អានតួអត្ថបទ

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិកាំង​នឹង​ដាក់​ពាក្យសុំ​ផលិត​វ៉ាក់សាំង ប្រឆាំង​កូវីដ នៅ​ចុងខែ​វិច្ឆិកា

ក្រុមហ៊ុន​Moderna សាកល្បង​វ៉ាក់សាំង​បង្ការជំងឺកូវីដ នៅ​ដំណាក់កាលទី​៣ នៅ​ទីក្រុងញូវយ៉ក នៅ​ចុងខែកក្កដា ២០២០
ក្រុមហ៊ុន​Moderna សាកល្បង​វ៉ាក់សាំង​បង្ការជំងឺកូវីដ នៅ​ដំណាក់កាលទី​៣ នៅ​ទីក្រុងញូវយ៉ក នៅ​ចុងខែកក្កដា ២០២០ AP - Hans Pennink
ដោយ៖ ឈាង បុប្ផា
១៧ នាទី

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិកាំង​ចំនួន ពីរ គឺ Pfizer និង​Moderna បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញថា ក្រុមហ៊ុន​នឹង​ដាក់​ពាក្យ​សុំ​ទៅ​អាជ្ញាធរ​ឱសថ​អាមេរិក ដើម្បី​អាច​ផលិត ប្រើប្រាស់ វ៉ាក់សាំង​ប្រឆាំង​កូវីដ នៅ​សប្តាហ៍​ទី​៣ នៃ​ខែ​វិច្ឆិកា​ក្រោយនេះ។ Pfizer និង​Moderna ដែល​បានចាប់ផ្តើម​ ​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង ដំណាក់កាល​ទី ៣ កាលពី​ខែ​កក្កដា​កន្លងទៅ សង្ឃឹម​នឹង​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ នេះ នៅអាមេរិក ជាទី​ដែល​ជំងឺកូវីដ​បាន​ឆ្លងរាលដាល​ទៅមនុស្ស​ជាង ៨លាននាក់ និង​សម្លាប់​ប្រជាជន​អាមេរិកាំង ជាង​២សែន​នាក់។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ធ្លាប់​ប្រកាស​ចង់បាន​វ៉ាក់សាំង បង្ការ​ជំងឺកូវីដ នៅ​មុន​ថ្ងៃ​បោះឆ្នោត ទី ៣​វិច្ឆិកា​ខាងមុខ។ ប៉ុន្តែ ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិកាំង Pfizer និង​Moderna ចង់​រង់ចាំ ពីរ បី​សប្តាហ៍​បន្ថែមទៀត ទៅតាម​ការស្នើសុំ​របស់​អាជ្ញាធរ​អាមេរិក ដែលចង់​បាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់ តាមដាន ក្រែង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​របស់​វ៉ាក់សាំង ទៅលើ​អ្នកចូលរួម ក្នុង​ការធ្វើតេស្តសាកល្បង​កន្លងមក។

សម្រាប់ ប្រធាន​ក្រុមហ៊ុន​ផលិត​ឱសថ អាមេរិកាំង Pfizer លោក Albert Bourla ដែល​ចាប់សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ក្រុមហ៊ុន​នឹង​អាច​បង្ហាញពី ​ប្រសិទ្ធិភាព របស់​វ៉ាក់សាំង នៅ​មុន​ចុង​ខែ​តុលានេះ ប៉ុន្តែ  ក្រុមហ៊ុន​នឹង​ដាក់​ពាក្យ​ ទៅ​អាជ្ញាធរជាតិ​អាមេរិក ដើម្បីសុំ ​ការអនុញ្ញាត​ប្រើប្រាស់ បន្ទាន់ វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ នៅ​ចុងខែ​វិច្ឆិកា។ ក្រុមហ៊ុន អាមេរិកាំង Moderna វិញ ដែល​បាន​ចាប់ផ្តើម​ដំណាក់កាល​ទី៣ នៃ​ការធ្វើតេស្ត​វ៉ាក់សាំង នៅទន្ទឹមគ្នា​នឹង​ក្រុមហ៊ុន​Pfizerដែរនោះ គ្រោង​នឹង​ដាក់​ពាក្យ​សុំ សិទ្ធិ នៅ​ថ្ងៃទី ២៥​វិច្ឆិកា។

បន្ទាប់ពីនេះ គេត្រូវ​រង់ចាំ ភ្លើងខៀវ​ពី​ទីភ្នាក់ងារ​ឱសថ​អាមេរិកាំង ដែល​នឹង​សិក្សា​លើ​ទិន្នន័យ នៃ​ការធ្វើតេស្ត​សាកល្បង មុន​នឹង​សម្រេច ថា តើគេ​នឹងផ្តល់​សិទ្ធិ ហើយ​និង​សម្រាប់​ប្រជាជន​ប្រភេទ​ណា។

ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន Moderna ដែល​បាន​ទទួល​ថវិកា​វិនិយោគ ប្រមាណ ២ពាន់លាន​ដុល្លារ រៀងៗ​ខ្លួន​ពី​រដ្ឋាភិបាល​អាមេរិក គ្រោង​នឹង​ផលិត​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ ក្នុង​បរិមាណ ​រាប់រយ​លាន​ដូស នៅ​អាមេរិក នៅ​ចុងឆ្នាំ នេះ។

កាលពី​ថ្ងៃ​សុក្រ អង្គភាព ប្រតិបត្តិការ​រដ្ឋាភិបាល Warp Speed បាន​ប្រកាស ពីការចាប់ដៃ គូ ជាមួយ ក្រុមហ៊ុន​ឱសថស្ថាន ធំៗ សម្រាប់​ការចែកចាយ និង​ចាក់​វ៉ាក់សាំង នៅ​មណ្ឌល​មនុស្ស​ចាស់ ជាង ៥ម៉ឺន កន្លែង នៅអាមេរិក។

សម្រាប់អ្នកជំនាញ​សុខភាព វា​ជា​ដំណឹងល្អ ដែល​គេ​អាច​រកឃើញ ​វ៉ាក់សាំង បង្ការ​ជំងឺកូវីដ នៅ​កាលៈទេសៈ​មួយ ដែល អាមេរិក​កំពុង​ប្រឈម​នឹង​រលកទី ៣​នៃ​ការឆ្លងរាតត្បាត​ជំងឺកូវីដ។ ប៉ុន្តែ ប្រធាន​វិទ្យាស្ថាន ជំងឺឆ្លង លោក Anthony Fauci ដែល​ជាសមាជិក​ក្រុមប្រឹក្សា​វេជ្ជសាស្រ្ត​របស់​រដ្ឋាភិបាល បាន​ព្រមានថា ប្រជាជន​អាមេរិកាំង​មិនអាច​រំពឹង​ថា នឹង​ត្រលប់​ទៅរស់នៅ​ធម្មតា​ដូចមុន​នោះទេ។ អ្វីៗ​គឺ​រំពឹង​ទៅលើ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង ហើយ​និង​ការទទួល​យក​វ៉ាក់សាំង ក្នុងចំណោម ប្រជាជន​អាមេរិកាំង ដែល​មួយចំនួន តែង​ចេញមុខ ប្រឆាំង​រាល់​គម្រោងការ​ចាក់វ៉ាក់សាំង៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ