថា​អាចទទួលយកបានឬមិនបាន។ វាមានន័យថា ក្នុងករណីវិបតិ្តដ៏ស្មុគស្មាញនេះ គឺគេត្រូវការជាចាំបាច់ ឲ្យ​បក្សធំៗទាំង២ ស្រុះស្រួលគ្នា លើបេក្ខជនប្រធានាធិបតីថ្មី។ បើក្នុងករណី​នៅតែមិនត្រូវគ្នា មានន័យថា បញ្ហានឹងត្រូវដាក់ទៅមុខតុលាការកំពូល។ យ៉ាងណាក៏ដោយ គ្មាននរណាហ៊ានស្រម៉ៃទេ ថាសេណារីយូទាំងអស់នេះ នឹងអាចកើតឡើងបាន ព្រោះថាបើកើតមានមែន នោះ សហរដ្ឋអាមេរិក ប្រាកដជាឈានចូលវិបត្តិនយោបាយ​ដ៏ធ្ងន់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាមហាអំណាច និង​បិតាប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ