អានតួអត្ថបទ
ណូបែលសេដ្ឋកិច្ច

រង្វាន់ណូបែលសេដ្ឋកិច្ចត្រូវបានទៅសេដ្ឋកិច្ចដែលស្រាវជ្រាវលើទ្រឹស្តីទាក់ទងនឹងការដេញថ្លៃ

លោក Paul Milgrom (ឆ្វេង) និងលោក Robert Wilson ជ័យលាភីណូបែល​សេដ្ឋកិច្ច​២០២០
លោក Paul Milgrom (ឆ្វេង) និងលោក Robert Wilson ជ័យលាភីណូបែល​សេដ្ឋកិច្ច​២០២០ © Nobel Prize
ដោយ៖ សេង ឌីណា
១០ នាទី

ថ្ងៃចន្ទ​១២តុលា​នេះ គឺ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​​ការចែកពានរង្វាន់ណូបែល ហើយ​ណូបែល​ចុងក្រោយគេ គឺ​ណូបែល​សេដ្ឋកិច្ច ដែល​ត្រូវបាន​គេ​ប្រគល់​ទៅ​ឲ្យ​សេដ្ឋកិច្ច​វិទូ​អាមេរិក​ពីររូប ដែល​មាន​ស្នាដៃ​ក្នុងការ​សិក្សាស្រាវជ្រា​ទៅលើ​ទ្រឹស្តី ទាក់ទង​ទៅនឹង​ប្រតិបត្តិការ​ដេញថ្លៃ។

ផ្សាយពាណិជ្ជកម្ម

លោក Paul Milgrom និងលោក Robert Wilson សុទ្ធតែ​ជា​អ្នក​ជំនាញ​ខាង​ទ្រឹស្តីល្បែង ដែលហៅតាម​ភាសា​អង់គ្លេស​ថា « Game Theory » ហើយ​ជា​សាស្រ្តាចារ្យ​សេដ្ឋកិច្ច នៅ​ក្នុង​មហាវិទ្យាល័យ​តែមួយ គឺ​មហាវិទ្យាល័យ​ដ៏ល្បីឈ្មោះ​របស់​អាមេរិក ឈ្មោះ ស្តែនហ្វដ (Standford)។

យោងតាម​សេចក្តីថ្លែងការណ៍​របស់​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​ស៊ុយអែត ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច ដែលគេសម្រេច​ផ្តល់​ឲ្យ​លោក Milgrom និង​លោក Wilson នៅពេលនេះ គឺ​ផ្តល់​សម្រាប់​ស្នាដៃ​របស់​លោក ទាក់ទង​នឹង​ទ្រឹស្តី​នៃ​ការ​ដេញថ្លៃ ដែល​គេ​ចាត់ទុក​ថា​ ជា​ទ្រឹស្តី​សំខាន់មួយ បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ទាំង​ចំពោះ​អ្នកលក់ ទាំង​អ្នកទិញ ក៏ដូចជា​ចំពោះ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​បង់ពន្ធ នៅ​ទូទាំង​ពិភពលោក។

គួរបញ្ជាក់ថា ​ទ្រឹស្តី​របស់​​លោក Paul Milgrom និងលោក Robert Wilson ផ្តោត​សំខាន់​ទៅលើ​ទម្រង់​នៃ​ការ​ដេញថ្លៃ ឥរិយាបថ និង​យុទ្ធសាស្រ្ត​របស់​អ្នក​ចូលរួម​ដេញថ្លៃ ក៏ដូចជា​ផ្តោត​ទៅលើ​​តម្លៃ​នៃ​ទំនិញ​ឬ​សេវាកម្ម​មួយចំនួន ​ដែលគេ​ពិបាក​នឹងដឹង​តម្លៃ​ពិតជាមុន ដូចជា ហ្វ្រេកង់​វិទ្យុ​ឬ​ទូរទស្សន៍ ឬសេវា​ទូរគមនាគមន៍​ផ្សេងទៀត ដែល​តម្លៃ​ពិតរបស់​វា​អាស្រ័យ​ទៅលើ​​ទំហំ​នៃ​​អតិថិជន​ដែល​ប្រើប្រាស់​សេវានេះ ឬ​សិទ្ធិធ្វើ​អាជីវកម្មរ៉ែ​នៅ​តំបន់​ណាមួយ ដែល​តម្លៃ​ពិត​របស់​វា​អាស្រ័យ​ទៅលើ​បរិមាណ​រ៉ែ​ពិតប្រាកដ​​​​​ដែល​គេ​អាច​ទាញ​យក​បាន​ពី​ក្នុង​តំបន់​នោះ​។

លោក Robert Wilson បាន​ចុះផ្សាយទ្រឹស្តីរបស់​លោក តាំង​ពី​ក្នុង​អំឡុង​ទសវត្សរ៍ឆ្នាំ៦០ និង​៧០ ចំណែក​លោក Paul Milgrom វិញ ចុះផ្សាយ នៅក្នុង​អំឡុងទសវត្សរ៍​ឆ្នាំ៨០ ហើយ​ទ្រឹស្តី​នេះ​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចាប់ផ្តើម​យក​មក​អនុវត្ត​ជាក់ស្តែង ចាប់តាំង​ពី​ឆ្នាំ​១៩៩៤ នៅ​ក្នុង​ការ​ដេញថ្លៃ​ផ្តល់​ហ្វ្រេកង់​​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍ ហើយ​បន្ត​អនុវត្ត​រហូតមកទល់​នឹង​សព្វថ្ងៃ ទាំង​នៅ​អាមេរិក និង​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ