អានតួអត្ថបទ
បោះឆ្នោតប្រធានាធិបតីអាមេរិក២០២០

ចំណុចសំខាន់ៗគួរដឹងជុំវិញការបោះឆ្នោតប្រធានាធិបតីអាមេរិក

© rfi
ដោយ៖ សេង ឌីណា
៥៩ នាទី

ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក នៅថ្ងៃទី៣ វិច្ឆិកា ២០២០​នេះ គឺ​ជា​ការ​បោះឆ្នោត​ដ៏សំខាន់​មួយ ដែល​អាច​ជះឥទ្ធិពល​ច្រើន​ចំពោះ​​ពលរដ្ឋ​អាមេរិក ក៏ដូចជា ចំពោះ​ពិភពលោក​ទាំងមូល។ ខាងក្រោម​នេះ គឺ​ជា​ចំណុច​សំខាន់ៗ ដែល​យើង​គួរ​ដឹង ជុំវិញ​ការ​បោះឆ្នោត​នេះ។

ផ្សាយពាណិជ្ជកម្ម

១-តើបោះឆ្នោត​ជ្រើសរើស​អ្វី?

ការបោះឆ្នោតនេះ ត្រូវបាន​គេហៅជាទូទៅ​ថា​ជា​ការ​បោះឆ្នោត​ប្រធានាធិបតី ក៏ប៉ុន្តែ តាមពិត​ទៅ មិនមែន​មាន​តែ​ប្រធានាធិបតី​មួយទេ ដែល​គេ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​នៅ ថ្ងៃទី៣វិច្ឆិកា​ខាងមុខនេះ។

ក្រៅពី​ប្រធានាធិបតី ដែល​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​នៅ​រៀងរាល់ ៤ឆ្នាំម្តង ពលរដ្ឋ​អាមេរិក​ក៏​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ផងដែរ សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា (Senate) សមាជិកសភា​ប្រចាំរដ្ឋ និង​អភិបាលរដ្ឋ។

​រដ្ឋសភា​ (House of Representatives) ​​​មាន​អាណត្តិ​តែ​២ឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ សមាជិក​ទាំង ៤៣៥​រូប នឹង​ត្រូវ​ផ្លាស់ប្តូរ​នៅ​រៀងរាល់​ពីរ​ឆ្នាំម្តង គឺ​​ម្តង​​បោះឆ្នោត​ក្នុងពេល​តែមួយ​ជាមួយ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​ និង​ម្តងទៀត នៅ​ពីរឆ្នាំក្រោយ​មកទៀត ក្នុង​អំឡុង​ការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Midterm elections)។

ព្រឹទ្ធសភា​មាន​អាណត្តិ ៦ឆ្នាំ ប៉ុន្តែសមាជិក​១ភាគ៣​ត្រូវ​ផុតអាណត្តិ​ ហើយ​ត្រូវ​ជ្រើសរើស​ថ្មី នៅរៀងរាល់ ២ឆ្នាំម្តង។ ដូច្នេះ នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី៣​វិច្ឆិកាខាងមុខនេះ ក៏​នឹង​មាន​ដែរ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកព្រឹទ្ធសភា​ថ្មី​ចំនួន ៣៣រូប (១ភាគ៣​នៃ​សមាជិកសរុប​ទាំង ១០០) បូករួម​ជាមួយ​នឹង​សមាជិកព្រឹទ្ធសភា​ចំនួន ២រូប​ទៀត ដែល​ត្រូវបោះឆ្នោតពិសេស គឺ ១រូប តំណាង​រដ្ឋ​ Arizona ដើម្បី​ជំនួស​លោក John McCain ដែល​ទទួល​មរណភាព កាល​ពីឆ្នាំ២០១៨ និង ១រូបទៀត តំណាង​រដ្ឋ​ Georgia ជំនួស​​សមាជិកព្រឹទ្ធសភា​ចាស់​ ដែល​លាឈប់ពីតំណែង កាល​ពី​ចុងឆ្នាំ២០១៩។

ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ មាន​រដ្ឋ​ចំនួន ១១ ដែល​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋ​ថ្មី នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី៣​វិច្ឆិកានេះ។ ខាងក្រោម​នេះ គឺ​ជា​ផែនទី​បង្ហាញ​ពី​រដ្ឋ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​អភិបាល​រដ្ឋថ្មី នៅថ្ងៃទី៣វិច្ឆិកា​ខាងមុខ៖


Click the map to create your own at 270toWin.com

២-តើអ្នកណាខ្លះ​ជា​បេក្ខជនប្រធានាធិបតី?

នៅក្នុងរយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ ដែល​ប្រព័ន្ធ​នយោបាយ​អាមេរិក ត្រូវ​គ្រប​ដណ្តប់​ដោយ​គណបក្ស​នយោបាយ​ធំៗ​តែ​ពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ។ នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ឆ្នាំ២០២០​នេះ បេក្ខជន​មាន​ពីររូប គឺ​លោក​ដូណាល់ ត្រាំ មក​ពី​គណបក្សសាធារណរដ្ឋ និង​លោក​ចូ បៃដិន មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

លោក​ដូណាល់ ត្រាំ ​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​លោកចូ បៃដិន បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ
លោក​ដូណាល់ ត្រាំ ​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​លោកចូ បៃដិន បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ AP - Patrick Semansky

៣​-តើ​​ប្រធានាធិបតី​នឹង​ត្រូវ​ជ្រើសរើស​ដោយ​របៀបណា? តាមប្រព័ន្ធបោះឆ្នោតអ្វី?

ការ​បោះឆ្នោត នៅថ្ងៃទី៣វិច្ឆិកា​ខាងមុខនេះ ក៏មិនមែន​ជា​ការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះទេ ហើយ​ក៏​មិនមែន​ជា​ការ​បោះឆ្នោត​ទូទៅថ្នាក់ជាតិនោះដែរ ផ្ទុយ​ទៅវិញ គឺ​ជា​ការ​បោះឆ្នោត នៅ​ក្នុង​ក្របខណ្ឌ​រដ្ឋនីមួយៗ​ដាច់ពីគ្នា ដើម្បី​​ជ្រើសរើសអង្គបោះឆ្នោត ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « Electoral College »។ អង្គបោះឆ្នោត​ដែល​ជ្រើសរើស​ចេញ​ពី​ការ​បោះឆ្នោត​ថ្ងៃទី៣​វិច្ឆិកា​នេះ​ហើយ ដែល​ជា​អ្នក​ត្រូវ​ជ្រើសរើស​ប្រធានាធិបតី នៅ​ក្នុង​ការ​បោះឆ្នោត​មួយ​ទៀត ដែល​ធ្វើ​ឡើង នៅថ្ងៃទី១៤ធ្នូ ២០២០។

អង្គបោះឆ្នោត​​នេះ មាន​សមាជិក​សរុប​ទូទាំង​ប្រទេស​ចំនួន ៥៣៨រូប ដោយ​រដ្ឋនីមួយៗ​មាន​សមាជិក​ក្នុង​អង្គបោះឆ្នោត​ស្មើ​នឹង​ចំនួន​​​តំណាង​របស់​ខ្លួនក្នុង​សភា​សហព័ន្ធ ពោលគឺ សមាជិកព្រឹទ្ធសភា ដែល​រដ្ឋនីមួយៗ​មាន​ ២រូបស្មើៗគ្នា បូកជាមួយ​​សមាជិករដ្ឋសភា ដែល​មាន​ចំនួន​កំណត់​ទៅតាម​ចំនួន​ប្រជាជន​នៅ​ក្នុងរដ្ឋ​នីមួយៗ។

ហេតុដូច្នេះហើយ​បាន​ជា រដ្ឋខ្លះ ដែល​មាន​ប្រជាជន​តិច រួមមាន​ដូចជារដ្ឋ Alaska, Wyoming, Delaware… ជាដើម មាន​សមាជិក​ក្នុង​អង្គបោះឆ្នោត​ត្រឹមតែ ៣រូប ចំណែក​រដ្ឋ​ខ្លះ​ទៀត ដូចជា California មាន​ដល់​ទៅ ៥៥រូប។

ដើម្បី​អាច​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​បាន បេក្ខជន​ត្រូវការ​សំឡេងគាំទ្រ​ពី​អង្គបោះឆ្នោត​យ៉ាងតិច ២៧០សំឡេង។

៤-តើ​អាចទេដែល​បេក្ខជន​ទាំងពីរ​មាន​សំឡេង​ស្មើគ្នា មិនមាន​អ្នក​ឈ្នះ អ្នកចាញ់?

ដោយសារតែ​សមាជិកសរុប​នៃ​អង្គបោះឆ្នោត​ជា​ចំនួន​គូ (៥៣៨) ដូច្នេះ វា​គឺ​ជា​រឿង​ដែល​អាច​កើតឡើង ដែល​បេក្ខជន​ទាំងពីរ​ទទួល​បាន​សំឡេង​ស្មើគ្នា (២៦៩) ហើយ​គ្មានអ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់។

ក្នុងករណី​នេះ គឺ​រដ្ឋសភា (House of Representatives) ដែល​ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ហើយ​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសរើស​អនុប្រធានាធិបតី។

គួរបញ្ជាក់ថា សមាជិករដ្ឋសភា និង​ព្រឹទ្ធសភា ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​អនុប្រធានាធិបតី ក្នុងករណី​សំឡេង​ស្មើគ្នា​នេះ គឺ​សមាជិក​សភា​ថ្មី ដែល​កើតចេញ​ពី​ការ​បោះឆ្នោត នៅថ្ងៃទី៣វិច្ឆិកា ហើយ​ដែល​ត្រូវ​ស្បថចូល​កាន់តំណែង នៅថ្ងៃទី៣ មករា ២០២១។

ម្យ៉ាងទៀត នៅ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយ​រដ្ឋសភា​នេះ រដ្ឋមួយ​មាន​តែ១សំឡេងតែប៉ុណ្ណោះ ដោយ​មិន​គិត​ថា រដ្ឋ​នោះ​មាន​ប្រជាជន​ច្រើន​ប៉ុណ្ណា ហើយ​មាន​សមាជិកសភា​សរុប​ប៉ុន្មាន​នោះទេ។ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ត្រូវ​ធ្វើឡើង ដោយ​សំឡេង​ភាគច្រើន គឺ ២៦សំឡេង។

ក្នុងករណីបេក្ខជន​មាន​សំឡេង​ស្មើគ្នា រដ្ឋសភា (House of Representatives) ជា​អ្នក​បោះឆ្នោត​រើស​ប្រធានាធិបតី ចំណែក​ព្រឹទ្ធសភា (Senate) បោះឆ្នោត​រើស​អនុប្រធានាធិបតី
ក្នុងករណីបេក្ខជន​មាន​សំឡេង​ស្មើគ្នា រដ្ឋសភា (House of Representatives) ជា​អ្នក​បោះឆ្នោត​រើស​ប្រធានាធិបតី ចំណែក​ព្រឹទ្ធសភា (Senate) បោះឆ្នោត​រើស​អនុប្រធានាធិបតី ASSOCIATED PRESS - Mark Tenally

៥-តើ​អាច​ទេដែល​បេក្ខជន​ណាមួយ បានទទួល​សំឡេង​ឆ្នោត​​ពីប្រជាជន​សរុប​​ទូទាំង​ប្រទេស​តិចជាង តែ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី?

អាច! ករណី​នេះ​ធ្លាប់​កើតមាន​ច្រើន​ដងរួចមកហើយ។ ថ្មីៗចុងក្រោយ គឺ​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៦ ដែល​លោក​ដូណាល់ ត្រាំ ទទួល​បាន​សំឡេងគាំទ្រ​ពី​ប្រជាជន​សរុប​ទូទាំង​ប្រទេស​តិច​ជាង​លោកស្រី​ហ៊ីឡារី គ្លីនតុន ដល់​ទៅ​ជិត ៣លាន​សំឡេង ក៏ប៉ុន្តែ ឈ្នះឆ្នោត​ជា​ប្រធានាធិបតី ដោយសារ​តែ​លោក​ទទួល​បាន​សំឡេងគាំទ្រ​ច្រើន​ជាង ក្នុង​អង្គបោះឆ្នោត (Electoral College)។ ដូចគ្នាដែរ ករណី​លោក​ចច ដាបិលយូ ប៊ូស កាល​ពី​ឆ្នាំ២០០០ ដែល​បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី ថ្វីដ្បិតតែ​​បាន​ទទួល​សំឡេង​ឆ្នោត​សរុប​តិច​ជាង​លោក​អាល់ ហ្ករ ជាង​កន្លះលាន​សន្លឹក។

ករណីនេះ​កើតឡើង​​​ដោយសារ​តែ​ប្រព័ន្ធបោះឆ្នោត​ប្រធានាធិបតី​អាមេរិក មិនមែន​ជា​ការ​បោះឆ្នោត​ដោ​យផ្ទាល់ ក្នុងក្របខណ្ឌ​ថ្នាក់ជាតិ ផ្ទុយទៅវិញ គឺ​ជា​ការ​បោះឆ្នោត​ដោយ​ប្រយោល (តាមរយៈអង្គបោះឆ្នោត) ហើយ​ធ្វើ​ឡើង​ដាច់ដោយឡែក​ពី​គ្នា ក្នុងក្របខណ្ឌ​រដ្ឋ​នីមួយៗ។

សំខាន់​ជាង​នេះ​ទៅទៀត នៅ​ក្នុងការបោះឆ្នោត​តាម​រដ្ឋ​នីមួយៗ លើកលែង​តែ​រដ្ឋ​ពីរ​ប៉ុណ្ណោះ គឺ​ Nebraska និង Maine ក្រៅពីនោះ គឺបោះឆ្នោត​តាម​ប្រព័ន្ធ « Winner take all » ពោលគឺ បេក្ខជន​ណា​ដែល​ទទួល​បានសន្លឹកឆ្នោត​​ច្រើន​ជាងគេ នៅ​ក្នុង​រដ្ឋ​នោះ ទោះបីជា​លើសត្រឹមតែ​១សន្លឹកក៏ដោយ នឹង​ត្រូវ​ទទួលបាន​សមាជិកអង្គបោះឆ្នោត​ទាំងអស់ នៅ​ក្នុង​រដ្ឋនោះ ហើយ​បេក្ខជន​ផ្សេងទៀត​មាន​អ្វីទាំងអស់​ បើទោះជា​ទទួលបាន​សំឡេងឆ្នោត​រាប់លាន​សន្លឹក​ពី​ប្រជាជន។

៦-ហេតុអ្វីបាន​ជា​គេ​តែងតែសង្កេតឃើញ​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ម្តងៗ បេក្ខជននីមួយៗ​នាំគ្នា​ផ្តោត​តែ​ទៅលើ​រដ្ឋ​មួយ​ចំនួន​តូច?

ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ត្រូវ​ធ្វើឡើង នៅ​ក្នុង​រដ្ឋ​ចំនួន ៥០ បូក​ជាមួយ​នឹង​រដ្ឋធានីវ៉ាស៊ីងតោន។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង គេ​ឃើញ​ថា រដ្ឋមួយ​ចំនួន​ធំ តែងតែ​មាន​ទំនោរ​យ៉ាងខ្លាំង​ទៅ​ខាង​គណបក្ស​ណាមួយ ដោយ​បេក្ខជន​មក​ពី​គណបក្ស​មួយទៀត​មិនមាន​សង្ឃឹម​សោះ​ថា​នឹង​អាច​យក​ឈ្នះបាន។ រដ្ឋ​ដែល​មាន​ទំនោរ​ខ្លាំង​ទៅខាង​គណបក្ស​សាធារណរដ្ឋ គេ​តែងហៅ​ថា « Red States » ចំណែក​រដ្ឋ​ដែល​មាន​ទំនោរ​ខ្លាំង​ទៅខាង​គណបក្ស​ប្រជាធិបតេយ្យ គេ​តែងហៅថា « Blue States »។

មានតែ​រដ្ឋ​មួយ​ចំនួន​តូចប៉ុណ្ណោះ ដែល​មិនមាន​ទំនោរ​ខ្លាំង​តែ​ទៅលើ​គណបក្ស​ណាមួយ ហើយ​ដែល​បេក្ខជន​មក​ពី​គណបក្ស​ទាំងពីរ​សុទ្ធតែ​អាច​ទាក់ទាញ​រក​សំឡេង​គាំទ្រ យក​ឈ្នះ​នៅ​ក្នុង​រដ្ឋ​នេះ​បាន។ ដូច្នេះហើយ​បាន​ជា នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​ម្តងៗ បេក្ខជន​នីមួយៗ​នាំគ្នា​ផ្តោត​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​តែ​តាម​បណ្តា​រដ្ឋ​ប្រភេទ​នេះ ដែល​គេ​ហៅ​តាម​ភាសាអង់គ្លេស​ថា « Swing States » ឬ « Battle Ground States » ឬ « Purple States »។

Swing States ដែល​គេ​សំឡឹងឃើញ​ថា​នឹង​អាច​ដើរតួនាទី​ចម្បង ក្នុងការ​កំណត់​លទ្ធផល​បោះឆ្នោត​​ប្រធានាធិបតី​ឆ្នាំ២០២០​នេះ រួមមាន Arizona, Florida, Georgia, Michigan, Minnesota, North Carolina, Pennsylvania និង Wisconsin។

៧-តើ​ការស្ទាបស្ទង់មតិ​មុនការ​បោះឆ្នោត​បង្ហាញ​លទ្ធផល​ដូចម្តេច ?

ការស្ទាបស្ទង់មតិភាគច្រើន​បង្ហាញ​ថា លោក​ចូ បៃដិន មាន​ប្រៀបខ្លាំង​លើ​លោក​ដូណាល់ ត្រាំ ដោយ​មាន​ប្រៀប​ទាំង​សំឡេងឆ្នោត​សរុប​ទូទាំង​ប្រទេស ​ទាំង​សំឡេងឆ្នោត និង​ចំនួន​អង្គបោះឆ្នោត​នៅ​តាម​រដ្ឋ​នីមួយៗ។

ក៏ប៉ុន្តែ នេះ​មិនមែន​ប្រាកដ​ថា លោក​ចូ បៃដិន នឹង​ទទួល​ជោគជ័យ​នោះទេ។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា កាល​ពី​ឆ្នាំ២០១៦ លោកស្រី ហ៊ីឡារី គ្លីនតុន ក៏​មាន​ប្រៀប​លើ​លោក​ដូណាល់ ត្រាំ​ដែរ នៅ​ក្នុង​ការ​ស្ទាបស្ទង់មតិ​ មុន​បោះឆ្នោត។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ ថ្វីដ្បិតតែ​លោកស្រី​គ្លីនតុន ទទួល​បាន​សំឡេងឆ្នោត​សរុប​ច្រើន​ជាង ប៉ុន្តែ គឺ​លោក​ដូណាល់ ត្រាំ ដែល​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី ដោយ​ទទួល​បាន​សំឡេង​ក្នុង​អង្គបោះឆ្នោតច្រើនជាង។

ខាងក្រោម​នេះ គឺ​ជា​ផែនទី​បង្ហាញ​ពី​ចំនួន​តំណាង​អង្គបោះឆ្នោត ក្នុងរដ្ឋនីមួយៗ រួមជាមួយ​នឹង​ការ​ស្ទាបស្ទង់មតិ​មុនការ​បោះឆ្នោត។ រដ្ឋ​ដែល​មាន​ពណ៌ខៀវ គឺ​លោក​ចូ បៃដិន មាន​ប្រៀប ចំណែក​រដ្ឋ​ដែលមាន​ពណ៌ក្រហម គឺ​លោក​ដូណាល់ ត្រាំ មាន​ប្រៀប។ ពណ៌ត្នោត គឺ​ជា​រដ្ឋ​ដែល​បេក្ខជន​ទាំងពីរ​មាន​សំឡេង​ប្រដំប្រសងគ្នា​ខ្លាំង។


Click the map to create your own at 270toWin.com

៨-តើ​អ្នកណា​ជា​អ្នក​កាត់សេចក្តី ក្នុងករណីមាន​ជម្លោះ​ទាក់ទង​នឹង​ការ​បោះឆ្នោត?

យន្តការ​ដោះស្រាយជម្លោះ​បោះឆ្នោត នៅ​សហរដ្ឋ​អាមេរិក មាន​លក្ខណៈស្មុគស្មាញខ្លាំង ហើយ​សូម្បីតែ​អ្នក​ជំនាញ​ខាង​ច្បាប់​ធម្មនុញ្ញ​អាមេរិក ក៏​បាន​លើកឡើង​ដែរ ពី​ក្តីបារម្ភ ជុំវិញ​ភាពចន្លោះប្រហោង នៅ​ក្នុង​យន្តការ​ដោះស្រាយ​ជម្លោះ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​បកស្រាយ​ខុសគ្នា បង្កើត​នូវ​មន្ទិលសង្ស័យ នាំ​ឲ្យ​មាន​ភាព​មិនដាច់ស្រេច ក្នុងការដោះស្រាយ។

យន្តការដោះស្រាយ​ជម្លោះ​បោះឆ្នោត​អាមេរិក អាច​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ច្រើន អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ជម្លោះ។ វា​អាច​ត្រូវ​ដោះស្រាយ​ដោយ​សភា​ប្រចាំរដ្ឋ ដែល​មានជម្លោះ ដោយ​តុលាការ​សហព័ន្ធ ដែល​ស្ថាប័ន​មាន​អំណាច​សម្រេចសេចក្តីចុងក្រោយ គឺ​តុលាការកំពូល (ដូចក្នុងករណី​វិវាទ​បោះឆ្នោត​ឆ្នាំ​២០០០ រវាង​លោក​ចច ដាបិលយូ ប៊ូស និង​លោក​អាល់ ហ្ក័រ) ឬ​ក៏​អាច​ត្រូវ​ដោះស្រាយ​ដោយ​សភា​សហព័ន្ធ (ដូចករណី​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ១៨៧៦ ក្រោយ​សង្រ្គាមស៊ីវិល)។

នៅ​ក្នុងការ​ដោះស្រាយជម្លោះ​ដោយ​តុលាការ​កំពូល បញ្ហា​អាច​ចោទឡើង មិនមែន​តាមផ្លូវច្បាប់ទេ គឺ​តាម​ផ្លូវ​នយោបាយ។ តុលាការ​កំពូល​អាមេរិក មាន​សមាជិក ៩រូប ហើយ​ក្នុង​ចំណោម​ចៅក្រម ៨រូប ដែល​កំពុង​កាន់តំណែង​បច្ចុប្បន្ន មាន​ភាគច្រើន​លើសលុប គឺ​រហូតដល់​ទៅ ៥រូប ជាចៅក្រម​ដែល​មាន​និន្នាការ​អភិរក្ស​និយម តែងតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ ក្នុងនោះ ២រូប តែងតាំង​ដោយ​លោក​ដូណាល់ ត្រាំ។ ចៅក្រម​ទី៩ ក៏​ត្រូវ​បាន​តែងតាំង​ដោយ​លោក​ដូណាល់ ត្រាំ​ដែរ ហើយ​ដែល​ព្រឹទ្ធសភា (សំឡេងភាគច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ) កំពុង​ព្យាយាម​ពន្លឿន​នីតិវិធី ដើម្បី​អនុម័ត​តែងតាំង​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត។ ដូច្នេះ មានន័យ​ថា តុលាការ​កំពូល​ ដែល​មាន​សមាជិក​ដល់​ទៅ​ ៦រូប តែងតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ អាច​នឹង​ត្រូវ​ជា​អ្នក​សម្រេច​សេចក្តីលើ​ជម្លោះ​បោះឆ្នោត។

តុលាការកំពូល​អាមេរិក​បច្ចុប្បន្ន មាន​ចៅក្រម ៣រូប​តែងតាំង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ៥រូបតែងតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ (ក្នុងនោះ ២រូប​តែងតាំង​ដោយ​លោក​ដូណាល់ ត្រាំ) ចំណែក​ចៅក្រម​ទី៩ តែងតាំង​ដោយ​លោក​ដូណាល់ ត្រាំ ហើយ​ដែល​កំពុងឆ្លងកាត់​ដំណើរការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា
តុលាការកំពូល​អាមេរិក​បច្ចុប្បន្ន មាន​ចៅក្រម ៣រូប​តែងតាំង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ៥រូបតែងតាំង​ដោយ​គណបក្ស​សាធារណរដ្ឋ (ក្នុងនោះ ២រូប​តែងតាំង​ដោយ​លោក​ដូណាល់ ត្រាំ) ចំណែក​ចៅក្រម​ទី៩ តែងតាំង​ដោយ​លោក​ដូណាល់ ត្រាំ ហើយ​ដែល​កំពុងឆ្លងកាត់​ដំណើរការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា AP - J. Scott Applewhite

នៅ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដោយ​សភា ក៏​មាន​ចំណុច​សំខាន់ពីរ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។

ទីមួយ នៅក្នុងករណី​ជម្លោះ​បោះឆ្នោត ដែល​ត្រូវ​ធ្លាក់​ទៅដល់​ដៃ​រដ្ឋសភា (House of Representatives) សមាជិករដ្ឋសភា ដែល​មានសិទ្ធិបោះឆ្នោតលើ​សេចក្តីសម្រេច​ដោះស្រាយ​ជម្លោះ​នេះ គឺ​ត្រូវតែ​ជា​សមាជិក​ថ្មី ដែល​កើតចេញ​ពី​ការ​បោះឆ្នោត​ថ្ងៃទី៣វិច្ឆិកា​នេះដែរ។ ប្រសិនបើ​ជម្លោះ​កើតមានតែ​ទៅលើ​​សន្លឹកឆ្នោត​ប្រធានាធិបតី​នោះ គឺ​មិន​មាន​ចំណោទ​នោះទេ។ ក៏ប៉ុន្តែ បញ្ហា​អាច​នឹង​ចោទឡើង ប្រសិនបើ​សន្លឹកឆ្នោត​សមាជិករដ្ឋសភា​ខ្លះ ត្រូវ​ជាប់ជម្លោះដែរ។

ទីពីរ ក្នុងករណី​ជម្លោះ​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុងដៃ​ព្រឹទ្ធសភា ជាពិសេស ទាក់ទង​នឹង​ការ​ផ្តល់សុពលភាព​លើ​លទ្ធផលបោះឆ្នោត និង​ចំនួន​អង្គបោះឆ្នោត​របស់​រដ្ឋនីមួយៗ។ តាមច្បាប់ គឺ​ប្រធានព្រឹទ្ធសភា ដែល​ជា​អ្នក​មាន​អំណាច​សម្រេច​​ផ្តល់ ឬ​មិនផ្តល់​​សុពលភាព​លើ​លទ្ធផល​បោះឆ្នោត ដែល​រដ្ឋ​នីមួយៗ​បញ្ជូន​មក។ អ្វីដែល​ចម្លែក​ គឺ​នៅត្រង់​ថា នៅ​សហរដ្ឋ​អាមេរិក ប្រធានព្រឹទ្ធសភា គឺ​អនុប្រធានាធិបតី ហើយ​អនុប្រធានាធិបតី គឺ​លោក​ Mike Pence ដែល​ជា​បេក្ខជន​អនុប្រធានាធិបតី ក្នុងការបោះឆ្នោត​ថ្ងៃទី៣វិច្ឆិកា​នេះ​ដែរ។ នេះ​មានន័យ​ថា លោក Mike Pence ខ្លួនឯងផ្ទាល់ នឹង​ត្រូវ​មាន​សិទ្ធិអំណាច​សម្រេច​លើ​ផ្នែកខ្លះ នៃ​ជម្លោះ​បោះឆ្នោត ដែល​លោក​ខ្លួនឯងផ្ទាល់​ជា​បេក្ខជន។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ