សហរដ្ឋអាមេរិក ដើរចេញពីវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ
បន្ទាប់ពីដាំក្បាលធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយខ្លាំងជាប្រវត្តិសាស្ត្រ ដោយហេតុតែវិបត្តិកូវីដ១៩មក នៅថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកបានប្រកាសថាសេដ្ឋកិច្ចមានកំណើនឡើងវិញ ផលិតផលសរុបក្នុងស្រុក នៅត្រីមាសទីបីនេះ បានស្ទុះឡើងយ៉ាងខ្លាំង។ នេះជាដំណឹងដ៏ល្អ ដែលអាចមានតម្លៃនយោបាយខុសសព្វមួយដង ព្រោះវាធ្លាក់មកតែ ៥ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី។ លោក ដូណាល់ ត្រាំ ដែលកំពុងប្រកួតប្រជែងយកតំណែងអាណត្តិទីពីរ តែងអះអាងថាលោកជាប្រធានាធិបតីដែលបានលើកស្ទួយសេដ្ឋកិច្ច ឱ្យមានកំណើន និងជាកំណើនខ្ពស់ទៀត។
ចុះផ្សាយនៅថ្ងៃ៖
កំណើនសេដ្ឋកិច្ចអាមេរិកនៅត្រីមាសទីបី បានកើនលើស៣០% និងអាចឡើងដល់ទៅ ៣៧%។ នេះបើតាមរបាយការណ៍របស់ធនាគារកណ្តាលអាមេរិក ចេញផ្សាយនៅល្ងាចថ្ងៃពុធទី ២៨តុលា២០២០។ មិនតែប៉ុណ្ណោះ នៅរវាងពីខែកក្កដាដល់ខែកញ្ញា កំណើនសេដ្ឋកិច្ចមានសន្ទុះលឿនខ្លាំង ខ្លាំងជាងក្រោយសម័យសង្គ្រាមលោកលើទីពីរ ដែលមានត្រឹម១៦,៧%នៅត្រីមាសទីមួយឆ្នាំ១៩៥០ ទៅទៀត។ ដោយហេតុកូវីដ១៩ អាមេរិក បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយដ៏ធ្ងន់ធ្ងរខ្លាំងមិនធ្លាប់ប្រទះ(-៣១,៤%)មែន ប៉ុន្តែវិបត្តិលើកនេះមានរយៈពេលខ្លីបំផុត អាមេរិកបានងើបចេញរួចយ៉ាងឆាប់រហ័សខ្លាំងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ធនាគារកណ្តាលអាមេរិក។
លោក ដូណាល់ត្រាំ ដែលតែងអួតអាងអំពីសមត្ថភាពលើកស្ទួយសេដ្ឋកិច្ចជាតិ និងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកកាន់តែខ្លាំង រំពឹងលើលទ្ធផលនៃកំណើនសេដ្ឋកិច្ច ក្នុងដណ្តើមតួនាទីនៅអាណត្តិទីពីរ។ លោកបានបង្ហោះសារទ្វីត ព្រលយឱ្យដឹង តាំងពីថ្ងៃអង្គារ ថាអាមេរិកមានកំណើនផលិតផលសរុបក្នុងស្រុកខ្ពស់ណាស់។
ប៉ុន្តែសម្រាប់អ្នកវិភាគសេដ្ឋកិច្ចខ្លះ ក្រៅអំពីប្រយោជន៍ឃោសនានយោបាយ លទ្ធផលនៃកំណើនសេដ្ឋកិច្ចនៅត្រីមាសនេះមិនអស្ចារ្យទេ និងមិនអាចប្រាប់អំពីអនាគតបានឡើយ។ បើតាមវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson ដើម្បីមានសេដ្ឋកិច្ចស្មើសម័យមុនកើតវិបត្តិកូវីដ១៩ សហរដ្ឋអាមេរិកត្រូវមានសន្ទុះកំណើនសេដ្ឋកិច្ចដល់ទៅ ៥៣,៣% ឯណោះទើបបាន។ កំណើនផលិតផលសរុបក្នុងប្រវត្តិសាស្ត្រនេះ គ្រាន់តែផ្ទាំងទស្សនីយភាពបង្ហាញអំពីកំណើនមួយរយៈខ្លីប៉ុណ្ណោះ មិនមែនជាកំណើនជានិរន្តទេ។ ទស្សនវិស័យសេដ្ឋកិច្ចត្រីមាសទីបួន នឹងស្រអាប់ទៅៗ ព្រោះសភានិងព្រឹទ្ធសភាអាមេរិកនៅតែខ្វែងគំនិតគ្នាលើផែនការថ្មីសម្រាប់សង្គ្រោះពលរដ្ឋនិងក្រុមហ៊ុន។ ផែនការសង្គ្រោះដំបូង ជិតអស់សុភពភាពហើយ។ គ្មានផែនការថ្មី សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះខ្លាំង។ មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថាអាមេរិកនឹងមានកំណើនសេដ្ឋកិច្ចធ្លាក់ចុះ៤,៣% តែធនាគារកណ្តាលអាមេរិកព្យាករថាចុះត្រឹម៣,៧%ប៉ុណ្ណោះ បើគិតជាមធ្យមប្រចាំឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ