អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ដូណាល់ត្រាំ ប្រើ​ពាក្យ​​ថា « លោកចូ បៃដិន​ ឈ្នះឆ្នោត » ជា​លើក​ដំបូង

លោកដូណាល់ ត្រាំ ​ពេល​ចេញ​ទៅធ្វើសន្និសីទកាសែត ថ្ងៃ​ទី​១៣ វិច្ឆិកា ២០២០ នៅសេតវិមាន។
លោកដូណាល់ ត្រាំ ​ពេល​ចេញ​ទៅធ្វើសន្និសីទកាសែត ថ្ងៃ​ទី​១៣ វិច្ឆិកា ២០២០ នៅសេតវិមាន។ REUTERS - CARLOS BARRIA
ដោយ៖ ម៉ម ពិសី
១៩ នាទី

នៅព្រឹក​ថ្ងៃអាទិត្យ ទី​១៥វិច្ឆិកា លោកដូណាល់ ត្រាំ បានសរសេរលើ Twitter ថា លោក ចូ បៃដិន បានឈ្នះឆ្នោត ក៏ព្រោះតែការបោះឆ្នោត​មានការក្លែងបន្លំ។ ថ្វីត្បិតតែលោកដូណាល់ ត្រាំ នៅតែបន្តអះអាងថាមានការក្លែងបន្លំស្លឹកឆ្នោត តែយ៉ាងណា នេះជាលើកទីមួយ​ហើយ ដែល​លោកដូណាល់ ត្រាំ បានប្រើពាក្យថា «លោកចូ បៃដិនឈ្នះឆ្នោត »។ ភ្លាមៗក្រោយការបង្ហោះសារនេះ បណ្តាញសង្គម និងបណ្តាញ​ព័ត៌មានអាមេរិក បានយកទៅវិភាគយ៉ាងព្រោងព្រាត ថាហាក់មានន័យថា លោកដូណាល់ ត្រាំ បានទទួលស្គាល់ថាខ្លួនចាញ់ហើយ។

ផ្សាយពាណិជ្ជកម្ម

តើវាជាការសរសេរដោយជ្រុលដៃ ឬក៏ជាការចាប់ផ្តើមទទួលស្គាល់បរាជ័យ ពីសំណាក់លោកដូណាល់ ត្រាំ? នៅក្នុងសារ Twitter នៅព្រឹកថ្ងៃអាទិត្យ លោកដូណាល់ ត្រាំ បានសរសេរជាលើកដំបូង ថា​៖ លោក ចូ បៃដិនបាន « ឈ្នះឆ្នោត » តែឈ្នះដោយសារមាន​ការក្លែងបន្លំ។ សារនេះ បានធ្វើឲ្យ​ផ្អើលពេញបណ្តាញ​សង្គម​ និងនៅតាមបណ្តាញផ្សព្វផ្សាយ​ព័ត៌មានអាេមរិក ដែលគ្រប់គ្នា បានវិភាគថា លោកដូណាល់ ត្រាំ បានចាប់ផ្តើម​ទទួលស្គាល់បរាជ័យហើយ។

ប្រមាណ​ជាមួយម៉ោងក្រោយមក លោកដូណាល់ ត្រាំ បានសរសេរសារមួយទៀតថា៖ ក្នុងក្រសែរភ្នែកបណ្តាញ​ព័ត៌មាន​ដែលផ្សព្វផ្សាយ​ព័ត៌មានមិនពិត គឺលោកចូ បៃដិន ពិតជាឈ្នះឆ្នោត។ លោកសរសេរ​បន្ថែមថា៖ លោកមិនទទួលស្គាល់ទាំងអស់។ ផ្លូវនៅវែងឆ្ងាយ​តទៅទៀត។ ការបោះឆ្នោតបានប្រព្រឹត្តិទៅពេញ​ដោយ​ការក្លែងបន្លំសន្លឹកឆ្នោត។

សូមបញ្ជាក់ថា គិតត្រឹម​ថ្ងៃទី​១៥វិច្ឆិកា លទ្ធផលផ្លូវការ​ផ្សាយ​ដោយ​បណ្តាញ​ព័ត៌មានអាមេរិក គឺលោក ចូ បៃដិន បានឈ្នះចំនួន​៣០៦អង្គបោះឆ្នោត ទល់២៣២សម្រាប់លោកដូណាល់ ត្រាំ។ លោក ចូ បៃដិន មានសម្លេងគ្រប់គ្រាន់​លើសពី​២៧០អង្គបោះឆ្នោត ដែលត្រូវការ ដើម្បីអាច​ត្រូវតែងតាំងជាប្រធានាធិបតីថ្មី។

រហូតមកទល់ពេល​នេះ លោកដូណាល់ ត្រាំ មិនទាន់បានប្រកាសទទួលស្គាល់លទ្ធផលឆ្នោត ថាលោក​ចូ បៃដិន បានឈ្នះនោះទេ។ ផ្ទុយទៅវិញ លោក​និងក្រុម​មនុស្ស​ជំនិតនឹងលោក បាន​អះអាង ប្រកូកប្រកាសតាមបណ្តញសង្គមថា មានការក្លែងបន្លំសន្លឹកឆ្នោត ប៉ុន្តែមិនបានបង្ហាញភស្តុតាងបញ្ជាក់ឡើយ។ កាលពីថ្ងៃសៅរ៍ទី​១៤វិច្ឆិកា មាន​ក្បួន​បាតុកម្ម​ដ៏ធំរបស់​ក្រុម​អ្នកគាំទ្រលោកដូណាល់ នៅទីក្រុង​វ៉ាស៊ីនតោន ដើម្បីប្រឆាំងលទ្ធផលឆ្នោត។

គួរបញ្ជាក់ដែរថា អាជ្ញាធរ​​ចាត់ចែងការបោះឆ្នោត ថ្នាក់តំបន់និងថ្នាក់ជាតិ ព្រមទាំងអាជ្ញាធរជាតិអាេមរិកគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា (CISA) បានរួមគ្នាចេញលិខិតប្រកាសមួយ ច្រានចោលការចោទប្រកាន់របស់​ក្រុមលោកដូណាល់ ត្រាំ។ នៅក្នុងលិខិតប្រកាសនេះ អាជ្ញាធរទាំងនេះ​បានអះអាងថា ការ​បោះឆ្នោត​​នៅថ្ងៃទី​៣​វិច្ឆិកា២០២០ គឺប្រកបដោយ​ភាពសុក្រិត្យយុត្តិធម៌ ពុំមានការថែមថយសន្លឹកឆ្នោត ឬការក្លែងបន្លំណាមួយ​ឡើយ។ យ៉ាងណាមិញ ដោយ​សារតែគ្មានភស្តុតាងបញ្ជាក់ តុលាការ​នៅតាមរដ្ឋមួយចំនួន​ធំ បាន​ច្រានចោលពាក្យ​បណ្តឹង របស់​ក្រុម​លោកដូណាល់ ត្រាំ ដែលចោទថាមានការក្លែងបន្លំសន្លឹកឆ្នោត។

ដោយឡែក កាលពីថ្ងៃអាទិត្យ​ លោកបារ៉ាក់ អូបាម៉ា បាននិយាយរិះគន់ចំៗ នៅតាមកញ្ចក់ទូរទស្សន៍ CBS​ថា នេះជាលើកទីមួយ​ក្នុងប្រវត្តិ​សាស្ត្រប្រជាធិបតេយ្យ​អាេមរិក ដែលប្រធានាធិបតីចាញ់ឆ្នោតហើយ​ នៅ​រឹងមិនទទួលស្គាល់ថាចាញ់បែបនេះ។ លោកអូបាម៉ា បានរំលឹកថា កាលពី​ឆ្នាំ២០១៦ លោកបានអង្គុយស្តាប់លទ្ធផល​ឆ្នោត​ដល់ម៉ោង២កន្លះទៀបភ្លឺ ហើយ​ពេលដឹងថាលោក​ដូណាល់ ត្រាំឈ្នះភ្លាម លោក​បានទូរ​ស័ព្ទ​ ទៅអបអរសាទរភ្លាមដែរ។ លោកអូបាម៉ាបន្ថែមថា អ្វីដែលធ្វើឲ្យ​លោកហួសចិត្ត និងព្រួយបារម្ភខ្លាំងនោះ គឺភាពស្ងាត់ស្ងៀមរបស់​អ្នកនយោបាយ​បក្ស​សាធារណៈរដ្ឋ ដែលហាក់បើកដៃឲ្យ​លោកដូណាល់ ត្រាំ បន្តពន្យុះការយល់ឃើញដោយ​ខុស ទៅលើបណ្តាប្រជាជនអាមេរិក ដែលគិតថាមាន​ការក្លែងបន្លំស្លឹកឆ្នោតពិតមែន​ ព្រោះថាលោកដូណាល់ ត្រាំបានអះអាងអញ្ចឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ