អានតួអត្ថបទ

លោកដូណាល់ ត្រាំសម្រេច​ដកលោក​Mark Esper ចេញពី​តំណែង​រដ្ឋមន្រ្តីការពារជាតិ

លោក​Mark Esper កាលនៅក្នុង​សន្និសីទ​កាសែតនៅ​សេតវិមាន ស្តីពីការបូកសរុប​នៃ​ជំងឺរាតត្បាត​កូវីដ នៅ​ខែ​មេសា ២០២០
លោក​Mark Esper កាលនៅក្នុង​សន្និសីទ​កាសែតនៅ​សេតវិមាន ស្តីពីការបូកសរុប​នៃ​ជំងឺរាតត្បាត​កូវីដ នៅ​ខែ​មេសា ២០២០ AFP - MANDEL NGAN
ដោយ៖ ឈាង បុប្ផា
២០ នាទី

នៅ​៣ខែ​មុន​បញ្ចប់​អាណត្តិ ប្រធានាធិបតី អាមេរិក លោក​ដូណាល់ ត្រាំ ដែល​នៅ តែ​បដិសេធ​មិន​ទទួល​ស្គាល់​ជ័យជំនះ​ឆ្នោត​របស់​ចូ បៃដិន បាន​ងាក​ទៅរករឿង ដកតំណែង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក។ តាមទម្លាប់ចាស់ លោកដូណាល់ ត្រាំ បាន​យក​បណ្តាញសង្គម Twitter ជា​កន្លែង​ប្រកាស​សាធារណៈ ការសម្រេចចិត្ត​របស់​លោក ដើម្បី​បណ្តេញ លោក Mark Esper ចេញពី​តំណែង​ប្រមុខការពារ​ជាតិ​អាមេរិក កាលពី ថ្ងៃចន្ទ ទី ៩​វិច្ឆិកា ២០២០។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​អាណត្តិដឹកនាំ​៤​ឆ្នាំ របស់​លោកដូណាល់ ត្រាំ រដ្ឋមន្រ្តី ការពារ​ជាតិ​អាមេរិក​ត្រូវ​បាន​ផ្លាស់ប្តូរ​ដល់​ទៅ​៤លើក។ លោក​Mark Esper ជា​មនុស្ស​ទី៤ ដែល​បាន​ចូល​កាន់​តំណែង រដ្ឋមន្រ្តី ការពារ​ជាតិ បន្ទាប់​ពី លោក​James Mattis ប្រកាស​ចុះចេញពី​តំណែង នៅ​ដើមឆ្នាំ ២០១៩ ដោយសារ ការខ្វែងគំនិត​ជាមួយ​លោកដូណាល់ ត្រាំ។

លោកMark Esper មិនមែន​ជា​ជម្រើស​របស់​លោកដូណាល់ ត្រាំ តាំង​ពីដំបូងទី។ លោកដូណាល់ ត្រាំ ធ្លាប់​បាន​រើសយក​អតីត​ប្រធាន​ក្រុមហ៊ុនBoeing លោក​Patrick Shanahan ឲ្យធ្វើ​ប្រមុខការពារ​ជាតិ​អាមេរិក។ ប៉ុន្តែ ដោយសារ​តែ រឿងអាស្រូវ​របស់ Patrick Shanahan  លោក​Mark Esper ដែល​ធ្លាប់​ជាមិត្តរួមថ្នាក់ របស់​លោករដ្ឋមន្រ្តីការបរទេស​ដ៏មាន​ឥទ្ធិពល Mike Pompeo ត្រូវ​បាន​លោកដូណាល់​ត្រាំ ជ្រើសរើស​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តីការពារ​ជាតិ នៅខែ កក្កដា ឆ្នាំ ២០១៩។

នៅក្នុង​សារTwitter ដ៏ខ្លី កាលពី​ថ្ងៃ​ចន្ទ លោកដូណាល់ ត្រាំ បាន​សរសេរ​ថា លោក​ដក លោក​Mark Esper និងថា ​លោកអរគុណ សម្រាប់​ការងារ​របស់​លោក​Mark Esper។ លោក​បាន​ជ្រើសរើស​លោក​Christopher Miller ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម ឲ្យ​កាន់តំណែង​ជា​ប្រមុខការពារ​ជាតិអាមេរិក រហូត​ដល់​ចប់​អាណត្តិ​ប្រធានាធិបតី នៅខែ​មករា​ឆ្នាំ​២០២១។ 

ការដក​លោក​Mark Esper ចេញពី​តំណែង​រដ្ឋមន្រ្តី​ការពារ​ជាតិ ត្រូវ​បាន​គេ​លឺល្ហិចល្ហៀង តាំង​ពីមុន​ពេល​បោះឆ្នោតប្រធានាធិបតី អាមេរិក​ម្ល៉េះ។

នៅក្នុង​រយៈពេល ជាង​១ឆ្នាំ ដែល​កាន់តំណែង​ជារដ្ឋមន្រ្តី​ការពារ​ជាតិ​ក្នុង​រដ្ឋបាល​លោកដូណាល់ ត្រាំ លោក​Mark Esper ត្រូវ​បាន​សភា​អាមេរិក ចាត់ទុក​ជា​មន្រ្តី​ដែល​ដើរស្មោះស្ម័គ្រ​តាម​មាគ៌ា​របស់​លោកដូណាល់ ត្រាំ។ នៅពេល លោកដូណាល់ ត្រាំ បន្សាប​អំណាច​របស់​តុលាការ​យោធា ដោយ​បាន​សម្រេច​លើកលែង​ទោស​របស់អតីតទាហាន​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម លោក​Mark Esper គ្មាន​មាត់អ្វី មួយម៉ាត់។

នៅពេល សភា បោះឆ្នោត​ប្រឆាំង​មិន​ឲ្យ​លោកដូណាល់ ត្រាំ យកលុយ ទៅ សាងសង់ជញ្ជាំង​នៅព្រំដែន ម៉ិកស៊ិក លោក Mark Esper នៅបាន​ត្បិតត្បៀត បង្វិល​យកលុយ​ដែលត្រូវ​ប្រើ​សម្រាប់​ទិញ យន្តហោះចម្បាំង ទៅ​ឲ្យ​លោកដូណាល់ ត្រាំ សង់ជញ្ជាំង។

លោក Mark Esper បាន​ធ្វើ​តាមការចង់​របស់​លោកដូណាល់ ត្រាំ រហូតមក រហូត​ដល់​ពេល​មួយ ដែលលោក Mark Esper នៅទីបំផុត បាន​ដើរផ្លូវ​បញ្ច្រាស​ទៅវិញ នៅក្នុង​វិបត្តិ​បាតុកម្ម​ប្រឆាំង​នឹង​អំពើហិង្សា របស់​ប៉ូលិស និង​ការរើសអើង​ប្រកាន់​ពូជសាសន៍ នៅ​ចុងឆ្នាំ ២០១៩។ ប្រឈម​នឹង​ការតវ៉ា​របស់​កូនទាហាន​ដែល​ភាគច្រើន​ជាមនុស្ស​ចេញមកពី សហគមន៍ ភាគតិច លោក Mark Esper ​បាន​អះអាង ថា លោកមិនគាំទ្រ​នឹង​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព បះបោរ​នោះទេ។ ពោល​គឺ​នៅមួយថ្ងៃ​ក្រោយ លោក​ដូណាល់ ត្រាំ ចេញក្រឹត្យ អនុញ្ញាត​ឲ្យ​ពង្រាយ​កងទ័ព សម្រាប់​ប្រឈម​​នឹង​បាតុករ។ ការចេញមុខ​ប្រកាស​ជំហរ​ផ្ទុយរបស់លោក​ Mark Esper​បានធ្វើ​ឲ្យអ្នកតាមដាន វាយតម្លៃថា លោក​ដូណាល់ ត្រាំ ចង់រករឿង​ដកលោក​ Mark Esper​តាំង​ពីខែ សីហាម្ល៉េះ។

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក លោកដូណាល់ ត្រាំ គ្រោង ផងដែរ នឹង​ដកតំណែង​របស់​ប្រធាន​ប៉ូលិស FBI និង​CIA ដែល​មិនគាំទ្រ​លោក នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី។ នៅសល់​ពេល​តែ ១០​សប្តាហ៍ ប៉ុណ្ណោះ ដែល​លោកដូណាល់ ត្រាំ ដឹកនាំ​រដ្ឋបាល​អាមេរិក។ សមាជិក​គណៈកម្មការ​ស៊ើបការស៊ើបការណ៍​សម្ងាត់​នៅ ព្រឹទ្ធសភា​អាមេរិក មកពី​គណបក្ស​ប្រជាធិបតេយ្យ អំពាវនាវ​ឲ្យ​លោកដូណាល់ ត្រាំ ឈប់ បង្កើត​អស្ថិរភាព​នៅក្នុង​រដ្ឋាភិបាល ដោយ​ឈប់ ដក​មន្រ្តីស៊ើបការណ៍សម្ងាត់ ឬ​មន្រ្តី​ការពារ​សន្តិសុខជាតិ ដែល​ព្រឹទ្ធសភា បាន​បោះឆ្នោត​ជ្រើសរើស។

អតីត​មេបញ្ជាការ​កងទ័ព​អាមេរិក នៅ អង្គការ​អូតង់ លោក​James Stavridis ព្រមានថា លោកដូណាល់ ត្រាំ​កំពុង​លេង​ជាមួយភ្លើង។ បើសិន​លោក​ដូណាល់ ត្រាំ ដក​ប្រធាន​FBI និង CIA ដែល​សុទ្ធ​ជា​អ្នកមាន​សមត្ថភាព និង​ស្នេហាជាតិ នោះ​ប្រជាជនអាមេរិក កំពុង​ធ្លាក់​ចូល​ក្នុងទឹកត្រជាក់​ដ៏គ្រោះថ្នាក់ ដែល​គេ​មិនដែលស្គាល់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ