អានតួអត្ថបទ

រដ្ឋាភិបាលអាមេរិក​ចាប់ផ្តើមដំណើរការប្តឹង​ក្រុមហ៊ុន​Google ពីបទ​រំលោភ​សិទ្ធ​ផ្តាច់មុខ

រូប សញ្ញា របស់​ក្រុមហ៊ុន​Google នៅក្នុង​ពិព័រណ៌​​នៅសាខា​ក្រុមហ៊ុន​Google នៅអាល្លឺម៉ង់ នៅឆ្នាំ ២០០៩
រូប សញ្ញា របស់​ក្រុមហ៊ុន​Google នៅក្នុង​ពិព័រណ៌​​នៅសាខា​ក្រុមហ៊ុន​Google នៅអាល្លឺម៉ង់ នៅឆ្នាំ ២០០៩ ASSOCIATED PRESS - JENS MEYER
ដោយ៖ ឈាង បុប្ផា
១៨ នាទី

លែងមានទៀតហើយ ការអត់ឱន យល់យោគអធ្យាស្រ័យ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង ដែល​បាន​ប្រមូលកើបលុយ រាប់ពាន់​លានដុល្លារ អស់ ២០ឆ្នាំមកនេះ។ កាលពី​ថ្ងៃ អង្គារ ក្រសួង​យុត្តិធម៌ និង​រដ្ឋអាមេរិកាំង​ចំនួន ១១​បាន​ដាក់​ពាក្យប្តឹង​ជា​ផ្លូវការ​ប្រឆាំង​ ​ក្រុមហ៊ុន​Google ដែល​អាជ្ញាធរ អាមេរិក​ចោទប្រកាន់​ថា បាន​រំលោភ​អំណាច ក្នុង​នាមជា​ក្រុមហ៊ុន​អ៊ីនធ័រនែត​នាំមុខគេ នៅក្នុង​ពិភពលោក។

ផ្សាយពាណិជ្ជកម្ម

ជា​លើកទី១ ក្នុង​រយៈពេល ២០ឆ្នាំ​នៃ​ការរីកធំធាត់​ជាលំដាប់​របស់​មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង អាជ្ញាធរ​អាមេរិក​បាន​សម្រេចចិត្ត​ប្តឹង​ក្រុមហ៊ុន​យក្ស Google ដោយ​មិន​ភ្លេច​គំរាមចាត់វិធានការ​ស្រដៀងគ្នា នេះ សំដៅ អ្នកជិតខាង​របស់​Google ដូចជា​ក្រុមហ៊ុន​ហ្វេសប៊ុក អាម៉ាហ្សូន និង​Apple។

នៅក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​អង្គារទី ២០ តុលា រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌​អាមេរិក លោក William Barr បាន​អះអាងថា នៅ​ព្រឹកថ្ងៃអង្គារ ក្រសួង និង​រដ្ឋអាជ្ញា​របស់​រដ្ឋ​ចំនួន​១១​ផ្សេងទៀត បាន​ចាប់ផ្តើម​ចាត់វិធានការ​ស៊ីវិល ប្រឆាំង​Google ដែល​បាន​ប្រើ​​នយោបាយ​ផ្តាច់មុខ ខុសច្បាប់ នៅក្នុង​ប្រើប្រាស់​សេវារុករក ហើយ​និង​សេវា​ផ្សាយពាណិជ្ជកម្ម​របស់​Google។ នៅក្នុងរឿង ​សេវា​ផ្សាយពាណិជ្ជកម្ម រដ្ឋមន្រ្តី​យុត្តិធម៌​អាមេរិក​ប្តឹង​ចោទប្រកាន់​ក្រុមហ៊ុន​Google ពីបទ រំលោភ​ច្បាប់​អាមេរិក​ស្តីពី​សិទ្ធិប្រកួតប្រជែង។

“Google ប្រៀបបាន​នឹង​ទ្វារបើកទៅរក​អ៊ីនធ័រនែត។ ប៉ុន្តែ ក្រុមហ៊ុន​Google បាន​កាង ផ្តាច់មុខ នៅលើ​អ៊ីនធ័រនែត តាមរយៈ ការអនុវត្ត កម្មវិធី​នានា​ដែលផាត់​គូប្រកួតប្រជែង ឲ្យ​ខ្ទាតចេញពី​អ៊ីនធ័រនែត” នេះជា​ប្រសាសន៍​របស់លោក​Jeffrey A Rosen អនុរដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​អង្គារ។

បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៨ និង​បាន​រីកធំក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខគេ​ក្នុង​ពិភពលោក Google ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ចោទប្រកាន់​ថា បាន​រំលោភ ប្រើ​វិធីសាស្រ្ត សម្រាប់​កម្ចាត់​មិន​ឲ្យ​មាន​គូប្រកួតប្រជែង នៅក្នុង​វិស័យរុករក តាម​អ៊ីនធ័រនែត។ ឧទាហរណ៍ ក្រុមហ៊ុន​បាន​ចាប់តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ ត្រូវ​តែ​ដំឡើង កម្មវិធី Chrome ឬ Google Maps ដែល​គេ​ពិបាក​នឹង​លុបចេញវិញ ដែល​ជាហេតុ​ធ្វើ​ក្រុមហ៊ុនដទៃ ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយ។

នៅក្នុង​ពាក្យ​បណ្តឹង​ដែល​ត្រូវការ​ពេលវេលា​ប្តឹងផ្តល់ រាប់ឆ្នាំ អាជ្ញាធរ​អាមេរិក​បាន​ទាមទារ​ឲ្យ​មានការផ្លាស់ប្តូរ រចនាសម្ព័ន្ធ ឬ​បើអាច​ទៅបាន គឺ រុះរើ សរសរគ្រឹះ​មួយចំនួន​របស់​ក្រុមហ៊ុន​មហាយក្ស Google។

ប្រតិកម្ម​តប​នឹង​ពាក្យបណ្តឹង​របស់​ក្រសួងយុត្តិធម៌​អាមេរិកាំង អនុប្រធាន​ក្រុមហ៊ុន​Google គឺ​លោក​Kent Walker បាន​ចាត់ទុក​ពាក្យ​បណ្តឹង​របស់​អាជ្ញាធរ អាមេរិកថា ជា​បណ្តឹង​គួរ​ឲ្យ​សង្ស័យ គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ សម្រាប់​ថ្នាក់ដឹកនាំ​របស់​Google មនុស្ស​ប្រើប្រាស់​Google ព្រោះ​តែ​ជម្រើស​របស់​ពួកគេ ប៉ុន្តែ មិនមែន​ដោយសារ​ការចាប់បង្ខំ និង​គ្មាន​ផ្លូវជ្រើសរើស​ថ្មីនោះទេ។ “សម័យនេះ គឺ​មិនដូច​សម័យ ឆ្នាំ ១៩៩០ ដែល​គេ​ត្រូវ​តែ​ទិញ និង​ដំឡើង កម្មវិធី ជាមួយ CD-ROM សម្រាប់​ផ្លាស់ប្តូរ​សេវាប្រើប្រាស់​អ៊ីនធ័រនែត​នោះទេ។ តាម​អនុប្រធាន​ក្រុមហ៊ុន​Google ក្រុមហ៊ុន​បាន​ផ្តល់​សេវា​ដោយ​ឥតគិតថ្លៃ ដល់​អ្នកប្រើប្រាស់ ក្នុង​ចំនួន​ដ៏ច្រើន។ ពាក្យបណ្តឹង​របស់អាជ្ញាធរ​អាមេរិក នឹង​មិនជួយ​សម្រាលបន្ទុក​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​នោះទេ។ ផ្ទុយទៅវិញ វា​នឹង​ទៅជំរុញ ឲ្យមាន​ក្រុមហ៊ុន​បោកបន្លំ ផ្តល់សេវា​អ៊ីនធ័រនែត គ្មានគុណភាព សម្រាប់​អ្នកប្រើប្រាស់ កាន់តែ​ច្រើនឡើង។

នៅអឺរ៉ុប អាជ្ញាធរសម្រាប់​ការប្រកួតប្រជែង ធ្លាប់​បាន​ពិន័យ ក្រុមហ៊ុន​Google ឲ្យ​បង់ប្រាក់ ជាង ៤,៣ពាន់លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៨ សម្រាប់ ការអនុវត្ត​មិន​ស្មោះត្រង់ នៅក្នុង​ប្រព័ន្ធ អេកូសាស្រ្ត របស់​Android។ នៅទឹកដី​អាមេរិក ដើម្បី​យកឈ្នះ​លើ​Google អាជ្ញាធរ​អាមេរិកាំង​ត្រូវ​រក​ភស្តុតាង ទាំងឡាយ​ណា​ដើម្បី បង្ហាញ ថា នយោបាយ​ផ្តាច់មុខ​របស់ Google បានប៉ះពាល់​ដល់​អ្នកប្រើប្រាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ