អានតួអត្ថបទ

ស៊ូដង់ និង​អ៊ីស្រាអែល​យល់ព្រម​ចងសម្ព័ន្ធភាព​គ្នាឡើងវិញ ក្រោម​ការជ្រោមជ្រែង​របស់​អាមេរិក

នៅថ្ងៃ​សុក្រ​ទី ២៤ តុលា លោកដូណាល់ ត្រាំ​និយាយ​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល និង​មេដឹកនាំ​ស៊ូដង់​ដែល​យល់ព្រម ចុះកិច្ចព្រមព្រៀង​សន្តិភាព​នឹង​គ្នា
នៅថ្ងៃ​សុក្រ​ទី ២៤ តុលា លោកដូណាល់ ត្រាំ​និយាយ​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល និង​មេដឹកនាំ​ស៊ូដង់​ដែល​យល់ព្រម ចុះកិច្ចព្រមព្រៀង​សន្តិភាព​នឹង​គ្នា AP - Alex Brandon
ដោយ៖ ឈាង បុប្ផា
១៩ នាទី

បន្ទាប់​ពី​អេមីរ៉ាត អារ៉ាប់រួម និង​បារ៉ែន ដល់វេន​ប្រទេស​ស៊ូដង់​ដែល​បាន​យល់ព្រម​បង្កើត​ទំនាក់ទំនង​ប្រក្រតី​ឡើងវិញ ជាមួយ​អ៊ីស្រាអែល។ ទៅតាម​ការប្រកាស​រដ្ឋបាល​លោកដូណាល់​ត្រាំ កាលពី​ថ្ងៃ​សុក្រម្សិលមិញ ស៊ូដង់ ជា​ប្រទេសអារ៉ាប់​មួយទៀតដែល​ បានយល់ព្រម​ថា នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយរដ្ឋជ្វីហ្វ ​អ៊ីស្រាអែល។ នៅពេល​ប្រមុខដឹកនាំ​អ៊ីស្រាអែល និង​ស៊ូដង់ ថ្លែង​ស្វាគម ជោគជ័យ នយោបាយ​សម្របសម្រួល​របស់​ប្រធានាធិបតី អាមេរិក អ៊ីរ៉ង់ និង​ក្រុមហាម៉ាស​ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល​បាន​បរិហារ រិះគន់ នយោបាយ​ពុករលួយ របស់​រដ្ឋបាល​អាមេរិក ដែល​មើលរំលង​ទុក្ខវេទនា​របស់​ប្រជាជន​ប៉ាឡេស្ទីន។

ផ្សាយពាណិជ្ជកម្ម

នៅសេតវិមាន អម​ដោយ​មន្រ្តីជាន់ខ្ពស់​អាមេរិក ដូចជា​រដ្ឋមន្រ្តី​ការបរទេស និង​កូនប្រសារប្រុស​ដែល​ទទួល​បន្ទុក ការចរចា សន្តិភាព​នៅដើមបូព៌ា លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បាន​ប្រកាស​ជា​ឱឡារិក​ពី កិច្ចព្រមព្រៀង​សន្តិភាព រវាង​ប្រទេស​គូសត្រូវ​ពីរ ស៊ូដង់ និង​អ៊ីស្រាអែល នៅក្រោម​គំនិតផ្តួចផ្តើម និង​ការជួយ​ជ្រោមជ្រែង​របស់​អាមេរិក។ នៅ​ថ្ងៃ​សុក្រ ស៊ូដង់ និង​អ៊ីស្រាអែល​បាន​យល់ព្រម ចាប់ផ្តើម កសាងទំនាក់ទំនង ធម្មតា​នឹងគ្នាឡើងវិញ បន្ទាប់ពី តាំង​ខ្លួន​ជា​សត្រូវនឹងគ្នា តាំង​សង្រ្គាម អ៊ីស្រាអែល​អារ៉ាប់ នៅ​ឆ្នាំ ១៩៦៧។

សម្រាប់​ប្រធានាធិបតី​អាមេរិក នៅ​ក្នុង​រយៈពេល​តែប៉ុន្មាន​សប្តាហ៍ ស៊ូដង់​បាន​ក្លាយ​ជា​ប្រទេស​អារ៉ាប់​ទី​៣ ដែល​បាន​យល់ព្រម​ផ្សារភ្ជាប់​ទំនាក់ទំនង​ធម្មតា​ឡើងវិញ ជាមួយ អ៊ីស្រាអែល នៅបន្ទាប់​ពី ប្រទេស​អេមីរ៉ាត អារ៉ាប់រួម និង​បារ៉ែន។

តាម​ប្រមុខ​រដ្ឋអាមេរិក​ នៅ​មាន​ប្រទេស​អារ៉ាប់ ចំនួន ៥​ទៀត ដែល​ចង់​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋជ្វីហ្វ អ៊ីស្រាអែល។ លោក​សង្ឃឹមថា អារ៉ាប៊ី សាអូឌីត ដែល​ជា​ប្រទេស​អារ៉ាប់​ធំ ជាងគេ នៅក្នុង​តំបន់ នឹង​អាច​ធ្វើតាម បារ៉ែន អេមីរ៉ា អារ៉ាប់រួម និង​ស៊ូដង់។

នៅក្នុង​កិច្ចសន្ទនា​ត្រីភាគី តាម​ខ្សែ​ទូរស័ព្ទ កាល​ពីថ្ងៃ សុក្រ ម្សិលមិញ លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយ​កោតសរសើរថា នៅក្នុង​ការដឹកនាំ​របស់​លោកដូណាល់ ត្រាំ គេបាន​ពង្រីកដែន​សន្តិភាព នៅ​តំបន់​ដើមបូព៌ា។ នាយករដ្ឋមន្រ្តី​ស៊ូដង់​វិញ បាន​ថ្លែង​អំណរគុណ ប្រធានាធិបតី អាមេរិក ដែល​បាន​សម្រេច​ដក​ស៊ូដង់​ចេញពី បញ្ជីស្បែកខ្មៅ របស់​អាមេរិក ក្នុង​នាមជា​ប្រទេស​គាំទ្រ​ក្រុមក្រុមភេរវនិយម។

រដ្ឋបាល​លោកដូណាល់ ត្រាំ ធ្លាប់​បាន​ជូនដំណឹង ទៅ​សភាអាមេរិក​ឲ្យ​លុបចោល​ទាំងស្រុង ការចោទប្រកាន់​ស៊ូដង់ ថា ជាប្រទេស​គាំទ្រ ក្រុមភេរវនិយម។ សេតវិមាន​បាន​លើកសំណើ​នេះ នៅក្រោយ ស៊ូដង់ ដែលទើប​ផ្លាស់ប្តូរ​របបគ្រប់គ្រង​ផ្តាច់ការ បាន​យល់ព្រម បង់ប្រាក់ ប្រមាណ ៣៣៥​លាន​ដុល្លារ សម្រាប់​គ្រួសារ​ជនរងគ្រោះ​អាមេរិក ដែល​បាន​ស្លាប់​នៅក្នុងការវាយប្រហារ​ភេរវកម្ម ប្រឆាំង​ស្ថានទូត​អាមេរិក​នៅ​កេនយ៉ា និង​តង់ហ្សានី កាលពី​ឆ្នាំ ១៩៩៨។ ស៊ូដង់​ដែល​ត្រូវ​សហគមន៍​អន្តរជាតិ​ចោទប្រកាន់​ថា បាន​ផ្តល់ជំរក​ដល់​មេដឹកនាំ​ភេរវកម្ម​អាល់កៃដា ក្នុង​អំឡុង ឆ្នាំ ១៩៩០ ត្រូវ​បាន​តុលាការ​អាមេរិក​ផ្តន្ទាទោស​ឲ្យ​សងជំងឺចិត្ត​ដល់​ប្រជាជន​អាមេរិក​ដែល​បាន​រងគ្រោះ ​ដោយសារ​ការវាយប្រហារ​ភេរវកម្ម។

ប្រតិកម្ម​ទៅ​នឹង​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក ក្រសួង​ការបរទេស​របស់​អ៊ីរ៉ង់ បាន ចាត់ទុក ការផ្ចុងផ្តើម របស់​អាមេរិក​ថា ជា​រឿង​បោកបន្លំ ព្រោះថា បើគេ​សុខចិត្ត​បង់លុយ គ្រប់គ្រាន់ ហើយ បិទភ្នែក មើល​មិនឃើញ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន នោះគេ ប្រាកដ​ជារួចចាកផុត​ពី​បញ្ជីខ្មៅ​ភេរវនិយម​របស់​អាមេរិក។ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​វិញ បាន​ថ្កោលទោស មិនទទួល​ស្គាល់​កិច្ចព្រមព្រៀង អ៊ីស្រាអែល ជាមួយ​ប្រទេស​អារ៉ាប់ ចំណែក ចលនា​ហាម៉ាស ប៉ាឡេស្ទីន បរិហារិះគន់ នយោបាយ​ដើរ​ស្ទូច​ទាក់​របស់​អាមេរិក ដែលកំពុង​បំផ្លាញ​ប្រជាជាតិ​ប៉ាឡេស្ទីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ