អានតួអត្ថបទ
សហរដ្ឋអាមេរិក

ដើម្បីចៀសវាង​ការ​ប្រកែក​កាត់​សំដី​គ្នា រវាង​លោកត្រាំ​និង​លោក​បៃដិន មីក្រូហ្វូន​​អ្នកគ្មាន​សិទ្ធិ​និយាយ​​នឹង​ត្រូវ​បិទ

លោកដូណាល់ ត្រាំ និងលោក​ចូ បៃដិន ក្នុងពេល​​ដេញដោលយោបល់​គ្នា លើកទី​១​ ថ្ងៃទី​២៩ កញ្ញា ២០២០
លោកដូណាល់ ត្រាំ និងលោក​ចូ បៃដិន ក្នុងពេល​​ដេញដោលយោបល់​គ្នា លើកទី​១​ ថ្ងៃទី​២៩ កញ្ញា ២០២០ REUTERS - BRIAN SNYDER
ដោយ៖ ម៉ម ពិសី
១៦ នាទី

នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ នឹងមានការជជែក​ តទល់យោបល់​គ្នា ជាលើកចុងក្រោយ រវាងបេក្ខជន​ប្រធានាធិបតី​អាមេរិកទាំង២រូប​ គឺលោកដូណាល់ ត្រាំ និង លោកចូ បៃដិន។ ដើម្បីចៀសវាង ការ​ប្រកែក​ កាត់សំដីគ្នា គ្មាននរណាស្តាប់នរណា ដូចកាលពី​កម្មវិធីជជែកតទល់យោបល់លើកទី១ គណកម្មការ​រៀបចំកម្មវិធីនេះ បានសម្រេចថា នៅ​លើកនេះ មីក្រូហ្វូន​អ្នកដែលគ្មានសិទ្ធិនិយាយ នឹង​ត្រូវបិទ ដើម្បីឲ្យ​ម្នាក់ទៀត​ អាចមាន​ពេលវេលាគ្រប់គ្រាន់ ក្នុងការឆ្លើយសំណួរ។

ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំ និងលោកចូ បៃដិន មានពេលឆ្លើយសំណួរ ម្នាក់​ម្តង រយៈពេល​២នាទី។ ក្នុងរយៈពេលនេះ អ្នកដែលគ្មានសិទ្ធិឆ្លើយ​ គឺមីក្រូហ្វូននឹងត្រូវបិទ។ នេះគឺជាការសម្រេច​ របស់គណកម្មការរៀបចំការជជែកតទល់យោបល់ រវាងបេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីទាំង២រូប។ បន្ទាប់ពីឆ្លើយ​ម្តងម្នាក់ ២នាទីរួចហើយ សំណួរចំហរមួយផ្សេងទៀត អាច​ត្រូវបានចោទសួរ ដោយអ្នកកាសែតដឹកនាំកម្មវិធី ទើប​មីក្រូហ្វូនទាំង២ នឹងត្រូវបើកព្រមគ្នា​ ដើម្បីឲ្យ​មានការជជែកគ្នា។

គណកម្មការរៀបចំកម្មវិធីនេះ បានអះអាងថា នេះគឺជាការចង់បាន​របស់អ្នកគ្រប់គ្រងកម្មវិធី ដើម្បីធ្វើយ៉ាងណា ឲ្យ​បេក្ខជនទាំង២ គោរពគ្នាទៅវិញទៅមក ទុកពេលវេលាឲ្យ​ម្នាក់ៗឆ្លើយសំណួរឲ្យ​បានចប់ចុងចប់ដើម ហើយធ្វើបែបនេះ ទើបទស្សនិកជនទាំងអស់ អាចស្តាប់យល់ ពីខ្លឹមសារ​នៃយោបល់ របស់បេក្ខជននីមួយៗ។

បន្ទាប់ពីបានដឹងដំណឹងនេះ លោក Bill Stepien ប្រធានក្រុមឃោសនាបោះឆ្នោត របស់​លោកដូណាល់ ត្រាំ បានមានប្រតិកម្ម​រិះគន់ភ្លាមៗ ថាជាការសម្រេចមិនសមហេតុផល ដែលមកកែប្រែ របៀបវារៈកម្មវិធី ទាំងជិតដល់ថ្ងៃទៅហើយ។ តែយ៉ាងណា លោកអះអាងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានបំណង ចង់​តទល់យោបល់ជាមួយ​លោកចូ បៃដិន ណាស់ បើទោះបី​គណកម្មរៀបចំកម្មវិធីនេះ បានផ្លាស់ប្តូរលក្ខខណ្ឌនៅនាទីចុងក្រោយក៏ដោយ។ លោក​បន្ថែមទៀតថា លោក​ដូណាល់ ត្រាំ នឹងជជីកសួរលោកចូ បៃដិន ស្តីអំពី​រឿងអាស្រូវរបស់កូនប្រុសលោកចូ បៃដិន បើទោះបី​ជា​អ្នកដឹកនាំកម្មវិធី​ ជជែកតទល់យោបល់ មិនសួរសំណួរនេះក៏ដោយ។

គួររំលឹកថា គ្រប់បណ្តាញព័ត៌មានសឹងតែមួយពិភពលោក បានតាមដានកម្មវិធីជជែកតទល់យោបល់គ្នា រវាងលោក​ដូណាល់ ត្រាំ និងលោកចូ បៃដិន ជាលើកទីមួយ​កាលពី​ខែកញ្ញា។ ក៏ប៉ុន្តែ ជាការជជែកតទល់យោបល់ ដែលរកខ្លឹមសារមិនឃើញ ដោយសារ​តែ​បេក្ខជនទាំង២ បានប្រកែក កាត់សំដីគ្នា អស់ពេញមួយកម្មវិធី ព្រមទាំងបានប្រើ​ពាក្យប្រមាថ​មើលងាយ​ ដាក់គ្នាថែមទៀតផង។ យោងតាមគេហទំព័រ Axios បានឲ្យដឹងថា លោកចូ បៃដិន បានកាត់សំដីលោកដូណាល់ ត្រាំ ចំនួន​២២ដង ចំណែក​លោក ដូណាល់ ត្រាំ វិញ​ បាននិយាយកាត់លោកចូ បៃដិន ដល់ទៅ​៧១ដង។

ការជជែកដេញដោលយោបល់លើកទី២ ដែលគ្រោងធ្វើ កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ត្រូវបាន​លុបចោល បន្ទាប់​ពីលោក​ដូណាល់ ត្រាំ ចូលសម្រាកនៅ​ពេទ្យព្យាបាលជំងឺកូវីដ១៩ ហើយ​ក្រុម​លោក​ដូណាល់ ត្រាំ​ បានបដិសេធការជជែកតទល់យោបល់ពីចំងាយ។ នៅថ្ងៃព្រហស្បតិ៍ទី​២២ តុលា​ខាងមុខនេះ គឺជាកម្មវិធីតទល់យោបល់លើកចុងក្រោយបង្អស់ មុននឹងដល់ថ្ងៃបោះឆ្នោត គឺ​ថ្ងៃទី​៣ វិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ