Microsoft៖ ចោរអ៊ីនធ័រនែតរុស្ស៊ី និងកូរ៉េខាងជើងព្យាយាមលួចទិន្នន័យវ៉ាក់សាំង បង្ការជំងឺកូវីដ
ចុះផ្សាយនៅថ្ងៃ៖
ក្នុងពេលដែលក្រុមហ៊ុនផលិតឱសថ ជាច្រើនរយកំពុងញាប់ដៃ ស្រាវជ្រាវរកវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ក្រុមចោរអ៊ីនធ័រនែតឯណោះវិញ ក៏សកម្មខ្លាំងណាស់ដែរ ដើម្បីចូលលួចទិន្នន័យវ៉ាក់សាំងពីមន្ទីរពិសោធន៍ របស់ក្រុមហ៊ុនផលិតឱសថ។ តាមអនុប្រធានក្រុមហ៊ុនអាមេរិកាំង Microsoft ចោរអ៊ីនធ័រនែត រុស្ស៊ី និងកូរ៉េខាងជើង សកម្មជាងគេ ក្នុងការវាយប្រហារតាមអ៊ីនធ័រនែតទៅលើក្រុមហ៊ុនផលិតឱសថសំខាន់ៗដែលធ្វើការទៅលើការស្រាវជ្រាវរកវ៉ាក់សាំង ហើយនិងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩។
ក្រុមហ៊ុនMicrosoft ដែលបានអភិវឌ្ឍកម្មវិធី សន្តិសុខព័ត៌មានវិទ្យា បានបង្ហាញថា នៅប៉ុន្មានខែមកនេះ គេរកឃើញមានការវាយប្រហារអ៊ីនធ័រនែត ទៅលើក្រុមហ៊ុនផលិតឱសថចំនួន ៧ នៅក្នុងប្រទេសបារាំង កាណាដា ឥណ្ឌា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលកំពុងធ្វើការស្រាវជ្រាវរកវ៉ាក់សាំង និងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ។
នៅក្នុងប្លុករបស់ខ្លួន កាលពី ថ្ងៃសុក្រម្សិលមិញ អនុប្រធានក្រុមហ៊ុន Microsoft ទទួលបន្ទុកផ្នែកសន្តិសុខលោក Tom Burt បានបញ្ជាក់ ថា ការវាយប្រហារអ៊ីនធ័រនែត សំដៅក្រុមហ៊ុន សា្រវជ្រាវវ៉ាក់សាំង គឺជាស្នាដៃរបស់ក្រុមចោរអ៊ីនធ័រនែត រុស្ស៊ី ដែលមានឈ្មោះ ថា Strontium ហើយនិងក្រុមចោរអ៊ីនធ័រនែតកូរ៉េខាងជើង២ផ្សេងទៀត ដែល Microsoft ឲ្យឈ្មោះថា Zinc និងCerium។
ក្រុមចោរអ៊ីនធ័រនែត ទាំង៣បានវាយប្រហារជាពិសេសទៅលើកុំព្យូទ័ររបស់មន្ទីរពិសោធន៍ដែលកំពុងធ្វើតេស្តសាកល្បងវ៉ាក់សាំង បង្ការជំងឺកូវីដ ហើយនិងមន្ទីរពិសោធន៍ដែលកំពុងអភិវឌ្ឍរកវ៉ាក់សាំង បង្ការជំងឺកូវីដ។ តាមអនុប្រធាន ក្រុមហ៊ុនMicrosoft នៅពេលក្រុមចោររុស្ស៊ី ប្រើកម្លាំងបាយ ដោយព្យាយាម ប្រើកូដសម្ងាត់ ដល់ទៅរាប់លានដង ដើម្បី ចូលគណនី កុំព្យូទ័រ របស់ក្រុមហ៊ុនផលិតឱសថ ពួកចោរអ៊ីនធ័រនែតកូរ៉េខាងជើង ឯណោះវិញ បានផ្ញើមែល បន្លំ តាំងខ្លួនជាមន្រ្តី អង្គការសុខភាពពិភពលោក ដើម្បី សុំលេខកូដចូលកុំព្យូរទ័ររបស់មន្ទីរពិសោធន៍ស្រាវជ្រាវវ៉ាក់សាំង។
តាមMicrosoft ការប៉ុនប៉ងភាគច្រើនរបស់ចោរអ៊ីនធ័រនែតបានបរាជ័យ ប៉ុន្តែ មិនទាំងអស់នោះទេ។ Microsoft មិនបានបញ្ជាក់ឈ្មោះ ក្រុមហ៊ុនដែលបានរងការវាយប្រហាររបស់ចោរអ៊ីនធ័រនែតនោះទេ ប៉ុន្តែ បានអំពាវនាវឲ្យមេដឹកនាំក្នុងពិភពលោក ពង្រឹងច្បាប់ ដើម្បីការពារ ក្រុមហ៊ុន និងស្ថាប័នធ្វើការផ្នែកសុខភាព ពីការវាយប្រហាររបស់ចោរអ៊ីនធ័រនែត ដែលមួយចំនួនធំ មានរដ្ឋអំណាច នៅការពារពីក្រោយ។
ជាក់ស្តែង ចោរអ៊ីនធ័រនែត រុស្ស៊ី Strontium គឺជាក្រុមតែមួយដែលគេធ្លាប់ស្គាល់ឈ្មោះថា Fancy Bear ឬ APT28ដែលធ្លាប់បើកការវាយប្រហារទៅលើអង្គការ និងក្រុមឃោសនាបោះឆ្នោតប្រធានាធិបតី អាមេរិក កាលពី ឆ្នាំ ២០១៦។
សម្រាប់អនុប្រធានក្រុមហ៊ុនMicrosoft គេមិនអាចអនុគ្រោះ យោគយល់សកម្មភាពឧក្រិដ្ឋបែបនេះទេ។ គេត្រូវពង្រឹងច្បាប់ បន្ថែមទៀត ព្រោះថា ក្រៅតែពីអាចមានការវាយប្រហារអ៊ីនធ័រនែត ដែលរៀបចំរដ្ឋាភិបាល ក៏មានផងដែរ ក្រុមឧក្រិដ្ឋជន ចោរអ៊ីនធ័រនែត ដែលបានទទួលការជួយសម្រួល ការពារ ពីរដ្ឋាភិបាលក្នុងស្រុក ឲ្យធ្វើសកម្មភាពវាយប្រហារ តាមអ៊ីនធ័រនែត លើផលប្រយោជន៍របស់ប្រទេសដទៃ នៅទឹកដីបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ