អានតួអត្ថបទ
សហរដ្ឋអាមេរិក កូវីដ១៩

មួយសប្តាហ៍​ អ្នកឆ្លង​កូវីដ​១៩​ថ្មី​បន្ថែម បាន​កើន​១លាន​នាក់ នៅ​សហរដ្ឋ​អាមេរិក

សង្កាត់ផ្សារភាគហ៊ុនអន្តរជាតិ តំបន់ម៉ាន់ហាតាន់ ទីក្រុងញូួយ៉ក ដែលធ្លាប់តែមាន​មនុស្ស​​កកកុញ ប្រែ​ស្ងាត់ជ្រងំ។ ថ្ងៃទី​១០ វិច្ឆិកា ២០២០
សង្កាត់ផ្សារភាគហ៊ុនអន្តរជាតិ តំបន់ម៉ាន់ហាតាន់ ទីក្រុងញូួយ៉ក ដែលធ្លាប់តែមាន​មនុស្ស​​កកកុញ ប្រែ​ស្ងាត់ជ្រងំ។ ថ្ងៃទី​១០ វិច្ឆិកា ២០២០ REUTERS - CARLO ALLEGRI
ដោយ៖ ម៉ម ពិសី
១០ នាទី

គិតត្រឹមថ្ងៃទី​១៦វិច្ឆិកា ចំនួនអ្នកឆ្លងកូវីដ​១៩ នៅស​ហរដ្ឋអាេមរិក បានកើនឡើងសរុប ចំនួន​១១លាននាក់។ ដែលនេះមានន័យថា ត្រឹមតែក្នុងមួយ​សប្តាហ៍​កន្លងទៅនេះ នៅសហរដ្ឋអាមេរិក មានអ្នកឆ្លងថ្មីបន្ថែម ដល់ទៅ​១លាននាក់។ នេះបើផ្អែកតាមតួលេខផ្លូវការ របស់សកលវិទ្យាល័យ John Hopkins។ ទោះបើស្ថានការណ៍​កាន់តែធ្ងន់ធ្ងរយ៉ាងនេះក្តី រដ្ឋាភិបាល​របស់លោកដូណាល់ ត្រាំ នៅតែគ្មានវិធានការអ្វីទាំងអស់ ហើយថែមទាំង​រារាំង​ក្រុមការងារ​​លោកចូ បៃដិន មិនឲ្យ​ទទួលបានឯកសារ​ដើម្បីរៀបចំការងារថែមទៀតផង។

ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃៗ មានអ្នកឆ្លងកូវីដ១៩ថ្មីបន្ថែមជាង១សែននាក់។ ត្រឹមតែមួយ​សប្តាហ៍ចុងក្រោយនេះ អ្នកឆ្លងថ្មី បានកើនឡើងដល់១លាននាក់ ដែលធ្វើឲ្យ​សហរដ្ឋអាមេរិក មានអ្នកផ្ទុកកូវីដ១៩ សរុបទាំងអស់​១១០២៥០៤៦នាក់។

ទីក្រុងឈីកាហ្គោ ទីក្រុងធំទី​៣​របស់អាេមរិក នឹងត្រូវ​បិទខ្ទប់ទាំងស្រុង ចាប់ពីថ្ងៃចន្ទ ទី​១៦វិច្ឆិកាទៅ ខណៈដែលការឆ្លងរាលដាល មានសន្ទុះខ្លាំងបំផុត។ ចំណែកនៅទីក្រុងញូយ៉កវិញ អាជ្ញាធរបានចេញ​វិធានការរឹតបន្តឹង បិទបារ ហាងកាហ្វេ និងភោជនីយដ្ឋាន។

ទោះបើស្ថានការណ៍​កាន់តែធ្ងន់ធ្ងរយ៉ាងនេះក្តី រដ្ឋាភិបាល​របស់លោកដូណាល់ ត្រាំ នៅតែគ្មានវិធានការអ្វីទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាល​លោកដូណាល់ ត្រាំ បានថែម​ទាំងរារាំង មិន​ឲ្យ​ក្រុមការងាររបស់​លោកចូ បៃដិន បានពិនិត្យឯកសារ និង​ធ្វើការពិគ្រោះយោបល់រៀបចំការងារ ជាមួយលោកវិជ្ជបណ្ឌិត​ Antony Fauci ដែលជា​នាយកផ្នែក​ជំងឺ​ឆ្លងឡើយ។ ប្រការនេះ បានធ្វើឲ្យ​ថ្នាក់ដឹកនាំនយោបាយ​ មកពីបក្ស​ប្រជាធិបតេយ្យ បានសំដែងការព្រួយ​បារម្ភជាខ្លាំង ព្រោះវានឹងធ្វើឲ្យ​មានការយឺតយ៉ាវ ដល់ការ​ចាប់ផ្តើម​ការងារ របស់រដ្ឋាភិបាលថ្មី ខណៈស្ថានភាពអាសន្ននៃការវិបត្តិកូវីដ កាន់តែធ្ងន់ធ្ងរឡើង។

នៅលើកញ្ចក់ទូរទស្សន៍ CNN លោក Antony Fauci បានលើកឡើងថា ប្រហែលវាជាការល្អ ប្រសិនបើលោកអាចជួបនិយាយជាមួយ​ក្រុម​ការងារ របស់រដ្ឋាភិបាលថ្មី។ តែយ៉ាងណា លោកបាន​បន្ថែមថា ពីនេះរហូតដល់មានរដ្ឋាភិបាលថ្មី ប្រជាជនអាមេរិក ច្រើនពាន់នាក់ ប្រហែលជាត្រូវស្លាប់ដោយ​កូវីដ១៩ ដោយចៀសមិនផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ