អានតួអត្ថបទ

អ៊ីរ៉ង់​បដិសេធ​ការចុះផ្សាយ​ដែល​ថា មេដឹកនាំធំទី២​របស់អាល់កៃដា ត្រូវ​បាញ់សម្លាប់​នៅ ទឹកដីអ៊ីរ៉ង់

ទាហាន​អាមេរិកាំង​ឈរ​យាម​ស្ថានទូត​អាមេរិក​នៅទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា​ដែល​រងការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី ៧​សីហា ១៩៩៨។ មេដឹកនាំធំទី​២​របស់​អាល់កៃដា ដែល​អាមេរិក​ចោទប្រកាន់​ថា ជាអ្នកមេគំនិត​រៀបចំ​ភេរវកម្ម​នៅ កេនយ៉ា​ត្រូវ​បានកាសែត ចុះផ្សាយថា ត្រូវ​ចារកិច្ច​លួច​សម្លាប់​នៅ​ប្រទេស​អ៊ីរ៉ង់​ខែ​សីហា ឆ្នាំ ២០២០
ទាហាន​អាមេរិកាំង​ឈរ​យាម​ស្ថានទូត​អាមេរិក​នៅទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា​ដែល​រងការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី ៧​សីហា ១៩៩៨។ មេដឹកនាំធំទី​២​របស់​អាល់កៃដា ដែល​អាមេរិក​ចោទប្រកាន់​ថា ជាអ្នកមេគំនិត​រៀបចំ​ភេរវកម្ម​នៅ កេនយ៉ា​ត្រូវ​បានកាសែត ចុះផ្សាយថា ត្រូវ​ចារកិច្ច​លួច​សម្លាប់​នៅ​ប្រទេស​អ៊ីរ៉ង់​ខែ​សីហា ឆ្នាំ ២០២០ AFP - THOMAS COEX
ដោយ៖ ឈាង បុប្ផា
១៧ នាទី

អាមេរិក និង​អ៊ីស្រាអែល ដែល​ជាសត្រូវ​របស់​អ៊ីរ៉ង់ បាន​ភូតកុហក ប្រឌិតគ្រប់យ៉ាង​ដើម្បី​ចងភ្ជាប់​អ៊ីរ៉ង់​ទៅជាមួយ​ក្រុមអាល់កៃដា។ នេះបើតាម​ប្រសាសន៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ នៅក្រោយ កាសែត New York Times ចុះផ្សាយកាលពី​ថ្ងៃ​សុក្រម្សិលមិញថា ចារកិច្ច​អ៊ីស្រាអែល បាន​លួចធ្វើ​ឃាត មេដឹកនាំ​ធំទី​២​របស់​បណ្តាញអាល់កៃដា នៅ​ទីក្រុង​តេហេរ៉ង់។

ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេស​អ៊ីរ៉ង់ បាន​បដិសេធ ទាត់ចោល ​ព័ត៌មាន​ដែល​ថា មេដឹកនាំ​ធំទី ២ របស់​បណ្តាញ​អាល់កៃដា ត្រូវ​ឃាតករ បាញ់​សម្លាប់​នៅក្នុង​ទឹកដី អ៊ីរ៉ង់។ សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការ​បរទេស ការចុះផ្សាយ របស់​ New York Times ដែល​ថា មេដឹកនាំ​ធំទី​២​របស់អាល់កៃដា ត្រូវ​ចារកិច្ច​អ៊ីស្រាអែល បាញ់សម្លាប់ នៅតាមផ្លូវ​ក្នុងទីក្រុង​តេហេរ៉ង់ កើតចេញ​មកពី​ការប្រឌិត បង្កើត​រឿងសុទ្ធសាធ​របស់ អាមេរិក និង​អ៊ីស្រាអែល សត្រូវសួពូជ​របស់អ៊ីរ៉ង់។

តាម​ការចុះផ្សាយ​របស់​កាសែត អាមេរិកាំង New York Times កាលពី​ថ្ងៃ សុក្រ មេដឹកនាំធំទី​២​របស់អាល់កៃដា Abdullah Ahmed Abdullah ដែល​មាន​ងារសង្រ្គាមថា Abou Mohammed Al-Masri ត្រូវ​បាន​ឃាតករ​មិនស្គាល់​មុខ ២នាក់ បាញ់សម្លាប់ នៅក្នុង​រថយន្ត នៅតាមផ្លូវ​ក្នង​ទីក្រុង​តេហេរ៉ង់ កាលពី​ខែ​សីហា​កន្លងទៅ។ តាម កាសែត​ New York Times ដែល​បាន​ដកស្រង់​ប្រភព​ពីមន្រ្តីស៊ើបការណ៍​សម្ងាត់​អាមេរិក ឃាតកម្ម នៅ ទីក្រុង​តេហេរ៉ង់ អាច​ជាស្នាដៃ របស់​ក្រុមចារកិច្ច​អ៊ីស្រាអែល ដែល​ធ្វើការ​ឲ្យ​អាមេរិក។

Abdullah Ahmed Abdullah ដើមកំណើតអេហ្ស៊ីប ជា​មេដឹកនាំ​ធំទី​២​របស់​អាល់កៃដា ដែល​ប៉ូលិស​FBI កំពុង​តាមស្វែងរក ចាប់ខ្លួន ក្នុងបទចោទប្រកាន់ ជួយរៀបចំ ផែនការ​ភេរវកម្ម វាយប្រហារ​ស្ថានទូត​អាមេរិក នៅ​ប្រទេស​កេនយ៉ា និង​តង់ហ្សានី ដែលបាន​សម្លាប់មនុស្ស ២២៤នាក់ និង​របួស​ជាង ៥ពាន់នាក់ កាលពី​ឆ្នាំ ១៩៩៨។

ប៉ូលិស​សហព័ន្ធ​FBI ធ្លាប់​បានប្រកាស​ផ្តល់រង្វាន់ ១០​លាន​ដុល្លារ សម្រាប់​អ្នកដែល​ជួយ​ផ្តល់​ព័ត៌មាន​ពីកន្លែង​លាក់ខ្លួន​របស់ Abdullah Ahmed Abdullah។ នៅ​ថ្ងៃទី ៧​សីហា ថ្ងៃ​ខួប ២២​ឆ្នាំ នៃ​ការវាយប្រហារស្ថានទូត​អាមេរិក នៅ​កេនយ៉ា Abdullah Ahmed Abdullah ត្រូវ​បាន​ចារកិច្ច អ៊ីស្រាអែល លួច បាញ់សម្លាប់​នៅ តាមផ្លូវ​ទីក្រុង​តេហេរ៉ង់។

របាយការណ៍ ឆ្នាំ ២០០៨ របស់​មជ្ឈមណ្ឌល​អាមេរិក ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម មេដឹកនាំ​ធំទី២​របស់​អាល់កៃដា មានជំនាញ ពូកែ​ខាងរៀបចំ​ប្រតិបត្តិការ​យុទ្ធសាស្រ្ត ដើម្បី​វាយប្រហារ​ភេរវកម្ម។ គេ​វាយតម្លៃថា ភេរវកម្ម​សំដៅ សណ្ឋាគារ អ៊ីស្រាអែល នៅប្រទេស​កេនយ៉ា នៅ​ឆ្នាំ ២០០២ ដែល​បាន​សម្លាប់​មនុស្ស ១៣នាក់ ដោយរួម​ទាំង ភេរវជន​អត្តឃាត ៣នាក់ ក៏អាច​ជា​ស្នាដៃ របស់​ Abdullah Ahmed Abdullahនោះដែរ។

នៅមុន​ត្រូវ​បាញ់សម្លាប់ នៅ​ទឹកដី​អ៊ីរ៉ង់ Abdullah Ahmed Abdullah​ត្រូវ​គេ​ចាត់ទុក​ជា​បេក្ខជន ស្នងតំណែង​បន្ត​ពី​មេអាល់កៃដា​បច្ចុប្បន្ន ឈ្មោះ Ayman al Zawahiri។

នៅក្រោយ​ការចុះផ្សាយ​របស់​កាសែត New York Times មន្រ្តីជាន់ខ្ពស់​អាមេរិក​បាន​បដិសេធ​មិន​បញ្ជាក់ព័ត៌មាននេះជាមួយទីភ្នាក់ងារ​ព័ត៌មាន​ផ្សេងទៀត ដូចជា Reuters ហើយ​ក៏​មិនបញ្ជាក់ ទេ​ថា អាមេរិក​ពិត​ជា​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​បាញ់សម្លាប់​មេដឹកនាំ ធំទី​២​របស់​អាល់កៃដា នៅ​ទឹកដី​អ៊ីរ៉ង់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ