សហរដ្ឋ​អាមេរិក-ចារកិច្ច

អាមេរិក​កាត់​ទោស​ជន​សិង្ហបុរី​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​១៤ខែ​ពីបទ​ធ្វើ​ចារកិច្ច​ឱ្យ​ចិន

តុលាការ​ក្រុង​វ៉ាស៊ីនតោន បានកាត់​ទោស នៅ​ថ្ងៃសុក្រ​ទី ៩ តុលា ២០២០ ​ដាក់​ទោស​ Jun Wei Yeoហៅ ឌីកសាន់ យៀ Dickson Yeo ជនជាតិ​សិង្ហបុរី ឱ្យ​ជាប់ពន្ធនាគារ​ ១៤​ខែ ពី​បទ​បានធ្វើ​ឱ្យ​ចារកិច្ច​នៅ​លើ​ទឹក​ដី​អាមេរិក បម្រើ​ប្រយោជន៍​​ចិន។ ​Jun Wei Yeo បានសារភាពនិង​ទទួល​កំហុស​ នៅ​ចំពោះ​មុខ​តុលាការកាលពី​ខែ​កក្កដា ២០២០ កន្លង​ទៅ​ថ្មីៗនេះ។ ទោស​កំហុសធ្វើ​ចារកិច្ច​​បែប​នេះ​អាច​នឹង​ត្រូវ​តុលាការ​ផ្តន្ទទោស ដាក់ពន្ធនាគារ​ដល់ទៅ​១០​ឆ្នាំ​ឯណោះ។ ចុះហេតុអ្វី​ជន​សិង្ហបុរី​ ទទួល​ទោស​ស្រាលដូច្នេះ ?

អាមេរិក​កាត់​ទោស​ដាក់ពន្ធនាគារជនជាតិ​សិង្ហបុរី​ម្នាក់ ពី​បទ​ធ្វើ​ចារកិច្ច​ឱ្យ​ចិន
អាមេរិក​កាត់​ទោស​ដាក់ពន្ធនាគារជនជាតិ​សិង្ហបុរី​ម្នាក់ ពី​បទ​ធ្វើ​ចារកិច្ច​ឱ្យ​ចិន gettyimage
ផ្សាយពាណិជ្ជកម្ម

​តុលាការ​សម្រេច​សម្រាល​ទោស ជនវៃយៀ Jun Wei Yeo ត្រឹមជាប់ពន្ធនាគារ​១៤​ខែ ដោយសារ​តែ​ជនជាប់​ចោទនេះ បាន​សហការ​យ៉ាង​ពេញ​ទំហឹង​ជាមួយអាជ្ញាធរអាមេរិកនិង​ដោយ​ហេតុ​តែ​ពន្ធនាគារ​ជា​កន្លែង​មាន​ហានិភ័យ​ខ្ពស់ឆ្លង​កូវីដ១៩។ នេះ​បើ​តាមការ​អះអាង​របស់​ចៅក្រម ដោយ​បញ្ជាក់​ថា តុលាការ​ត្រូវ​តែ​ដាក់ទោស​ចំពោះ​ទង្វើ​របស់​ជនវៃយៀ មិន​មែន​ដាក់​ទោសលើ​អ្វី​ដែល​​បាន​គិត​ទេ។ ម្យ៉ាង​វិញទៀត បើតាម​បទ​ចោទប្រកាន់​ ជនជាប់​ចោទ បរាជ័យ​ក្នុង​ការ​បញ្ជូន​ឯកសារ​សម្ងាត់​ទៅ​ឱ្យ​ចិន។

ម្សិលមិញ ក្នុង​អង្គ​សវនាការអនឡាញ ជនជាប់​ចោទសិង្ហបុរី Jun Wei Yeo បាន​សម្តែង​ការ​សោក​ស្តាយ​និង​អះអាង​ថា​គ្មានចេតនា​ធ្វើ​អាក្រក់ទេ ប៉ុន្តែ​លោក​គាំទ្រ​ចិន​ជា​និច្ច។

មាន​អាយុ​៣៩​ឆ្នាំ ជា​និស្សិត​ថ្នាក់បណ្ឌិត​ផ្នែកនយោបាយ​សាធារណៈ Jun Wei Yeo ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចាប់​ខ្លួន កាលពី​ខែ​វិច្ឆិក ២០១៩ ពេលអាមេរិកនិង​ចិនកំពុង​ផ្ទុះសង្គ្រាមពាណិជ្ជកម្មខ្លាំង​គ្នា និង​ជាប់ឃុំឃាំង​តាំង​ពី​ពេលនោះ​រហូតមក (១១ខែ)។

Jun Wei Yeo បាន​សារភាព​និង​ទទួល​កំហុស​ កាលពី​ខែកក្កដា ថា​ពិត​បានធ្វើ​សកម្មភាព​ខុស​ច្បាប់ ក្នុង​នាម​ជា​ភ្នាក់ងារស៊ើបការណ៍​ចិន​ ​នៅ​លើ​ទឹកដីអាមេរិក តាំង​ពី​ឆ្នាំ​២០១៥មក។ ជា​ដំបូង​លោក​ត្រូវ​ប្រមូល​ព័ត៌មាន​យោធាទាក់ទង​នឹង​ប្រទេស​ផ្សេងៗ​ក្នុង​​តំបន់អាស៊ី បន្ទាប់​មកគឺ​ផ្តោត​តែ​លើ​សហរដ្ឋ​អាមេរិកមួយ។ នៅ​ឆ្នាំ​២០១៨ ជនជាតិ​សិង្ហបុរី​នេះ​បាន​បង្កើត​ក្រុមហ៊ុន​ប្រឹក្សា​ក្លែងក្លាយ​មួយ​ដែលត្រូវ​ការជ្រើសរើស​ទីប្រឹក្សា​​ជា​យោធា​និង​មន្ត្រី​រដ្ឋការ​អាមេរិក​ក្នុង​ផ្នែក​សំខាន់ៗ​និង​រសើបៗ ឱ្យ​ជួយ​​សរសេរ​របាយការណ៍​ មានអាទិ៍មន្ត្រីស៊ីវិល​ធ្វើ​ការ​ក្នុង​​គម្រោងសាងសង់​យន្តហោះចម្បាំងF-35B មន្ត្រី​យោធា​របស់​មន្ទីរ​បញ្ចកោណនិងម្នាក់​ជាមន្ត្រី​​រដ្ឋការ​ក្នុង​ក្រសួងការបរទេស​។

នៅ​លើ​បណ្តាញសង្គម LinkedIn  Jun Wei Yeoបាន​ណែនាំ​ខ្លួន ជា​អ្នកជំនាញផ្នែកហានិភ័យ​នយោបាយ​​នៃ​ការ​​​​ភ្ជាប់​ទំនាក់ទំនងរវាង​អាមេរិក​ខាង​ជើង ជាមួយ​ប៉េកាំង តូក្យូ និង​ប្រទេស​នៅអាស៊ី​អាគ្នេយ៍។

សំណុំ​រឿង កាត់​ក្តី​ ​ ​Jun Wei Yeo ធ្លាក់​មកជួន​ចំពេល​ដែលសហរដ្ឋអាមេរិក​និង​ចិន កំពុង​​តានតឹងនឹង​គ្នាខ្លាំង រហូត​ដល់ថ្នាក់​អាមេរិក​ទៅ​បិទ​ស្ថានកុងស៊ុល​ចិន​នៅ​ក្រុង​ហ៊ូសតុន ព្រោះ​ចោទ​ថា​​ជា​សំបុក​ចារកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI