អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ត្រាំ ថា លោកធូរស្រាលជាងមុន ប៉ុន្តែ គ្រូពេទ្យ ថា លោកនៅមិនទាន់​រួចខ្លួន​ទាំងស្រុង​នោះទេ

សំឡេង ០៨:៤៧
នៅក្នុង​វីដេអូ​ខ្លី ៤នាទី ពីមន្ទីរពេទ្យ​យោធា Walter Reed លោកដូណាល់ ត្រាំ និយាយ​ថា លោកបាន​ធូរស្រាលជាង​មុននៅថ្ងៃទី ៣​តុលា ឆ្នាំ ២០២០ បន្ទាប់ពី​បាន​ចូល​មន្ទីរពេទ្យ ដោយសារ​ឆ្លងជំងឺកូវីដ១៩
នៅក្នុង​វីដេអូ​ខ្លី ៤នាទី ពីមន្ទីរពេទ្យ​យោធា Walter Reed លោកដូណាល់ ត្រាំ និយាយ​ថា លោកបាន​ធូរស្រាលជាង​មុននៅថ្ងៃទី ៣​តុលា ឆ្នាំ ២០២០ បន្ទាប់ពី​បាន​ចូល​មន្ទីរពេទ្យ ដោយសារ​ឆ្លងជំងឺកូវីដ១៩ via REUTERS - THE WHITE HOUSE
ដោយ៖ ឈាង បុប្ផា
៤៧ នាទី

២ថ្ងៃ​ក្រោយ​ធ្វើតេស្ត​វិជ្ជមាន​កូវីដ ១៩ ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ដែល​កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ បានអះអាង កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី ៣ តុលា​ថា សុខភាព​របស់​លោក​បាន​ល្អប្រសើរ​ជាងមុន និង ចង់​ត្រលប់​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឲ្យ​បាន ដូច​ពេល​ដែល​លោក​ចាប់ផ្តើម​ពីដំបូងទី។ នៅថ្ងៃទី២ ដែលលោកដូណាល់ ត្រាំ ចូល​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​អាមេរិក​បាន​វាយតម្លៃថា លោកនៅមិនទាន់​រួចខ្លួន ផុត​នៅឡើយទេ ប៉ុន្តែ គេ​មាន​សុទិដ្ឋិនិយមច្រើន។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារវីដេអូកាលពីថ្ងៃ​សៅរ៍ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​អះអាង​ ថា លោក​គ្រាន់បើ​ឡើងវិញ​ច្រើនណាស់ បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ចូល​សម្រាក​ពេល​ដំបូង។ សុខភាព​របស់​លោក​បាន​ប្រសើរឡើង​នៅពេលនេះ ប៉ុន្តែ គេ​មិនដឹង​ថា តើ​នឹង​មាន​អ្វី​កើតឡើងទេ។ “គេ​ត្រូវរង់ចាំមើល នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខទៀត។ រយៈពេល ប៉ុន្មាន​ថ្ងៃខាងមុខ នេះ ជា​វិញ្ញាសារ ពិតៗ”។ នេះ​ជា​ប្រសាសន៍​របស់​លោកដូណាល់ ត្រាំ។ តាមគ្រូពេទ្យប្រចាំ​របស់លោកដូណាល់ ត្រាំ នៅពេល​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ លោកដូណាល់ ត្រាំ បាន​ធូរស្បើយ ប្រសើរឡើង បន្ទាប់ ពី​បាន​ទទួល​ថ្នាំ​ប្រឆាំងមេរោគ ឈ្មោះ Remdesivir សរុប ២ដូស។

នៅពេលនេះ លោកដូណាល់ ត្រាំ អាច​មាន​សុខភាព ល្អប្រសើរ បន្ទាប់​ពី​បាន ទទួល​ថ្នាំ​ប្រឆាំងមេរោគ ឈ្មោះ Remdesivir ២ដូស រួចមក។ ប៉ុន្តែ នៅ វេលា​នេះ ជា​ពេលវេលា​ដែល​មេរោគ​កូរ៉ូណា អាចគំរាមកំហែង និងគ្រោះថ្នាក់ ដល់ជីវិត គ្រប់ពេលវេលា ជាពិសេស សម្រាប់​លោកដូណាល់ ត្រាំ ដែល​មាន​អាយុ ៧៤ឆ្នាំ ជាមនុស្ស​ប្រុស និង​ជា​អ្នកដែល​មាន​រូបរាង​ធាត់ជ្រុល។

គ្រូពេទ្យ ប្រចាំ​របស់​លោកដូណាល់ ត្រាំ ក៏បញ្ជាក់ កាលពីថ្ងៃ​ម្សិលមិញដែរថា លោកដូណាល់ ត្រាំ នៅមិនទាន់​រួចខ្លួន​ផុត​ទាំងស្រុង​នោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ គ្រូពេទ្យ​មាន​សុទិដ្ឋិនិយម​ច្រើន។ បើតាម​គ្រូពេទ្យ ចាប់តាំង​ពី​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ លោកដូណាល់ ត្រាំ លែង​គ្រុនក្តៅខ្លួន ចំណែក បេះដូង ថ្លើម របស់​លោក គឺនៅដំណើរការ​ធម្មតា។ ប្រធាន​បុគ្គលិក​របស់​សេតវិមាន លោក Mark Meadows បាន​បញ្ជាក់​ដូចគ្នានេះដែរថា លោក​ដូណាល់ ត្រាំ បានល្អ​ប្រសើរ​ជាងមុនមែន បើប្រៀបធៀប​នឹង​ថ្ងៃ​សុក្រ ថ្ងៃ​ដែល​ក្រុមរបស់​លោក​ព្រួយបារម្ភ​មែនទែន ព្រោះ​លោកដូណាល់ ត្រាំ គ្រុនក្តៅខ្លួន ហើយ​អុកស៊ីសែន នៅក្នុង​ឈាម​របស់​លោក​បានធ្លាក់ថយចុះ មែនទែន នៅក្រោយ តេស្តវិជ្ជមាន​កូវីដ នៅ​ថ្ងៃ​សុក្រ។

សេតវិមាន​ជា​សម្បុក កើត​ផ្ទុះជំងឺកូវីដ១៩?

មនុស្ស​ជុំវិញ លោកដូណាល់ ត្រាំ ជាច្រើននាក់ ជាពិសេស អ្នកដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​បេក្ខជន​ចៅក្រម​តុលាការ​កំពូល នៅ​សួនច្បារ​ផ្កាកូលាប នៅ​សេតវិមាន កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ កញ្ញា ​បាន​ធ្វើតេស្តទៅ វិជ្ជមាន​កូវីដ ជាបន្តបន្ទាប់គ្នា។

រហូតមកដល់​ថ្ងៃនេះ ក្រៅតែ​ពីលោកដូណាល់​ត្រាំ និង​ភរិយា ធ្វើតេស្ត​ទៅវិជ្ជមាន​កូវីដ មានមនុស្ស​៨នាក់ ដែល​បាន​ឆ្លងជំងឺកូវីដ ១៩។ នៅក្នុង​នោះ ៥នាក់ មាន​មុខ ក្នុង​ពិធី​បង្ហាញ​បេក្ខជន ចៅក្រម​តុលាការ​កំពូល ដែលមាន​ដូចជា​សមាជិកព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ ២រូប អតីត ទីប្រឹក្សា​របស់លោកដូណាល់ ត្រាំ លោកស្រី Kellyanne Conway ប្រធាន​សកលវិទ្យាល័យ​ John Jenkins ហើយ​និង​ទីប្រឹក្សា ឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ គឺ​អតីតអភិបាលក្រុង New Jersey គឺ​លោក Chris Christie។

ករណី​ចម្លងជំងឺកូវីដ​១៩ អាច​កើតមានឡើង ​នៅក្នុង​ពិធីប្រកាស​បេក្ខជន​ចៅក្រមតុលាការ​កំពូល នៅ​សួនច្បារ ព្រោះថា អ្នកចូលរួម​ភាគច្រើន គ្មាន​ពាក់ម៉ាស និង​អង្គុយ​នៅ​ក្បែរៗ​គ្នា គ្មាន​រក្សា​គម្លាត សង្គម ទៅតាម​ការណែនាំ​របស់​អាជ្ញាធរ​សុខភាព​អាមេរិកាំង​នោះទេ។

មិនត្រឹម​តែមិនពាក់ម៉ាស នៅក្នុង​វីដេអូ​ខ្លះ គេឃើញ មនុស្ស​មួយចំនួន​ដែល​ធ្វើតេស្ត​វិជ្ជមាន​កូវីដ ដូចជា​សមាជិក​ព្រឹទ្ធសភា ទាំងពីររូប គឺ បាន​ចាប់ឱប និយាយជាមួយគេឯង យ៉ាងស្និទ្ធស្នាល ដូចជា​គ្មាន​ខ្វល់​ពី​ការឆ្លង​កូវីដ​អ្វីសោះ។

ប្រធាន​សកលវិទ្យាល័យ​ច្បាប់ លោក John Jenkins ដែល​បាន​ចូលរួម​ក្នុង​ពិធីថ្ងៃសៅរ៍ និង​​បានធ្វើ​តេស្ត​វិជ្ជមាន​កូវីដ​១៩  កាលពី​ថ្ងៃ​សុក្រ បាន​និយាយ​ការពារ​ខ្លួន​ថា អ្នកចូលរួម​ត្រូវ​បាន​ណែនាំ​មិន​ឲ្យ​ពាក់ម៉ាស ព្រោះថា នៅមុន​ដើរចូល​ទៅ​សួនច្បារ មន្រ្តី​សេតវិមាន​បាន​ធ្វើតេស្ត ពួកគេ ទៅ​ឃើញ​ថា គ្មាន​មេរោគកូរ៉ូណា​ក្នុង​ខ្លួន​នោះទេ។

ត្រាំ អ្នកជំនាញ​ខាង​សុខភាព​អាមេរិក​ធ្លាប់​បាន​ឲ្យព្រមាន​រួចហើយ ថា ​វិធីសាស្រ្ត​ធ្វើតេស្ត​កូវីដ ភ្លាមៗ ដែល​សេតវិមាន​ប្រើ​ជា​មធ្យោបាយ​សម្រាប់​បង្កា​កុំ​ឲ្យ​គេ​ចម្លង​កូវីដ​ទៅ​លោកដូណាល់ គឺ​មិន​សូវ​ជា​មាន​ប្រសិទ្ធិភាព​នោះទេ បើប្រៀបធៀប​នឹង​ការធ្វើតេស្ត ពិតប្រាកដ ដែលត្រូវ​ចំណាយពេល​យូរ ដើម្បី​រក​មេរោគកូរ៉ូណា។

មនុស្ស​៣នាក់ ផ្សេងទៀត ដែល ឆ្លងកូវីដ ដែរ ប៉ុន្តែ មិន​បាន​លេច​មុខ​នៅ​សួនច្បារ​ផ្កាកូលាប នៅ​សេតវិមាន គឺ​មាន​អ្នកនាង Hope Hicks ទីប្រឹក្សាជំនិត​របស់​លោកដូណាល់ ត្រាំ ដែល​តែងអមដំណើរ​លោកដូណាល់ ត្រាំ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មុននឹង​ចេញ​រោគសញ្ញា​កូវីដ នៅ​ថ្ងៃ​ព្រហស្បតិ៍។

ជំងឺរាតត្បាត​កូវីដ​លើកនេះ បង្ហាញ​ថា មនុស្ស ដែល​នៅជុំវិញ នៅធ្វើការ​ជិតស្និទ្ធ​លោកដូណាល់ ត្រាំ ភាគច្រើន គឺ​ឆ្លងជំងឺកូវីដ មិនថា ទីប្រឹក្សា​ជំនិត ទីប្រឹក្សា​ឃោសនា​បោះឆ្នោត និង​ប្រធាន​ក្រុមឃោសនា​បោះឆ្នោត សូម្បី​អ្នកហុចក្រដាស ឲ្យ​លោក​ដូណាល់​ត្រាំ ចុះ​ហត្ថលេខា នៅ​សេតវិមាន​ក៏ធ្វើតេស្ត វិជ្ជមាន​កូវីដដែរ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​បក្ស​សាធារណរដ្ឋ​នឹង​ដឹកនាំ​ដោយ​កូនប្រុស​របស់លោកដូណាល់ ត្រាំ និង​អនុប្រធានាធិបតី

ដូណាល់ ត្រាំ នៅ​ថ្ងៃ​សៅរ៍ម្សិលមិញ អះអាងថា លោក​សង្ឃឹម​ត្រលប់​ទៅ ធ្វើ​យុទ្ធនាការ។ នៅក្នុង​សារទ្វីតធ័រ លោកនៅ​បាន​សរសេរ​អរគុណ អ្នកគាំទ្រ​របស់លោក ដែល​បាន​ដង្ហែរក្បួន បន់ស្រន់ ឲ្យ​លោក​ឆាប់ជាសះស្បើយ​លើកនេះ។

លោកដូណាល់ ត្រាំ ឆ្លងជំងឺ​កូវីដ និង​ត្រូវ​ចូល​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​យ៉ាងដូច្នេះ គឺកំពុង​បន្ទុចបង្អាក់ ចលនា​ឃោសនា​បោះឆ្នោត របស់​លោក ដែល​ហាក់​ចាញ់​ប្រៀបរួច​ទៅហើយ ទៅនឹង​គូប្រជែង​របស់​លោក គឺ​លោក​ចូ បៃដិន​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ការដែល​លោកដូណាល់ ត្រាំ ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​តែ​កូវីដ ១៩ គឺ​ជា​ដំណឹង​អាក្រក់ សម្រាប់​ជោគវាសនា​របស់​លោកដូណាល់ ត្រាំ នៅក្នុង​ការបោះឆ្នោតប្រធានាធិបតី ដែល​នៅបាំង តែ​២៩ថ្ងៃ​ទៀត ប៉ុណ្ណោះ។ នៅពេល ក្រុមបក្ស​ប្រជាធិបតេយ្យ របស់​លោកចូ បៃដិន បន្ត​ធ្វើយុទ្ធនាការ​ឃោសនា ដោយ​ផ្តោតសំខាន់​ទៅលើ​ការពាក់ម៉ាស និងជំងឺរាតត្បាត​កូវីដ នៅខាង​ក្រុមបក្ស​សាធារណរដ្ឋវិញ យុទ្ធនាការ​ឃោសនា​បោះឆ្នោត ត្រូវ​ធ្វើ​តាម​អនឡាញ នៅ​ថ្ងៃ​ចន្ទ ទី ៥ តុលា បន្ទាប់ពី​ប្រធាន​ក្រុមឃោសនា លោក Bill Stepienក៏ឈឺ ទីប្រឹក្សា ឃោសនា​លោក Chris Christieក៏ឈឺ ប្រធាន​គណបក្ស​សាធារណរដ្ឋ លោកស្រី Ronna McDaniel ក៏ធ្វើតេស្ត​វិជ្ជមាន​កូវីដ និង​ជាពិសេស បេក្ខជន ប្រធានាធិបតី លោកដូណាល់ ត្រាំ តែម្តង ក៏កំពុង​សម្រាកនៅមន្ទីរពេទ្យ​ដោយសារ​កូវីដទៀត។

តាម​គណបក្ស​សាធារណរដ្ឋ យុទ្ធនាការឃោសនា​បោះឆ្នោត នឹងនៅ​បន្ត ដោយ ទុក​ឲ្យ​អនុប្រធានាធិបតី Mike Pence ហើយ​និង​កូនប្រុស​របស់លោកដូណាល់​ត្រាំ ជាអ្នកចេញមុខ ឃោសនា​ជំនួស។ លោក​Mike Pence នឹង​ចូលរួម​ក្នុង​វេទិកា​សួរដេញដោល ជាមួ​យបេក្ខជន​អនុប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ នៅថ្ងៃពុធ ទី ៧ តុលា។

នៅពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ត្រូវ​ប៉ះពាល់​ដោយសារ​អវត្តមាន​របស់​លោកដូណាល់ ត្រាំ ដំណើរការ​ជ្រើសតាំងអនាគត​ចៅក្រម​តុលាការ​កំពូល លោកស្រី Barrett ក៏ត្រូវ​រអាក់រអួល​ដែរ។ តាមគម្រោង គណបក្ស​សាធារណរដ្ឋ​របស់​លោកដូណាល់​ត្រាំ ដែល​មានសំឡេង​ភាគច្រើន នៅ​ព្រឹទ្ធសភា គ្រោង បោះឆ្នោត ជ្រើសតាំង លោកស្រី Barrett ជាផ្លូវការ​នៅ​ថ្ងៃ ទី ២៦​តុលា ពោល គឺ​នៅ​មួយសប្តាហ៍​មុន​ការបោះឆ្នោត​ប្រធានាធិបតី។ ប៉ុន្តែ គម្រោងការ​ប៉ុនប៉ង របស់​បក្ស​សាធារណរដ្ឋ ដើម្បី លើកបន្តុប​ចៅក្រម​អភិរក្ស​និយម នៅ​តុលាការ​កំពូល​ប្រហែល​ជា​មិនអាច​សម្រេច​តាម​ផែនការ​នោះទេ ព្រោះថា សមាជិក​ព្រឹទ្ធសភា ២រូប ដែល​ជា​សមាជិក​របស់​គណៈកម្មការ​យុត្តិធម៌ មាននាទី​សិក្សា  បេក្ខភាព​ចៅក្រម​តុលាការ​កំពូល កំពុង​ធ្វើ​ចត្តាឡីស័ក នៅក្រោយ ធ្វើតេស្ត​វិជ្ជមាន។ ប្រឈម​នឹង​ការប្រឆាំង ដាច់ខាត​ពី​បក្ស​ប្រជាធិបតេយ្យ ដែល​មិន​ឲ្យ​ចង់​ឲ្យ​មានការតែងតាំង ដោយ​ប្រថុចញ៉ុច នៅមុន​ការបោះឆ្នោត​យ៉ាងដូច្នេះ បក្ស​សាធារណរដ្ឋ នឹង​រឹតតែ​ពិបាក រកសំឡេង​គ្រប់គ្រាន់ ដើម្បី ជ្រើសតាំង លោកស្រី Barrett ជា​ចៅក្រមនៅ​តុលាការ​កំពូល​អស់មួយជីវិត។ នៅថ្ងៃ​សៅរ៍ ប្រធានក្រុមបក្សសាធារណរដ្ឋ នៅ​ព្រឹទ្ធសភា​បាន​ប្រកាស​លើកថ្ងៃ ការប្រជុំ​ទាំងអស់​របស់​ព្រឹទ្ធសភា ទៅ​ធ្វើ​នៅថ្ងៃ​ទី ១៨ តុលា ដោយសារ​បញ្ហា​កូវីដ​១៩។ ប៉ុន្តែ គណៈកម្មការ​យុត្តិធម៌ ដែល​ទទួល​បន្ទុក​ពិភាក្សា​លើ​បេក្ខភាព​របស់​លោកស្រី Barrett សម្រាប់​តំណែង​ចៅក្រមតុលាការ​កំពូលនៅតែ​អាច​ប្រព្រឹត្តទៅ​ធម្មតា។ ប៉ុន្តែ បញ្ហា​នៅត្រង់ថា គ្មាន សមាជិក​ព្រឹទ្ធសភា ៣រូប​ មកពីបក្ស​សាធារណរដ្ឋ ត្រូវ​អាក់ខាន​មិនអាច​ធ្វើការ ដោយសារ ចត្តាឡីស័ក ១៤ថ្ងៃ បន្ទាប់ពី​ធ្វើតេស្តវិជ្ជមាន កូវីដ ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ