សហរដ្ឋ​អាមេរិក

លោកត្រាំ​សំឡឹង​ឃើញ​ជោគជ័យជាថ្មី ក្រោយ​ការ​តែង​តាំង​ចៅក្រម​ Barrett នៅ​តុលាការ​កំពូល

លោក​ប្រធានាធិបតី​អាមេរិកដូណាល់ ត្រាំ​ និងលោកស្រី ចៅក្រម Amy Coney Barrett ថ្ងៃទី ២៦​ តុលា ២០២០
លោក​ប្រធានាធិបតី​អាមេរិកដូណាល់ ត្រាំ​ និងលោកស្រី ចៅក្រម Amy Coney Barrett ថ្ងៃទី ២៦​ តុលា ២០២០ REUTERS - JONATHAN ERNST

លោកប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​ចាត់​ទុក​ការ​តែង​តែង​លោកស្រី ជា​ចៅក្រម​នៅ​តុលាការ​កំពូល ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​។ នៅ​មួយ​សប្តាហ៍​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ចូល​មកដល់ លោកត្រាំ ដែល​ចាញ់​ប្រៀប​លោក ចូ បៃដិន ក្នុង​ការ​ស្ទង់​មតិ បាន​សម្តែង​ការរីករាយយ៉ាង​ខ្លាំង និង​សង្ឃឹម​ថា ការតែង​តែង​លោក​ស្រីចៅក្រម បារ៉ែត ជា​ការ​ផ្តល់​សន្ទុះ​ថ្មី​ដល់​យុទ្ធនាការ​ឃោសនា និង​ប្រមូល​ផ្តុំសកម្មជន​​បក្ស​សាធារណរដ្ឋ​​កាន់តែ​ខ្លាំង ជាពិសេស​អ្នកនៅ​ស្ទាក់ស្ទើរ​ចិត្ត។

ផ្សាយពាណិជ្ជកម្ម

ត្រលប់​ពី​មិទ្ទិញ​នៅ​រដ្ឋ​ Pennsylvanie លោកដូណាល់​ត្រាំ បាន​រៀប​ចំ នៅ​សេតវិមាន នាល្ងាច​ថ្ងៃទី ២៦​តុលា ២០២០ ​កម្មវិធី​តែង​តែង​ជា​ផ្លូវការ​លោកស្រី Amy Coney Barrett ជា​ចៅក្រម​នៃ​តុលាការ​កំពូល  ដែល​ព្រឹទ្ធសភា​​ទើប​បាន​បោះឆ្នោត​ផ្តល់ទំនុក​ចិត្ត​ក្នុង​សំឡេង​៥២គាំទ្រ​ទល់​នឹង​៤៨​ប្រឆាំង។

ក្នុង​វ័យ​៤៨​ឆ្នាំ ជា​អ្នក​អភិរក្ស​និយម លោកស្រី Amy Coney Barrett ត្រូវ​​បំពេញ​​​តូនាទីជា​ចៅក្រម​នៃ​តុលាការ​កំពូល​​ ​អស់​មួយ​ជីវិត ក្បែ​រចៅក្រម​៥​រូបផ្សេង​ទៀត ដែល​សុទ្ធ​តែ​ជា​អ្នក​អភិរក្ស​និយម​ដូច​គ្នា និង​ដែល​ក្នុង​នោះ​ពីររូប​ត្រូវ​បាន​តែង​តាំង​ដោយ​ប្រធានាធិបតី​ដូណាល់ ត្រាំ។ មាន​ន័យ​ថា​ លោកត្រាំ ជា​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពលខ្លាំង​ជាង​​បំផុត​ក្នុង​ស្ថាប័ន​នេះក្នុង​រយៈ​ពេល​៤០​ឆ្នាំ ចុងក្រោយ​នេះ។

នៅ​ចំពោះ​អ្នក​សារព័ត៌មាន​ លោកត្រាំ​បាន​បង្ហាញមោទនភាព ​និងភាព​ជឿជាក់ ដោយ​ប្រកាស​ចាត់ទុក​ការ​តែង​តាំង​លោកស្រី Amy Coney Barrett ថា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ សម្រាប់​សហរដ្ឋ​អាមេរិក។ សម្រាប់​លោកត្រាំ ការតែងតាំង​នេះ​ជា​ជោគជ័យ​មួយ ដែលនឹង​នាំ​ឱ្យ​មាន​ជោគជ័យ​មួយ​ទៀត​នៅ​ថ្ងៃ​ទី ៣​វិច្ឆិកា។

សូម​បញ្ជាក់​ថា យោលទៅលើបរិបទ ការ​តែង​តាំង​ចៅក្រម​នៃ​តុលាការ​កំពូល​ ជា​សេចក្តី​សម្រេច​ដែល​មាន​តម្លៃខ្លាំង​ផ្នែកនយោបាយ និងមាន​តម្លៃ​ជា​​យុទ្ធសាស្ត្រ​ណាស់​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោតប្រធានាធិបតី​​របស់​លោកត្រាំ​។ លោក ត្រាំ រំពឹង​ជា​ពិសេស​លើ​ការ​តែង​តាំង​នេះ ក្នុង​ប្រមូលផ្តុំ​សកម្មជន ​និង​ទាក់ទាញ​​​ក្រុមអ្នក​ដែល​នៅ​ស្ទាក់ស្ទើរ​ចិត្ត​បាន។

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹងថា​តើ​ការ​តែង​តែង​លោកស្រី​ចៅក្រម​នេះ នឹង​ជួយ​លោកប្រធានាធិបតីនិងបក្សសាធារណរដ្ឋ​បាន​ប៉ុណ្ណា​ទេ។ អ្នក​ជំនាញ​ខ្លះ​យល់ថា ការ​តែង​តាំង​នេះ​អាច​ជា​អាវុធ​មុខ​ពីរ​ទៅ​វិញ។ ការ​ស្ទង់មតិ​របស់​ New York Times ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ បានបង្ហាញថាម្ចាស់​ឆ្នោត​ភាគច្រើន​​យល់​ថា​ការ​តែង​តាំង​ចៅក្រមនៃ​តុលាការកំពូល ត្រូវ​ជា​ភារៈ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​នា​ថ្ងៃ​ទី ៣​វិច្ឆិកា ២០២០ទេ។ យ៉ាងណា​ក៏​ដោយ​ ក៏​លោក​ ដូណាល់ ត្រាំ យល់​ថា​ពេល​នេះ លោក​កំពុង​មាន​ប្រៀប​លើ​លោក​ចូបៃដិន នៅ​ពេល​​ត្រូវ​ជជែក​តស៊ូ​មតិ​មួយ​ទល់​នឹងមួយ​នៅ​ថ្ងៃទី ២៩​តុលា២០២០ខានស្អែក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI