សង្រ្គាមនៅការ៉ាបាក់៖ អាមេនីចុះកិច្ចព្រមព្រៀងដ៏ឈឺចាប់មួយជាមួយអាស៊ែបៃហ្សង់
ចុះផ្សាយនៅថ្ងៃ៖
នៅក្រោយប្រយុទ្ធគ្នាអស់ ៦សប្តាហ៍ ដើម្បី ដណ្តើមទឹកដីនៅតំបន់ការ៉ាបាក់ អាមេនី និងអាស៊ែបៃហ្សង់ នៅទីបំផុតបានចុះកិច្ចព្រមព្រៀង លើបទឈប់បាញ់មួយ កាលពី ថ្ងៃចន្ទ នៅក្រោមការផ្ចុងផ្តើមរបស់ប្រធានាធិបតី រុស្ស៊ី លោកវ្លាឌីមៀរ ពូទីន។ បាតុករអាមេនីរាប់រយនាក់បានសម្រុកចូលកាន់កាប់វិមានរដ្ឋាភិបាល និងសភា មួយភ្លែត នៅ យប់ថ្ងៃចន្ទ ដើម្បីបរិហាថ្កោលទោស កិច្ចព្រមព្រៀង លើបទឈប់បាញ់ ដែលពួកគេចោទថា បានធ្វើឲ្យអាមេនីបាត់បង់ទឹកដីទៅឲ្យអាស៊ែបៃហ្សង់។ នៅថ្ងៃម្សិលមិញដដែល ប្រមុខរដ្ឋរុស្ស៊ីបានប្រកាសបញ្ជូនក្រុមរក្សាសន្តិភាពរុស្ស៊ី ទៅកាន់តំបន់ជម្លោះ ការ៉ាបាក់ ដើម្បី ធានាកុំឲ្យមានការប្រយុទ្ធគ្នាសាជាថ្មី រវាងភាគីជម្លោះទាំងពីរ គឺអាមេនី និងអាស៊ែបៃហ្សង់។
ទៅតាមកិច្ចព្រមព្រៀង ដែលចុះ ហត្ថលេខាដោយ លោកប្រធានាធិបតី អាស៊ែបៃហ្សង់ នាយករដ្ឋមន្រ្តី អាមេនី និងប្រធានាធិបតី រុស្ស៊ី បទឈប់បាញ់មួយ ត្រូវចូលជាធរមាន ចាប់ពីយប់ថ្ងៃចន្ទ នៅក្នុងតំបន់ការ៉ាបាក់ ជាទីដែលការប្រយុទ្ធគ្នា រវាង កងទ័ពអាស៊ែបៃហ្សង់ និងពួកឧទ្ទាមផ្តាច់ទឹកដី អាមេនី បានសម្លាប់មនុស្សជាច្រើនពាន់នាក់។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ដែលផ្ចុងផ្តើមដោយរុស្ស៊ី ភាគីជម្លោះអាចរក្សាទឹកដី ដែលខ្លួនកំពុងឈរជើង កាន់កាប់ សព្វថ្ងៃ។ កិច្ចព្រមព្រៀងនេះបានផ្តល់ជ័យជំនះ ដ៏ធំធេងទៅឲ្យភាគី អាស៊ែបៃហ្សង់ ដែលមានប្រៀបលើកម្លាំងទ័ពអាមេនី ដោយ វាយដណ្តើមយកបានទឹកដីមួយផ្នែករបស់ការ៉ាបាក់ នៅក្នុងសង្រ្គាម ជាង៦សប្តាហ៍មកនេះ។ ជារួម អាស៊ែបៃហ្សង់អាច គ្រប់គ្រងទីក្រុងធំទី២របស់តំបន់ការ៉ាបាក់ ចំណែកទឹកដី នៅសល់ដែលអាមេនីនៅកាន់កាប់ នៅតែជារបស់អាមេនី ដោយរួមទាំង ច្រករបៀង មួយដែលតភ្ជាប់រដ្ឋធានី របស់តំបន់ការ៉ាបាក់ទៅកាន់ទឹកដី អាមេនី។
តាមប្រធានាធិបតី រុស្ស៊ី កងទ័ពរក្សាសន្តិភាពរបស់រុស្ស៊ី ជិត ២ពាន់នាក់ ត្រូវបញ្ជូនទៅកាន់តំបន់សមរភូមិមុខ នៅតំបន់ការ៉ាបាក់ ដើម្បី តាមដាន ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់។
នៅក្រោយកិច្ចព្រមព្រៀង នៅថ្ងៃចន្ទ ប្រជាជនដែលផ្លាស់ទី ដោយសារការប្រយុទ្ធគ្នាកន្លងមកអាចធ្វើដំណើរទៅរស់នៅតាមភូមិឃុំរបស់ខ្លួនឡើងវិញ ចំណែកការដោះដូរអ្នកទោសសង្រ្គាមរវាងភាគីជម្លោះទាំងពីរនឹងអាចប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ។ សម្រាប់ប្រមុខរដ្ឋរុស្ស៊ី កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ នឹងជួយបង្កើតលក្ខខណ្ឌបរិយាកាស ដើម្បី ឲ្យជួយឲ្យភាគីអាស៊ែបៃហ្សង់ ណិងអាមេនី ដោះស្រាយ ជម្លោះរវាងគ្នា ដោយឈប់ប្រយុទ្ធដណ្តើមទឹកដីគ្នាតទៅទៀត នៅ ការ៉ាបាក់។
តំបន់ការ៉ាបាក់ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាផ្នែកមួយនៃទឹកដី របស់អាស៊ែបៃហ្សង់។ ប៉ុន្តែ ការ៉ាបាក់ ដែលសំបូររស់នៅដោយប្រជាជនអាមេនី កាន់គ្រឹស្តសាសនា ត្រូវបានក្រុមឧទ្ទាម គាំទ្រដោយអាមេនី ប្រកាសផ្តាច់ទឹកដី ពីអាស៊ែបៃហ្សង់ តាំងពីឆ្នាំ ១៩៩០។
នៅយប់ថ្ងៃចន្ទ ប្រជាជនអាមេនី រាប់រយនាក់ បានលើកគ្នាសម្រុកចូលវិមានរដ្ឋាភិបាល និងវិមានរដ្ឋសភា ដើម្បី បរិហាចោទប្រកាន់រដ្ឋាភិបាល ថា ក្បត់ជាតិ ដោយសារថា កិច្ចព្រមព្រៀងជាមួយ អាស៊ែបៃហ្សង់ និងរុស្ស៊ី បានធ្វើឲ្យអាមេនីបាត់បង់ទឹកដី។
នៅក្រោយចុះកិច្ចព្រមព្រៀង ដែលមានការយល់ព្រមពីប្រមុខដឹកនាំឧទ្ទាមនៅការ៉ាបាក់ នាយករដ្ឋមន្រ្តី អាមេនី បានទទួលស្គាល់ថា កិច្ចព្រមព្រៀង កាលពី ថ្ងៃចន្ទ ជាកិច្ចព្រមព្រៀងដ៏ឈឺចាប់ ប៉ុន្តែ វាជាការចាំបាច់ ពីព្រោះថា អ្នកជំនាញយុទ្ធសាស្រ្ត បានផ្តល់យោបល់ថា ប្រឈមនឹងការវាយប្រហារ ឈ្លានពានកាន់តែសាហាវរបស់អាស៊ែបៃហ្សង់ ដែលបានចូលដណ្តើមកាន់កាប់ទឹកដី កាន់តែធំរបស់ការ៉ាបាក់ អាមេនី នឹងអាចបាត់បង់ ទឹកដី ច្រើនជាងនេះ បើសិនមិនចុះកិច្ចព្រមព្រៀងទៅតាមការណែនាំរបស់រុស្ស៊ី។
ប្រធានាធិបតី អាស៊ែបៃហ្សង់ ឯណោះវិញ បានប្រកាសតាមកញ្ចក់ទូរទស្សន៍ ពីជ័យជំនះ ដ៏ធំធេងរបស់អាស៊ែបៃហ្សង់ នោះបើទោះបីអាស៊ែបៃហ្សង់មិនអាចវាយដណ្តើមកាន់កាប់យកតំបន់ការ៉ាបាក់បានទាំងស្រុង ក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ