សហរដ្ឋ​អាមេរិក-បោះឆ្នោត

បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ៖ លោកបៃដិន និង លោក ត្រាំ កំពុង​ប្រដេញគ្នា​យ៉ាងកៀកកិត

លទ្ធផល​បោះឆ្នោត​ ខៀវ​តំណាងជោគជ៍យ​របស់​លោក​ចូបៃដិន និង​ក្រហម​តំណាង​លោកត្រាំនិង​ស​មិនទាន់​មានលទ្ធផល
លទ្ធផល​បោះឆ្នោត​ ខៀវ​តំណាងជោគជ៍យ​របស់​លោក​ចូបៃដិន និង​ក្រហម​តំណាង​លោកត្រាំនិង​ស​មិនទាន់​មានលទ្ធផល © AP

តើ​នរណា​ជា​ប្រធានាធិបតី​ទី ៤៦​របស់​អាមេរិក​ ? លោកដូណាល់ ត្រាំ ឬ​លោក ចូ ដៃដិន ? អាមេរិក​​ទំនង​ជា​ត្រូវប្រើពេល​ជា​ច្រើន​ថ្ងៃ​​ទៀត​ទើប​អាចប្រកាស​លទ្ធផលបាន​ ព្រោះ​ការ​រាប់​សន្លឹក​ឆ្នោត​ ​មិន​ទាន់​ចប់​សព្វគ្រប់​ទេ។ ​លទ្ធផលបឋម​និង​បណ្តោះអាសន្ន​បាន​ធ្លាក់​មក​ជាបណ្តើរ បាន​បង្ហាញ​ថាគិត​ត្រឹមម៉ោង​៣រសៀល​ ម៉ោង​នៅ​កម្ពុជា លោក​ ចូ បៃដិន បេក្ខជន​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ ជា​អ្នក​នាំ​មុខ។  

ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋអាមេរិក​បាន​ចូល​រួមបោះឆ្នោត​យ៉ាង​ច្រើនបំផុតមិនធ្លាប់​មានទេ នៅ​ថ្ងៃទី ៣ វិច្ឆិកា​២០២០ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ត្រូវ​អត់ធ្មត់​ជា​ច្រើនម៉ោង ឬ​ដល់​ជា​ច្រើន​ថ្ងៃ​ផង​ ទម្រាំ​អាច​ដឹង​ច្បាស់​ថា​តើ​លោកដូណាល់ ត្រាំ ឬ​លោក ចូបៃដិន ជាឈ្នះ​ឆ្នោត​​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​។ បើ​តាមលទ្ធផល​បឋម​គិត​ត្រឹម​ម៉ោង១​ភ្លឺ​ (ថ្ងៃទី ៤​វិច្ឆិកា២០២០) ម៉ោង​នៅ​សហរដ្ឋ​អាមេរិក លោក ចូ បៃ​ដិន​ ទទួល​ជោគជ័យ​នៅ​ក្នុង​រដ្ឋ​​ចំនួន ១៨។ ចំណែកលោក​ដូណាល់ ត្រាំ ប្រធានាធិបតី​ផុត​អាណត្តិ​បានទទួល​ជ័យ​ជំនះ ក្នុង​រដ្ឋ​​ចំនួន ២៣​។ តែ​បើ​គិតអំពី​ចំនួន​អង្គ​បោះឆ្នោត ​វិញ លោក ចូ បៃដិន​ ទទួល​បាន​​អង្គ​បោះឆ្នោតចំនួន​២៣៨ ទល់​នឹង​២១៣​សម្រាប់​លោក​ត្រាំ (ដើម្បីអាច​ប្រកាស​ជោគជ័យ​បាន​ បេក្ខជន​ត្រូវ​មាន​អង្គ​បោះឆ្នោត​ចំនួន ២៧០)។

បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​កំពុង​​នាំមុខផ្នែក​អង្គ​បោះឆ្នោត​ និង​បាន​យក​ឈ្នះ​រដ្ឋអារីហ្សូណា​ ដែលធ្លាប់​តែ​​បោះឆ្នោត​គាំទ្របេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ទៀត។ ប៉ុន្តែការ​រាប់​សន្លឹក​ឆ្នោត​នៅ​មិន​ទាន់​សព្វគ្រប់ទេ និងរដ្ឋ​​ខ្លះ​មិន​ទាន់​ផ្តល់​លទ្ធផល​បឋម​ផង។ រដ្ឋ​ចំនួន៧ ជាគន្លឹះ​ដែល​​អាច​ប្រែក្រឡាស់​លទ្ធផល​ទាំង​ស្រុងបាន នោះ​គឺ ពេនស៊ីវ៉ានី មីស៊ីហ្កែន វីសខុនស៊ីន ន័រការ៉ូលីណា ចចជា និងនេវ៉ាដា។ ក្នុង​ចំណោមរដ្ឋ​ទាំង​៧​នេះ​ ៥រដ្ឋ​ ​​នាំមុខដោយលោក ដូណាល់ ត្រាំ។ វីសខុនស៊ីន​និង​នេវ៉ាដា​នាំ​មុខ​ដោយ​ចូបៃដិន។ រដ្ឋ​ពេនស៊ីវ៉ានី ដែល​មានតំណាង​អង្គបោះឆ្នោត​ដ៏​ច្រើន (២០) ទើប​រាប់បាន​សន្លឹក​ឆ្នោត​៧០% នឹង​ផ្តល់​លទ្ធផលបឋម​នៅ​ល្ងាច​ថ្ងៃសុក្រ។ ឯរដ្ឋ​មីស៊ីហ្កែន​ រាប់​បានដល់​ទៅ៨២% ប៉ុន្តែ​មានគម្លាតសំឡេង​តិច​ពេក ទើប​ពុំ​ទាន់​អាច​ប្រកាស​លទ្ធផល​បានភ្លាម។

យ៉ាង​ណា​ក៏​ដោយ​ ក៏​លោកចូបៃ​ដិន​នៅតែ​មាន​​សុទិដ្ឋនិយម។ លោកចូ បៃដិន​ ​បានចេញមុខ​​ថ្លែងមុនគេ​​ថា​បក្ស​ប្រជាធិបតេយ្យ​កំពុង​ធ្វើ​ដំណើរ​លើ​វិថី​នៃ​ជ័យ​ជំនះ។ ជាងមួយ​ម៉ោង​ក្រោយ​ លោក ដូណាល់​ត្រាំ បាន​ថ្លែង​តប​ពីសេតវិមាន ដោយ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ​ដែលលោកនាំមុខ និង​ប្រកាស​អំពី​ជោគជ័យ​របស់​លោកក្នុង​ការ​បោះឆ្នោត​នេះ។ លោក​ត្រាំ​ថែម​ទាំង​​បាន​គំរាមដាក់​បណ្តឹង​ទៅ​តុលាការ​កំពូល​ អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI