អានតួអត្ថបទ

FBI ចាប់ខ្លួន​មនុស្ស​៦នាក់ ដែល​បាន​រៀបចំផែនការ​ចាប់ជំរិត​លោកស្រី​អភិបាលរដ្ឋ​Michigan

បាតុករ​ដែលមាន​ប្រដាប់អាវុធ​ពេញខ្លួន​ចូលរួម​ក្នុង​បាតុកម្ម​ទាមទារ​ឲ្យ​អភិបាល​រដ្ឋ​Michigan ដកចោល​វិធានការ​បិទសេដ្ឋកិច្ច បិទទីក្រុងដោយសារ​តែ​វិបត្តិកូវីដ ១៩ កាលពី​ខែ​មេសា ២០២០
បាតុករ​ដែលមាន​ប្រដាប់អាវុធ​ពេញខ្លួន​ចូលរួម​ក្នុង​បាតុកម្ម​ទាមទារ​ឲ្យ​អភិបាល​រដ្ឋ​Michigan ដកចោល​វិធានការ​បិទសេដ្ឋកិច្ច បិទទីក្រុងដោយសារ​តែ​វិបត្តិកូវីដ ១៩ កាលពី​ខែ​មេសា ២០២០ AP - Paul Sancya
ដោយ៖ ឈាង បុប្ផា
៥២ នាទី

មនុស្ស​៦នាក់ ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​រៀបចំ​គម្រោងការ​ចាប់ជំរិត​អភិបាលរដ្ឋ​Michigan ដែលជាបុគ្គល​រងការរិះគន់​ខ្លាំង​ពី​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ តាម​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ​Michigan មនុស្ស​៧នាក់​ផ្សេងទៀត ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ ពី​បទ​មាន​ផែនការ​វាយលុក​វិមាន​រដ្ឋាភិបាល និង​បញ្ឆេះឲ្យ​មាន​សង្រ្គាម​ស៊ីវិល។ នៅថ្ងៃ​ព្រហស្បតិ៍ លោកស្រី Gretchen Whitmer អភិបាលរដ្ឋ​Michigan ​បាន​និយាយ​ចោទប្រកាន់ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថា ជាអ្នកសរសេរ​សារ ញុះញង់ ឲ្យ​មាន​ការស្អប់ មិនទុកចិត្ត នៅក្នុង​ចំណោម​ប្រជាជន នៅក្នុង​កាលៈទេសៈ ដែល​ប្រទេស​កំពុង​ប្រឈម​ខ្លាំង​នឹង​ជំងឺរាតត្បាត​កូវីដ ១៩។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងចំណោម​មនុស្ស​១៣​នាក់ ដែល​ប៉ូលិស​FBI ចាប់ខ្លួន កាលពីថ្ងៃ​ពុធ ក្នុងបទចោទប្រកាន់ រៀបចំ​ផែនការ ចាប់ជំរិត អភិបាល​រដ្ឋ Michigan មាន​៦នាក់ ជា​ក្រុម​ប្រដាប់អាវុធ ដែល​ស្អប់ ប្រឆាំង​រដ្ឋាភិបាល។ មនុស្ស​នៅក្នុង​ក្រុមនេះ មួយចំនួន មាននិន្នាការ​ទៅរក ក្រុមស្តាំ​និយមជ្រុល ក្រុមគាំទ្រ សាសន៍​ស្បែកស ចំណែក អ្នកខ្លះទៀត គ្រាន់តែ​ជា​ក្រុមសេរី​និយមជ្រុល ធម្មតា ដែល​មិនចូលចិត្ត​ការបញ្ជា ការដឹកនាំ​របស់​រដ្ឋាភិបាល។ឮ

ចំណែក ៧នាក់​ផ្សេងទៀត ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ផងដែរ កាលពី​ថ្ងៃ​ពុធ ជា​សមាជិក​របស់​ក្រុមជនពាល ដែល​មាន​ឈ្មោះ​ថា Wolverine Watchmen។

ប៉ូលិស សហព័ន្ធ FBI បាន​ចាប់តាមដាន​ក្រុមនេះ តាំង​ពីដើមឆ្នាំនេះ នៅបន្ទាប់​ពីសំគាល់​ឃើញ​មនុស្ស​មួយក្រុមតូច បាន​សរសេរ នៅ​លើ​បណ្តាញ​សង្គម ពី​សកម្មភាព ផ្តួលរំលំ ស្ថាប័ន​រដ្ឋាភិបាល ឬ កម្លាំង​រក្សា​សណ្តាប់ធ្នាប់ តាមរយៈ ការប្រើ​អំពើហិង្សា។

ក្នុង​រយៈពេល​ប៉ុន្មានខែ​នេះ ប៉ូលិស​FBI បាន​លួចតាមដាន​ស្តាប់ ​ចូល​មើល​ការបង្ហោះផ្សាយ របស់​ក្រុមប្រដាប់អាវុធ​នេះ នៅលើ​បណ្តាញសង្គម ក៏ដូចជា​បញ្ជូន​គិញសម្ងាត់ ឲ្យ​ចូលទៅ​លួចស្តាប់​យកការណ៍ ក្នុងក្រុម​នេះតែម្តង។

ជារួម គេ​បាន​ដឹងថា មនុស្ស​៦នាក់ បាន​រៀបចំ​ផែនការ​លម្អិត ដើម្បី ចាប់ជំរិត អភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmen ដែល​ពួកគេ​ចាត់ទុក​ជា​មេដឹកនាំផ្តាច់ការ ប្រើអំណាចជ្រុល​ហួសហេតុ។ តាមគម្រោង ពួកគេ​ចង់ចាប់ជំរិត លោកស្រី អភិបាលរដ្ឋ Michigan និងបន្ទាប់ មក គឺ ជំនុំជម្រះ កាត់ទោស លោកស្រី ពីទោស​ក្បត់ជាតិ។

តាមកំណត់ហេតុ​របស់​ប៉ូលិស FBI មនុស្ស​ទាំង​៦នាក់ មាន​ផែនការ​ចាប់ជំរិត អភិបាលរដ្ឋ Michigan ឲ្យ​បាន​មុន ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី ដែល​ត្រូវ​ធ្វើ​នៅថ្ងៃ​ទី ៣ វិច្ឆិកា​ខាងមុខ។ ពួកគេ​ចង់​ចូល​ទៅ ចាប់ជំរិត អភិបាលរដ្ឋ នៅ​វិមាន​រដ្ឋាភិបាល ក្នុង​ទីក្រុង Lansing។ ប៉ុន្តែ បើសិន​មិនបាន​សម្រេច គេ​នឹង​ចាប់លោកស្រី​អភិបាលរដ្ឋ​Michigan ដល់​ផ្ទះតែម្តង។ តាម​ប៉ូលិស​FBI ក្រុមនេះ​បាន​ទៅ​លួច​តាមមើល​ផ្ទះផ្ទាល់ខ្លួន និង​ផ្ទះ​លំហែកាយ​របស់​លោកស្រី Whitmen ដល់​ទៅ២ដង នៅ​រដូវ​ក្តៅ​កន្លងទៅ។

ដោយសារ​ពួកគេ​គ្រោងមានគ្នីគ្នា ដល់​ទៅ ២០០នាក់ ដើម្បី​ប្រតិបត្តិការ​ចាប់ជំរិត​លើកនេះ ក្រុមមេក្លោង​ទាំង​៦នាក់ បាន​ទាក់ទង​សុំជំនួយ​ពី​ក្រុមជនពាល ប្រដាប់អាវុធ ឈ្មោះ Wolverin Watchmen។ ក្រុម​ចុងក្រោយនេះ បាន​ចូលរួម រៀបចំ​ផលិត​ដបសាំង សម្រាប់​គប់​លើ​ប៉ូលិស នៅក្នុង​គម្រោង​វាយប្រហារ​និង​ចាប់ជំរិត​មន្រ្តី និង​ប៉ូលិស នៅវិមាន​រដ្ឋាភិបាល។

នៅ​ប៉ុន្មាន​ខែ​ចុងក្រោយនេះ គេ​បាន​ទិញ​កាំភ្លើងឆក់ ផលិត​គ្រាប់បែកច្នៃ និង​បាន​ហាត់សម ជាច្រើនលើក។ ការហាត់សម​ចុងក្រោយ ធ្វើឡើង​កាលពី​ចុងខែ​កញ្ញា​កន្លងទៅ។

ប៉ូលិសFBI ចូល​ចាប់ខ្លួនក្រុមប្រដាប់អាវុធ នៅមួយថ្ងៃ​មុន ដែល​ពួកគេ​គ្រោង​ទិញ គ្រាប់បែក សម្រាប់​បំផ្ទុះស្ពាន​ក្បែរផ្ទះ​អភិបាលរដ្ឋ

នៅក្នុង​បទចោទប្រកាន់ ជាផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋអាជ្ញា​ប្រចាំ​ក្រុង Michigan បានអះអាងថា មនុស្ស​៦នាក់ នឹង​ត្រូវ ជំនុំជម្រះ នៅ​តុលាការ​សហព័ន្ធ ពីបទ​រៀបចំ​ផែនការ​ចាប់ជំរិត។ ពួកគេ​អាច​ប្រឈម​នឹង​ទោស ជាប់ពន្ធនាគារ​អស់មួយជីវិត។

តាម​រដ្ឋមន្រ្តី​យុត្តិធម៌​ប្រចាំ​រដ្ឋ​Michigan លោកស្រី Dana Nessel នៅក្នុង​បទចោទប្រកាន់​ថា បាន​រៀបចំម​ផែនការ វាយប្រហារ​អគារ​រដ្ឋាភិបាល និង​ចាប់ជំរិត​មន្រ្តីរដ្ឋាភិបាល មនុស្ស​៧នាក់ផ្សេងទៀត ដែលជាសមាជិក​របស់​ក្រុមជនពាល Wolverine Watchmen ត្រូវ​ចោទប្រកាន់​ពីបទ​រំលោភ​ច្បាប់ ប្រឆាំង​ភេរវនិយម​នៅ​Michigan ជាពិសេស ក្នុង​រឿង គាំទ្រ ផ្នែកសំភារៈ សម្រាប់​សកម្មភាព​ភេរវកម្ម។ ​តាម​លោកស្រី Dana Nessel ពួកក្រុមប្រដាប់អាវុធ ទាំងនេះ ចង់​គំរាមកំហែង​ឲ្យ​មាន​អំពើហិង្សា ដើម្បី​បង្ក​ឲ្យ​មាន​សង្រ្គាមស៊ីវិល នៅទឹកដី​អាមេរិក។ មនុស្ស​ទាំង​៧នាក់ ត្រូវ​ចោទប្រកាន់ផងដែរ ពីបទ ជា​សមាជិក​របស់​ក្រុមជនពាល។ បទឧក្រិដ្ឋ ទាំងនេះ នឹង​ធ្វើ​ឲ្យ​ពួកគេ​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស ជាប់ពន្ធនាគារ ពី ២ ទៅ​២០ឆ្នាំ។

ខឹងនឹង​អភិបាលរដ្ឋ​ដែល​ចេញវិធានការ​បិទខ្ទប់​ទីក្រុង ដើម្បី​ទប់ស្កាត់ ជំងឺរាតត្បាត​កូវីដ

ក្រុមប្រដាប់អាវុធ ចង់​ចាប់ជំរិត លោកស្រី ដោយសារ​តែ​ពួកគេ​ខឹង​នឹង​លោកស្រី ដែល​បាន​វិធានការ បិទខ្ទប់​ដ៏តឹងតែង កាលពី​ខែពាក់កណ្តាល មីនា​កន្លងទៅ។ នៅពេល​ជំងឺកូវីដ បានរីករាតត្បាត​ខ្លាំង នៅ​រដ្ឋ Michigan ជាទី​ដែល​កូវីដ សម្លាប់​មនុស្ស​ជាង ២ពាន់នាក់ អភិបាលរដ្ឋ​Michigan បាន​ដើរផ្ទុយ​ពីនយោបាយ​របស់​លោកប្រធានាធិបតី​ដូណាល់ត្រាំ ដោយ​បាន​ប្រកាស​បិទសាលារៀន ហាងទំនិញ កន្លែង​ហាត់កីឡា ដើម្បី​រក្សា​គម្លាតសង្គម។

ប៉ុន្តែ វិធានការ​របស់លោកស្រី ត្រូវ​ប្រឈម​នឹង​ការរិះគន់ខ្លាំង រហូត​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង ជាញឹកញយ នៅ​មុខ វិមានរដ្ឋាភិបាល ដើម្បី​ទាមទារ​ឲ្យ​អភិបាលរដ្ឋ ដកចោល​វិញ វិធានការ​បិទទីក្រុង។ នៅលើ​ស្លាក​បដា​ខ្លះ បាតុករ​បាន​ចាត់ទុក​លោកស្រី អភិបាលរដ្ឋ Michigan ជា​ហ៊ីត្លែ មេដឹកនាំ​ផ្តាច់ការ។ បាតុកម្ម​ភាគច្រើន ចូលរួម​ដោយ​មនុស្សប្រុស ដែល​មាន​បំពាក់​អាវុធ ពេញខ្លួន។ តាម​រដ្ឋអាជ្ញា​Michigan មនុស្ស​២នាក់ ដែល​ត្រូវ​បានចាប់ខ្លួន​កាលពី​ថ្ងៃ ពុធ ធ្លាប់​លេច​មុខ នៅក្នុង បាតុកម្ម​ប្រឆាំង​នឹង​ការបិទទីក្រុង នាពេល​កន្លងទៅ។

តើលោកដូណាល់ ត្រាំ មក​ជាប់ពាក់ព័ន្ធ​អ្វីដែរ​នឹងគម្រោងផែនការ​ចាប់ជំរិត អភិបាលរដ្ឋ​Michigan ?

លោកស្រី Gretchen Whitmer អភិបាល​រដ្ឋ Michigan និង​អភិបាលរដ្ឋផ្សេងទៀត មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​រងផ្ទាំងស៊ីប​រិះគន់​របស់​លោកដូណាល់ ត្រាំ ដោយសារ​តែ​នយោបាយ​គ្រប់គ្រង​វិបត្តិ​កូវីដ។

នៅក្រោយ​ផ្ទុះ​មាន​បាតុកម្មប្រឆាំង វិធានការ បិទខ្ទប់​ទីក្រុង នៅ​រដ្ឋ​Michigan កាលពី​ពាក់កណ្តាល​ខែ​មីនា លោកដូណាល់ ត្រាំ បាន​សរសេរ សារទ្វីតធ័រ ថា ឲ្យ​គេ​រំដោះ Michigan។ “LIBERATE MICHIGAN”។ ១៣​ថ្ងៃ​ក្រោយ​សារ​បង្ហោះ របស់​លោកដូណាល់ ត្រាំ បាតុករ ដែល​មាន​ប្រដាប់អាវុធ ពេញខ្លួន បានសម្រុកចូល​ក្នុង​វិមានរដ្ឋាភិបាល នៅ​ទីក្រុងLansing។

សម្រាប់ លោកចូ បៃដិន បេក្ខជន​ប្រជែង​របស់​លោកដូណាល់ ត្រាំ តាមរយៈ សារ​អំពាវនាវ​ឲ្យ​រំដោះ Michigan ​លោកដូណាល់ត្រាំ បាន​លើកទឹកចិត្ត ក្រុមប្រដាប់អាវុធ ស្តាំនិយមជ្រុល។

នៅ​ថ្ងៃ​ម្សិលមិញ លោកដូណាល់ ត្រាំ មិនបាន​បង្ហាញ​សមាន​ចិត្ត​ដល់​លោកស្រី Whitmer ដែលអាច​រងគ្រោះ​ដោយសារ​ផែនការ​ចាប់ជំរិតនោះទេ។ ផ្ទុយទៅវិញ លោក​នៅ​បាន​រិះគន់​លោកស្រីទៀតថា បានធ្វើការងារ​ដ៏អាក្រក់​បំផុត។ សម្រាប់​លោកដូណាល់ ត្រាំ លោកស្រី អភិបាលរដ្ឋ​Michigan មិនត្រឹម​តែ​មិនអរគុណ លោក នៅក្រោយ​ប៉ូលិស​ចាប់បាន​ក្រុមដែលប៉ុនប៉ង​ចាប់ជំរិត​លោកស្រីទេ លោកស្រី​នៅ​ចោទលោកថា ជា​មេដឹកនាំ​របស់​ក្រុមគាំទ្រ​សាសន៍​ស្បែកស​ទៀត។

នៅក្នុង​សន្និសីទកាសែត នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ លោកស្រី អភិបាល​រដ្ឋ​មិនបាន​ប្រើពាក្យចំៗថា លោកដូណាល់ ត្រាំ ជា​មេដឹកនាំ​ក្រុមគាំទ្រ សាសន៍ស្បែកស​នោះទេ។ ប៉ុន្តែ លោកស្រី បាន​ចោទប្រកាន់លោកដូណាល់ ត្រាំ ថា បានលើកទឹកចិត្ត​ក្រុមជ្រុលនិយម ដូចជា​ក្រុមជនពាល Wolverin Watchmen តាមរយៈ ការបដិសេធ មិន​ថ្កោលទោស ក្រុមគាំទ្រ​ស្បែកស នៅក្នុង​វេទិកា​ដេញដោល​បេក្ខជន​ប្រធានាធិបតី កាលពី​ចុងខែ​កញ្ញា​កន្លងទៅ។ សម្រាប់​អភិបាលរដ្ឋ Michigan នៅពេល មេដឹកនាំ​មួយ បានជួប លើកទឹកចិត្ត និង​បង្ហាញ មេត្រីភាព​ជាមួយពួកភេរវជន​ក្នុង​ស្រុក នោះ មានន័យថា​មេដឹកនាំ​រូបនោះ កំពុង​តែ ផ្តល់​ភាពស្របច្បាប់ ដល់​សកម្មភាព​របស់​ក្រុមភេរវនិយម និង​បាន​ចូលរួម​ឃុបឃិត ដោយ​ប្រាកដ។

លោកដូណាល់ ត្រាំ វិញ ជាថ្មី​ម្តងទៀត មិន​បាន​ថ្កោលទោសផែនការ​របស់ ក្រុមប្រដាប់អាវុធ ទាំង ១៣​នាក់ ដែលត្រូវ​ប៉ូលិសចាប់ខ្លួន កាលពី​ថ្ងៃ​ពុធទេ។ ផ្ទុយទៅវិញ លោក​បាន​ចោទប្រកាន់ លោកចូ បៃដិន ថា ធូររលុង មិន​ថ្កោលទោស ក្រុមឆ្វេងនិយមជ្រុល ដែល បាន​ដុត ហាង ដុត​រថយន្ត ក្នុង​ពេល​មាន​បាតុកម្ម ប្រឆាំង​នឹង​ការរើសអើងពូជសាសន៍​របស់​ប៉ូលិស នាពេល​កន្លងទៅ។ ស្ថានភាព​រញ៉េរញ៉ៃ និងការបែកបាក់​គ្នា ក្នុង​សង្គម​អាមេរិកាំង នៅ​មួយរយៈ​ចុងក្រោយនេះ កំពុង​ផ្តល់​កម្លាំង​ដល់​ក្រុមនិយមជ្រុល​នៅ​ទឹកដី​អាមេរិក។ នៅក្នុង​កំណត់ចំណាំមួយ ក្នុង​របាយការណ៍​សន្តិសុខផ្ទៃក្នុង អាជ្ញាធរ​អាមេរិក​បាន​ព្រមាន ពី​ការគំរាមកំហែង​របស់​ក្រុមជ្រុលនិយម ហិង្សា ដែល​កំពុង​កើនឡើង កម្លាំង នៅ​ទឹកដី​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ