ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន សន្យារួបរួមសហរដ្ឋអាមេរិកឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងសំឡេងអង្គបោះឆ្នោត២៩០ទល់នឹ២១៤ លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ បានឈ្នះលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី៤៦របស់អាមេរិក។ ភ្លាមៗក្រោយឈ្នះឆ្នោត ពោលគឺនៅថ្ងៃសៅរ៍ទី០៧វិច្ឆិកានេះ ម៉ោងនៅសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងសុន្ទរកថាដំបូងរបស់ខ្លួននៅដែនដីកំណើតរបស់លោក ឯទីក្រុង Wilmington នៃរដ្ឋ Delaware។ នៅក្នុងសុន្ទរកថានោះ លោកប្រធានាធិបតីជាប់ឆ្នោត សន្យាថា ខ្លួននឹងរួបរួមសហរដ្ឋអាមេរិកឡើងវិញ។ សហរដ្ឋអាមេរិកដែលលោក ចូ បៃដិន គូសបញ្ជាក់ថា បានប្រេះឆាបែកបាក់ជាបំណែកៗ។
សុន្ទរកថារបស់ លោក ចូ បៃដិន ធ្វើឡើងនៅម៉ោង៨យប់ថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៨ព្រឹកថ្ងៃអាទិត្យម៉ោងនៅកម្ពុជា។ មិនដូចសុន្ទរកថារបស់ប្រធានាធិបតីជាប់ឆ្នោតអណត្តិមុនទេ សុន្ទរកថារបស់លោក បៃដិន ពេលនេះ ធ្វើឡើងក្នុងបរិបទកូវីដ១៩ ដោយអ្នកចូលរួមតម្រូវឲ្យពាក់ម៉ាស សូម្បីតែលោក ចូ បៃដិន ផ្ទាល់ ក៏ត្រូវអនុវត្តវិធានការនេះដែរ លើកលែងតែពេលលោកថ្លែងការណ៍ប៉ុណ្ណោះ។
តាំងពីដើមដំបូងនៃសុន្ទរកថា លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានថ្លែងអំណរគុណដល់ម្ចាស់ឆ្នោតទាំងអស់ដែលគាំទ្ររូបលោក។ លោក បៃដិន បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនឲ្យឈប់ចាត់ទុកអ្នកប្រឆាំងថាជាសត្រូវ តែត្រូវរួមគ្នាព្យាបាលសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ដែលលោក បៃដិន សន្យាថា នឹងរួបរួមឡើងវិញ បន្ទាប់ពីបានប្រេះឆាបែកបាក់ជាបំណែកៗនាពេលកន្លងមក។
គួរកត់សម្គាល់ដែរថា ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោក ចូ បៃដិន បានធ្វើឲ្យសហរដ្ឋអាមេរិក មានអនុប្រធានាធិបតីជាស្ដ្រីអាមេរិកស្បែកខ្មៅជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោកស្រី ខាម៉ាឡា ហារីស ត្រូវបានលោក ចូ បៃដិន ជ្រើសរើសតាំងពីខែសីហា ឲ្យដើរកៀកស្មាទន្ទឹមនឹងរូបលោក ក្នុងការយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ លោកស្រី ខាម៉ាឡា ហារីស បានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់គណបក្សប្រជាធិបតេយ្យ និងលោក ចូ បៃដិន នៅក្នុងពេលដែលការរើសអើងពណ៌សម្បុរកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ នៅសហរដ្ឋអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ