អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូវីដ១៩

កូវីដ១៩៖ មេបញ្ជាការធំៗ​នៃ​កងទ័ព​អាេមរិក ត្រូវដាក់​ឲ្យ​ធ្វើ​ចត្តា​ឡីស័ក​

លោក Mark Esper ដើរ​ជាមួយ​លោក​អគ្គបញ្ជាការកងទ័ពអាមេរិក Mark Milley ក្នុងឱកាស​ខួប​ទី​១៩ នៃភេរវកម្មថ្ងៃទី​១១ កញ្ញា​ ២០១១ នៅមន្ទីរប៉ង់តាហ្គោន ។ មន្ទីរប៉ង់តាហ្គោន Arlington, រដ្ឋ​ Virginia ថ្ងៃទី​១១ កញ្ញា ២០២០
លោក Mark Esper ដើរ​ជាមួយ​លោក​អគ្គបញ្ជាការកងទ័ពអាមេរិក Mark Milley ក្នុងឱកាស​ខួប​ទី​១៩ នៃភេរវកម្មថ្ងៃទី​១១ កញ្ញា​ ២០១១ នៅមន្ទីរប៉ង់តាហ្គោន ។ មន្ទីរប៉ង់តាហ្គោន Arlington, រដ្ឋ​ Virginia ថ្ងៃទី​១១ កញ្ញា ២០២០ REUTERS - ERIN SCOTT
ដោយ៖ ម៉ម ពិសី
១៤ នាទី

យោងតាមប្រភព​ពីក្រសួងការពារជាតិអាមេរិក គឺមានមេបញ្ជាការធំៗ សឹងតែទាំងអស់ នៃកងទ័ពអាមេរិក ដែកត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក តាមដានការឆ្លងជំងឺកូវីដ១៩។ ការសម្រេចនេះ គឺបន្ទាប់ពីលោកអគ្គបញ្ជាការកំពូលនៃកងទ័ពអាមេរិក ព្រមទាំង​លោកមេបញ្ជាការកងទ័ពជើងទឹកម្នាក់ ត្រូវបានគេធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

លោកឧត្តមសេនីយ Charles Ray មេបញ្ជាការកងទ័ពជើងទឹក ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគជំងឺកូវីដ១៩។ នាយឧត្តមសេនីយរូបនេះ បានទៅប្រជុំនៅសេតវិមាន​ នៅថ្ងៃទី​២៧កញ្ញា ដោយមានវត្តមាន​នាយទាហានជាច្រើននាក់។

លោក Mark Milley អគ្គបញ្ជាការកំពូលនៃកងទ័ពអាមេរិក ក៏ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមាន​កូវីដ១៩ដែរ។ ក្រសួងការពារជាតិ តម្រូវឲ្យ​មេបញ្ជាការធំៗទាំងអស់ ត្រូវធ្វើចត្តាឡ័ស័ក នៅផ្ទះរៀងៗខ្លួន។ ផ្អែកតាមប្រភព​ពីមន្ត្រីមន្ទីរប៉ងតាហ្គោនម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ មេបញ្ជាការធំៗដែលត្រូវធ្វើចត្តាឡីស័កនោះ គឺមានដូចជា លោក Mark Milley អគ្គបញ្ជាការកំពូលនៃកងទ័ពអាមេរិក លោកអគ្គ​បញ្ជាការរងកងទ័ពអាមេរិក លោកមេបញ្ជាការ​កងទ័ពUS Navy មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការ​​កងទ័ពអាកាស មេបញ្ជាការកងទ័ពអវកាស មេបញ្ជាការកងរក្សាសន្តិសុខជាតិ មេបញ្ជាការកងកម្លាំងពិសេស និងលោក នាយកទីភ្នាក់ងារ​ស៊ើបការណ៍ទាហាន NSA។

ដោយឡែក លោក Mark Esper រដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលបានទៅធ្វើ​ទស្សនកិច្ចនៅតំបន់អាហ្វ្រិកខាងជើង កាលពីសប្តាហ៍កន្លងទៅនោះ គឺមិនស្ថិតក្នុងចំណោមមនុស្ស ដែលត្រូវធ្វើចត្តាឡីស័ក ខាងលើនេះទេ។

ក្រោយដំណឹងនេះ មន្ទីរប៉ង់តាហ្គោន បាន​ធានាអះអាងនៅក្នុងលិខិតប្រកាសមួយ ចេញថ្ងៃទី​៦តុលា​ថា ថ្វីបើមេបញ្ជាការធំៗ សឹងតែទាំងអស់នៃកងទ័ពអាមេរិក ត្រូវធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនក្តី តែបញ្ហានេះគឺវាមិនប៉ះពាល់ដល់ដំណើរការទូទៅ ក៏ដូចជាសមត្ថភាព​របស់​កងទ័ពអាមេរិក​ឡើយ។

មន្ត្រីជាន់ខ្ពស់នៃមន្ទីរប៉ងតាហ្គោនខ្លះ បានអះអាងថា មិនមានការគំរាមកំហែងណាមួយ​ មកលើសន្តិសុខរបស់សហរដ្ឋអាេមរិក​ទេ ក្រោយពេល​លោកដូណាល់ ត្រាំ ឆ្លងកូវីដ១៩ និងបានចូលសម្រាកពេទ្យ។

ដោយឡែក មានមតិខ្លះបានលើកឡើងថា កាលៈទេសៈបែបនេះ គឺអាចធ្វើឲ្យសត្រូវវាយឆ្មក់បាន​ដោយងាយ ព្រោះទាំងលោកប្រធានាធិបតី និងមេបញ្ជាការកងទ័ពសឹងតែទាំងអស់ រវល់តែសំងំ​នៅក្នុងផ្ទះ ហើយបារម្ភអំពីសុខភាពខ្លួនឯង។ លោក​ John Brennan អតីតប្រធានCIA បាន​និយាយ​នៅតាមវិទ្យុ NPR ថា​ក្នុងកាលៈទេសៈបែបនេះ ចិនអាចនឹងឆក់ឱកាសធ្វើអ្វីម្យ៉ាងនៅ​ហុងកុង ឬនៅក្នុង​សមុទ្រចិនខាងត្បួង។ រុស្ស៊ី និងអ៊ីរ៉ង់ ក៏អាចឆក់ឱកាស ធ្វើសកម្មភាពខ្លះដែរ។

ដូចគ្នាដែរ លោកStephen Hadley អតីតទីប្រឹក្សា​សន្តិសុខកាលជំនាន់ប្រធានាធិបតី George W.Bush បានលើកឡើងប្រាប់កាសែត Washington Post ថា គូប្រជែងនិងសត្រូវខ្លះ ​របស់​អាមេរិក អាចឆក់ឱកាស ព្រោះពេលនេះ អាមេរិកកំពុងរវល់គិតរឿងឆ្លងកូវីដ១៩ ក្នុងជួរមន្ត្រីធំៗ​។ តែយ៉ាងណាក៏ដោយ លោកជឿថា មេដឹកនាំប្រទេសខ្លះ ដូចជារុស្ស៊ី ចិន ឬអ៊ីរ៉ង់ ដឹងច្បាស់ថា បើហ៊ានឆក់ឱកាសធ្វើផ្តេសផ្តាសពេលនេះ គឺលោកដូណាល់ ត្រាំ ប្រាកដជាសំពងវិញឲ្យចាស់ដៃ។ ហើយប្រការនេះនឹងហុចផលចំណេញ ឲ្យ​លោកដូណាល់ ត្រាំ ជាក់ជាមិនខាន ព្រោះគាត់នឹងប្រើវា ដើម្បី​ជាការអូសទាញប្រជាជនអាមេរិក ឲ្យ​បោះឆ្នោតឲ្យ​លោកកាន់តែច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ