អានតួអត្ថបទ

លោកដូណាល់ ត្រាំឆ្លងជំងឺកូវីដ៖ ពី​អ្នកធ្វេសប្រហែស​ទៅជា​វីរបុរស ប្រយុទ្ធ​យកឈ្នះ ជំងឺកូវីដ?

កំពុងមានជំងឺកូវីដ ដែល​អាច​ចម្លងទៅ​អ្នកដទៃ លោកដូណាល់ ត្រាំ​បានដោះម៉ាស ចេញ សម្រាប់​កាម៉េរ៉ា​ថតរូប​របស់​អ្នកកាសែត នៅពេល​លោកទៅដល់​សេតវិមាន ក្រោយ​ចាកចេញពី​មន្ទីរពេទ្យកាលពីថ្ងៃ​ចន្ទទី ៥​តុលា ២០២០
កំពុងមានជំងឺកូវីដ ដែល​អាច​ចម្លងទៅ​អ្នកដទៃ លោកដូណាល់ ត្រាំ​បានដោះម៉ាស ចេញ សម្រាប់​កាម៉េរ៉ា​ថតរូប​របស់​អ្នកកាសែត នៅពេល​លោកទៅដល់​សេតវិមាន ក្រោយ​ចាកចេញពី​មន្ទីរពេទ្យកាលពីថ្ងៃ​ចន្ទទី ៥​តុលា ២០២០ REUTERS - ERIN SCOTT
ដោយ៖ ឈាង បុប្ផា
៣២ នាទី

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចាកចេញពី​មន្ទីរពេទ្យ​យោធា​ កាលពី​ល្ងាច​ថ្ងៃ​ចន្ទទី​៥ តុលា បន្ទាប់​ពី​បាន​ចូលសម្រាក​ព្យាបាល អស់​៣យប់ ដោយសារ​ជំងឺកូវីដ១៩។ នៅមុន​ចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃ​ចន្ទ លោក​បាន​សរសេរ​ សារទ្វីតធ័រថា លោក​ពិតជា​គ្រាន់បើជាងមុន។ ប្រធានាធិបតី​អាមេរិក នៅបាន​អំពាវនាវ​កុំ​ឲ្យ​គេ​ខ្លាច​ជំងឺកូវីដ ព្រោះលោក​បាន​ប្រយុទ្ធយក​ឈ្នះលើ​វារួចហើយទុក​ឲ្យ​ជំងឺកូវីដ គ្រប់គ្រងជីវិតបាន។

ផ្សាយពាណិជ្ជកម្ម

នៅមុន​ចាកចេញពី​មន្ទីរពេទ្យ លោកដូណាល់ ត្រាំ បាន​សរសេរ​ថា លោក​បាន​គ្រាន់បើជាងមុន​មែនទែន និង​ថា លោក​នឹង​ត្រលប់​ទៅ​ទីលាន​ឃោសនា​បោះឆ្នោត ក្នុង​ពេល​ខាងមុខ។ នៅពេល​ទៅដល់​សេតវិមាន លោកដូណាល់ ត្រាំ នៅបាន​បង្ហោះ​វីដេអូ​មួយ​ដែល​នៅក្នុងនោះ​លោក​បាន​និយាយ​ថា សុខភាព​របស់​លោក​ល្អប្រសើរ ល្អ ជាង កាលពី​២០ឆ្នាំមុន​ទៀត។

នៅពេល​សម្រេច​ឲ្យ​លោកដូណាល់ ត្រាំ ចាកចេញពីមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​របស់​សេតវិមាន​អះអាងថា លោកត្រាំ លែង​មាន​បញ្ហា​ដកដង្ហើម និង​លែងគ្រុន​ដូចមុន។

យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ នៅមិនទាន់​រួចផុត​ពីគ្រោះថ្នាក់​ទាំងស្រុង​នោះទេ។

ប៉ុន្តែ លោកដូណាល់ ត្រាំ​អាច​ទៅ​ព្យាបាល​បន្ត​បន្ថែម នៅ​សេតវិមាន ជាទី ដែល​សេវាព្យាបាល ចំណាត់ថ្នាក់​ពិភពលោក មានគុណភាព និង​ផ្តល់​ជូន ក្នុងរយៈពេល ២៤ម៉ោង លើ​២៤ម៉ោង។

សូមបញ្ជាក់ថា នៅពេល​ចូល​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ នៅ​៤ថ្ងៃ​មកនេះ លោកដូណាល់ ត្រាំ បាន​ទទួល​ខ្យល់អុកស៊ីសែន ដល់​ទៅ ២ដង និង​ទទួលបាន​ថ្នាំព្យាបាល ជាច្រើនមុខ ដែល​ភាគច្រើន​ជាថ្នាំ ដែល​គេ​ប្រើ​សម្រាប់​ករណីអ្នកជំងឺធ្លាក់ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ដូចជា Dexamethasone ដែល​អាច​កាត់បន្ថយ​អត្រាមរណៈ​របស់​អ្នកជំងឺ ថ្នាំ ប្រឆាំង​មេរោគ Remdesivir  និង​សារធាតុ​ អងទីក័រថ្មី​មួយប្រភេទ ដែលត្រូវបានស្រាវជ្រាវ​ ដោយ​មន្ទីរ​ពិសោធន៍ឈ្មោះ Regeneron ប៉ុន្តែ ដែល​គេ​នៅមិនទាន់​បាន​ធ្វើតេស្ត​សាកល្បង ពេញលេញ និង​ទទួល​បាន​ការអនុញ្ញាតិ ឲ្យ​ប្រើជាផ្លូវការ ដោយ​អាជ្ញាធរសុខាភិបាល នៅឡើយទេ។

គ្រូពេទ្យ​របស់ប្រធានាធិបតី​បញ្ជាក់ដែរ​ថា លោកដូណាល់ ត្រាំ ត្រូវ​សម្រាក បន្ត​នៅ​សេតវិមាន ប៉ុន្មាន​ថ្ងៃ​ទៅមុខ​ទៀត មុន​នឹង​អាច​ធូរស្រាល​ចិត្ត​មែនទែន នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ។ គ្រូពេទ្យ​និយាយ​ដូច្នេះ ព្រោះគេ​នៅតែ​ព្រួយបារម្ភ​ថា ជំងឺកូវីដ អាច​រើ ធ្វើទុក្ខ និង​ត្រលប់​មក​យាយី​លោកដូណាល់ ត្រាំ គ្រប់ពេលវេលា។ លោកដូណាល់ ត្រាំ ដែល​មាន​អាយុ ៧៤ឆ្នាំ និង​មានទម្ងន់ លើសគីឡូ ងាយប្រឈម នឹង​ធ្លាក់ខ្លួន​ឈឺធ្ងន់ រហូត​ដល់​បាត់បង់ជីវិត ដោយសារ​តែជំងឺកូវីដ។

តាម​ប្រភព​មន្រ្តីពេទ្យ​អាមេរិក លោកដូណាល់​ត្រាំ មិន​ចង់​នៅ​ពេទ្យ​យូរនោះទេ ព្រោះ​វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ ជាពិសេស យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក។ ដោយ​ប្រកាស ដំណឹង​ថា លោក​ចាកចេញ​ពីមន្ទីរពេទ្យ នៅថ្ងៃ​ចន្ទ មុនទាំង​ការប្រកាស​ផ្លូវការ​របស់​ក្រុមគ្រូពេទ្យ លោកដូណាល់ ត្រាំ ចង់ យក​ដំណើរចាកចេញ​ពីមន្ទីរពេទ្យ​លើកនេះ ទៅ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​សំឡេង​ឆ្នោត​របស់​លោក។

នៅក្នុង សារ​វីដេអូ ដែល​លោក​ថត​នៅក្រោយ​ពេល​មក​ដល់​សេតវិមាន ផ្ទាល់ លោកដូណាល់ ត្រាំ បាន​និយាយ​ថា លោក​អាច​ប្រយុទ្ធយកឈ្នះ កូវីដ ដូច្នេះ ប្រជាជន​អាមេរិកាំង​ក៏អាច​ប្រយុទ្ធយកឈ្នះ​បានដែរ ព្រោះថា អាមេរិក មាន​គ្រូពេទ្យ មាន​ជំនាញ មានថ្នាំព្យាបាល ដ៏ប្រសិទ្ធិភាព ដែល​អភិវឌ្ឍ​ស្រាវជ្រាវ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក។ លោក​បានអំពាវនាវ​ឲ្យ​គេ​ដើរចេញ​ក្រៅ ទៅធ្វើការ កុំ​ឲ្យ​ជំងឺកូវីដ​នេះ គ្របសង្កត់​ជីវិត​របស់ខ្លួន​បាន។ គេ​អាច​ដើរចេញ​ក្រៅ ប៉ុន្តែ ត្រូវ​ប្រយ័ត្នប្រយែង។ លោកដូណាល់ ត្រាំ ​ថា វ៉ាក់សាំង នឹង​អាច​មាន​ក្នុង​ពេលឆាប់ៗ​ខាងមុខ។ សម្រាប់អ្នកជំនាញ​សុខភាពអាមេរិក វ៉ាក់សាំង​ប្រឆាំង​កូវីដ មិនអាច​បាន នៅមុន​ពាក់កណ្តាល​ឆ្នាំ​ក្រោយនោះទេ។

ជាថ្មី​ម្តងទៀត លោកដូណាល់ ត្រាំ នៅបាន​និយាយ​លើកសរសើរ​ខ្លួនថា លោក​ជា​មេដឹកនាំ ដែល​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់។ លោកដឹងថា គ្រោះថ្នាក់ ប៉ុន្តែ នៅ​ហ៊ានចុះ ឈរនៅជួរមុខ ក្នុង​សមរភូមិ។ គ្មានប្រធានាធិបតី​ណា​ធ្វើ​ដូចលោកនោះទេ។

ដោយ​ចាកចេញ​ពី​មន្ទីរពេទ្យ លើកនេះ លោក​ដូណាល់ ត្រាំ បាន​ចង់​បង្ហាញ​ថា លោក​ខ្លាំង អាច​យកឈ្នះ​លើ​ជំងឺ​កូវីដ។ ដូច្នេះ លោក​អាច​ជាមេដឹកនាំគំរូ ដែល​សក្តិសម​នឹង​ដឹកនាំ​អាមេរិក​បន្តទៀត។ សូម្បី ក្រុមឃោសនា​របស់​លោកដូណាល់ ត្រាំ ក៏ នៅ​បាន​យក​រឿងចូលពេទ្យ និង​ការឆ្លងជំងឺកូវីដ​របស់​លោកដូណាល់ ត្រាំ ទៅ​ប្រែក្លាយ ផ្សព្វផ្សាយ​ឃោសនា ថា ជាដំណឹងល្អដែរ។

សម្រាប់​ក្រុមឃោសនា​របស់​លោកត្រាំ លោកដូណាល់ ត្រាំ មាន​បទពិសោធន៍​បាន​ឆ្លង ជំងឺកូវីដ និង​ស្គាល់​មេរោគនេះ​ច្បាស់ណាស់ ប៉ុន្តែ លោក​ចូ បៃដិន និង​ក្រុមឃោសនា​របស់​លោកវិញ គឺ គ្មានបទពិសោធ​ឆ្លង​កូវីដ ដូចលោកដូណាល់ ត្រាំទេ ព្រោះ ពួកគេ គិតតែ​ខ្លាច ពាក់ម៉ាស និង​មិនព្រម​ចុះ​ជួប​ប្រជាជន។

ជំងឺកូវីដ​មិនបាន​ជួយ​លោកដូណាល់ ត្រាំ ឲ្យ​ផ្លាស់ប្តូរ​ជំហរ​ក្នុង​រឿងពាក់ម៉ាសនោះទេ

លោកដូណាល់ ត្រាំ​និយាយ​ថា លោក​បាន​ស្វែងយល់​ច្រើន ពីជំងឺ​កូវីដ នៅពេល​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ។ ប៉ុន្តែ គេ​មិនដឹងថា តើ​ពាក្យ​ស្គាល់​របស់លោកដូណាល់ ត្រាំ ចង់​បាន​ន័យ​ថា យ៉ាងម៉េចទេ។ លោក​ដូណាល់ ត្រាំ ដែល ប្រឆាំង​នឹង​ការពាក់ម៉ាស មើលស្រាល គ្រោះថ្នាក់​របស់​ជំងឺកូវីដ ហាក់​ដូចជា​នៅក្អេងក្អាង​ដដែល។

គេ​ដឹងហើយថា ម៉ាស ជួយ​កាត់បន្ថយ ការចម្លង​មេរោគកូរ៉ូណា ប៉ុន្តែ នៅ​ថ្ងៃ​ចន្ទម្សិលមិញ នៅពេល​ដើរឡើងជណ្តើរ នៅ ​សេតវិមាន លោក​ដូណាល់ ត្រាំ បាន​ដោះម៉ាស​ចេញពីមុខ សម្រាប់​កាម៉េរ៉ា​របស់​អ្នកកាសែត នោះបើទោះបី​ជា​លោក​កំពុង​ស្ថិតនៅក្នុង​ពេលវេលា​ដែល​អាច​ចម្លងមេរោគ ទៅ​អ្នកដទៃ​បាន​នៅឡើយ។

លោកចូ បៃដិន វិញ ដែល​ជា​គូប្រជែង​របស់​លោកដូណាល់ ត្រាំ បាន​ទាត់ចោល ការនិយាយ​ធានាអះអាង​របស់​លោកដូណាល់ ត្រាំ ដែលបានអំពាវនាវ​ឲ្យ​គេ​កុំ​ឲ្យខ្លាច ជំងឺកូវីដ និង​កុំ​បណ្តោយឲ្យ​វា​គ្រប់គ្រង​ជីវិត​ឲ្យសោះ។ សម្រាប់ លោកចូ បៃដិន លោកដូណាល់ ត្រាំ គួរនិយាយ​ពាក្យនេះ ជាមួយ គ្រួសារជាង ២សែនគ្រួសារ ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ម្នាក់ ដោយសារ​កូវីដ​១៩។

ជាថ្មី​ម្តងទៀត សារ​របស់​លោកដូណាល់ ត្រាំ អាច​ស្តាប់​បាន​តែ​សម្រាប់​អ្នកគាំទ្រ​របស់​លោក ប៉ុន្តែ សម្រាប់​ប្រជាជន​អាមេរិកាំង​ដែលមាន​សាច់ញាតិ មិត្តភក្តិ​ស្លាប់​ដោយសារ​កូវីដ គឺ​ពួកគេ​មិន​យល់​ស្រប​ជាមួយ​ប្រធានាធិបតី​ឡើយ។ លោកដូណាល់ ត្រាំបាន​ទទួលការព្យាបាល ខ្ជាប់ខ្ជួន និង​ថ្នាំ សព្វគ្រប់ ប៉ុន្តែ រឿងនេះ មិនអាច​ធ្វើទៅរួច សម្រាប់​ប្រជាជន​អាមេរិកាំង​ទូទៅនោះទេ។

លោកដូណាល់ ត្រាំចង់​ត្រលប់​ទៅឃោសនា​បោះឆ្នោត​ឲ្យបានឆាប់

គ្រូពេទ្យ​មិនបាន​បញ្ជាក់ថា តើ​លោកដូណាល់ ត្រាំ នៅតែ​អាច​ចម្លង​មេរោគ​ទៅអ្នកដទៃ ប៉ុន្តែ គ្រូពេទ្យ បាន​ស្នើ​ឲ្យ​លោក​សម្រាក ១០ថ្ងៃ ចាប់តាំង​ពីថ្ងៃ​ចេញរោគសញ្ញា (ថ្ងៃព្រហស្បតិ៍ ទី ១ តុលា)។

លោកដូណាល់ ត្រាំ និយាយ​ថា លោក​ចង់​​ទៅចូល​រួម​ក្នុង​វេទិកា​ដេញដោល​ជាមួយ​លោកចូ បៃដិន នៅថ្ងៃ ទី​១៥​តុលា នៅ​ទីក្រុង​Miami។ លោក​ដូណាល់ ត្រាំ ប្រញាប់​ចេញពីមន្ទីរពេទ្យ ដើម្បី​ទៅឃោសនាបោះឆ្នោត ដោយ​មិន​ខ្វល់​ថា លោក​អាច​ឆ្លង​ទៅ​អ្នកដទៃ ឬ អាចប្រឈម​នឹង​ជំងឺកូវីដ រើធ្វើ​ទុក្ខនោះ​ទេ។

បទពិសោធន៍​ឆ្លងជំងឺកូវីដ​លើកនេះ បង្ហាញថា ទោះលោកដូណាល់ ត្រាំ​មាន​សុខភាព​ល្អប្រសើរ ឬ​អាច​ជា ពីកូវីដ ប៉ុន្តែ គេ​ត្រូវ​ចាប់បារម្ភ​ពីសុខភាព​របស់​លោក​ទៅថ្ងៃ​អនាគត ព្រោះថា លោកដូណាល់ ត្រាំ បានទទួល​ថ្នាំ ខ្លាំងៗ ដែលអាចជះឥទ្ធិពល​អាក្រក់ ទៅថ្ងៃមុខ ហើយ​ម្យ៉ាងទៀត សួត ថ្លើម​របស់លោក ដែល​រងការវាយប្រហារ​ពីមេរោគ​នៅពេលនេះ នឹង​អាច​ចុះខ្សោយ។ តើ​ប្រជាជាន​អាមេរិក​នឹង​អាច​បោះឆ្នោត យល់ព្រម​យក​ប្រធានាធិបតី ដែល​នឹង​មានបញ្ហា​សុខភាព​ប្រចាំកាយដែរឬទេ? នេះជាអ្វី​ដែល​ប្រជាជន​ត្រូវ​សម្រេចចិត្ត នៅក្នុង​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៣​វិច្ឆិកា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ